ខេត្តកណ្តាល ៖ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ បានរកឃើញបង្គាស្រស់ ដែលឈ្មួញលួចនាំចូលពីប្រទេសវៀតណាម មានចាក់សារធាតុគីមីហាមឃាត់ ក្រោយធ្វើតេស្តបឋម បន្ទាប់ពីឃាត់រថយន្ត ១គ្រឿង។

ការរកឃើញបង្គាស្រស់ចាក់សារធាតុគីមីនេះ ធ្វើឡើងដោយមន្ត្រីជំនាញសាខា ក.ប.ប ខេត្តណ្តាល សហការជាមួយនគរបាលទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្តាល ដោយបានត្រួតពិនិត្យ និងធ្វើតេស្តបឋមលើផលិតផលត្រីញៀនក្លាស្សេ និងបង្គាស្រស់ មួយចំនួន ដែលឈ្មួញលួចនាំចូលពីប្រទេសវៀតណាម ដឹកដោយរថយន្តតួរីស ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-8196។

តាមប្រភពពីមន្ត្រីជំនាញ បង្គាស្រស់ទាំងនេះមានចាក់បន្ថែមនូវសារធាតុហាមឃាត់ និងការដឹកជញ្ជូនផលិត ផលទាំងនោះ មិនមានលិខិតអនុញ្ញាតនាំចូល និងការដឹកជញ្ជូន មិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។ បន្ទាប់ពីពិនិត្យ និងដោយមានការឯកភាពពីព្រះរាជអាជ្ញា មន្ត្រីជំនាញ បានធ្វើការដកហូត និងដុតកម្ទេចចោលនូវផលិតផលទាំងនោះភ្លាមៗ ចៀសវាងបង្កផលប៉ះពាល់សុខភាពអ្នកបរិភោគ៕


