Saturday, April 19, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចតឡានក្បែរផ្លូវដែក រថភ្លើងបុ.../កខ្ទេច

ចតឡានក្បែរផ្លូវដែក រថភ្លើងបុ…/កខ្ទេច

ភ្នំពេញ ៖ បុរសម្នាក់ បានចតរថយន្តកូរ៉េ ១គ្រឿង នៅក្បែរផ្លូវរថភ្លើង ដោយខ្វះការប្រុងប្រយ័ត្ន រួចចូលទៅហូបបាយ នៅក្នុងហាងបាយក្បែរនោះមួយភ្លែត ស្រាប់តែបន្តិចក្រោយមកមានរថភ្លើង ១ខ្សែ បើកមកដល់ បុករុញរថយន្តខាងលើ ចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឱ្យរងការខូចខាត ដោយម្ចាស់ផ្ទះ បានទាមទារសំណង ចំនួន៦៥០ដុល្លារ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ២និង៥០នាទីរសៀល ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើង សង្កាត់បឹងល្អក់ទី២ ខណ្ឌទួលគោក។

តាមប្រភពម្ចាស់រថយន្តកូរ៉េ បានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានបើករថយន្តកូរ៉េ ដឹកទំនិញ ១គ្រឿង ពាក់ស្លាកលេខ តាកែវ 1A-0346 មកឈប់មុខហាងបាយ ១កន្លែង ហើយបានចុះទៅអង្គុយហូបបាយ លុះមួយស្ទុះក្រោយមក មានរថភ្លើងមក រួចឮស៊ីប្លេពីចម្ងាយ តែគាត់មិនបានចាប់អារម្មណ៍ ខណៈពេលកំពុងហូបបាយមានរថភ្លើង បានមកដល់ពីទិសដៅកើត មកលិច បានបុករថយន្តពេញទំហឹង បណ្តាលឱ្យរុញរថយន្តរបស់គាត់ចូលទៅបុកផ្ទះប្រជាពលរដ្ឋក្បែរនោះ ខូចខាតសម្ភារៈអស់មួយចំនួនធំ។

ក្រោយកើតហេតុ មានអ្នកជំនាញខាងរថភ្លើង បានចុះមកទីតាំងកន្លែងកើតហេតុ ដើម្បីធ្វើការវាយតម្លៃទំហំនៃការខូចខាតរថភ្លើង ថ្លៃជួសជុល ប្រមាណខ្ទង់ពាន់ដុល្លារ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុ និងបានឱ្យភាគីខាងរថ យន្តកូរ៉េ ធ្វើការដោះស្រាយជាមួយភាគីម្ចាស់ផ្ទះទាំងសងខាងផងដែរ ដោយម្ចាស់ផ្ទះបានទាមទារសំណង ចំនួន៦៥០ដុល្លារ៕

RELATED ARTICLES