ភ្នំពេញ ៖ ស្ត្រីម្នាក់ បានបើករថយន្ត ១គ្រឿង ចេញពីផ្ទះ បំណងទៅរកស្រោចទឹក រំដោះគ្រោះ មុនចូលឆ្នាំថ្មី ស្រាប់តែបើករថយន្តដល់ពាក់កណ្តាលផ្លូវ រលត់ម៉ាស៊ីន រួចក៏មានផ្សែងហុយខ្មួលខ្មាញ់ គួរផ្សំនឹងអណ្តាតភ្លើងផង ធ្វើឱ្យស្ត្រីជាម្ចាស់រថយន្តប្រញាប់បើកទ្វាររត់ចេញក្រៅទាន់ពេល មិនមានគ្រោះថ្នាក់ឡើយ។ ប៉ុន្តែរថយន្ត ក្លាយជាចំណីភ្លើងអស់ទាំងស្រុង សល់តែគ្រោងឆ្អឹងដែកប៉ុណ្ណោះ។

ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បានឃើញរថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា ព្រូស បើកបរតាមផ្លូវបេតុងខាងលើ ហើយខណៈកំពុងតែបើកសុខៗស្រាប់តែឈប់ និងមានផ្សែងហុយចេញពីផ្នែកខាងក្រោយហុយទ្រលោមតែម្តង។ ភ្លាមនោះ គេឃើញស្ត្រីអ្នកបើកបរ បានបើកទ្វារចុះចេញក្រៅ និងស្រែកហៅឱ្យគេជួយ ប៉ុន្តែភ្លាមនោះ រថយន្តខាងលើ ត្រូវបានភ្លើងឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ និងត្រូវបានប្រជាពលរដ្ឋនាំគ្នារាយការណ៍សុំអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យ ហើយបន្តិចក្រោយមក មានរថយន្តពន្លត់អគ្គិភ័យ ចំនួន២គ្រឿង បានចុះមកដល់ជាបន្តបន្ទាប់ ប៉ុន្តែបាញ់ទឹកអស់ ១រថយន្ត ភ្លើងក៏រលត់ទៅវិញអស់ តែរថយន្តខាងលើបានរងការខូចខាត សល់តែគ្រោងឆ្អឹងដែកប៉ុណ្ណោះ។

តាមសម្តីស្ត្រីជាម្ចាស់រថយន្ត បានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានបើករថយន្តម៉ាកតូយ៉ូតា ព្រូស ស៊េរីឆ្នាំ២០០៧ ចេញពីផ្ទះនៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ក្នុងបំណងទៅស្រោចទឹករំដោះគ្រោះ (តែមិនបញ្ជាក់ប្រាប់ថា ទៅស្រោចទឹកនៅវត្ត ឬនៅគ្រូណាទេ) លុះពេលបើកបរមកដល់ចំណុចកើត ហេតុ ស្រាប់តែរថយន្តគាត់ បានរលត់ម៉ាស៊ីន ទៅមុខលែងរួច ហើយក៏មានផ្សែងហុយចេញពីផ្នែកខាងក្រោយ លាយឡំនឹងអណ្តាតភ្លើង ទើបគាត់ប្រញាប់បើកទ្វារចេញស្រែកឱ្យគេជួយដែរ ប៉ុន្តែភ្លាមនោះ អណ្តាតភ្លើងបានឆាបឆេះរថយន្តគាត់យ៉ាងសន្ធោសន្ធៅ រហូតដល់ខូចខាតទាំងស្រុង សល់តែគ្រោងឆ្អឹងដែកតែម្តង ដោយពុំដឹងថាបណ្តាលមកពីអ្វីឡើយ៕