ខេត្តព្រៃវែង ៖ ផ្ទះប្រជាពលរដ្ឋចំនួន ៤៩ខ្នង ត្រូវបានរងការខូចខាត ដោយមានផ្ទះខ្លះ ប៉ើងដំបូង ប៉ើងជញ្ជាំង ខ្លះប៉ើងទ្រេតមួយចំហៀង និង១ខ្នងផ្សេងទៀត បានដួលរលំបាក់ទាំងស្រុង ដោយសារតែភ្លៀងកក់ខែលាយឡំខ្យល់កន្ត្រាក់ ដែលបានបោកបក់ខ្លាំងៗមានរន្ទះផងនោះ។

ហេតុការណ៍គ្រោះធម្មជាតិនេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង២០នាទីរសៀល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ផ្ទះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់នេះ សរុបមានចំនួន ៤៩ខ្នង ក្នុងនោះរបើកក្បឿងចំនួន៣២ខ្នង របើកសំយាបផ្ទះ ចំនួន៦ខ្នង របើកដំបូលស័ង្កសី ចំនួន៩ខ្នង របើកជញ្ជាំង ចំនួនមួយខ្នង និងរលំបាក់ទាំងស្រុង ចំនួន១ខ្នង។ ដោយឡែកអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ក៏រងផលប៉ះពាល់ផងដែរ ដោយបានរលំបាក់អង់តែន រីវធ័រ ពាក់កណ្តាលបង្គោលផងដែរ។

បើទោះជាយ៉ាងណាក៏ដោយ គ្រោះធម្មជាតិមួយនេះ មិនបានបណ្តាលឱ្យមានមនុស្សសត្វរងគ្រោះថ្នាក់នោះទេ គ្រាន់តែបង្កការខូចខាតដល់ផ្ទះសម្បែងប្រជាពលរដ្ឋ និងរលំបាក់ដើមឈើនៅតាមដងផ្លូវមួយចំនួនប៉ុណ្ណោះ។

កន្លងមក រដ្ឋបាលខេត្តព្រៃវែង បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋត្រូវមានការប្រុបប្រយ័ត្នខ្ពស់ចំពោះគ្រោះ ធម្មជាតិទាំងរដូវប្រាំង និងរដូវវស្សា ហើយនៅពេលមេឃភ្លៀងផ្គរ ត្រូវរកទីទួលសុវត្ថិភាព ត្រូវបិទវិទ្យុ ទូរ ទស្សន៍ ទូរស័ព្ទ ព្រមទាំងឧបករណ៍ដែលងាយរងគ្រោះថ្នាក់ ដោយរន្ទះ ជាដើម៕
