ខេត្តកំពង់ឆ្នាំង ៖ ផ្ទះសំណាក់ ១កន្លែង ដែលមានទីតាំងជាប់នឹងរបងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ត្រូវបានអគ្គិភ័យឆាបឆេះជាបន្តបន្ទាប់ ចំនួន២ដង ពោលគឺក្នុងចន្លោះតែ ៣ថ្ងៃប៉ុណ្ណោះ ផ្ទះសំណាក់១នេះ ត្រូវភ្លើងឆេះដល់ទៅ២ដង តែត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបញ្ជូនរថយន្ត ពន្លត់អគ្គិភ័យ ចេញអន្តរាគមន៍បាញ់ទឹកពន្លត់ទាន់ពេល។

ករណីអគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ នៅចំ ណុចផ្ទះសំណាក់ ១កន្លែង ស្ថិតនៅជាប់នឹងរបងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ស្ថិតក្នុងភូមិកណ្តាល សង្កាត់កំពង់ ឆ្នាំង ក្រុងកំពង់ឆ្នាំង។

លោកលុយ ឌីណា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ទទួលបន្ទុកពន្លត់អគ្គិភ័យ បានបញ្ជាក់ថា ក្រោយពីមានសេចក្តីរាយការណ៍ថា មានករណីអគ្គិភ័យបានឆេះផ្ទះសំណាក់មួយកន្លែង ក្បែររបងមន្ទីរពេទ្យខេត្ត លោកបានបញ្ជាឱ្យរថយន្តពន្លត់អគ្គិភ័យ ចំនួន៤គ្រឿង ចុះទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ រហូតដល់ម៉ោង១១ថ្ងៃ ត្រង់ ទើបគ្រប់គ្រងសភាពការណ៍បាន។

លោកស្នងការរង បានបញ្ជាក់ថា ចំពោះការខូចខាត រួមមាន ឆេះតុទូគ្រែ និងដំបូលផ្ទះ នៅជាន់ខាងលើ។ ហើយក្នុងនោះ សមត្ថកិច្ចជំនាញ បានប្រើរថយន្តពន្លត់អគ្គិភ័យបាញ់ទឹកពន្លត់អស់ ចំនួន១១គ្រឿង ទើបអាចគ្រប់គ្រងស្ថានការណ៍បាន ដោយពុំបានឆេះរាលដាលទៅផ្ទះ អ្នកជិតខាងឡើយ។ ចំពោះមូលហេតុ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

ជាមួយនេះ លោកស្នងការរង បានណែនាំឱ្យម្ចាស់ផ្ទះសំណាក់ខាងលើ រកជាងភ្លើងមានជំនាញត្រឹមត្រូវ មកតបណ្តាញភ្លើងសារជាថ្មីឡើងវិញ ព្រោះតែផ្ទះសំណាក់នេះ ធ្លាប់បានឆេះកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ម្តងរួចមកហើយ ពោលគឺរំលងតែមួយថ្ងៃ គឺថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ផ្ទះសំណាក់នេះត្រូវបានអគ្គិភ័យឆាបឆេះម្តងទៀត ហើយនៅចំណុចដដែល។

គួររំលឹកថា កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ផ្ទះសំណាក់ខាងលើ ធ្លាប់ត្រូវបានអគ្គិភ័យឆាបឆេះម្តងហើយ និងត្រូវបានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការតដ្ឋាននគរបាលខេត្តចេញអន្តរា គមន៍ពន្លត់ទាន់ពេលវេលា៕