ខេត្តក្រចេះ ៖ រថយន្តតាក់ស៊ី ១គ្រឿង កំពុងបើកបរល្បឿនលឿន ស្រាប់តែផ្ទុះកង់ក្រោយ ១គ្រាប់ ធ្វើឱ្យរេចង្កូតក្រឡាប់ជាច្រើនត្រឡប់ បណ្តាលឱ្យអ្នកដំណើរក្នុងរថយន្តម្នាក់ ស្លាប់នៅនឹងកន្លែង ចំណែក៥នាក់ទៀត រងរបួសធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៧អា ត្រង់ចំណុចបែកចាន ស្ថិតក្នុងឃុំចង្ក្រង់ ស្រុកចិត្របុរី។
រថយន្តតាក់ស៊ីដែលក្រឡាប់ដោយខ្លួនឯង ម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2L50-27។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តតាក់ស៊ី ១គ្រឿង ម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2L50-27 បើកបរតាមបណ្តោយផ្លូវជាតិលេខ៧អា ធ្វើដំណើរក្នុងគោល ដៅពីខេត្តស្ទឹងត្រែង ឆ្ពោះទៅខេត្តត្បូងឃ្មុំ ស្រាប់តែពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុខាងលើ បានក្រឡាប់ទាំងកំរោលតែម្តង បណ្តាលឱ្យមានអ្នកស្លាប់និងរបួស រដូករណែលពេញផ្លូវ។
តាមសេចក្តីរាយការណ៍បញ្ជាក់ថា មូលហេតុដែលនាំឱ្យរថយន្តខាងលើក្រឡាប់ គឺដោយសាររថយន្តផ្ទុះកង់ក្រោយ ធ្វើឱ្យរេចង្កូតធ្លាក់ផ្លូវក្រឡាប់ បណ្តាលឱ្យមនុស្សស្លាប់ម្នាក់ របួសធ្ងន់ចំនួន៥នាក់ និងរងរបួសស្រាល ជាច្រើននាក់ទៀត។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានបានចុះអន្តរាគមន៍ បញ្ជូនអ្នករងរបួស ទៅកាន់មន្ទីរពេទ្យភ្លាមៗ។ ចំណែករថយន្ត ត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចិត្របុរី រង់ចាំដោះ ស្រាយនៅពេលក្រោយ។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