ខេត្តសៀមរាប ៖ សាលាឧទ្ធរណ៍បាត់ដំបង បានសម្រេចដោះលែងស្រ្តីឈ្មោះ ចិន ស្រីដា ជាម្ចាស់បំណុល ដែលត្រូវកូនបំណុលប្តឹងចាប់ដាក់គុកនោះ ឲ្យនៅក្រៅឃុំ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ។

តាមប្រភពព័ត៌មាន បញ្ជាក់ថា ស្រ្តីឈ្មោះ ចិន ស្រីដា ដែលត្រូវបានលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល អតីតស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ប្តឹងចោទប្រកាន់ពីបទគំរាមកំហែងហេកកេរ្តិ៍ ហើយត្រូវបានសាលាដំបូងខេត្តសៀមរាប ចេញដីកាចាប់ខ្លួននិងឃុំខ្លួននោះ ត្រូវបានសាលាឧទ្ធរណ៍បាត់ដំបង សម្រេចដោះលែងឲ្យនៅក្រៅឃុំហើយ កាលពីព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ។
បុរសម្នាក់ ដែលត្រូវជាសាច់ញាតិរបស់អ្នកស្រី ចិន ស្រីដា សុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ប្រាប់ “នគរធំ” នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ថា អ្នកស្រី ចិន ស្រីដា ពិតជាត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ដោយសាលាឧទ្ធរណ៍បាត់ដំបង ប្រាកដមែន ដែលជាដំណឹងល្អសម្រាប់គាត់ជាសាច់ញាតិ ជាពិសេសគាត់មានក្ដីរីករាយសប្បាយចិត្តមែនទែន ដែលអ្នកស្រី ចិន ស្រីដា ត្រូវបានដោះលែង មុនបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។

ដោយឡែក នៅក្នុងសេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យសាលាឧទ្ធរណ៍បាត់ដំបង ចុះថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ស្តីពីចំណាត់ការលើសំណុំរឿងព្រហ្មទណ្ឌ (មុនអង្គសេចក្តី) ករណី “គំរាមកំហែងហែកកេរ្តិ៍» នៅខេត្តសៀមរាប បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាឧទ្ធរណ៍បាត់ដំបង បានបើកសវនាការជាអសាធារណៈ ជំនុំជម្រះលើសំណុំរឿងសភាព្រហ្មទណ្ឌ (មុនអង្គសេចក្ដី) លេខ ៣៣៨ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ពីបទ ៖ គំរាមកំហែងហែកកេរ្តិ៍ ដែលមានជនជាប់ចោទឈ្មោះ ចិន ស្រីជា ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ កាន់សាសនាព្រះពុទ្ធ លំនៅបច្ចុប្បន្ន ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។ សេចក្ដីប្រកាសព័ត៌មានខាងលើ បន្តថា ក្រោយធ្វើកិច្ចពិភាក្សាដេញដោលលើជនជាប់ចោទ ភាគីពាក់ព័ន្ធ និងបានពិនិត្យភ័ស្តុតាង អង្គហេតុ និងអង្គច្បាប់ នាពេលសវនាការរួចមក ក្រុមប្រឹក្សាជំនុំជម្រះ បានប្រកាសជាអសាធារណៈ នូវសាលដីកាព្រហ្មទណ្ឌ លេខ ០៤-ច- ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ដោយបានសម្រេចសេចក្តី ដោះលែងជនជាប់ចោទ ឈ្មោះ ចិន ស្រីដា ឱ្យមានសេរីភាព។

អ្នកនាំពាក្យសាលាឧទ្ធរណ៍បាត់ដំបង បន្តទៀតថា សភាព្រហ្មទណ្ឌ នៃសាលាឧទ្ធរណ៍បាត់ដំបង នឹងបើកសវ នាការលើសំណុំរឿងអង្គសេចក្តី នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន ជ្រាបជាព័ត៌មាន៕