ខេត្តសៀមរាប ៖ អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានចេញសេចក្តីប្រ កាសព័ត៌មាន បំភ្លឺបន្ថែម ជាលើកទី២ បន្ទាប់ពីថ្មីៗនេះ មានការចុះផ្សាយព័ត៌មានជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងករណីបណ្តឹងរវាងឈ្មោះ ចិន ស្រីដា ឈ្មោះសម្បត្តិ កុសល និងឈ្មោះរ៉ាំង ភិរម្យ រិះគន់ចំពោះការសម្រេចរបស់តុលាការ និងមានការលើកឡើងថា បណ្តឹងរបស់ឈ្មោះ ចិន ស្រីដា ដែលប្តឹងទៅកាន់តុលាការ មិនត្រូវបានដោះស្រាយ។

សេចក្តីប្រកាសព័ត៌មាន របស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប ចុះទី១០ ខែមេសា ឆ្នាំ២០២៥ ស្តីពីករណីសំណុំរឿងរវាងឈ្មោះ ចិន ស្រីដា ឈ្មោះ សម្បត្តិ កុសល និងឈ្មោះ រ៉ាំង ភិរម្យ មានខ្លឹមសារទាំងស្រុងថា «អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបណ្តាញសារព័ត៌មានទាំងអស់ មេត្តាជ្រាបថា នាពេលថ្មីៗនេះ មានការចុះផ្សាយសារព័ត៌មាន ជាបន្តបន្ទាប់ពាក់ព័ន្ធនឹងករណីបណ្តឹងរវាងឈ្មោះ ចិន ស្រីដា ឈ្មោះសម្បត្តិ កុសល និងឈ្មោះរ៉ាំង ភិរម្យ ហើយមានការលើកឡើងថា បណ្តឹងរបស់ឈ្មោះចិន ស្រីដា ដែលប្តឹងមកកាន់តុលាការ មិនត្រូវបានដោះស្រាយ។

ឆ្លើយតបនឹងការលើកឡើងនេះ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប សូមបញ្ជាក់ជូនសាធារណជន អំពីសំណុំរឿងដែលមានឈ្មោះភាគីពាក់ព័ន្ធខាងលើនេះ ដូចតទៅ ៖
ក. ករណីសំណុំរឿងរដ្ឋប្បវេណី
មកដល់ពេលនេះ សាលាដំបូងខេត្តសៀមរាប មិនដែលបានទទួលនូវបណ្តឹង ដែលមានឈ្មោះចិន ស្រីដា ប្តឹងទាមទារប្រាក់ពីឈ្មោះ សម្បត្តិ កុសល ឬឈ្មោះវាំង ភិរម្យ នោះឡើយ។
ខ. ករណីសំណុំរឿងព្រហ្មទណ្ឌ
អយ្យការអមសាលាដំបូងខេត្តសៀមរាប បានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងឈ្មោះចិន ស្រីដា ឈ្មោះសម្បត្តិ កុសល និងឈ្មោះរ៉ាំង ភិរម្យ សរុបចំនួន ៥សំណុំរឿង និងបានចាត់ការ ដូចខាងក្រោម ៖
១-សំណុំរឿងព្រហ្មទណ្ឌ លេខ ៨៨ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ មានអ្នកប្តឹងឈ្មោះរ៉ាំង ភិរម្យ ប្តឹងឈ្មោះចិន ស្រីដា ពីបទបរិហារកេរ្តិ៍ជាសាធារណៈ តំណាងអយ្យការ បានចេញដីកាតម្កល់រឿងទុកឥតចាត់ការរួចហើយ។ ឈ្មោះ រាំង ភិរម្យ បានប្តឹងតវ៉ានឹងដីកាតម្កល់រឿងទុកឥតចាត់ការខាងលើ ទៅមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង។
