ខេត្តបន្ទាយមានជ័យ ៖ បុរសវ័យចំណាស់ម្នាក់ បានដាក់ដាំបាយ ធ្វើម្ហូបរួច ភ្លេចពន្លត់ភ្លើង ធ្វើឱ្យរងើកភ្លើងបានប៉ើងទៅប៉ះជង្រុកស្រូវ បង្កឱ្យមានការឆាបឆេះខូចខាតជង្រុកស្រូវ អស់ទាំងស្រុង រួមនិងសម្ភារប្រើប្រាស់មួយ ចំនួន។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែ មេសា ឆ្នាំ២០២៥ នៅត្រង់ចំណុចភូមិតាចាន់ ឃុំស្រះរាំង ស្រុកមង្គលបុរី។
ជនរងគ្រោះជាម្ចាស់ផ្ទះ និងជាម្ចាស់ជង្រុកស្រូវដែលរងការឆាបឆេះ មានឈ្មោះអ៊ុន មិត្ត ភេទប្រុស អាយុ៧៦ឆ្នាំ មានលំនៅ ភូមិតាចាន់ ឃុំស្រះរាំង ស្រុកមង្គលបុរី។ ចំណែកជង្រុកស្រូវដែលរងការឆាបឆេះ មានទំហំ៣ម៉ែត្រ គុណនឹង ៥ម៉ែត្រ ធ្វើអំពើឈើ ប្រក់ស័ង្កសី។
តាមការបំភ្លឺពីបុរសចំណាស់ជាម្ចាស់ជង្រុកស្រូវ បានរៀបរាប់ប្រាប់ថា នៅមុនពេលតើហេតុ គាត់បានដាក់ដាំបាយនិងធ្វើម្ហូប នៅផ្ទះបាយ ជាប់នឹងជង្រុកស្រូវ លុះក្រោយពីដាំស្លរួចហើយ គាត់មិនបានពន្លត់ភ្លើងចង្ក្រាន ឱ្យបានត្រឹមត្រូវនោះទេ ហេតុនេះទើបធ្វើឱ្យរងើកភ្លើងបានប៉ើងទៅប៉ះជង្រុកស្រូវ កើតជាអគ្គិភ័យឡើងតែម្តង។តាមការអះអាងពីជនរងគ្រោះ ហេតុការណ៍អគ្គិភ័យនេះ បានបង្កឱ្យខូចខាតជង្រុកស្រូវ និងស្រូវ ៨បាវ អង្ករ ១ធុង ចានឆ្នាំង រួមនិងរបស់របរប្រើប្រាស់មួយចំនួនទៀត។
យ៉ាងណា ករណីខាងលើនេះ មិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ម្ចាស់ផ្ទះឡើយ៕