ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ បានសម្រេចចេញដីកាឃុំខ្លួនអាជីវករម្នាក់ ប្រកបមុខររកស៊ីលក់ជ្រូកខ្យល់ យកប្រាក់អ្នកដទៃ តាមបណ្តាញសង្គម ហ្វេសប៊ុក និងតេឡេក្រាម ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទ ប្រកាន់ពីបទឆបោក។

តាមដីកាសម្រេចឃុំខ្លួន បានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះគឹម រដ្ឋា ហៅបឺត ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរលក់ជ្រូក កម្រិតវប្បធម៌ អនុបណ្ឌិត ទីកន្លែងកំណើតនៅភូមិខ្នាចខាងជើង ឃុំបឹងត្រាចខាងជើង ស្រុកសំរោង ខេត្តតាកែវ លំនៅមុនឃាត់ខ្លួនស្នាក់ នៅអគារដឺឃ្វីន បន្ទប់លេខ២២២២ ជាន់ទី១ ខណ្ឌសែនសុខ។

ដីកាបង្គាប់ឲ្យឃុំខ្លួន បានដាក់ជនត្រូវចោទខាងលើ ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទឆបោក ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។ យោងតាមមាត្រា ៣៧៧ និយមន័យ នៃការ ឆបោក និងមាត្រា ៣៧៨ ទោសដែលត្រូវអនុវត្ត ៖ អំពើឆបោក ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី៦ខែ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ ពី១លាន ទៅ៦លានរៀល នោះនៅមិនទាន់គិតដល់សំណងរដ្ឋប្បវេណីទេ។ បង្គាប់ឱ្យភ្នាក់ងារមានសមត្តកិច្ចនៃកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទ ដែលមានឈ្មោះ គឹម រដ្ឋា ហៅបឺត ភេទប្រុស យកទៅឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១ (ម១) រហូតដល់មានបទបញ្ជាថ្មី ។
គួររំលឹកថា កម្លាំងនាយកដ្ឋាននគរបាលទេសចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចាប់ខ្លួនបុរសម្នាក់ ដែលបង្កើត Facebook Page ក្លែងក្លាយ ដើម្បីបោកប្រាស់អ្នកដទៃ ក្រោមរូបភាពផ្គត់ផ្គង់សាច់ តាមហាង តែនៅពេលទទួលលុយកក់ហើយ បានប្រើគ្រប់មធ្យោបាយ ដើម្បីផ្តាច់ទំនាក់ទំនងជាមួយជនរងគ្រោះ ក្នុងនោះមានទាំងជនបរទេសផងដែរ ដែលរងគ្រោះ។

លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ បានឱ្យដឹងថា ជនល្មើសនេះ បង្កើត Facebook Page ជាច្រើន ដើម្បីបោកប្រាស់ប្រជាពលរដ្ឋ ក្នុងនោះមានទាំងភ្ញៀវបរទេសផងដែរ។ ចំពោះ Facebook Page ទាំងអស់នោះរួមមាន ៖ សែនជ័យ ដង្ខៅជ្រូកសាច់។ សេវាកម្មទិញលក់ កសិផល និងផលិតផលកសិកម្មកម្ពុជា។ CAM-Growth Agri-Services Company។ សេវាកម្ម ផ្គត់ផ្គង់មាន់ និងទាសាច់ គ្រប់ប្រភេទ។ សេវាកម្ម ទិញលក់មាន់ស្រែកម្ពុជា។ សេវាកម្មទិញលក់មាន់គ្រប់ប្រភេទ និងគណនីហ្វេសប៊ុកឈ្មោះ Ratha Kim ។ Ratha Kim (ដង្ខៅកសិកម្ម)។ ពាយ័ព្យដេប៉ូបោះដុំជ្រូកកណ្តុរ។ សែនជ័យ ដង្ខៅជ្រូកសាច់។ សេវាកម្មទិញលក់ មាន់ស្រែ កម្ពុជា និងបានបង្កើត Facebook Pages និង Accounts ក្លែងក្លាយជាច្រើនទៀត ព្រមទាំងបណ្តាញតេលេក្រាម (Telegram) ដើម្បីឆបោក លុយពីជនជាតិបរទេស និងប្រជាពលរដ្ឋខ្មែរ ស្លូតត្រង់ជាច្រើនករណី។
ក្រោយពីជំនាញសាកសួរ ជនល្មើសរូបនេះ បានសារភាពនិងទទួលស្គាល់ថា ខ្លួនពិតជាបានធ្វើការឆបោកលុយ ពីជនជាតិខ្មែរ និងជនបរទេស ជាច្រើនករណី តាមបណ្តាញសង្គម ប្រាកដមែន។

ដូច្នេះប្រជាពលរដ្ឋទាំងអស់ ដែលរងគ្រោះពីការឆបោកលុយរបស់ឈ្មោះគឹម រដ្ឋា នេះ អាចទំនាក់ទំនងមកដាក់ពាក្យបណ្តឹងបន្ថែមបាន នៅការិយាល័យនីតិវិធី នៃនាយកដ្ឋាននគរបាលទេសចរណ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅរៀងរាល់ម៉ោងធ្វើការ។ សម្រាប់ទំនាក់ទំនងក្នុងការដាក់ពាក្យបណ្តឹង សូមទូរស័ព្ទទៅកាន់លេខទូរស័ព្ទ តេឡេក្រាម របស់ការិយាល័យនីតិវិធី 010 665 675 ៕
