Wednesday, April 9, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានផ្ទុះ.../កង់ បុ---/ករះបង្កាន់ដៃស្ពាន របួសមនុស្ស៣

ឡានផ្ទុះ…/កង់ បុ—/ករះបង្កាន់ដៃស្ពាន របួសមនុស្ស៣

ខេត្តព្រះវិហារ ៖ រថយន្តដឹកផ្លែឈើ ១គ្រឿង កំពុងបើកបរពេញល្បឿន ស្រាប់តែផ្ទុះកង់ ធ្វើឱ្យរេចង្កូតទៅបុករះបង្កាន់ដៃស្ពាន ១កន្លែង ពេញទំហឹង បណ្តាលឱ្យរថយន្តរងការខូចខាតយ៉ាងធ្ងន់ ចំណែកអ្នកជិះក្នុងរថយន្ត ចំនួន៣នាក់ រងរបួសស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ នៅលើកំណាត់ ផ្លូវជាតិលេខ៦៤ ស្ថិតក្នុងភូមិស្រែពោធិ៍ ឃុំគូលែនត្បូង ស្រុកគូលែន។

ជនរងគ្រោះទាំង៣នាក់ដែលរងរបួស រួមមាន ទី១-ឈ្មោះស៊ឹម សុភា ភេទប្រុស អាយុ២៦ឆ្នាំ ជាអ្នកបើកបរ មានលំនៅ ភូមិសំបូរ ឃុំកោះស ស្រុកសំបូរ ខេត្តក្រចេះ (រងរបួសស្រាល)។ ទី២-ឈ្មោះយួន ដានី ភេទប្រុស អាយុ២៦ឆ្នាំ មានលំនៅ ភូមិសំបូរ ឃុំកោះស ស្រុកសំបូរ ខេត្តក្រចេះ (រងរបួសស្រាល) និងទី៣-ឈ្មោះស៊ាង រតនា ភេទស្រី អាយុ២៨ឆ្នាំ មានលំនៅ ភូមិស្រែស្តៅ ឃុំចិត្របុរី ស្រុកចិត្របុរី ខេត្តក្រចេះ (រងរបួសស្រាល)។

លោកវរសេនីយ៍ឯក ឱ សេង អធិការនគរបាលស្រុកគូលែន បានឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្ត ១គ្រឿង ម៉ាកសាំងយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ត្បូងឃ្មុំ 2A-5028 បើកបរក្នុងទិសដៅពីលិច ទៅកើត ដឹកផ្លែឈើយ៉ាងសំពីងសំពោង ទិសដៅទៅខេត្តក្រចេះ លុះដល់កន្លែងកើតហេតុ ស្រាប់តែរថយន្តបានបែកកង់មុខ ផ្នែកខាងស្តាំ ហើយរេចង្កូតបុករះបង្កាន់ដៃស្ពាន ធ្វើឱ្យរថយន្តខូចខាតធ្ងន់ និងបណ្តាលឲ្យមនុស្ស ៣នាក់ ដែលជិះក្នុងរថយន្ត រងរបួស ហើយភ្លាមៗនោះ សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ ទាក់ទងរថយន្តសង្គ្រោះមណ្ឌលសុខភាពគូលែន មកដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

លោកអធិការ បានបញ្ជាក់ថា តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ករណីគ្រោះថ្នាក់ខាងលើ កើតឡើងបណ្តាលមកពីសំបកកង់រថយន្ត មិនមានគុណភាព និងការដឹកជញ្ជូនធ្ងន់ (ដឹកផ្លែឈើសំពីងសំពោង) ព្រមទាំងបើកបរក្នុងល្បឿនលឿន ទើបពេលបែកកង់ អ្នកបើកបរមិនអាចគ្រប់គ្រងស្ថានការណ៍បាន។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះធ្វើការវាស់វែង រួចអូសយករថយន្តខាងលើ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រង់ចាំដោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES