ភ្នំពេញ ៖ ថៅកែលក់សាច់អាំងយីហោ ហេងហេង ដែលមានទីតាំងស្ថិតនៅខាងក្រោយសាលាពៅអ៊ុ ម្តុំទួលគោក ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ចាប់ខ្លួនបញ្ជូនទៅតុលាការ កាលពីរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ពាក់ព័ន្ធករណីចេញមូលប្បទានបត្រដោយគ្មានសាច់ប្រាក់ (ចេញសែកស្អុយ)។

ថៅកែលក់សាច់អាំង ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះញ៉ សុខហេង ភេទប្រុស អាយុ៣៣ឆ្នាំ មានលំនៅ ផ្ទះលេខ២៨ ផ្លូវលេខ ៥៩០ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា សម្រេចដាក់ជនត្រូវចោទឈ្មោះញ៉ សុខហេង ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦ តាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់ប្រាក់។
ថៅកែលក់សាច់អាំង ហេងហេង មានដីកាបង្គាប់ឱ្យកម្លាំងសាធារណៈស្រាវជ្រាវរកចាប់ខ្លួន និងនាំខ្លួនមកប្រ គល់ជូនសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ដែលដីកាបង្គាប់ឱ្យចាប់ខ្លួននោះ បានចេញនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ដោយលោក រស់ សាម៉ឺឌី កាលនៅជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំ ពេញ ។ ជនត្រូវចោទ នឹងអាចត្រូវឃុំខ្លួនដើម្បីអនុវត្តទោសតាមច្បាប់ជាធរមាន៕