ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋ ចំនួន១១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះ ក្នុងនោះ ៤ខ្នង ខូចខាតទាំងស្រុង ខណៈ៧ខ្នងទៀត បានរងការឆេះរោលជញ្ជាំង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ហៅរថយន្តពន្លត់អគ្គិភ័យ ចេញជួយអន្តរាគមន៍ ដោយប្រើប្រាស់ទឹកបាញ់ ពន្លត់ អស់ចំនួន ២១ឡាន ទើបអាចគ្រប់គ្រងស្ថាន ការណ៍បានទាំងស្រុង។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង១០នាទីយប់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានខាងលើនេះ លោកបានបញ្ជាទៅសមត្ថ កិច្ចជំនាញពន្លត់អគ្គិភ័យ ដែលប្រចាំការនៅគោលដៅទាំង៧ ក្នុងរាជធានីភ្នំពេញ ឱ្យបញ្ចោញរថយន្តពន្លត់អគ្គិភ័យ មកកាន់ទីតាំងកើតហេតុ ដើម្បីអន្តរាគមន៍បាញ់ទឹកពន្លត់។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បន្តថា ដោយទទួលបានបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកបានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឱ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឱ្យទាន់ពេលវេលា កុំឱ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។

ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន២៣ គ្រឿង ក្នុងនោះរួមមាន រថយន្តការិយាល័យបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន១២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៤ឡាន ស្មើនឹង ៥៦ម៉ែត្រគូប។ រថយន្តជំនួយមកពីកងពលតូចលេខ៧០ ចំនួន៤គ្រឿង ពុំបានប្រើប្រាស់ទឹក។ រថយន្តពន្លត់អគ្គិភ័យរបស់សាលាខណ្ឌឫស្សីកែវ ចំនួន១ គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន ស្មើនឹង ៤ម៉ែត្រគូប។ រថយន្តរបស់ទីក្រុងជ្រោយចង្វា ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើនឹង ១២ម៉ែត្រគូប។ រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនសូគីម៉ិច ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង ៤ម៉ែត្រគូប និងកាណូត ពន្លត់អគ្គិភ័យ ចំនួន៣គ្រឿង។

ប្រភេទសំណង់រងគ្រោះខាងលើនេះ គឺជាប្រភេទថ្មក្រោមឈើលើ ទំហំ (៥ម៉ែត្រ គុណនឹង ១០ម៉ែត្រ) ឆេះផ្ទះឈើថ្មក្រោម ចំនួន១ខ្នង ហើយបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះថ្មក្រោម ឈើលើ ចំនួន៣ខ្នង អស់ទាំងស្រុង និងឆេះរាលដល់ជញ្ជាំងផ្ទះ ចំនួន៧ខ្នង។ ករណីអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញគ្រប់គ្រងបានទាំងស្រុង នៅម៉ោង៩និង៤០នាទីយប់ថ្ងៃដដែល។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យ។ ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ មិនបានបណ្តាលឱ្យអ្នកណាម្នាក់រងរបួសឡើយ៕



