Saturday, November 30, 2024
Homeបរិយាយខឹងគេ មកពីខ្លួនយើងមានទោសៈ

ខឹងគេ មកពីខ្លួនយើងមានទោសៈ

អ្នកនយោបាយគ្រប់និន្នាការសម័យនេះ ចូលចិត្តវាយប្រហារគ្នាដោយពាក្យសម្តីពីចម្ងាយ តាមរបៀប “ម្ខាងទរ ម្ខាងទប់” ហើយរឿង ទរនិងទប់នេះ គឺបណ្តាលមកពី “ខឹងនឹងគេ មកពីខ្លួនយើងមានទោសៈ” ដែលព្រះពុទ្ធបរមគ្រូ ទ្រង់ត្រាស់សម្តែងទុកមក។ អ្នកនយោបាយខ្មែរ ជាបុគ្គលបុថុជ្ជន ពុំមែនជាអរិយបុគ្គលនោះឡើយ ម៉្លោះហើយ “ធម៌ខន្តី” កាន់តែឆ្ងាយទៅៗ នៅពេល “សេចក្តីក្រោធ” ចូលមកគ្របសង្កត់ ដែល “នគរធំ” មើលឃើញចន្លោះប្រហោងត្រង់ហ្នឹង ក៏លើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

សូមរំព្ញកថា កាលពីបុរាណ អំណាចគ្រប់បែបយ៉ាងនៅលើព្រះមហាក្សត្រ ឬរាជានុសិទ្ធិ តែងបង្កជម្លោះដណ្តើមរាជ្យគ្នា តាមភ្លើងទោសៈ។ ជួនកាលក៏លើកទ័ពទៅច្បាំងកាប់សម្លាប់ បង្ក្រាបគ្នា លុះចាប់បានគូប្រជែងជាមេខ្លោង ដោយមិនទាន់រសាយកំហឹង អ្នកឈ្នះនោះក៏បញ្ជាឱ្យកាត់ក្បាលគូសត្រូវ យកឈាមលាងបាតជើង។ ជួនកាលអ្នកឈ្នះបានបញ្ជាឱ្យចងបណ្តើរ អ្នកចាញ់ ស្រែកអាក្រោស តាមទីប្រជុំជន រួចឱ្យកាត់ក្បាលដោតទៅតាមផ្លូវត្រឡែងកែង ដើម្បីគំរាមកំហែងសត្រូវដែលមិនព្រមចុះចាញ់ ឱ្យបាក់បបខ្លបខ្លាច។

ចូលមកដល់សម័យប្រជាធិបតេយ្យ សេរីពហុបក្សនេះ មិនអាចធ្វើតាមរបៀបបុរាណបានឡើយ ទោះជាអ្នកឈ្នះខឹងសម្បាយ៉ាងណា ក៏បានត្រឹមបញ្ជូនអ្នកចាញ់ទៅតុលាការកាត់ទោសតែប៉ុណ្ណោះ មិនអាចកាប់សម្លាប់គ្នា យកឈាមលាងជើង ឬកាត់ក្បាលដោតដូចបុរាណបានឡើយ។ ការវាយប្រហារគ្នា ក៏ឈប់យកគ្រឿងអាវុធមកប្រើ ដោយប្តូរជាការបាញ់ផ្លោង ពាក្យសម្តីដាក់គ្នាតាមក្បាលមីក្រូ វិទ្យុ ឬបង្ហោះសំណេរតាមទំព័រហ្វេសប៊ុក។ បើភាគីម្ខាងបញ្ចេញពាក្យពេចន៍អ្វីប៉ះពាល់ធ្ងន់ ធ្វើឱ្យភាគីម្ខាងទៀត ទ្រាំមិនបាន ក៏វាយបកវិញ។ ករណីទ្រាំមិនបាននេះ ស្របនឹងព្រះពុទ្ធដីកាថា “ខឹងនឹងគេ គឺមកពីខ្លួនយើងមានទោសៈ” ដែលជាលោកធម៌ ឬស្រមោលអន្ទោលតាមប្រាណមនុស្សគ្រប់រូប។ គ្មានអ្នកនយោបាយណាមិនចេះខឹង ដូចព្រះនោះទេ ពោលគឺកាលបើឮភាគីម្ខាងពន្លះប៉ោចៗ ប៉ះពាល់ដល់កិត្តិយសខ្លួន ធ្វើឱ្យភ្លើងទោសៈ ឬភាពក្រេវក្រោធកើតឡើង ក៏ពន្លះសងវិញដោយពាក្យសម្តីអសុរោះ។

