ពុទ្ធភាសិត១ឃ្លាថា “បណ្ឌិតគួរធ្វើល្ងង់ខ្លះ ដើម្បីសន្តិភាព” គឺជាព្រះពុទ្ធដីកាអប់រំអ្នកប្រាជ្ញ រាជបណ្ឌិត ដែលមានចំណេះដឹងកំពូល ឱ្យចេះដាក់ខ្លួនដាក់កាយធ្វើល្ងង់ខ្លះៗ ដើម្បីសុខសន្តិភាពក្នុងសង្គម។ ពុទ្ធភាសិតនេះ ស្រដៀងនឹងសុភាសិតបារាំង “អ្នកប្រាជ្ញស្គាល់មនុស្សល្ងង់ ពីព្រោះកាលមុន អ្នកប្រាជ្ញក៏ល្ងង់ដែរ” (Un savant connaît un ignorant parce qu’il a été ignorant) ដែល “នគរធំ” សូមលើករឿង “អ្នកប្រាជ្ញបណ្ឌិត” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
ករណីមានការឆ្លើយឆ្លងគ្នាតាមប្រព័ន្ធអេឡិកត្រូនិក រវាងបណ្ឌិតមួយចំនួន នៅរាជបណ្ឌិត្យសភាកម្ពុជា និងមន្ត្រីបក្សប្រឆាំង រហូតមានការព្រមានបក្សប្រឆាំងឱ្យបញ្ឈប់វប្បធម៌ពហិការ និងលាបពណ៌នោះ បានក្លាយជាប្រធានបទថ្មីមួយសម្រាប់វេទិកាតុកាហ្វេ។ រវាង “រាជបណ្ឌិត្យសភាកម្ពុជា” និង “តៀមកាហ្វេ” មិនខុសពី “អ្នកឈរលើកំពូលភ្នំ និងអ្នកនៅជើងភ្នំ” ព្រោះមានចំណេះដឹងខុសគ្នាឆ្ងាយណាស់ ប៉ុន្តែបើអ្នកនៅខ្ពស់មានចន្លោះប្រហោងក្នុងការរក្សាឥរិយាបថរបស់ខ្លួន ធ្វើឱ្យថយតម្លៃអ្នកនៅទីខ្ពស់។
នៅក្នុងវេទិកាតុមូល ដែលប្រារឰធ្វើនៅរាជបណ្ឌិត្យសភាកម្ពុជា នាពេលថ្មីៗនេះ ដោយសារតែអវត្តមានមន្ត្រីគណបក្សសង្គ្រោះជាតិ លុះប្រជុំចប់ ក៏លេចឮការចោទឆ្លើយគ្នារវាងលោកអេង ឆៃអ៊ាង និងលោកបណ្ឌិតប៉ុន្មានរូប នៅរាជបណ្ឌិត្យសភាកម្ពុជា ពាក់ព័ន្ធនឹងពាក្យ “សង្គ្រោះ” ជាដើមចមនាំឱ្យមានការជជែកគ្នាតាមតៀមកាហ្វេ ឬថា “អ្នកចេះដឹងទាប កំពុងឃ្លាំមើលឥរិយាបថបណ្ឌិត ឬអ្នកចេះកំពូល”។ តាម្នាក់ គាំទ្របក្សកាន់អំណាច និយាយថា “អេង ឆៃអ៊ាង ដូចជាហួសហេតុពេកហើយ ពូកែខាងលាបពណ៌ មួលបង្កាច់ប្រាសចាកពីការពិត មានចរិតនយោបាយ ចោទប្រកាន់បណ្ឌិតសុខ ទូច មិនសមហេតុផល សព្វបើពាក្យសង្គ្រោប៉ុណ្ណឹង”។ តាម្នាក់ទៀត គាំទ្របក្សកាន់អំណាចដូចគ្នា ពោលបន្តថា “ពេលរាជបណ្ឌិត្យសភា អញ្ជើញទៅប្រជុំ គាត់មិនទៅទេ បែរជាចាំស្រង់ព័ត៌មានតាមវិទ្យុទៅវិញ គាត់ខ្លាចទីភ្លឺ ចូលចិត្តទីងងឹត”។ ភ្លាមនោះ តាគាំទ្របក្សប្រឆាំង បានឆ្លើយតបថា “រឿងមន្ត្រីបក្សប្រឆាំង មិនទៅប្រជុំនៅរាជបណ្ឌិត្យសភា គឺមកពីខ្លាចគេគាបស៊ី ព្រោះដឹងថា បណ្ឌិតប៉ុន្មាននាក់នោះ មានចំណេះដឹងកំពូលខាងវិទ្យាសាស្ត្រនយោបាយ ចាំតែគាប!”។ តាម្នាក់ទៀតគាំទ្របក្សប្រឆាំងដែរ ឧទានបន្តថា “បើហៅចាប់ពី៣នាក់ឡើងទៅ បក្សប្រឆាំងមិនខ្លាចចូលប្រជុំទេ ព្រោះមានគ្នាជួយទប់ តែបើហៅតែម្នាក់ និយាយ មិនឈ្នះគេទេ ច្បាស់ជាគេគាបលៀនភ្នែក!”…។
ស្តាប់ការឆ្លើយឆ្លងគ្នារបស់តាៗញៀនកាហ្វេ ដែលមាននិន្នាការ២នេះ ស្តែងឱ្យឃើញថា ពួកគាត់ “មិនមែនបណ្ឌិត តែតាមដាន ឥរិយាបថបណ្ឌិត” មិនខុសពីអ្នកនៅជើងភ្នំ ក្រឡេកមើលអ្នកនៅលើភ្នំ ក្រែងរបូតដៃធ្លាក់ ឬដើរជាន់ដុំថ្មរមៀលមកក្រោម នាំគ្រោះថ្នាក់។ ករណីបែបនេះ អាចថា មកពីបណ្ឌិតនៅរាជបណ្ឌិត្យសភាកម្ពុជា ភ្លាត់ស្នៀត “លាក់និន្នាការនយោបាយមិនជិត” ទើបបានជាតាៗញៀនកាហ្វេខាងបក្សប្រឆាំងចាប់ថ្នាក់បាន។ ក្នុងន័យនេះ “នគរធំ” មានទស្សនៈថា ធម្មតាអ្នកវិទ្យាសាស្ត្រដែលចង់អញ្ជើញអ្នកនយោបាយទៅដេញដោលគ្នា លុះត្រាតែ “បណ្ឌិតគួរធ្វើល្ងង់ខ្លះ ដើម្បីសន្តិភាព” នេះឯង។ ភាពល្ងង់របស់បណ្ឌិត គឺនៅត្រង់ធ្វើមិនដឹងមិនឮពីរបត់នយោបាយ ដោយមិនលម្អៀងទៅខាងបក្សណាឡើយ តែបើលម្អៀង បណ្តាលឱ្យអ្នកមាននិន្នាការ ផ្ទុយមិនចង់ទៅជួប ព្រោះខ្លាចមានការគាបសង្កត់ ដូចអ្វីដែលតាញៀនកាហ្វេគាំទ្របក្សប្រឆាំងបានលើកឡើង។
ពាក្យថា “រាជបណ្ឌិត្យសភា” មកពី “រាជ+បណ្ឌិត្យ+សភា” មានន័យថា “ទីកន្លែងប្រជុំអ្នកប្រាជ្ញរបស់ស្តេច” ឬ “កន្លែងប្រមូលផ្តុំអ្នកចេះដឹងកំពូលរបស់ព្រះមហាក្សត្រ”។ បើជារបស់ព្រះមហាក្សត្រ លុះត្រាតែអ្នកប្រាជ្ញបណ្ឌិត កុំលម្អៀងទៅតាមខ្យល់នយោបាយ យកគំរូតាមអង្គព្រះមហាក្សត្រ ជាទីសក្ការៈ ឬថា “លាក់និន្នាការឱ្យជិត កុំឱ្យគេដឹង”។ ឈ្មោះថា “បណ្ឌិត” ក្រៅពីបានរៀនសូត្រផុតថ្នាក់ មានសញ្ញាបត្រជាសម្គាល់ លុះត្រាតែកាន់ “សុចរិតធម៌១០ប្រការ” ឱ្យបានខ្ជាប់ខ្ជួន ទើបឋានៈបណ្ឌិតមានតម្លៃ។ សុចរិតធម៌១០ប្រការនោះ រួមមានកាយសុចរិត, វចីសុចរិត និងមនោសុចរិត។ “កាយសុចរិត” មាន៣ យ៉ាង គឺវៀរចាកសម្លាប់សត្វ១ វៀរចាកលួចទ្រព្យគេ ១ (ពុករលួយ) វៀរចាកប្រព្រឹត្តខុសក្នុងកាមទាំងឡាយ១។ “វចីសុចរិត” មាន៤យ៉ាង គឺវៀរចាកនិយាយកុហកគេ១, វៀរចាកនិយាយញុះញង់គេ១, វៀរចាកនិយាយចាក់ដោតគេ១ វៀរចាក និយាយពាក្យរោយរាយអត់ប្រយោជន៍១។ “មនោសុចរិត” មាន៣យ៉ាង គឺមិនលោភលន់របស់គេ១ មិនព្យាបាទប្រទូស្តគេ ១ យល់ត្រូវតាមគន្លងធម៌១។ សុចរិតធម៌១០ប្រការនេះ ជាធម៌សម្រាប់បណ្ឌិតកាន់ឱ្យជាប់ តែបើកាន់មិនជាប់ឱ្យធ្លាយចេញ តែ១ ដូចជា “និយាយចាក់ដោត” នឹងនាំឱ្យថយតម្លៃជាបណ្ឌិត។
ជាទូទៅ បណ្ឌិតមានជំនាញខុសគ្នា ព្រោះមនុស្សម្នាក់ៗ មិនអាចចេះសព្វគ្រប់បានឡើយ វៀរលែងតែ “ព្រះសព្វញ្ញូ” ដែលមានន័យថា “ចេះសព្វគ្មានចន្លោះ” សំដៅដល់ព្រះសម្មាសម្ពុទ្ធបរមគ្រូនេះឯង។ សូម្បីតែព្រះអរហន្ត ឬសាវ័កព្រះ ដែលអាចហោះហើរដើរលើអាកាសបាន ក៏មានចំណេះជំនាញខុសគ្នាដែរ ដូចជា ព្រះសារីបុត្រ អគ្គសាវ័កស្តាំ មានឯតទគ្គៈ (ជំនាញ) ខាងមានប្រាជ្ញាច្រើន, ព្រះមហាមោគ្គល្លាន អគ្គសាវ័កឆ្វេង ឯតទគ្គៈ ខាងមានប្ញទ្ធិច្រើន, ព្រះមហាអានន្ទ ពុទ្ធប្បដ្ឋាក ឯតទគ្គៈខាងឃ្លាំងធម៌, ព្រះមហាឧបាលិ ជាប់ឯតទគ្គៈខាងពូកែព្រះវិន័យ, ព្រះមហាកស្សប ជាប់ឯតទគ្គៈខាងសង្រួមឥន្ទ្រីយ៍ធ្វើធុតង្គបានល្អជាងគេ។ ដោយហេតុនេះហើយ ទើបក្រោយពីព្រះពុទ្ធបរិនិព្វាន បាន៣ខែ អង្គអរហន្តាខីណាស្រព បានរៀបចំ “បឋមសង្គាយនា” ដើម្បីផ្ទៀងផ្ទាត់ព្រះធម៌ ដោយជ្រើសបានមហាត្ថេរ ៣អង្គ ឡើងគ្រែទេសនា គឺព្រះមហាកស្សប ជាអ្នកសួរព្រះមហាអានន្ទ ជាអ្នកឆ្លើយអភិធម្មបិដក និងសុត្តន្តបិដក រីឯព្រះមហាឧបាលិ ជាអ្នកឆ្លើយវិន័យបិដក។ មានតែ៣អង្គ ហ្នឹងដែលខ្លាំងជាងគេ សម្រាប់ចោទឆ្លើយផ្ទៀងផ្ទាត់ព្រះធម៌ រហូតជាប់ជាប្រពៃណី “ទេសនាគ្រែ៣” មកទល់សព្វថ្ងៃ។
យ៉ាងណាមិញ រាជបណ្ឌិត្យសភា ក៏គួរយកគំរូតាម “បឋមសង្គាយនា” ដោយជ្រើសរើសបណ្ឌិតកំពូលៗ សម្រាប់ចោទឆ្លើយដេញ ដោលពី “វិសោធនកម្មច្បាប់” ដោយមិនលម្អៀងទើបល្អ។ សព្វថ្ងៃនៅកម្ពុជា ប្រជាពលរដ្ឋខ្មែរ បានចាត់ទុករាជបណ្ឌិត្យសភា ជាស្ថាប័នកំពូល ឬកន្លែងប្រមូលផ្តុំអ្នកប្រាជ្ញ រាជបណ្ឌិត សម្រាប់ផ្ទៀងផ្ទាត់ការងាររាជរដ្ឋាភិបាល។ ចំពោះបណ្ឌិត ដែលនៅក្រៅរាជបណ្ឌិត្យសភា ដូចជាវេជ្ជបណ្ឌិត ទន្តបណ្ឌិត ឱសថបណ្ឌិត នីតិបណ្ឌិត បុរាណវិទូ ជាដើម ប្រជាពលរដ្ឋមិនសូវចាប់អារម្មណ៍ទេ មិនខុសពីសាវ័កព្រះជាអរហន្តរាប់ម៉ឺនអង្គ តែបរិស័ទចាប់អារម្មណ៍តែមហាត្ថេរ ៣អង្គ គឺព្រះកស្សប ព្រះអានន្ទ និងព្រះឧបាលិ។
ហេតុនេះ គួរបណ្ឌិតនៅរាជបណ្ឌិត្យសភាកម្ពុជា “លាក់និន្នាការនយោបាយឱ្យជិត” ទើបអាចកោះអញ្ជើញអ្នកនយោបាយគ្រប់គណបក្ស ទៅជជែកសាកសួរចោទឆ្លើយគ្នាតាមប្រជាធិបតេយ្យបាន។ មុនពេលបោះឆ្នោតជ្រើសមេឃុំ-ចៅសង្កាត់ ឆ្នាំ២០១៧ នេះ មានលោកបណ្ឌិតម្នាក់ នៅរាជបណ្ឌិត្យសភា ធ្លោយមាត់ឱ្យអ្នកកាសែតយកទៅផ្សាយថា “កុំសាកល្បងទឹម ឆ្កែជំនួសគោ” ការនិយាយបែបនេះ មានន័យថា “លាក់និន្នាការមិនជិត” ជាហេតុនាំឱ្យបក្សប្រឆាំងអន់ចិត្ត លុះមានការ កោះអញ្ជើញទៅប្រជុំ ក៏មិនហ៊ានទៅ ដោយខ្លាចរឿង “គាបស៊ី” អ៊ីចឹង “បណ្ឌិតគួរធ្វើល្ងង់ខ្លះ ដើម្បីសន្តិភាព” ពោលគឺ សន្តិភាព ផ្លូវចិត្ត ផ្លូវអារម្មណ៍ មិនមែនអស់ស្នូរកាំភ្លើង ចាត់ទុកថា សន្តិភាពទាំងស្រុងនោះទេ។
សរុបទៅ “បណ្ឌិតគួរធ្វើល្ងង់ខ្លះ ដើម្បីសន្តិភាព” ឬ “អ្នកប្រាជ្ញស្គាល់មនុស្សល្ងង់ ពីព្រោះកាលមុន អ្នកប្រាជ្ញក៏ល្ងង់ដែរ” មានន័យយ៉ាងនេះឯង។ ជារឿងល្អណាស់ ដែលរាជបណ្ឌិត្យសភាកម្ពុជា បើកវេទិកាតុមូលអញ្ជើញតំណាងគណបក្សនយោបាយ ឱ្យទៅឆ្លើយឆ្លងគ្នាដូច “ផ្ទៀងព្រះធម៌” នោះ ប៉ុន្តែ ជាសំណូមពរ សុំឱ្យបណ្ឌិត “លាក់និន្នាការឱ្យជិត”។ ចំណែកបក្ស ប្រឆាំង ក៏មិនត្រូវរួញរាអ្វីដែរ បើមានការអញ្ជើញទៀត ត្រូវតែចូលរួម ចៀសវាងមានអរិភាពជាមួយគ្នា ព្រោះបក្សប្រឆាំង ក៏មានបណ្ឌិតដែរ ដូច្នេះបើបណ្ឌិតនិងបណ្ឌិតឈ្លោះគ្នា នាំឱ្យខ្មាសតាញៀនកាហ្វេដែលមិនមែនជាបណ្ឌិត៕