ខេត្តស្វាយរៀង ៖ ក្មេងទំនើង ១ក្រុម បានធ្វើសកម្មភាពបង្ហោះម៉ូតូ តាមដងផ្លូវ យ៉ាងអនាធិបតេយ្យ និងត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ចុះបង្ក្រាប ដោយឃាត់ខ្លួនក្មេងទំនើងចំនួន៥នាក់ នាំយកមកអប់រំ កោរសក់ និងដកហូតម៉ូតូ ចំនួន៤គ្រឿង រក្សាទុករយៈពេល៣ខែ។

ករណីបង្ក្រាបក្រុមក្មេងទំនើងបង្ហោះម៉ូតូនេះ បានធ្វើឡើង កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងភូមិកំពោតជ្រួក និងភូមិកំពោតលៀប សង្កាត់ព្រៃអង្គុញ ក្រុងបាវិត។
ក្មេងទំនើង ទាំង៥នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី១-ឈ្មោះព្រំ សៅ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិជ្រៃធំ សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ជាអ្នកបើកម៉ូតូហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1S-7185។ ទី២-ឈ្មោះសំ សំណាង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិថ្នល់ជាតិ សង្កាត់ច្រកម្ទេស ក្រុងបាវិត ជាអ្នកជិះពីក្រោយ និងជាម្ចាស់ម៉ូតូហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ គ្មានពាក់ស្លាកលេខ។ ៣-ឈ្មោះញ៉ក់ ដេវីត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានលំ នៅ ភូមិរាមជោរ ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ជាអ្នកបើកម៉ូតូម៉ាកស៊ុយស៊ុគី និច ពណ៌ខៀវ ពាក់ស្លាក លេខ ភ្នំពេញ 1LH-6005។ ទី៤-ឈ្មោះកែវ តុងចាន់ឌី ភេទប្រុស អាយុ១២ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិកំពោតប្រស់ សង្កាត់ច្រកម្ទេស ក្រុងបាវិត ជាអ្នកជិះពីក្រោយ និងជាម្ចាស់ម៉ូតូ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1S-7185 និងទី៥-ឈ្មោះយ៉ាន់ ទិត្យ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ជាជាអ្នកជិះពីក្រោយ និងជាម្ចាស់ម៉ូតូម៉ាកស៊ីធី ពណ៌ក្រហម។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ លោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធ អធិការនគរបាលក្រុងបាវិត បានបញ្ជាឱ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអង្គញ់ ដឹកនាំដោយលោកវរសេនីយ៍ត្រី អឿន អ៊ន នាយប៉ុស្តិ៍ ដឹកនាំកម្លាំងប៉ុស្តិ៍ ចុះបង្ក្រាបក្មេងទំនើងមួយក្រុម បង្ហោះម៉ូតូនៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិកំពោតជ្រួក និងភូមិកំពោតលៀប សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ដោយឃាត់ខ្លួនក្មេងទំnនើង ចំនួន៥នាក់ និងដកហូតម៉ូតូ ចំនួន៤គ្រឿង។
ក្រោយឃាត់ខ្លួន ក្រុមក្មេងទំនើងទាំង៥នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការអប់រំណែនាំ និងកោរសក់ ជាការព្រមាន រួចបានអញ្ជើញអាណាព្យាបាល មកធ្វើកិច្ចសន្យា ធានាយកកូនៗត្រឡប់ទៅផ្ទះវិញ ដើម្បីអបរំណែនាំបន្ត។ ដោយឡែកម៉ូតូ ទាំង៤គ្រឿង សមត្ថកិច្ចបានធ្វើការដកហូតបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអង្គញ់៕