ខេត្តកណ្តាល ៖ បុរសវ័យចំណាស់ ជាអ្នករត់ម៉ូតូឌុបម្នាក់ កំពុងឈប់ម៉ូតូ ចាំដឹកម៉ូយ នៅកំពង់ដ លុះឈឺបត់ជើងតូច ដើរចុះទៅរកកន្លែងបត់ជើងមួយភ្លែត ក្រឡេកមកវិញ ឃើញជនសង្ស័យម្នាក់កំពុងបណ្តើរម៉ូតូរបស់គាត់រត់ ក៏ដេញតាមស្រែកសួរថា “យកម៉ូតូអញទៅណា?” ជនសង្ស័យបានឆ្លើយដោះសាថា “យកទៅចាក់ សាំងឱ្យ” លុះបុរសរងគ្រោះ ស្រែកថាចោរ!ៗ ទើបជនសង្ស័យភ័យផ្តួលម៉ូតូ រត់គេច តែត្រូវកម្លាំងសមត្ថកិច្ចល្បាតប្រទះឃើញ ចាប់ក្របួចជាប់។

ករណីនេះ បានកើតទ្បើងកាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវ២១អា ក្នុងភូមិតាខ្មៅ៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសេង ម៉េង ហៅរុណ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះ មានឈ្មោះគ្រី សុខ ភេទប្រុស អាយុ៦១ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានលំនៅ ភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

តាមប្រភពព័ត៌មានពីម្ចាស់ម៉ូតូ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា គុបជ្រុង ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ឃ-០៣៩៣ ក.ណ មកចតម៉ូតូ ដើម្បីរង់ចាំដឹកម៉ូយ នៅកំពង់ទូកដ ដូចសព្វដង។ បន្ទាប់មក រូបគាត់ បានដើរចុះទៅខាងក្រោម ដើម្បីទៅបត់ជើងតូច។ ភ្លាមៗនោះ លេចមុខជន សង្ស័យម្នាក់ បានដើរមកធ្វើសកម្មភាពលួចម៉ូតូរបស់គាត់ ហើយជនសង្ស័យបានបណ្តើរផង រត់ផង រហូតដល់ការ៉ាស់សាំងតេឡា ទល់មុខមន្ទីរពាណិជ្ជកម្ម ស្របពេលជនរងគ្រោះឃើញទាន់ ក៏រត់ប្រដេញតាមពីក្រោយ ស្រែកសួរថា “អ្ហែងយកម៉ូតូរបស់អញទៅណា?” ពេលនោះជនសង្ស័យឆ្លើយដោះសាថា “យកទៅចាក់សាំងឱ្យ”។ ឮដូច្នោះ គាត់បានស្រែកថា “ចោរលួចម៉ូតូៗ” ភ្លាមនោះ ជនសង្ស័យភ័យ បានផ្តួលម៉ូតូចោល រត់តែម្តង ស្របពេលដែលកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌក្រុងតាខ្មៅ ល្បាតក្នុងមូលដ្ឋាន ប្រទះឃើញបែបនេះ ក៏ធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យជាប់។

ជនសង្ស័យខាងលើ ត្រូវបាននគរបាលជំនាញក្រុងតាខ្មៅ កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