Saturday, November 30, 2024
Homeបរិយាយប្រយ័ត្ន៣យ៉ាង នាំជ័យជម្នះ

ប្រយ័ត្ន៣យ៉ាង នាំជ័យជម្នះ

តាមការកត់សម្គាល់កន្លងមក អ្នកនយោបាយធំៗ ឬមេដឹកនាំបក្ស មិនសូវមានការប្រុងប្រយ័ត្នក្នុងការទប់ស្កាត់អារម្មណ៍ របស់ខ្លួនទេ តែគាត់ចេះបន្ទន់ឥរិយាបថទាំង៤ គឺដេក ដើរ ឈរ អង្គុយ បានល្អ ប៉ុន្តែ ខ្វះការប្រុងប្រយ័ត្ន “ទ្វារអារម្មណ៍ និង ទ្វារសម្តី”។ យោងតាមក្បួនតម្រាបុរាណ “ប្រយ័ត្ន មាន៣យ៉ាង” គឺប្រយ័ត្នចិត្ត ប្រយ័ត្នគំនិត និងប្រយ័ត្នសម្តី បើភ្លាត់ស្នៀត ច្បាស់ជា “ប្រហែសប្រហោង” មិនខាន ដែល “នគរធំ” សូមលើករឿង “ប្រយ័ត្ន” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

តាមការឃ្លាំមើល អ្នកនយោបាយគ្រប់និន្នាការ សូម្បីតែរាជវង្ស ក៏ចេះដាក់ព្រះកាយទន់ភ្លន់សុភាពរាបសា ពេលទៅជួបរាស្ត្រម្តងៗ តែងលើកព្រះហស្តសំពះ ឬឱបក្រសោបអ្នកមកទទួលស្វាគមន៍។ បើជាអ្នកនយោបាយមានឈាមជ័រជារាស្ត្រវិញ គាត់ប្រសប់ណាស់ខាងឱនលំទោន សំពះ ប្រណម្យឱបថើបតាយាយដែលទៅទទួលគាត់ ជួនកាលក៏លើកបីទារក ទារិកា ដែលម្តាយនាំមកជាមួយនោះ ថើបអង្អែលដូចជាស្រលាញ់ខ្លាំងណាស់។ ឥរិយាបថនេះ ត្រឹមត្រូវហើយ គួរតែអ្នកនយោបាយទាំងអស់បន្តធ្វើទៀតចុះ ប៉ុន្តែ បើពូកែតែ “ផ្លូវកាយ” រីឯ “ផ្លូវចិត្ត និងផ្លូវសម្តី” មិនពូកែ ច្បាស់ជាថយគុណតម្លៃមិនខានឡើយ។ បុរាណាចារ្យ បានតម្រូវឱ្យឥស្សរជន ចេះ “ប្រយ័ត្ន៣យ៉ាង” ដើម្បីបូកផ្សំជាមួយឥរិយាបថដេក ដើរ ឈរ អង្គុយ ដែល “នគរធំ” សូមបរិយាយលម្អិតដូចខាងក្រោម ៖