២-សំណុំរឿងព្រហ្មទណ្ឌ លេខ ៤៧០ ចុះថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ មានអ្នកប្តឹងឈ្មោះសម្បត្តិ កុសល ប្តឹងឈ្មោះចិន ស្រីដា ពីបទបរិហារកេរ្តិ៍ជាសាធារណៈ តំណាងអយ្យការ បានចេញដីកាតម្កល់រឿងទុកឥតចាត់ការ និងជូនដំណឹងអំពីការសម្រេចនេះ ទៅឈ្មោះ សម្បត្តិ កុសល តាមនីតិវិធីរួចរាល់។
៣-សំណុំរឿងព្រហ្មទណ្ឌ លេខ ៥៨៨ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ មានអ្នកប្តឹងឈ្មោះ សម្បត្តិ កុសល ប្តឹងឈ្មោះ ចិន ស្រីដា ពីបទគំរាមកំហែងហែកកេរ្តិ៍។ សំណុំរឿងនេះ តំណាងអយ្យការ បានសម្រេចបើកការស៊ើបសួរតាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ និងត្រូវបានចៅក្រមស៊ើបសួរ បញ្ជូនទៅជំនុំជម្រះ តាមដីកាដំណោះស្រាយ ហើយត្រូវបានចៅក្រមជំនុំជម្រះ ចេញសាលក្រមលេខ ១៥ “ឃ”/១៦១ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយសម្រេចផ្តន្ទាទោសលើឈ្មោះចិន ស្រីដា ដាក់ពន្ធនាគារ កំណត់រយៈពេល ២ឆ្នាំ ពីបទគំរាមកំ ហែងហែកកេរ្តិ៍ និងបង្គាប់ឱ្យចាប់ខ្លួន-ឃុំខ្លួន។ ក្រោយមក ឈ្មោះចិន ស្រីដា ត្រូវបានចាប់ខ្លួន និងកំពុងឃុំខ្លួននៅពន្ធនាគារខេត្តសៀមរាប តាមអំណាចសាលក្រមខាងលើ ហើយបច្ចុប្បន្ន សំណុំរឿង នេះ បានបញ្ជូនទៅដល់សាលាឧទ្ធរណ៍បាត់ដំបង តាមបណ្តឹងឧទ្ធរណ៍របស់មេធាវីរបស់ឈ្មោះចិន ស្រីដា។
៤-សំណុំរឿងព្រហ្មទណ្ឌ លេខ ១៤៤៩ ចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ មានអ្នកប្តឹងឈ្មោះចិន ស្រីដា ប្តឹងទៅលើឈ្មោះ រ៉ាំង ភិរម្យ ពីបទបរិហារបង្កាច់កេរ្តិ៍ តំណាងអយ្យការ បានចេញដីកាតម្កល់រឿងទុកឥតចាត់ការ និងបានជូនដំណឹងអំពីការសម្រេចនេះ ទៅឈ្មោះចិន ស្រីដា តាមនីតិវិធីរួចរាល់។
៥-សំណុំរឿងព្រហ្មទណ្ឌ លេខ៣៧ ចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ មានអ្នកប្តឹងឈ្មោះសម្បត្តិ កុសល ប្តឹងទៅលើ១-ឈ្មោះចិន ស្រីដា ២-ឈ្មោះទី ប្រាថ្នា ពីបទ “ប៉ុនប៉ងសូកប៉ាន់”។ បច្ចុប្បន្ន សំណុំរឿងកំពុងស្ថិតនៅក្នុងចំណាត់ការអង្កេតរបស់តំណាងអយ្យការ។

ក្រៅពីសំណុំរឿងព្រហ្មទណ្ឌទាំង៥ ខាងលើនេះ ឈ្មោះចិន ស្រីដា ក៏មានសំណុំរឿងព្រហ្មទណ្ឌ៤ សំណុំរឿងផ្សេងទៀត ជាមួយបុគ្គលដទៃ ហើយត្រូវបានសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប ចាត់ការតាមនីតិវិធី រួចរាល់អស់ហើយដែរ។
អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប សូមបញ្ជាក់ថា ៖
