ភ្នំពេញ ៖ ក្មេងស្ទាវឈាមរាវ ១ក្រុម បានបែកគំនិតបបួលគ្នាទិញឯកសណ្ឋាន និងសម្ភារៈសមត្ថកិច្ច យកមកស្លៀកពាក់ អួតសម្ញែងគេឯងនៅពេលយប់ ទីបំផុតត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាប ឃាត់ខ្លួនបាន ចំនួន៦នាក់ នាំយកមកចាត់ការតាមច្បាប់។

ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ នៅចំណុចផ្លូវរថភ្លើង ស្ថិតក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យទាំង៦នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះបាន ភ័ត្ត្រា ភេទប្រុស មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលលេខ៤២ ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ ទី២-ឈ្មោះគង់ យ៉ងជូរ ភេទប្រុស មុខរបរសិស្ស ស្នាក់នៅខណ្ឌសែនសុខ។ ទី៣-ឈ្មោះពុង ម៉េងហ៊ួរ ភេទប្រុស មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ 43D ភូមិបុរីសន្តិភាព២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ ទី៤-ឈ្មោះឈុន ដារីញ៉ែល ភេទប្រុស មុខរបរសិស្ស ស្នាក់នៅ ភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ ទី៥-ឈ្មោះម៉ៅ ផាន់នីម័រ ភេទប្រុស មុខរបរកម្មករ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ និងទី៦-ឈ្មោះតាំង ភក្តី ភេទប្រុស មុខរបរជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គ ស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរ បាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន៦នាក់ ពាក់ព័ន្ធករណីក្លែងបន្លំឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ ប្រ ព្រឹត្តនៅចំណុចផ្លូវរថភ្លើង ស្ថិតក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

ប្រភពដដែល បន្តថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំង៦នាក់ខាងលើ សមត្ថកិច្ចបានដកហូតសម្ភារៈ និងវត្ថុតាងរួមមាន ទូរស័ព្ទ ចំនួន៧ គ្រឿង ម៉ូតូ ចំនួន៣គ្រឿង (១-ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ២-ម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ ៣-ម៉ាកហុងដា ស្កុបពី ពណ៌ក្រហម)។
ជនសង្ស័យទាំង៦នាក់ រួមនិងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលា ដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