ភ្នំពេញ ៖ សំណង់អគារខុនដូ ១កន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចុះអន្តរាគមន៍ជាច្រើនគ្រឿង តែដោយសារអគារមានកម្ពស់ខ្ពស់ពេក ទើបរថយន្តពន្លត់អគ្គិភ័យ មិនអាចបាញ់ទឹកដល់ និងត្រូវ បានបុគ្គលិកខុនដូ នាំគ្នាប្រើបំពង់ពន្លត់អគ្គិភ័យ បាញ់ពន្លត់។

ហេតុការណ៍អគ្គិភ័យខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅត្រង់ចំណុច អគារខុនដូ ធនាគារឈីហ្វ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស កែងផ្លូវ៣២២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា សំណង់អគារខុនដូខាងលើ កំពុងតែសាងសង់មិនទាន់រួចរាល់នោះទេ ស្រាប់តែនៅវេលាម៉ោងកើតហេតុ គេបានឃើញមានអណ្តាតភ្លើង ព្រាកៗចេញពីចំហៀងអគារខាងលើ ជាន់ទី១០ជាង ទើបរាយការណ៍ជូនកម្លាំងសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាជំនាញពន្លត់អគ្គិភ័យ ចេញ រថយន្តចំនួន៤គ្រឿង ទៅទីតាំងកើតហេតុ ដើម្បីទប់ស្កាត់ដើម្បីកុំឲ្យមានការរាលដាល។

ពាក់ព័ន្ធករណីអគ្គិភ័យខាងលើនេះ សមត្ថកិច្ចមិនបានបាញ់ទឹកនោះទេ ដោយសារតែអគារខ្ពស់ពេក ហើយណាមួយភ្លើងក៏ឆេះខ្សែភ្លើងតិចតួច ទើបបុគ្គលិកខុនដូ បានប្រើបំពង់ពន្លត់អគ្គិភ័យ បាញ់ពន្លត់ដោយខ្លួនឯង។ ចំណែកកម្លាំងសមត្ថកិច្ច បានដកចេញទៅតាមគោលដៅរៀងៗខ្លួនវិញ៕