Tuesday, April 8, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងឆេះ.../ចម្ការ ៣ជាប់គ្នា ខូចខាតរាប់សិបហិកតារ

ភ្លើងឆេះ…/ចម្ការ ៣ជាប់គ្នា ខូចខាតរាប់សិបហិកតារ

ខេត្តបាត់ដំបង ៖ ចម្ការដំណាំ ចំនួន៣ជាប់គ្នា ត្រូវបានអគ្គិភ័យឆាបឆេះរាលដាល បង្កឱ្យខូចខាតដំណាំអស់រាប់សិបហិកតារ ដោយមិនទាន់រកមូលហេតុឃើញនៅឡើយ។

ករណីអគ្គិភ័យឆេះចម្ការដំណាំនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ នៅត្រង់តំបន់ភ្នំប្រាក់ ស្ថិតក្នុងភូមិបុះខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា  ចម្ការដំណាំដែលរងគ្រោះដោយអគ្គិភ័យខាងលើនេះ មាន៣ម្ចាស់ និងមានដំណាំពេញចម្ការតែម្តង តែត្រូវភ្លើងឆេះអស់ស្ទើរទាំងស្រុង ក្នុងនោះ   ដីចម្ការទី១- ជាចម្ការរបស់ក្រុមហ៊ុនចិន មានផ្ទៃដីទំហំ ១៤ហិកតារ មានដំណាំប្ញស្សី និងតាង៉ែន។ ចំពោះការខូចខាត ដំណាំក្នុងចម្ការក្រុមហ៊ុនចិននេះ ភ្លើងបានឆេះដើមតាង៉ែន អស់ចំនួន៨០០ដើម  ដើមប្ញស្សី ចំនួន២០០០គុម្ព និងឆេះខូច ខាតប្រព័ន្ធស្រោចស្រព (ទុយោ)  ដែលពង្រាយក្នុងចម្ការអស់ទាំងស្រុងតែម្តង។

ចំណែកចម្ការទី២- មានម្ចាស់ឈ្មោះទឹម សារ៉ាក់  ភេទប្រុស អាយុ៦៨ឆ្នាំ មានផ្ទៃដីចម្ការទំហំ១៦ហិកតារ សុទ្ធតែជាដំណាំស្វាយ ចំនួន ៤៤៨០ដើម  ត្រូវខូចខាតទាំងស្រុងតែម្តង។

ដោយឡែកចម្ការទី៣- មានម្ចាស់ឈ្មោះឡុង សយសុធី ភេទប្រុស រស់នៅបាត់ដំបង ដីចម្ការនេះ ភាគច្រើនក៏ជាដំណាំស្វាយ  ប៉ុន្តែគេមិនទាន់ដឹងពីទំហំផ្ទៃដី និងការខូចខាតផលដំណាំនៅឡើយទេ ដោយសារពេលកើតហេតុម្ចាស់ចម្ការមិនបាននៅ។

ជុំវិញហេតុការណ៍អគ្គិភ័យខាងលើ លោករឿម រាំង អធិការរងទទូលផ្នែកអគ្គិភ័យ ដែលបានដឹកនាំកម្លាំងជំនា ញចុះអន្តរាគមន៍ បានប្រាប់ថា  បើតាមការបំភ្លឺបឋមពីម្ចាស់ចម្ការ និងអ្នកភូមិ  ដំបូងគេឃើញអគ្គិភ័យនោះបានផ្តើមចេញពីដីចម្ការរបស់ឈ្មោះទឹម សារ៉ាក់ ហើយឆេះរាលដាលកាន់តែខ្លាំង ឆ្លងចូលដីចម្ការអ្នកនៅក្បែរៗ ដែលមិនអាចទប់ស្កាត់បាន។

លោកអធិការរង បានបញ្ជាក់ថា បន្ទាប់ពីទទួលបានករណីខាងលើភ្លាម កម្លាំងសមត្ថកិច្ចជំនាញ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចំនួន៥គ្រឿង ដើម្បីអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗដែរ តែមិនអាចចូលជួយដល់ទៅតាំងកើតហេតុបានទេ ដោយសាររថយន្តបើកចូលមិនរួច បានត្រឹមតែបាញ់ទប់ស្កាត់ពីចម្ងាយ តាមលទ្ធភាពដែលអាចធ្វើបាន។   ដូច្នេះហើយទើបកម្លាំងភ្លើងឆាបឆេះរាលដាលពីចម្ការមួយ ឆ្លងចូលទៅចម្ការមួយ យ៉ាងពេញទំហឹង ឆេះខូចខាតដំណាំក្នុងចម្ការនីមួយៗ អស់ស្ទើរទាំងស្រុង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅពិនិត្យទីតាំងកើតហេតុ និងធ្វើការស្រាវជ្រាវដើម្បីស្វែងរកមូលហេតុ ដែលនាំកើតមានគ្រោះអគ្គិភ័យខាងលើនេះ៕

RELATED ARTICLES