គូប្រជែងខ្លះស្គាល់ចរិតដៃគូប្រឆាំងរបស់ខ្លួន ដែលពូកែខឹង ក៏រកល្បិចអុជអាល ចាក់ដោតឱ្យផ្ទុះកំហឹង ហើយកាលណាផ្ទុះកំហឹង នឹងធ្វើឱ្យភាគីម្ខាងនោះបានចំណេញនយោបាយ។ ឧទាហរណ៍ក្នុងរឿង “រាមកេរ្តិ៍” បានតំណាល ពីស្តេចយក្សក្រុងរាពណ៍ ធ្វើសង្គ្រាមជាមួយព្រះរាម រហូតដល់ស្លាប់កូនអស់១០នាក់ ក៏ហោះទៅតាំងសិល្ប៍ក្នុងរូងភ្នំ ឱ្យបានខ្លាំងពូកែ និងផ្សំគ្រឿងអាសិរពិស ដើម្បីយកឈ្នះព្រះរាម។ ព្រះរាមដឹងរឿងនេះ តាមរយៈពិភេកហោរា ដែលមានភ្នែកទិព្វ ក៏ត្រាស់បង្គាប់ហនុមានទៅបំផ្លាញពិធីតាំងសិល្ប៍នោះ។ ហនុមានស្គាល់ចរិតក្រុងរាពណ៍ ដែលឆាប់ខឹង ក៏ប្រែកាឡាជាព្រាហ្មណ៍ មានរូបស្រស់សង្ហា ទៅលូកលាន់ ចែចង់នាងមណ្ឌោគិរី ជាអគ្គមហេសីក្រុងរាពណ៍ បណ្តាលឱ្យស្តេចយក្សនេះ ប្រចណ្ឌខ្លាំង ទប់កំហឹងមិនបាន ក៏ស្ទុះទៅដេញប្រហារព្រាហ្មណ៍រូបស្អាតនោះ ដាច់សិល្ប៍អស់ទៅ។ ឆ្លៀតឱកាសនេះ ហនុមានបានផ្កាប់ខ្ទះថ្នាំអាសិរពិសចាក់ចោលអស់ ធ្វើឱ្យក្រុងរាពណ៍ ខាតបង់ រហូតចាញ់សង្គ្រាម ព្រោះតែ “ខឹងនឹងគេ មកពីខ្លួនយើងមានទោសៈ” នេះឯង។

តើមានមធ្យោបាយបែបណាយកឈ្នះសេចក្តីក្រោធបាន? ចំណុចនេះ អ្នកឧកញ៉ាសុត្តន្តប្រីជា ឥន្ទ បានចារទុកជាឃ្លាឃ្លោងពុទ្ធនិយមថា “ឈ្នះក្រោធដោយការមិនក្រោធតប ឈ្នះអសប្បុរសដោយសប្បុរស ឈ្នះមនុស្សកំណាញ់ដោយឱ្យទ្រព្យរបស់ ឈ្នះមនុស្សឡេះឡោះដោយពាក្យសត្យ”។ ដូច្នេះបើចង់ឈ្នះអ្នកខឹង ទាល់តែយើងកុំខឹងតប តាមលំអានមាគ៌ាព្រះពុទ្ធបរមគ្រូ ទើបបាន ដូចករណីព្រះអង្គ “ផ្ចាញ់អាឡវយក្ស” ដែលតំណាលថា ស្តេចយក្សនោះ មានប្ញទ្ធិបារមីខ្លាំងពូកែណាស់ ព្យាយាមផ្ចាញ់ព្រះពុទ្ធអង្គ ដោយវិធីក្តៅ ដូចជាជបឱ្យកើតជាព្យុះភ្លៀងបោកបក់ទៅលើព្រះអង្គ តែព្រះពុទ្ធមិនតបត។ អាឡវយក្ស មានអាវុធឈ្នួតក្បាល ឬ “ទុស្សាវុធ” ខ្លាំងក្រៃណា វាជាអាវុធប្រល័យលោក ក្នុងចំណោមអាវុធធំៗទាំង៤ គឺ

