Tuesday, April 15, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមយុវជនជិះម៉ូតូបើកផ្លូវឡានពេទ្យ សមត្ថកិច្ចហៅមកណែនាំ 

យុវជនជិះម៉ូតូបើកផ្លូវឡានពេទ្យ សមត្ថកិច្ចហៅមកណែនាំ 

ភ្នំពេញ ៖ យុវជនមួយក្រុមដែលចងក្រងគ្នាជាក្រុម (ជិះម៉ូតូបើកផ្លូវមុខរថយន្តសង្គ្រោះបន្ទាន់) និងមានរៀបចំជាឯកសណ្ឋានឈុតដូចគ្នាទៀតនោះ ត្រូវបានអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ហៅទៅអប់រំណែនាំ និងដកហូតឯកសណ្ឋាន បន្ទាប់ពីពួកគេទៅសម្រួល ចរាចរណ៍នៅមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ក្រុមយុវជនដែលត្រូវសមត្ថកិច្ចនាំមកអប់រំណែនាំនេះ គឺជាក្រុមដែលធ្លាប់ជិះម៉ូតូបើកផ្លូវមុខរថយន្តសង្គ្រោះបន្ទាន់ ហើយត្រូវបានអាជ្ញាធរ និងសមត្ថកិច្ច ហាមឃាត់ជាច្រើនលើក ច្រើនសាពេលកន្លងមក។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ថា អ្នកដែលដឹកនាំយុវជនមួយក្រុមនេះ ឈ្មោះប៉ូ លីហេង មុខរបរជាងជួសជុលម៉ូតូ។ ក្រោយឃាត់ខ្លួនមកធ្វើការសាកសួរ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើកិច្ចសន្យា អប់រំណែនាំ និងដកហូតឯកសណ្ឋានរបស់ពួកគេ។

យុវជន ប៉ូ លីហេង នៅចំពោះមុខសមត្ថកិច្ច បានសន្យាថា ខ្លួននិងក្រុមដែលបានចងក្រងនោះ នឹងមិនធ្វើ សកម្មភាពបែបនេះបន្តទៀតឡើយ ហើយទទួលយកនូវអ្វីដែលជាការអប់រំណែនាំរបស់កម្លាំងសមត្ថកិច្ច។

សូមរំលឹកថា ប៉ុន្មានថ្ងៃកន្លងទៅនេះ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទើបតែបានណែនាំឱ្យបញ្ឈប់ការជិះម៉ូតូបើកផ្លូវមុខរថយន្តសង្គ្រោះបន្ទាន់ ពីសំណាក់យុវជនមួយក្រុម ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរដទៃទៀត។ យុវជនមួយក្រុមនោះ គឺជាក្រុមឈ្មោះ ប៉ូ លីហេង នេះតែម្តង។

កន្លងទៅ មានយុវជនមួយក្រុម បាននាំគ្នាជិះម៉ូតូដែលមានបំពាក់ភ្លើងដូចកម្លាំងសមត្ថកិច្ច តែងតែជិះនាំមុខរថយន្តសង្គ្រោះបន្ទាន់ ដែលជាការជួយសម្រួលឱ្យរថយន្តសង្គ្រោះនោះ ធ្វើដំណើរបានលឿន នៅពេលមានការកកស្ទះចរាចរណ៍ ឬមានមធ្យោបាយច្រើននៅលើដងផ្លូវ។

ប៉ុន្តែការជួយសម្រួលផ្លូវឱ្យរថយន្តសង្គ្រោះបន្ទាន់ ពីសំណាក់ក្រុមយុវជននោះ ពេលខ្លះបានបង្កឱ្យមានការប៉ះពារដោយកាយវិការ ឬសម្តីមិនសមរម្យជាមួយអ្នកដំណើរផ្សេងទៀត ហើយខ្លះទៀតជ្រុលហួសលើសពីតួនាទីភារកិច្ច។

ទោះជាយ៉ាងណា នៅពេលនេះសកម្មភាពរបស់ក្រុមយុវជនខាងលើ ត្រូវបានសមត្ថកិច្ចហាមឃាត់ និងណែនាំឱ្យបញ្ឈប់សកម្មភាព ទុកភារកិច្ចឱ្យកម្លាំងសមត្ថកិច្ច និងរថយន្តស៊ីរ៉ែន ជាអ្នកបើកផ្លូវវិញ ដោយហេតុថា សកម្ម ភាពនេះ ពិតជាអាចបង្កគ្រោះថ្នាក់ទាំងខ្លួនឯង និងអ្នកដំណើរផ្សេងទៀត៕

RELATED ARTICLES