Friday, April 18, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្មេងទំនើងជិត១០០នាក់ ចូលឆ្នាំថ្មីក្នុងគុក

ក្មេងទំនើងជិត១០០នាក់ ចូលឆ្នាំថ្មីក្នុងគុក

ភ្នំពេញ ៖ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ចាប់ពីថ្ងៃទី២៤ ខែមីនា រហូតដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ សមត្ថកិច្ចគ្រប់មូលដ្ឋានបានបង្ក្រាបក្មេងទំនើង ជិត ២០ករណី ដោយឃាត់ខ្លួនយុវជន ជិត ១០០នាក់ បញ្ជូនទៅតុលាការ និងបញ្ជូនទៅឃុំខ្លួនតាមបណ្តាពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ។

លោកទូច សុឃៈ បានបញ្ជាក់ថា មុនឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចូលមកដល់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានចាត់វិធានការដ៏ម៉ឺងម៉ាត់ ដោយណែនាំទៅអគ្គស្នងការដ្ឋាននគរ បាលជាតិ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ទាំងអស់ ដឹកនាំបញ្ជាទៅអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ បង្ក្រាបក្រុមក្មេងទំនើងដែលបង្កការអុកឡុកក្នុងសង្គម។

សូមបញ្ជាក់ថា ការបង្ក្រាបក្រុមក្មេងទំនើង ជិត១០០នាក់ បញ្ជូនទៅពន្ធនាគារ នៅមុនឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ មាននៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ខេត្តកណ្តាល កំពត ព្រះសីហនុ កំពង់ស្ពឺ បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ ព្រះវិហារ ក្រចេះ ត្បូងឃ្មុំ ស្វាយរៀង និងខេត្តតាកែវ។

យុវជនដែលជ្រុលខ្លួនប្រព្រឹត្តសកម្មភាពទំនើងក្នុងសង្គម នាពេលនេះ មានន័យថា ពួកគេអាចនឹងត្រូវឆ្លងឆ្នាំថ្មីក្នុងពន្ធនាគារ ប្រសិនបើត្រូវបានសមត្ថកិច្ចចាប់ខ្លួន៕ 

RELATED ARTICLES