១-វជីរាវុធ ឬ អាវុធពេជ្រ របស់ព្រះឥន្ទ្រាធិរាជ មានមុខ៤ ហើយមានកំពូលកណ្តាលស្រួចមួយទៀត។ អាវុធនេះ បើលើកគ្រវីកាលណា នឹងកើតជារន្ទះទាំង៨ទិស កក្រើកទឹកកក្រើកដី ទាំងយក្ស បិសាច អសុរ ទេវតា ខ្លបខ្លាចអាវុធព្រះឥន្ទគ្រប់គ្នា។

២-គទាវុធ ឬដំបងរបស់ស្តេចវេស្សវ័ណ ដែលជាស្តេចចតុលោកបាល ត្រួតត្រាទិសខាងជើង បើព្រះអង្គខឹងហើយលើកដំបងទិព្វនេះចោល សំដៅទោះជាក្បាលយក្ស ១០០០នាក់ ក៏ដាច់ត្រឹមរាបដូចស្មៅ ហើយដំបងនេះ ក៏វិលត្រឡប់ចូលព្រះហស្តព្រះអង្គវិញ។

៣-ភ្នែកព្រះយមរាជ ជាស្តេចឋាននរក បើព្រះអង្គបើកព្រះនេត្រទិព្វ ឬអគ្គិនេត្រនេះប៉ះអ្វី នឹងឆេះខ្ទេចខ្ទីមិនខាន។

៤-ទុស្សាវុធ ឬឈ្នួតក្បាលអាឡវយក្ស ខ្លាំងក្រៃណា បើស្តេចយក្សនេះខឹង ស្រាយឈ្នួតបោះទៅលើអាកាស នឹងរាំងភ្លៀង១២ឆ្នាំ បើបោះ ទៅលើភ្នំ ត្រូវរលាយ បោះទៅក្នុងទឹកសមុទ្រ នឹងរីងខះអស់។ ទីបំផុត ដោយខឹងព្រះពុទ្ធខ្លាំងពេក អាឡវយក្ស បានស្រាយ ឈ្នួត បោកទៅលើព្រះអង្គ ស្រាប់តែក្លាយទៅជា “ក្រណាត់ជូតព្រះបាទ” ព្រះអង្គទៅវិញ។

ដូច្នេះយើងឃើញថា “ថ្នាំរំងាប់សេចក្តីក្រោធ គឺខន្តី” នេះឯង ពោលគឺបើភាគីម្ខាងអុជអាល ចាក់ដោតឆ្កឹះឆ្កៀល ឱ្យកញ្ជ្រោល តែភាគីម្ខាងទៀតគ្មានប្រតិកម្ម ធ្វើឱ្យអ្នកចាក់ដោតនោះចាញ់ឯងៗ មិនបាច់ខំ ឬ “ដួលមិនបាច់ច្រាន បានមិនបាច់ខំ” ផ្ទុយទៅវិញ បើគេចាក់ឱ្យស្ទុះ ស្រាប់តែស្ទុះដូចគោត្រូវជន្លួញនោះ នឹងចាញ់ប្រៀបអ្នកចាក់នោះមិនខាន ដូចរឿងក្រុងរាពណ៍ ដែលចាញ់ល្បិចហនុមាន ព្រោះតែភ្លើងប្រចណ្ឌ ។

ទោះយ៉ាងណា អ្នកតាមដាននយោបាយ មើលឃើញថា សម័យវិទ្យាសាស្ត្រជឿនលឿននេះ គ្មានអ្នកនយោបាយណាធ្វើ ដូចព្រះពុទ្ធ បានឡើយ តែមិនខ្វះទេអ្នកធ្វើដូចយក្សក្រុងរាពណាសូរ។ រឿងអីដែលយក្សសំងំតាំងសិល្ប៍បាននោះ? បើនាង មណ្ឌោគិរី ដ៏ស្រស់ប្រិមប្រិយ ត្រូវបុរសសង្ហានៅលូកលាន់នៅនឹងមុខនោះ ទោះជាដាច់សិល្ប៍ក៏ដាច់ទៅ ត្រូវតែ “លេងអាស្វា ហ្នឹងឱ្យដឹងដៃម្តង”។ ករណីនេះមិនខុសពីរឿង “ខន្តីញោម”“ជួយកាន់បាត្រឱ្យអាត្មាៗដាក់មីហ្នឹងម្តង!” ដូចអ្វីដែលប្រជាពលរដ្ឋ ធ្លាប់ដឹងឮកន្លងមក។ ឥឡូវក៏មានអ្នកនយោបាយខ្លះ ចាប់ផ្តើមប្តឹងផ្តល់គ្នាទៀតហើយ ពាក់ព័ន្ធដល់សម្តីលើសលស់បន្តិចបន្តួច ដូចករណីលោកប្រធានបក្សសង្គ្រោះជាតិ លើកឡើងពីរឿង “កុំបំផ្លាញសន្លឹកឆ្នោតឱ្យបក្សតូចៗ” ក៏ត្រូវលោកប្រធានបក្សយុវជនកម្ពុជា ប្តឹងឡើងតុលាការ។ រឿងថា នឹងប្តឹងនេះ គឺមកពី “ខឹងនឹងគេ មកពីខ្លួនយើងមានទោសៈ” ប៉ុន្តែ បើសិនជា “យើង គ្មានទោសៈ ក៏មិនអាចខឹងគេបានដែរ”។ ដើមចមនៃភាពក្រេវក្រោធ គឺមកពី “ដាក់ថ្នាំខន្តីមិនត្រូវ” ឬថា “ថ្នាំខន្តី ដូចព្រះ ហួស សម័យទៅហើយ” ម៉្លោះហើយ អ្នកនយោបាយសម័យនេះ គ្មានជម្រើសអ្វីក្រៅពី “ប៉័ងទៅ! ប៉័ងមក ម្ខាងទរ ម្ខាងទប់” នេះឯង។

សរុបទៅ “ខឹងគេ មកពីខ្លួនយើងមានទោសៈ” គ្រាន់តែចង់រំព្ញកដល់ព្រះពុទ្ធដីកាតែប៉ុណ្ណោះ មិនមែនចង់អូសទាញអ្នកនយោបាយឱ្យចេះប្រើថ្នាំខន្តីនោះទេ ព្រោះ “នគរធំ” មើលឃើញដូចថ្ងៃថា សម័យនេះគ្មានអ្នកនយោបាយណាទ្រាំឱ្យគេវ៉ៃក្បាលតាមចិត្តបានឡើយ។ យ៉ាងណាក៏ដោយចុះ បើភាគីម្ខាងចាក់ឱ្យលោត គួរកុំទាន់អាលកញ្ជ្រោលភ្លាម ចាំបាច់ត្រូវថ្លឹងថ្លែងចំពោះពាក្យគេចាក់នោះ ឱ្យល្អិតល្អន់សិន ព្រោះបើឆាប់ច្រឡោតពេក ជួនកាលអាចចាញ់ប្រៀបអ្នកចាក់ មិនខុសពីយក្ស ក្រុងរាពណ៍ ចាញ់ល្បិចហនុមាន ធ្វើឱ្យដាច់សិល្ប៍ លែងពូកែ…៕

RELATED ARTICLES