ភ្នំពេញ ៖ សន្តិសុខមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានធ្វើការឃាត់ខ្លួនស្ត្រីសង្ស័យ ចំនួន២នាក់ភ្លាមៗ បន្ទាប់ពីបានធ្វើសកម្មភាពទម្លាក់យោង (ធ្វើជារើសបានកញ្ចប់មាស រួចនាំជនរងគ្រោះទៅដូរយកគ្រឿងអលង្ការ) នៅ ក្នុងបរិវេណមន្ទីរពេទ្យរុស្ស៊ី តែម្តង។

ការឃាត់ខ្លួនចោរស្រីទាំង២នាក់នេះ បានធ្វើឡើង កាលពីវេលាម៉ោង ១១និង២០នាទីព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅបរិវេណមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅពេទ្យរុស្ស៊ី ក្នុងភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។

ស្ត្រីជាជនសង្ស័យទាំង២នាក់ ដែលត្រូវបានឃាត់ខ្លួន ទី១-ឈ្មោះសោម ស្រីពៅ ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិគោករកា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ និងទី២-ឈ្មោះហៀង មុំ ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ រីឯជនរងគ្រោះ មានឈ្មោះ ទ.ស.ម.ល ភេទស្រី អាយុ៦៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្លូវ១១៧ ភូមិ១ សង្កាត់ទួលទំពូង១ ខណ្ឌចម្ការមន។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ ស្ត្រីសង្ស័យ ទាំង២នាក់ខាងលើ បានណាត់គ្នាមកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅពេទ្យរុស្ស៊ី គោលបំណងមកធ្វើសកម្មភាពឆបោក (ប្រើខ្សែកក្លែងក្លាយ)។ ពេលមកដល់ ជនសង្ស័យ បានជួបជនរងគ្រោះ ហើយប្រាប់ជនរងគ្រោះថា រើសបានកាបូបតូចមួយ ក្នុងនោះមានខ្សែក ចំនួន១ខ្សែ។ បន្ទាប់មក ជនសង្ស័យបានលួងលោមឱ្យជនរងគ្រោះ ទៅកន្លែងស្ងាត់ ហើយយកខ្សែកក្លែងក្លាយនោះ មកលក់ឱ្យជនរងគ្រោះ ក្នុងតម្លៃធូរថ្លៃ។ ក្នុងនោះ ខណៈពេលជនសង្ស័យ កំពុងលួងលោមជនរងគ្រោះ ហើយជនរងគ្រោះរៀបនឹងយកលុយទិញខ្សែក ស្រាប់តែមានសន្តិសុខក្នុងមន្ទីរពេទ្យមកសួរនាំ ទើបដឹងថា ស្ត្រីទាំង២នាក់នោះ គឺជាមុខសញ្ញាទម្លាក់យោង តែងតែមកធ្វើសកម្មភាពឆបោក ក្រោមរូបភាពទម្លាក់យោងនេះ ញឹកញាប់ ជាមួយប្រជាពលរដ្ឋដែលមកមន្ទីរពេទ្យ ទើបខាងកម្លាំងសន្តិសុខមន្ទីរពេទ្យ ចាប់ ឃាត់ខ្លួនយកជនសង្ស័យ មកប្រគល់ឱ្យប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក ធ្វើការសាកសួរតែម្តង។

ស្ត្រីសង្ស័យទាំង២នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