ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ រើសអេតចាយមិនសូវកាក់កប ស្រាប់តែបែកគំនិតលួចដោះបង្អួចកញ្ចក់ស៊ុមអីណុក បានចំនួន៦ផ្ទាំង ពីផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងបុរីតាហោ ត្រូវសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ស្រាវជ្រាវឃាត់ខ្លួនបាន នាំយកទៅចាត់ការ តាមច្បាប់។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ ចំណុចក្នុងបុរីតាហោ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះជា ចាន់ណា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។ ចំពោះវត្ថុតាងដកហូត រួមមាន បង្អួចកញ្ចក់ស៊ុមដែកណុក ចំនួន៦ផ្ទាំង (ជារបស់ជនរងគ្រោះ)។

លោកវរសេនីយ៍ឯក យី វណ្ណដា អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ច បានទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ ថាមានជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចដោះបង្អួចកញ្ចក់ស៊ុមអ៊ីណុក បានចំនួន៦ផ្ទាំង ចេញពីបុរីតាហោ ស្ថិតនៅក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅខេត្តកណ្តាល។ ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាមៗ កម្លាំងនគរបាលប៉ុស្តិ៍នគរបាលកំពង់សំណាញ់ សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានធ្វើការចុះស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើបានឆ្លើយសារភាពថា គាត់ពិតជាបានធ្វើសកម្មភាពលួចបង្អួចកញ្ចក់ស៊ុមអ៊ីណុក របស់ជនរងគ្រោះប្រាកដមែន។
ជនសង្ស័យខាងលើ ត្រូវបានគរបាលជំនាញក្រុងតាខ្មៅ កំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