១.ប្រយ័ត្នចិត្ត ៖ ពាក្យថា “ចិត្ត” មានន័យថា “ត្រិះរិះនូវអារម្មណ៍”“សន្សំនូវអារម្មណ៍” មាន៤យ៉ាង គឺ     កាមាវចរចិត្ត១ រូបាវចរចិត្ត១ អរូបាវចរចិត្ត១ លោកុត្តរចិត្ត១។ ចិត្តទាំង៤យ៉ាងនេះ តាំងនៅក្នុងខ្លួនមនុស្សគ្រប់រូប ប៉ុន្តែ នៅពេលដេកលក់ ចិត្តនេះក៏ហោះហើរចេញពីរាងកាយ ចូលទៅក្នុងភពសុបិន។ ធម្មតាអ្នកនយោបាយ ត្រូវប្រើ “លោកុត្តរចិត្ត” ដែលជាចិត្តឧត្តុង្គឧត្តម ខុសពីជនសាមញ្ញ សូម្បីព្រះសង្ឃធុតង្គ ក៏យកលោកកុត្តរចិត្ត មកប្រើដែរ ដើម្បីសម្រេចបានសីល សមាធិ បញ្ញា។ អ្នកនយោបាយដែលខ្លាំង ត្រូវ “ប្រយ័ត្នចិត្ត” ឱ្យដល់កម្រិត ពោលគឺបើមានប្រជាពលរដ្ឋនាំគ្នាមកពឹងពាក់ម្តងម្កាល ចាំបាច់ត្រូវតែចេញទទួល ជួយដោះស្រាយសំណូមពរពួកគាត់តាមលទ្ធភាព។ ផ្ទុយទៅវិញ បើរាស្ត្រក្រីក្រ ទុកចិត្តអ្នកនយោបាយនោះហើយ តែពេលពួកគាត់នាំគ្នាមកដល់មុខភូមិគ្រឹះ បែរជាមិនឱ្យជួប ឬប្រើអង្គរក្សឱ្យដេញតាមរបៀបច្រានទ្រូងចេញ ឱ្យដួលច្រងាប់ច្រងិលនោះ អាចធ្វើឱ្យការគាំទ្រអ្នកនយោបាយនោះថយចុះ។ ចំណុចនេះ ឈ្មោះថា “ប្រហែសចិត្ត” មិនមែន “ប្រយ័ត្នចិត្ត” ទេ ហើយ បើ “ប្រហែសប្រហោង” ចៀសមិនផុត ពោលគឺប្រជាប្រិយភាព “ធ្លាយចេញតាមប្រហោង” នោះទៅបាត់។ អ្នកនយោបាយខ្លះ ពេលនៅជារាស្ត្រសាមញ្ញ ក៏មានអ្នកមើលឃើញពីភាពលេចធ្លោ ឬទាយទុកថា នឹងក្លាយជាអ្នកដឹកនាំប្រទេស ទើបមានការផ្តាំផ្ញើ ពឹងពាក់ទុកជាមុន សូម្បីតែក្នុងអក្សរសិល្ប៍ខ្មែរ រឿង “សព្វសិទ្ធិ” ក៏មានការពឹងពាក់ទុកមុន ដូចឃ្លាឃ្លោងត្រង់កូនសេដ្ឋី គហបតី ឡើងទៅបង្អួតរូបរាងចែចង់ព្រះនាងសុវណ្ណ កេសរ ឱ្យស្រលាញ់ ហើយបើព្រះនាងស្រលាញ់ នឹងក្លាយជា “មហាឧបរាជ” នោះ អ្នកនិពន្ធបានសរសេរថា “ខ្លះជាភឿនភក្តិអ្នកស្គាល់គ្នា ឮពាក្យសន្ទនាថា អ្នកអើយ ខ្ញុំរំពឹងអ្នកជាក់ជាត្រើយ កុំភ្លេចខ្ញុំឡើយណា អ្នកណា។ អ្នកបានជាធំខ្ញុំស៊ីបុណ្យ ចូលទៅផ្គាប់ផ្គុនធ្វើរាជការ សូមបានប្រាក់ខែមានចេស្តា តាមដោយប្រាជ្ញាអាទិ៍វាទី…”។ ឃ្លាឃ្លោងនេះមានន័យថា អ្នកនយោបាយធំៗ តែងតែមានអ្នកពឹងបុណ្យ តាំងពីមិនទាន់ក្លាយជាអ្នកធំម៉្លេះ លុះបានកន្លែងខ្លាញ់ មិនឱ្យអ្នកក្រចូលជិតនោះ នឹងនាំឱ្យថយចុះការគាំទ្រនេះ ជាខ្លឹមសារនៃការ “ប្រយ័ត្នចិត្ត”

