Tuesday, April 8, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រពន្ធប៉ូលិសជួ.../ញថ្នាំញៀន ប៉េអឹមចា---/ប់

ប្រពន្ធប៉ូលិសជួ…/ញថ្នាំញៀន ប៉េអឹមចា—/ប់

ខេត្តបាត់ដំបង ៖ ក្រុមជូញដូរគ្រឿងញៀន ប្រុស-ស្រី ចំនួន៥នាក់ ក្នុងនោះ មានម្នាក់ត្រូវជាភរិយាមន្ត្រីនគរ បាលម្នាក់ផង ត្រូវបានមន្ត្រីកងរាជអាវុធហត្ថ បង្ក្រាប ឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្ត នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងសំណុំរឿងជូញដូរគ្រឿងញៀន ដោយខុសច្បាប់។

លោកសូ ឌី ប្រធានមន្ទីរប្រឆាំងបទល្មើសនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានបញ្ជាក់ប្រាប់ថា ក្រុមជនសង្ស័យពាក់ព័ន្ធករណីជូញដូរគ្រឿងញៀន ទាំង៥នាក់  ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ ដោយយោងតាមបទបញ្ជា លោកមេបញ្ជាការខេត្ត ក្រោយបញ្ចប់នីតិវិធីសាកសួរ។

យោងតាមរបាយការណ៍មន្ត្រីកងរាជអាវុធហត្ថ បានឱ្យដឹងថា  ជនសង្ស័យជូញដូរគ្រឿងញៀន ទាំង៥នាក់ រួមមាន ទី១-ឈ្មោះចែត ស្រីមុំ ភេទស្រី អាយុ៣២ឆ្នាំ មានលំនៅ ភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល។ ទី២-ឈ្មោះយាន ស្រីនិក ហៅចាន់នី ភេទស្រី អាយុ១៦ឆ្នាំ មានលំនៅ ភូមិតាគ្រាម ឃុំតាគ្រាម ស្រុករតនមណ្ឌល។ ទី៣-ឈ្មោះវ៉ាត ណៃ ភេទប្រុស អាយុ២១ឆ្នាំ មានលំនៅ ភូមិព្រៃពោធិ៍ ឃុំអណ្តើកហែប ស្រុករតនមណ្ឌល។ ទី៤-ឈ្មោះមឿន ប៊ុនថន ភេទប្រុស អាយុ២៦ឆ្នាំ មានលំនៅ ភូមិបាណង់ ឃុំស្តៅ ស្រុករតនមណ្ឌល និងទី៥-ឈ្មោះម៉ៃ ចិន្តា ភេទប្រុស អាយុ៤០ឆ្នាំ មានលំនៅ ភូមិបាណង់ ឃុំស្តៅ ស្រុករតនមណ្ឌល។

ក្រុមជូញដូរគ្រឿងញៀនទាំងប្រុស ទាំងស្រីនេះ ត្រូវបានកម្លាំងការិយាល័យជំនាញសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុករតនមណ្ឌល ឆ្មក់ចូលបង្ក្រាបបានពេលកំពុងប្រព្រឹត្តបទល្មើសជាក់ស្តែង  កាលពីរសៀលថ្ងៃទី០៣ ខែមេសា  ឆ្នាំ២០២៥ នៅចំណុចភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល។

របាយការណ៍ដដែល បានបញ្ជាក់ថា  ជាមួយនឹងការឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង៥នាក់  មន្ត្រីជំនាញបានដកហូតវត្ថុតាង រួមមាន  ថ្នាំញៀន ប្រភេទមេតំហ្វេតាមីន ICE (ម៉ាទឹកកក) ចំនួន៥៨កញ្ចប់ មានទម្ងន់២១,៦៥ ក្រាម ម៉ូតូដែលជាមធ្យោបាយសម្រាប់ប្រព្រឹត្តបទល្មើស ចំនួន២គ្រឿង និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។

ចំពោះសមាសភាពក្រុមជនសង្ស័យជូញដូរថ្នាំញៀន ទាំង៥នាក់នេះ បើតាមប្រភពព័ត៌មាន បានបង្ហើបថា ក្នុង ចំណោមជនសង្ស័យ ទាំង៥នាក់ គឺមានស្ត្រីម្នាក់ឈ្មោះចែត ស្រីមុំ ជាមេខ្លោង ដែលមានស្វាមីជាមន្ត្រីនគរបាលឈ្មោះកោ ស៊ុនកាំង មានតួនាទីនាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការខេត្តបាត់ដំបង។

ប្រភពដដែល បានទម្លាយទៀតថា ស្ត្រីសង្ស័យជាភរិយាលោកមន្ត្រីនគរបាលម្នាក់នេះ មានប្រវត្តិរកស៊ីជូញដូរគ្រឿងញៀន ច្រើនឆ្នាំមកហើយ រហូតដល់ចុងក្រោយ មន្ត្រីជំនាញតាមដានពីសកម្មភាពនិងធ្វើការស៊ើបអង្កេតជាក់លាក់  ទើបត្រូវកម្លាំងកងរាជអាវុធហត្ថឆ្មក់ចូលបង្ក្រាបបានទាំងសម្បុកតែម្តង ព្រមទាំងដកហូតបានវត្ថុតាងមួយចំនួនធំ។

លោកសូ ឌី ប្រធានមន្ទីរប្រឆាំងបទល្មើសនៃបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបញ្ជាក់ថា  ពេលនេះ ជន សង្ស័យទាំង៥នាក់ ត្រូវបានបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី។

ជុំវិញករណីខាងលើនេះ លោកកោ ស៊ុនកាំង នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា លោកមានកូន ចំនួន៤នាក់ ពិតប្រាកដ រស់នៅភូមិអូរទទឹម ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង ហើយចំពោះរឿងករណី ឈ្មោះចែត ស្រីមុំ ដែលប្រព្រឹត្តបទលើសគ្រឿងញៀននេះ លោកពុំមានទំនាក់ទំនងជាយូរឆ្នាំមកហើយ ដោយមានអ្នកស្រុកភូមិដឹងឮគ្រប់ៗគ្នាទៀតផង ទើបតែពេលនេះ មានការចាប់ខ្លួនឈ្មោះចែត ស្រីមុំ ទើបមានការចុះផ្សាយ ដោយយកឈ្មោះលោក មកធ្វើជាប្រធានបទទៅវិញ។ លោកសូមបំភ្លឺរឿងនេះ ដើម្បីកុំឱ្យមហាជនមានភាន់ច្រឡំ និងនាំឱ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរបស់លោក សូមបងប្អូនអ្នកសារព័ត៌មានមួយចំនួន និងអ្នកលេងបណ្តាញសង្គម កុំមានរឿងភាន់ច្រឡំបន្តទៀត៕

RELATED ARTICLES