ចំពោះរឿងក្តីជំពាក់ប្រាក់ កូនបំណុល មានកាតព្វកិច្ចត្រូវសងប្រាក់ទៅម្ចាស់បំណុលវិញ ដោយស្ម័គ្រចិត្ត ក្នុងករណីកូនបំណុលមិនអនុវត្តកាតព្វកិច្ចខ្លួន ម្ចាស់បំណុល ត្រូវប្តឹងទាមទារប្រាក់ ទៅតុលាការ តាមនីតិវិធីរដ្ឋប្ប វេណី ដោយភ្ជាប់ជាមួយនឹងភ័ស្តុតាងតាមផ្លូវច្បាប់ នៃការខ្ចីប្រាក់នោះ។ ប្រសិនបើមានបណ្តឹងទាក់ទងនឹងប្រាក់ជំពាក់នេះ មានភ័ស្តុតាងតាមផ្លូវច្បាប់គ្រប់គ្រាន់ត្រូវបានដាក់មកនោះ សាលាដំបូងខេត្តសៀមរាប នឹងសម្រេចផ្តល់យុត្តិធម៌ ហើយធានាថា កូនបំណុល នឹងត្រូវសងប្រាក់ទៅឱ្យម្ចាស់បំណុល តាមផ្លូវច្បាប់ និងនីតិវិធីជាធរមាន។
ដោយឡែក ចំពោះរឿងក្តីព្រហ្មទណ្ឌ ត្រូវដោះស្រាយតាមនីតិវិធីព្រហ្មទណ្ឌ ប្រសិនបើបុគ្គលណាមួយ បានប្រព្រឹត្តកំហុសដែលបង្កើតជាបទល្មើសព្រហ្មទណ្ឌ បុគ្គលដែលរងគ្រោះដោយសារអំពើនោះ អាចប្តឹងមកកាន់អយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ នៅក្នុងដំណើរការនៃរឿងក្តីព្រហ្មទណ្ឌ បុគ្គលដែលមិនចូលខ្លួនតាមនីតិវិធី តុលាការមានសិទ្ធិផ្នែកអាជ្ញា ក្នុងការចេញដីកានានា ដោយរួមទាំងដីកាបង្គាប់ឱ្យនាំខ្លួន ឬចាប់ខ្លួន ឬឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីបម្រើឱ្យការអនុវត្តនីតិវិធី។
ដូច្នេះការលើកឡើងថា “ម្ចាស់បំណុល មិនបានទទួលការសងប្រាក់ពីកូនបំណុល ហើយបែរជាម្ចាស់បំណុល ត្រូវជាប់ពន្ធនាគារ” គឺជាការលើកឡើងមិនត្រឹមត្រូវនោះទេ ព្រោះថា ការជាប់ពន្ធនាគារ របស់ឈ្មោះចិន ស្រីដា គឺជាការទទួលខុសត្រូវក្នុងរឿងក្តីព្រហ្មទណ្ឌ និងការលើក ឡើងថា “ការប្តឹងមកតុលាការ មិនទទួលបានដំណោះស្រាយនោះ” ក៏ពុំមែនជាការពិតដែរ ព្រោះសាលាដំបូងខេត្តសៀមរាប មិនដែលទទួលបានបណ្តឹងទាមទារប្រាក់ ពីឈ្មោះចិន ស្រីដា ឡើយ…»។

សូមរំឭកថា ស្ត្រីឈ្មោះ ចិន ស្រីដា មានស្វាមីឈ្មោះ ទ្រី ប្រាថ្នា មានអាសយដ្ឋាននៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប បានដាក់ពាក្យប្តឹងឈ្មោះ សម្បត្តិ កុសល មានឋានន្តរស័ក្តិជាឧត្តមសេនីយ៍ត្រី និងមានតួនាទីជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងប្រពន្ធឈ្មោះ រ៉ាំង ភិរម្យ រស់ភូមិព្រែករពៅ ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ពីបទប្រព្រឹត្តអំពើពុករលួយ និងរំលោភទំនុកចិត្ត ពាក់ព័ន្ធលុយជាង ២ម៉ឺនដុល្លារ តាមរយៈការខ្ចីជាបន្តបន្ទាប់ ដោយម្ដង យកចំនួន៣០០០ដុល្លារ ម្ដងយក ៤០០០ដុល្លារ និងក្រោយមក កូនបំណុលប្ដីប្រពន្ធទាំងពីរនាក់នេះ គ្មានប្រាក់សង ក៏បង្វែរបំណុលនោះទៅជារត់ការឱ្យបុរសឈ្មោះ សម្បត្តិ កុសល ឡើងបុណ្យស័ក្តិ ក្នុងអំឡុងឆ្នាំ២០២២ ដល់ឆ្នាំ២០២៣។ ក្រោយមកទៀត ស្ត្រីឈ្មោះ ចិន ស្រីដា