Monday, April 21, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជំពាក់មិត្តភក្តិ១លាន អត់លុយសង ធ្វើចោរ

ជំពាក់មិត្តភក្តិ១លាន អត់លុយសង ធ្វើចោរ

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ បានប្រើល្បិចទិញខ្សែក ខ្សែដៃប្លាទីន នៅចំណុចតូបលក់មាស ១កន្លែង រួចលួចយកខ្សែក និងខ្សែដៃ រត់គេចខ្លួន តែត្រូវស្ត្រីជាអ្នកលក់ ស្ទុះឡើងជិះម៉ូតូ ពីក្រោយជាប់ រួចកាច់សោពន្លត់ និងស្រែកឆោឡោ ផ្អើលដល់ប្រជាពលរដ្ឋព័ទ្ធចាប់ក្របួចជាប់ ប្រគល់ឱ្យសមត្ថកិច្ច យកទៅសាកសួរ ក៏ឆ្លើយ សារភាពថា មូលហេតុដែលខ្លួនធ្វើចោរ ដោយសារតែជំពាក់លុយមិត្តភក្តិ ១លានរៀល អត់មានលុយសង។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅចំណុចភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង។

ជនរងគ្រោះ មានឈ្មោះ រស់ សុធា ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ មានលំនៅ ភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង។ ចំណែកជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះស៊ុន លីប៉េង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិប៉ី ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ។ ចំពោះវត្ថុតាងដកហូត រួមមាន ខ្សែក ២ខ្សែ ខ្សែដៃ ១ខ្សែ (ជារបស់ជនរងគ្រោះ) និងម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BG-2013 (ជារបស់ជនសង្ស័យ)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ខណៈដែលជនរងគ្រោះកំពុងតែអង្គុយលក់ដូរ ក៏បានឃើញជនសង្ស័យខាងលើ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BG-2013 មកឈប់នៅមុខហាងរបស់ខ្លួន រួចបានដើរចូលមកនិយាយថា “ខ្ញុំចង់ទិញខ្សែក” ពេលនោះជនរងគ្រោះ បានយកខ្សែក ចំនួន១ខ្សែ ដើម្បីឱ្យជនសង្ស័ យមើល រួចជនសង្ស័យ និយាយថា មិនទាន់ពេញចិត្តទេ ក៏បានសុំជនរងគ្រោះមើលខ្សែក ១ខ្សែទៀត និងខ្សែដៃ ពេលនោះ ជនរងគ្រោះបានយកមកឱ្យមើលទៀត ស្រាប់តែជនសង្ស័យ បានយកខ្សែក ចំនួន២ខ្សែ រួមជាមួយខ្សែដៃប្លាទីន ១ខ្សែ ដាក់ចូលក្នុងហោប៉ៅខោ រួចរត់ឡើងជិះម៉ូតូ បំណងគេចខ្លួន តែភ្លាមនោះ ជនរងគ្រោះ បានស្ទុះចេញពីក្នុងតូបលក់គ្រឿងអលង្ការ រត់តាមពីក្រោយ រួចបានប្រតាយប្រតប់គ្នាជាមួយជនសង្ស័យ តែជន សង្ស័យបានព្យាយាមបើកម៉ូតូរត់ទៅមុខ ទើបជនរងគ្រោះស្ទុះឡើងម៉ូតូ ជិះពីក្រោយជនសង្ស័យ រួចបានយកដៃកាច់សោម៉ូតូពន្លត់ម៉ាស៊ីន ធ្វើឲ្យម៉ូតូរបស់ជនសង្ស័យ បានរលត់ និងដួល។ បន្ទាប់មក ជនសង្ស័យបានស្ទុះមកវាយជនរងគ្រោះ ដើម្បីដណ្តើមកូនសោម៉ូតូវិញ ប៉ុន្តែស្របពេលនោះ មានបងប្អូនប្រជាពលរដ្ឋ បាននាំគ្នាចេញមកជួយចាប់ជនសង្ស័យ និងព្រួតវាយម្នាក់ ១ដៃ១ជើង ឡើងទ្រោមខ្លួន ទើបរាយការណ៍ជូនកម្លាំងប៉ុស្តិ៍នគរ បាលរដ្ឋត្រពាំងវែង សហការជាមួយកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌស្រុកកណ្តាលស្ទឹង ធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យ យកទៅសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចខ្សែក ខ្សែដៃ ប្រាកដមែន ពីព្រោះខ្លួនជំពាក់លុយមិត្តភក្តិ ចំនួន១លានរៀល អត់មានលុយសង ក៏បែកគំនិតធ្វើចោរតែម្តង។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាលស្រុកកណ្តាលស្ទឹង រៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES