Friday, November 29, 2024
Homeបរិយាយបង្អួត និង បង្អាប់

បង្អួត និង បង្អាប់

ពុំមែនជារឿងធម្មតានោះឡើយ ដែលគណបក្សប្រជាជនកម្ពុជា (បក្សកាន់អំណាច) និងគណបក្សសង្គ្រោះជាតិ (បក្សប្រឆាំង) បានយកលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ នេះ ទៅ “បង្អួតនិងបង្អាប់” គ្នាទៅវិញទៅមក ធ្វើឱ្យអ្នកគាំទ្របក្សម្ខាងៗជួយបន្ទរតាមរហូតអ្នកខ្លះមើលមុខគ្នាមិនត្រង់។ រឿង “បង្អួត” មិនសូវអីទេ ឬថា “អួតទៅ អួតមក” បានត្រឹមសើចសប្បាយប៉ុណ្ណោះ ប៉ុន្តែបើឈានដល់ដំណាក់កាល “បង្អាប់” ឬធ្វើឱ្យភាគីប្រជែង អាប់មុខនោះ អាចធ្វើឱ្យផ្ទុះជម្លោះ ដែល “នគរធំ” មើលឃើញស្ថានការណ៍មិនស្រួល ក៏លើករឿង “បង្អួតនិងបង្អាប់” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

“បង្អួត” ជាកិរិយាសព្ទ មានន័យថា សម្តែងឱ្យគេដឹង ឱ្យគេស្គាល់អ្វីៗជារបស់ខ្លួន ដោយដំណើរអួតធ្វើឱ្យគេស្ងើច ឱ្យគេសរសើរ។ ចំណែកពាក្យ “បង្អាប់” ក៏ជាកិរិយាសព្ទ សំដៅដល់ការធ្វើឱ្យគេអាប់ឱនកិត្តិយស ធ្វើឱ្យខ្មាសគេ ងើបមុខមិនរួច។ គ្រាន់តែលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ផ្សព្វផ្សាយជាផ្លូវការភ្លាម ដែលតួលេខបង្ហាញថា បក្សកាន់អំណាចនាំមុខគេ ប៉ុន្តែរបូតកៅអីអស់ជិត៥០០ ធ្លាក់ទៅបក្សប្រឆាំងនោះ ស្រាប់តែមន្ត្រីបក្សប្រឆាំង ក៏ដូចជាសកម្មជននិង អ្នកគាំទ្របក្សប្រឆាំង យកលទ្ធផលនេះទៅ “បង្អួត” លាន់ខ្ទរខ្ទារតែម្តង។

កាលពីពេលថ្មីៗនេះ លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានលើកឡើងជារបៀបអួតថា “គណបក្សសង្គ្រោះជាតិ បានកើនសំឡេងគាំទ្រ ហើយអាសនៈឃុំ-សង្កាត់ បន្តកើនឡើងជាង១០ដង”។ បន្ទាប់ពី “បង្អួត” លទ្ធផលនេះមក ក៏មានពាក្យ “បង្អាប់” ថា “បើទោះបីជាគណបក្សប្រជាជនកម្ពុជា ព្យាយាមកែយ៉ាងណាក៏ដោយ ក៏នឹងបន្តធ្លាក់ចុះអាចដល់ ក្រោម៥០% នៅក្នុងការបោះ ឆ្នោត២០១៨”។ បានន័យថា មេបក្សប្រឆាំង កំពុងបង្អាប់បក្សកាន់អំណាច បន្ទាប់ពីបង្អួតពីការឈានឡើងរបស់បក្សគាត់។

ដោយឡែក អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក៏ចេញមុខ “បង្អួត” ដូចគ្នា ដូចពាក្យថា “សំឡេងគាំទ្រ៣លាន៥សែន សំឡេង កើនជាងមុន” ហើយថា “ចុះឡើងដូចទូកនៅកណ្តាលសមុទ្រប៉ះរលក”។ ក្រៅពីការបង្អួតពីសំឡេងឆ្នោតកើនឡើង ក៏បានបង្អាប់បក្សប្រឆាំងថា “ទោះជាប្រឹងយ៉ាងណាក៏នៅតែចាញ់រហូតហ្នឹង”

អ្វីដែល “នគរធំ” ចាប់អារម្មណ៍ គឺពីមុនមក បក្សប្រឆាំង មិនដែលបង្អាប់បក្សកាន់អំណាចនោះទេ ប៉ុន្តែ ពេលនេះស្រាប់តែចេញ ក្បួនបង្អាប់ បណ្តាលឱ្យមន្ត្រីបក្សកាន់អំណាចឆួលចុងច្រមុះ។ បើត្រឹមអួតអាងនោះមិនសូវអីទេ ព្រោះការអួតទៅវិញទៅមក បានត្រឹមនាំក្តីសប្បាយតែប៉ុណ្ណោះ ឧទាហរណ៍ដូចរឿង “គង់ហ៊ាន” ដែលតំណាលពីបុរសកំសាកម្នាក់ ឈ្មោះ “គង់” មានប្រពន្ធ២។ ទោះជាប្រពន្ធព្រួតគ្នាវាយខ្លាងាប់ ក៏នាយគង់ ប្រឹងអួតអាងថា ខ្លួនជាអ្នកវ៉ៃខ្លា និងបង្អាប់ប្រពន្ធថា “វាមិនដែលស្រីឯណាហ៊ានវ៉ៃខ្លានោះទេ”។ ដោយសារគាត់ពូកែអួត ស្តេចក៏តែងតាំងគាត់ជាមេទ័ព ចេញបង្ក្រាបខ្មាំងសត្រូវ ទោះជាគាត់រាករូសដាក់ខ្នងដំរី ដោយខ្លាចស្លាប់ ក៏នៅតែអួត ហើយសូម្បីគាត់លោតទៅចាប់ក្រពើ បំណងឱ្យក្រពើស៊ី ក៏នៅតែអួត ដែលរឿងនេះ អ្នកសិក្សាអក្សរសិល្ប៍ខ្មែរ បានជ្រាបជាទូទៅ ដែលបង្ហាញថា “បង្អួត” មិនសូវអីទេ បានត្រឹមធ្វើឱ្យអ្នកតាមដានបានសើចសប្បាយតែប៉ុណ្ណោះ។

ផ្ទុយទៅវិញ “បង្អាប់” មិនស្រួលទេ បើភាគីម្ខាងធ្វើឱ្យគេអាប់មុខខ្លាំងពេក នឹងរងផលវិបាកមិនខាន។ ឧទាហរណ៍រឿង “សត្វគ្រលេងគ្រលោង និងស្វា” ដកស្រង់ចេញពីវណ្ណកម្ម “គតិលោក” របស់ឧកញ៉ាសុត្តន្តប្រីជា ឥន្ទ បានតំណាលពីសត្វគ្រលេងគ្រលោងញីឈ្មោល១គូ ធ្វើសម្បុកភ្ញាស់កូននៅប្រគាបឈើមួយ។ កាលនោះ មានស្វាមួយត្រូវភ្លៀងទទឹកជោក រងាខ្លាំង ក៏លោតទៅជ្រកក្រោមសម្បុកគ្រលេងគ្រលោង ស្រាប់តែសត្វស្លាបស្តីបន្ទោសថា “អ្នកឯងមានដៃជើងដូចមនុស្សដែរ ហេតុអ្វីមិនចេះធ្វើសម្បុកជាទីអាស្រ័យនៅ?” ឯស្វាតបថា “យើងមានដៃជើងដូចមនុស្សក៏ពិតមែន តែយើងគ្មានប្រាជ្ញាដូចមនុស្ស”។ ទោះជាស្វាដោះសាយ៉ាងណា ក៏គ្រលេងគ្រលោងនៅតែបង្អាប់ថា “សព្វបើធ្វើសម្បុកចាំប្រើប្រាជ្ញាអី មិនមើលពួកយើងពាំស្មៅម្តង១ទងៗមកធ្វើសម្បុកទាល់តែបាន ចំណែកអ្នកឯងនេះធ្វើប៉ុណ្ណឹងមិនកើត ចាញ់សត្វកណ្តៀរ ឬដង្កូវទៅទៀត ព្រោះដង្កូវក៏ចេះកាច់សម្បុកដែរ”។ លុះត្រូវបក្សាបក្សីបង្អាប់បែបនេះ ស្វានោះក៏ខឹងច្រឡោតតោតតូង ស្ទុះទៅបោចរោចសម្បុកគ្រលេងគ្រលោងធ្លាក់ដី ខានជ្រកភ្លៀងទាំងអស់គ្នាទៅ…។

រឿងខាងលើ វាទាក់ទងនឹង “បង្អាប់” នេះឯង ព្រោះអ្នកខ្សោយទៅបង្អាប់អ្នកខ្លាំង បណ្តាលឱ្យអ្នកខ្លាំងនោះផ្ទុះកំហឹង នាំគ្រោះមហន្តរាយមិនខាន។ សុភាសិតសាកល១ឃ្លាថា “អ្នកខ្លាំងជាអ្នកឈ្នះ”“អ្នកខ្លាំងជាអ្នកត្រូវ” (Might makes right) មានន័យថា អ្នកខ្លាំងធ្វើអ្វីមិនចេះខុសទេ និងឈ្នះអ្នកខ្សោយជានិច្ច ជាក់ស្តែង ពេលស្វាបោចរោចសម្បុកគ្រលេងគ្រលោងចោលអស់នោះ គ្រលេងគ្រលោងបានត្រឹមហើរយករួចខ្លួនប៉ុណ្ណោះ ព្រោះបើហ៊ាននៅជិត ច្បាស់ជាស្វាខាំ ម៉្លោះហើយមានតែហើរទៅធ្វើសម្បុកថ្មីទៀតទៅ។

យ៉ាងណាមិញ CNRP បើប្រឹងបង្អាប់ CPP រឿងរបូតកៅអីមេឃុំ-ចៅសង្កាត់ ជិត៥០០នោះ និងបង្អាប់ថា CPP នឹង  ចាញ់ឆ្នោតក្លាយជាបក្សប្រឆាំងវិញនៅឆ្នាំ២០១៨នោះ អាចធ្វើឱ្យ “អ្នកខ្លាំងឆួលចុងច្រមុះ”។ គួរកុំភ្លេចថា “ច្បាប់ស្តីពីគណបក្សនយោបាយ” ចេញជាធរមានរួចហើយ អ៊ីចឹងបើ CNRP ចេះតែបង្អាប់មិនឈប់ ក្រែងអ្នកខ្លាំងទ្រាំលែងបាន ឈានដល់ការប្រើច្បាប់ “រំលាយគណបក្សសង្គ្រោះជាតិ” ដូចស្វាបោចសម្បុកគ្រលេងគ្រលោង តើវាយ៉ាងណាទៅ? បានជាយើងហ៊ានថាយ៉ាងនេះ ព្រោះបានដឹងថា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានស្នើរដ្ឋសភា ពិចារណាករណី លោកសម រង្ស៊ី អតីតប្រធានបក្សប្រឆាំង ដែលបន្តវាយប្រហារ “បង្អាប់មិនឈប់ឈរ” ធ្វើឱ្យបក្សកាន់អំណាចបាក់មុខ ដោយស្នើធ្វើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយជាថ្មីម្តងទៀត ដែលយើងមិនបាច់សរសេរវែងឆ្ងាយ។

ដូច្នេះយើងឃើញថា ធម្មតា “អ្នកខ្លាំងមិនចង់ឱ្យអ្នកណាបង្អាប់ទេ” ដោយចង់ឮតែពាក្យសរសើរប៉ុណ្ណោះ ប៉ុន្តែ ប្រទេសកាន់លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស តម្រូវឱ្យអ្នកខ្លាំង ឬបក្សកាន់អំណាច ធ្វើអ្វីៗមានការប្រុងប្រយ័ត្ន លុះត្រាតែស្របច្បាប់ ទើបធ្វើកើត។ ដូច្នេះត្រូវបង្កើតច្បាប់ឱ្យបានសិន ទើបអនុវត្តបានពុំមែនខឹងអ្នកបង្អាប់ភ្លាម ក៏លោតទៅបោចរោចសម្បុក គេភ្លែត ដូចបងស្វានោះឡើយ។

ទោះយ៉ាងណា រវាង “អ្នកខ្លាំងនិងអ្នកខ្សោយ” នៅក្នុងសង្គមប្រជាធិបតេយ្យ គួរតែមានការយោគយល់គ្នា តាមលក្ខណៈ “ខឹងឱ្យខំអត់ ខ្សត់ឱ្យខំរក”។ បើភាគីម្ខាងប្រឹងយកលទ្ធផលឆ្នោតទៅបង្អួត ត្រូវភាគីម្ខាងទៀត យកទៅបង្អួតដែរទៅហើយ បើភាគីម្ខាងប្រឹងបង្អាប់ ត្រូវបង្អាប់តបវិញ ចៀសវាងពេលគេបង្អាប់ មិនព្រមឆ្លើយតបទេ តែបែរជាលាក់គំនុំ លុះមានចន្លោះប្រហោង ក៏បំផ្លាញគេដូចបងស្វានោះ។ របត់នយោបាយនៅកម្ពុជា ពេលនេះ កំពុងចូលដល់ដំណាក់កាល “បង្អួត និង បង្អាប់” នេះហើយ ហេតុនេះ មានតែការយោគយល់គ្នា ទើបរស់នៅជាមួយគ្នាបាន។

សរុបទៅ “បង្អួតនិងបង្អាប់” មានលក្ខណៈខុសគ្នាត្រង់បង្អួត នាំមកនូវការសើចសប្បាយ ដូចរឿង “គង់ហ៊ាន” ជាប្រភេទ រឿងកំប្លែងពាក់ព័ន្ធដល់មនុស្សពូកែអួត ក៏បានឡើងបុណ្យស័ក្តិ។ ផ្ទុយទៅវិញ បង្អាប់ផ្តល់ផលវិបាកធ្ងន់ណាស់ ព្រោះវាធ្វើឱ្យមានការចងគំនុំគុំកួនគ្នា ក្លាយទៅជាអំពើហិង្សា ដូចស្វា និងគ្រលេងគ្រលោង។ ហេតុនេះ សូមអ្នកនយោបាយគ្រប់និន្នាការ បន្តការអួតអាងទៀតចុះ គឺអួតតែសមិទ្ធផលរបស់គណបក្សខ្លួនបានហើយ ដោយអួតទៅវិញទៅមក គោរពសេរីភាពនៃការបញ្ចោញមតិ។ ផ្ទុយទៅវិញ “គួរកាត់បន្ថយរឿងបង្អាប់” ដែលធ្វើឱ្យភាគីម្ខាងអាប់យស នាំគ្រោះមហន្តរាយដល់ខ្លួន និងសង្គម ហើយបើមានអំពើហិង្សាកើតឡើង ខ្មែរយើងតែងចៀសមិនផុតពី “អ្នកខ្លាំងជាអ្នកត្រូវ”“អ្នកខ្សោយជាអ្នកខុស”

RELATED ARTICLES