Monday, April 7, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខេត្ត៣ បើកយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្លងដែន

ខេត្ត៣ បើកយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្លងដែន

ខេត្តស្ទឹងត្រែង ៖ ខេត្តចំនួន៣ រួមមាន ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តព្រះវិហារ បានបើកកិច្ចប្រជុំរួមគ្នា នៅសាលាខេត្តស្ទឹងត្រែង ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្លងដែន ចូលមកកម្ពុជា។

កិច្ចប្រជុំនេះ ជាកិច្ចប្រជុំលើកទី១០ របស់គណៈកម្មការគ្រឿងញៀន ដែលបានធ្វើឡើងនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោកម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការ បង្ការ ទប់ស្កាត់ បង្ក្រាប គ្រឿងញៀនតាមបណ្តាខេត្ត ជាប់ព្រំដែន លោកសរ សុពុត្រា អភិបាលស្ទឹងត្រែង គណៈអភិ បាលខេត្តរតនគិរី ព្រះវិហារ ស្ថាប័នតុលាការ កម្លាំងប្រដាប់អាវុធទាំង៣ រួមជាមួយ សមាជិកគណៈកម្មការ បង្ការ ទប់ស្កាត់ បង្ក្រាប គ្រឿងញៀនតាមបណ្តាខេត្តជាប់ព្រំដែន និងតាមច្រកទ្វារព្រំដែន នៃខេត្តទាំងបី ផងដែរ។

យោងតាមរបាយការណ៍របស់គណៈកម្មការគ្រឿងញៀន កិច្ចប្រជុំបានផ្តោតសំខាន់លើបញ្ហាសំខាន់ក្នុងគោល បំណងទប់ស្កាត់ និងឈានទៅលុបបំបាត់ឥទ្ធិពលប្រកបដោយគ្រោះថ្នាក់នៃឧក្រិដ្ឋកម្មគ្រឿងញៀន ដែលរាជរដ្ឋាភិបាល បានដាក់ចេញនូវផែនការស្តីពីយុទ្ធនាការប្រយុទ្ធ ប្រឆាំងគ្រឿងញៀនខុសច្បាប់ ជាបន្តបន្ទាប់ សំដៅជំរុញនិងកៀរគរគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន ព្រមទាំងបំផុសប្រជា ពលរដ្ឋឱ្យចូលរួមទាំងអស់គ្នា ដើម្បីក្លាយជាចលនាជាតិមួយក្នុងស្មារតីទទួលខុសត្រូវរួម លើគ្រប់វិស័យទាំង អស់។

លោកម៉ក់ ជីតូ ប្រធានគណៈកម្មការគ្រឿងញៀន បានថ្លែងជំរុញឱ្យគណៈបញ្ជាការឯកភាពនៃខេត្តទាំង៣ និងកងកម្លាំង ជួយបង្កើនការទប់ស្កាត់បន្ថែមទៀត ចំពោះករណីគ្រឿងញៀនដែលក្រុមឧក្រិដ្ឋជន បានលួចនាំមកចូលឆ្លងដែនពីប្រទេសជិតខាង ចូលមកទឹកដីកម្ពុជា តាមច្រកព្រំដែននៃខេត្តទាំងបីនេះ។

ជាមួយគ្នានេះ លោកម៉ក់ ជីតូ ក៏កោតសសើរសមត្ថកិច្ចនៃខេត្តទាំង៣ ដែលសហការគ្នាបានយ៉ាងល្អ ដើម្បីបង្ក្រាបករណីគ្រឿងញៀនឆ្លងដែន បានទាន់ពេលវេលា៕

RELATED ARTICLES