ភ្នំពេញ ៖ គណៈកម្មការជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស កាលពីរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំនៅទីស្តីការក្រសួងយុត្តិធម៌ ដើម្បីពិនិត្យបញ្ជីឈ្មោះទណ្ឌិត សរុប ៩០០នាក់ (ស្ត្រី៧៦នាក់) ដែលត្រូវបានស្នើសុំលើកលែង និងបន្ធូរបន្ថយទោស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ និងពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៥ ខាងមុខ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិ ដោយមានការចូលរួមពីបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ដែលជា អនុប្រធាន និងសមាជិក នៃគណៈកម្មការថ្នាក់ជាតិ តំណាងអយ្យការទទួលបន្ទុកមណ្ឌលអប់រំកែប្រែទាំង៤ និងប្រធានមណ្ឌលអប់រំកែប្រែទាំង៤ ព្រមទាំងមន្ត្រីជំនាញមួយចំនួន នៃក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ។

តាមរបាយការណ៍ បញ្ជីឈ្មោះទណ្ឌិតទាំងនេះ ត្រូវបានស្នើសុំមកពីពន្ធនាគាររាជធានី-ខេត្តចំនួន ២១ និងមណ្ឌលអប់រំកែប្រែ ចំនួន ៤ ទូទាំងប្រទេស។ ការស្នើសុំអនុគ្រោះទោស រួមមាន ៖
-បន្ធូរបន្ថយទោស ៣ខែ ៖ ៥៩៧ នាក់ (ស្រី៣៩នាក់)
-បន្ធូរបន្ថយទោស ៦ខែ ៖ ១៨៩នាក់ (ស្រី១៧នាក់)
-បន្ធូរបន្ថយទោស ៩ខែ ៖ ៧៤នាក់ (ស្រី១៥នាក់)
-បន្ធូរបន្ថយទោស ១២ខែ ៖ ១៤នាក់ (ស្រី៣នាក់)
-បន្ថយទោសពីមួយជីវិតមកត្រឹម ៣០ឆ្នាំ ៖ ២នាក់
-លើកលែងទោសទាំងស្រុង ៖ ២៤នាក់ (ស្រី២នាក់)

លទ្ធផលនៃការពិនិត្យ និងសម្រេចរបស់គណៈកម្មការជាតិ នឹងត្រូវលើកទូលថ្វាយព្រះមហាក្សត្រ ដើម្បីឡាយព្រះហស្តលេខា សម្រេចចុងក្រោយ តាមនីតិវិធី៕