បានសម្រេចចិត្តដាក់ពាក្យប្តឹងទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ, អង្គភាពប្រឆាំងអំពើពុករលួយ និងទៅលោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីស្នើសុំជួយរកយុត្តិធម៌ជូននាង ព្រោះគ្មានសង្ឃឹមថា លោក សម្បត្តិ កុសល និងភរិយា សងបំណុលនោះមកនាងនាងវិញឡើយ។ យ៉ាងណា រឿងរ៉ាវខាងលើនេះ បានស្ងប់ស្ងាត់មួយរយៈ ស្រាប់តែថ្មីៗនេះ ស្ត្រីឈ្មោះ ចិន ស្រីដា ត្រូវបានតុលាការខេត្តសៀមរាប ចេញដីកាបង្គាប់ឱ្យចាប់ខ្លួន និងឃុំខ្លួន លើបទគំរាមកំហែងហែកកេរ្តិ៍លើបណ្ដាញសង្គម ដោយដើមបណ្ដឹងគឺជាលោក សម្បត្តិ កុសល ស្នងការរង នៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ ជាប្តីរបស់កូនបំណុលឈ្មោះរ៉ាំង ភិរម្យ បានទាមទារសំណងជំងឺចិត្ត ចំនួន២០ម៉ឺនដុល្លារអាមេរិក។ ស្ត្រីត្រូវចោទឈ្មោះ ចិន ស្រីដា ត្រូវបានចាប់ខ្លួននិងឃុំខ្លួននៅពន្ធនាគារខេត្តសៀមរាប នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ បណ្តាលឲ្យមានការរិះគន់ជាខ្លាំងពីសំណាក់មហាជន នៅលើបណ្តាញសង្គម។ ប៉ុន្តែអ្នកនាំពាក្យតុលាការខេត្តសៀមរាប បានចេញសេចក្តីបំភ្លឺ ដោយបញ្ជាក់ថា ការទាមទារប្រាក់ពីកូនបំណុល គឺជាសិទ្ធិរបស់ម្ចាស់បំណុល ប៉ុន្តែម្ចាស់បំណុល ត្រូវប្រើសិទ្ធិទាមទារនេះ ក្នុងព្រំដែនដែលច្បាប់អនុញ្ញាត កុំឱ្យបំពានលើសិទ្ធិរបស់អ្នកដទៃ។ ក្នុងករណីដែលម្ចាស់បំណុលធ្វើការទាមទារបំណុលរបស់ខ្លួន ដោយប្រើមធ្យោបាយដែលបំពានទៅលើសិទ្ធិរបស់អ្នកដទៃ នោះម្ចាស់បំណុល ត្រូវទទួលខុសត្រូវចំពោះអំពើរបស់ខ្លួន ទៅតាមច្បាប់ជាធរមាន ។

ទោះបីជាយ៉ាងណា ជុំវិញករណីខាងលើនេះ បុរសជាប្ដីរបស់ស្រ្តីត្រូវចោទជាប់ពន្ធនាគារ បានស្រែកថា អយុត្តិធម៌ណាស់ ភរិយារបស់លោក ជាម្ចាស់បំណុល និងជាអ្នករងគ្រោះនៅក្នុងសំណុំរឿងនេះ បែរជាជាប់គុក ឯកូនបំណុលដែលជំពាក់លុយមិនសង បែរជារួចខ្លួន។ ជាមួយគ្នានេះ បុរសជាប្ដី រំពឹងថា នឹងមានអន្តរាគមន៍ពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងរដ្ឋមន្រី្តក្រសួងយុត្តិធម៌ ដើម្បីផ្តល់យុត្តិធម៌ឲ្យភរិយារបស់លោក។
ក្នុងបទសម្ភាសន៍ជាមួយ “នគរធំ” នៅយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ លោក ទី ប្រាថ្នា អាយុ៣១ឆ្នាំ ត្រូវជាប្ដីរបស់ស្រ្តីត្រូវចោទ ឈ្មោះ ចិន ស្រីដា រស់នៅខេត្តសៀមរាប បានឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃមកនេះ ខណៈដែលប្រពន្ធរបស់លោកត្រូវឃុំខ្លួននៅក្នុងពន្ធនាគារខេត្តសៀមរាប