២.ប្រយ័ត្នគំនិត ៖ ពាក្យ “គំនិត” មានន័យថា ការគិតត្រិះរិះពិចារណា វិភាគថ្លឹងថ្លែង។ នៅពេលបុគ្គលនៅម្នាក់ឯង គ្មានដៃគូសន្ទនា ក៏ប្រើគំនិតបាញ់ឆ្ពោះទៅលើកម្មវត្ថុអ្វីមួយ បើសិនជាគិតខុស នឹងនាំគ្រោះមហន្តរាយ តែបើគិតត្រូវ នឹងនាំផលប្រយោជន៍ដល់ខ្លួន និងអ្នកជិតខាង ឬជាតិមាតុភូមិ។ ព្រះពុទ្ធអង្គ ទ្រង់រកឃើញនូវ “អដ្ឋង្គិគមគ្គ”“ផ្លូវត្រូវ៨យ៉ាង” ជាពិសេស “សម្មាសង្កប្បៈ”“ការត្រិះរិះត្រូវ” នេះឯង ជាហេតុនាំឱ្យព្រះអង្គក្លាយទៅជា “លោកវិទូ” ឬគ្រូនៃលោក។ មនុស្សល្បីៗលើសាកលលោក ប្រយ័ត្នបំផុតរឿងគំនិតនេះឯង ដែលជួនកាលបើការងោកងុយចូលមករំខានការត្រិះរិះក៏រកមធ្យោបាយ យកឈ្នះការងោកងុយឱ្យទាល់តែបាន ដូចតក្កវិទូបរទេសម្នាក់ កំពុងយកចិត្តទុកដាក់ក្នុងការបង្កើតឧបករណ៍ទូរស័ព្ទសម្រាប់ មនុស្សប្រើប្រាស់ ប៉ុន្តែ លោកដេកទ្រមក់ពេក មិនអាចក្រោកឡើងនៅម៉ោង៥ភ្លឺបាន ក៏ចង់យកឈ្នះ “ព្រះនាងនិទ្រាទេពី” ដែលជាអាទិទេពខាងធ្វើមនុស្សសត្វឱ្យងងុយ។ តក្កវិទូនោះ បានយកនាឡិការោទ៍ មកមួលគន្លឹះដាក់ក្បែរត្រចៀក ឱ្យវារោទ៍នៅ ម៉ោង៥ភ្លឺ តែទោះជានាឡិការោទ៍ ក៏គាត់នៅតែដេកទ្រមក់ ក្រោកមិនទាន់ម៉ោងបង្កើតតក្កកម្ម។ គាត់ក៏យកដុំថ្មមកចងដាក់ លើជើង ដោយរៀបគន្លឹះស្វ័យប្រវត្តិ គឺបើនាឡិកានោះរោទ៍ ខ្សែចងថ្មក៏រលាទម្លាក់ថ្មលើជើង។ គាត់ត្រូវដុំថ្មសង្កត់លើជើង ម្តង ក៏មានការប្រុងប្រយ័ត្ន ឱ្យតែនាឡិការោទ៍ ក៏ស្ទុះឡើងធ្វើការងារ ព្រោះបើហ៊ានទ្រមក់ទៀត ច្បាស់ជាដុំថ្មធ្លាក់លើជើង រងរបួស គឺគាត់យកឈ្នះ “ព្រះនាងនិទ្រាទេពី” ទាល់តែបាន។ ផ្ទុយទៅវិញ ព្រះលក្សណ្ម៍ បែរជាហៅទេពធីតាខាងងងុយដេក នោះមកផ្តាំផ្ញើថា “…ហៃនាងនិទ្រា ពីថ្ងៃនេះទៅនាងចាំ។ អំឡុងបានបួនដណ្តប់ឆ្នាំ អញប្តេជ្ញាផ្តាំ កុំមានចំណង់និទ្រា។ ទោះ ទាំងអាហារភោក្តា កុំមានចេតនាសន្និដ្ឋាន។ ឱ្យប្រាសនិរាសលែងឃ្លាន អង្គអញក្សេមក្សាន្ត ចម្រើននូវកាយពលស្កល់”។ ដោយ ហេតុព្រះនាងនិទ្រាទេពី ព្រមប្រទានពរ ទើបព្រះលក្សណ្ម៍ ក្លាយជាមនុស្សតាន់ មិនងងុយ មិនឃ្លានអាហារ នៅយាមថែរក្សា ព្រះរាម ជាបង ក្នុងព្រៃ រយៈពេល១៤ឆ្នាំ។ ការចង់យកឈ្នះភាពងោកងុយ គឺមកពី “ប្រយ័ត្នគំនិត” នេះឯង។

៣.ប្រយ័ត្នសម្តី ៖ ការនិយាយឬថ្លែងសង្កថា បាឋកថា សុន្ទរកថា ក្នុងចំណោមមហាជន អ្នកនយោបាយត្រូវប្រុងប្រយ័ត្ន សម្តីឱ្យដល់កម្រិត។ ព្រះពុទ្ធអង្គ រកឃើញ “សម្មាវាចា” គឺការនិយាយត្រូវ ទើបនាំមកនូវសិរីសួស្តីសម្រាប់មនុស្សល្បី តែបើនិយាយខុស នឹងធ្វើឱ្យមហាជនអស់ជំនឿ។ សព្វថ្ងៃយើងកត់សម្គាល់បានថា អ្នកនយោបាយពេលឡើងថ្លែងពីមុខមហាជន មុនដំបូង គាត់និយាយពីរោះទេ ដោយចាប់ផ្តើមពីគោរពដឹងគុណ អំណរគុណដល់អ្នកស្តាប់ លុះយូរៗទៅ គាត់ស្រឡកទឹកមាត់ ក៏ផ្ទុះកំហឹងក្រេវក្រោធ ដៀមដាមដៀលពូជគ្នា ឬប្រើភាសាអសុរោះ អាមឹង បាត់ “មធុរសវាចា” អស់រលីង។ សម្តីមួយឃ្លាៗ របស់អ្នកនយោបាយ មហាជនចាំស្តាប់គ្មានរំលងមួយម៉ាត់ណាទេ បើគាត់និយាយត្រូវ នឹងទទួលបានការគាំទ្រខ្ពស់ តែបើនិយាយខុស ក៏របូតការគាំទ្រ។ ជាទូទៅ “បណ្ឌិតកិត្តិយស” មានតម្លៃជាង “បណ្ឌិតជំនាញ” ដែលរៀនជាប់លាប់នៅសាកលវិទ្យាល័យទៅទៀត ឬថា មកពីគាត់មាន “វចីកោសល្យខ្លាំង” និង “កិត្តិយសល្បីរន្ទឺ” ទើបទទួលបានសញ្ញាបត្រ “បណ្ឌិតកិត្តិយស” ឬថា គណៈមេប្រយោគវាស់ស្ទង់ពាក្យសម្តីប្រកបដោយគតិបណ្ឌិត ទើបគេសម្រេចជូនសញ្ញាបត្រ “បណ្ឌិតកិត្តិយស”។ ដូច្នេះ អ្នកនយោបាយដែលមានពាក្យសម្តីពីរោះផ្អែមល្ហែម (មធុរសវាចា) វៀរចាក “ផារុសវាចា” (សម្តីគ្រោតគ្រាត) គឺជាគន្លឹះនាំមកនូវជ័យជម្នះ ព្រោះការ “ប្រយ័ត្នសម្តី” ធំជាង “ប្រយ័ត្នចិត្ត និងប្រយ័ត្នគំនិត” ទៅទៀត។

សរុបទៅ ក្បួនតម្រាបុរាណ តម្រូវឱ្យអ្នកនយោបាយ “ប្រយ័ត្ន៣យ៉ាង” ដូចរៀបរាប់ខាងលើនេះ បើអាចធ្វើតាមបាន១០០% ឬត្រឹមតែ៨០% នឹងធានាថា មិនចេះចាញ់គេទេ។ បើខ្វះការប្រុងប្រយ័ត្នទាំង៣យ៉ាងនេះ ឬថា “ប្រហែសចិត្ត ប្រហែសគំនិត ប្រហែសសម្តី” ច្បាស់ជា “មានប្រហោង” មិនខានឡើយ។ កាលបើអ្នកនយោបាយមានវ័យកាន់តែចាស់ ភាពភ្លេចភ្លាំងក៏ចូលមកគ្របសង្កត់ ឆាប់ខឹង ឆាប់ក្តៅ ឆាប់ប្រតិកម្ម ដូច្នេះវាជាហេតុនាំឱ្យបាត់បង់ការប្រុងប្រយ័ត្ន ទុកដូចជាទម្លាយច្រកចន្លោះ ប្រហោងឱ្យអ្នកនយោបាយក្មេងៗស្រករក្រោយ យកប្រៀបលើ ដណ្តើមយកឈ្នះជើងចាស់ក៏ថាបាន ៕

RELATED ARTICLES