លោកមិនមានអារម្មណ៍ល្អនៅក្នុងខ្លួនទេ ចេះតែខ្វល់ខ្វាយ ព្រួយបារម្ភ អន្ទះអន្ទែង ចង់ឲ្យភរិយាត្រូវបានដោះលែងមកវិញ ព្រោះជាជំហរលោកគិតថា ភរិយារបស់លោក មិនបានធ្វើខុសច្បាប់នោះទេ គឺនាងនិងលោកជាប្ដី ជាម្ចាស់បំណុល និងជាម្ចាស់បណ្ដឹង ដែលប្ដឹងឲ្យកូនបំណុលសងប្រាក់វិញប៉ុណ្ណោះ ។ ផ្ទុយទៅវិញ គ្រួសាររបស់លោកកំពុងតែទទួលរងភាពអយុត្តិធម៌នៅក្នុងករណីនេះ ទើបលោកព្យាយាមស្នើសុំទៅក្រសួង ស្ថាប័នពាក់ព័ន្ធ រួមមាន ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ជួយអន្តរាគមន៍តាមផ្លូវច្បាប់ ដើម្បីដោះលែងប្រពន្ធរបស់លោក ឲ្យមានសេរីភាពឡើងវិញ ហើយលោកក៏បានពឹងពាក់មេធាវី ឲ្យការពាររឿងក្ដីនេះដែរ ។

លោកទី ប្រាថ្នា និយាយថា “បាទ! ឥឡូវខាងក្រសួង គេកំពុងធ្វើការហ្នឹង ដូចផ្ទុះក្នុងព័ត៌មានហ្នឹង ហើយភរិយាខ្ញុំ គាត់នៅក្នុងហ្នឹង (ពន្ធនាគារ) ។ ចំពោះសេចក្ដីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តសៀមរាប នោះ យើងមានអី? បើគេប្រកាស យើងក៏តាមគេទៅ ។ ប៉ុន្តែកន្លងមក យើងមិនដែលមានចេតនាគេចវេះពីដីកាកោះហៅរបស់តុលាការទេ ហើយយើងអត់ដឹងផង ។ និយាយទៅ រឿងខុសយ៉ាងម៉េចៗ ខ្ញុំមិនដឹងដែរ គ្រាន់តែខ្ញុំរង់ចាំឲ្យតែគេធ្វើការនៅខាងលើ គឺអ្វីសំខាន់ចង់ឲ្យគេរកយុត្តិធម៌ឲ្យពួកយើង ឲ្យបានត្រឹមត្រូវ តែយើងអត់កំណត់ទេ មិនដឹងគេរកយុត្តិធម៌ឲ្យយើងបានប៉ុនណា? យើងចង់ឲ្យតែរួចខ្លួនត្រឹមត្រូវ ។ ចំពោះជំហរប្ដឹងវិញយ៉ាងណាទៀត អត់ទាន់ដឹងដែរ ព្រោះចង់ឲ្យតែប្រពន្ធចេញមកវិញបានលឿន គ្មានអីគិតច្រើនទេ ហើយយើងបានរកមេធាវីឲ្យជួយរៀបចំហើយ“ ។

បុរសខាងលើ បន្តថា “រឿងម្ចាស់បំណុលជាប់ឃុំនេះ មិនត្រឹមតែមហាជនប្រតិកម្មទេ សម្រាប់យើង ពិតជាអយុត្តិធម៌ គឺអយុត្តិធម៌សម្រាប់គ្រួសារខ្ញុំ ខណៈដែលខ្ញុំមិនមានអីបញ្ជាក់បន្ថែមទៀតទេ គ្រាន់តែរង់ចាំឲ្យគេស៊ើបអង្កេត ធ្វើការ គឺឲ្យខាងលើគេធ្វើទៅ ។ ប៉ុន្តែខ្ញុំនៅតែសំណូមពរឲ្យគេរកយុត្តិធម៌ឲ្យ ហើយនិងឆាប់បានដោះលែងប្រពន្ធខ្ញុំមកវិញ ខណៈដែលនាងកំពុងជាប់ពន្ធនាគារសៀមរាប ហើយខ្ញុំបានទៅមើលគាត់ ដល់ពន្ធនាគារ ជាញឹកញាប់ ហើយឃើញថា សុខភាពរាយកាយរបស់គាត់ មិនជាបញ្ហាទេ ប៉ុន្តែយើងនៅតែជាជនរងគ្រោះនៅក្នុងរឿងនេះ ព្រោះយើងជាម្ចាស់បំណុល ឯគេកូនបំណុល ពេលយើងឆាតទៅទារលុយគេ គេប្ដឹងយើងដាក់គុកអ៊ីចឹង ។ ដូច្នេះជារឿងមួយមិនអាចទទួលយកបាន សម្រាប់ពួកយើងនោះទេ ហើយយើងនៅតែសង្ឃឹមថា ខាងក្រសួង នឹងជួយរកយុត្តិធម៌ឲ្យយើងអ្នកត្រឹមត្រូវ ព្រោះយើងអត់បានធ្វើខុសអីទេ“ ៕