Thursday, November 28, 2024
Homeបរិយាយលិចទាំងជង់ លង់ទាំងកុក

លិចទាំងជង់ លង់ទាំងកុក

សុភាសិតខ្មែរថា “កុកភ្លេចជង់ តែជង់មិនភ្លេចកុក” សំដៅដល់ការអប់រំមនុស្សកុំឱ្យប្រព្រឹត្តបទល្មើសផ្ទុយនឹងច្បាប់ ព្រោះ គុកច្រវាក់ ខ្នោះឃ្នាង គេធ្វើសម្រាប់តែដាក់មនុស្សអាក្រក់នេះឯង ប៉ុន្តែ “លិចទាំងជង់ លង់ទាំងកុក” សំដៅដល់ការរំលឹកដល់អ្នក អនុវត្តច្បាប់ កុំពន្យារករណីបទល្មើសអ្វីមួយរាប់ឆ្នាំមិនព្រមចាត់ការ លុះមានបញ្ហាពាក់ព័ន្ធទើបចាត់ការនោះ នាំឱ្យមានការរិះគន់ ដែល “នគរធំ” ក្តាប់បានតាមវេទិកាតុកាហ្វេ ក៏យករឿង “លិចទាំងជង់ លង់ទាំងកុក” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

“ជង់” ជាប្រភេទអន្ទាក់តឿគ្មានដង តែមានជើងស្រួចៗសម្រាប់ដោតជាប់នឹងដី។ កសិករតែងបិតប្ញស្សីស្រុកជារាងដូចចង្កឹះ ដោយធ្វើគន្លាក់ខាងចុងសម្រាប់ចងរំងកអន្ទាក់ ដែលធ្វើពីសរសៃជក់ត្នោត ហើយផ្នែកខាងគល់ត្រូវបិតឱ្យស្រួច។ បើបឹងណា សម្បូរសត្វកុក ព្រានតែងឃ្លាំមើលកន្លែងវាឧស្សាហ៍ហើរចុះចាប់ត្រី រួចយកជង់ទៅបោះភ្ជាប់ដី រាយបណ្តាក់គ្នា។ កុកជាសត្វល្ងង់មិនស្គាល់ជង់នោះទេ ក៏ដើរទៅមកជើងចូលរំងករួតរឹតត្រដរមិន រួចក៏ក្លាយជាម្ហូបយ៉ាងឆ្ងាញ់របស់ព្រាន។ ពេលកុកជាប់ជង់ភ្លាម ព្រានប្រញាប់រត់ទៅដោះ ព្រោះបើទុកយូរ ស្របនឹងរដូវទឹកឡើងផងនោះ ជង់ក៏លិចបាត់ទៅក្នុងទឹក លិចទាំងកុក ដែលជាប់ជុងនោះទៀត នាំឱ្យខាតបង់។ ដោយហេតុនេះហើយទើបបុរាណាចារ្យបានចងក្រងសុភាសិតតាមលក្ខណៈរូបារម្មណ៍នេះថា “លិចទាំងជង់ លង់ទាំងកុក” ដែលមានលក្ខណៈផ្ទុយពី “កុកភ្លេចជង់ តែជង់មិនភ្លេចកុក”

យ៉ាងណាមិញ ករណីចាប់ខ្លួនលោកញឹក ប៊ុនឆៃ អតីតអនុប្រធានទី២ព្រឹទ្ធសភា អតីតមេទ័ពហ៊្វុនស៊ិនប៉ិច អតីតសហរដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាអតីតទីប្រឹក្សារាជរដ្ឋាភិបាល ឋានៈស្មើឧបនាយករដ្ឋមន្ត្រី កំពុងដើរស្របនឹងសុភាសិត “លិចទាំងជង់ លង់ទាំងកុក” នេះឯង ពុំមែន “កុកភ្លេចជង់ តែជង់មិនភ្លេចកុក” នោះទេ។ ករណីបទល្មើសគ្រឿងញៀនជាង១០ឆ្នាំ តុលាការទើបនឹងចាត់ការនោះ បានក្លាយជាកម្មវត្ថុនៃការជជែកគ្នាតាមវេទិកាតុកាហ្វេ គួរឱ្យចាប់អារម្មណ៍ ព្រោះប្រជាពលរដ្ឋខ្មែរសម័យនេះ ចូលចិត្តតាមដានរឿងនយោបាយខ្លាំងណាស់ ជាពិសេសតាៗញៀនកាហ្វេ ដែលភាគច្រើនជាមន្ត្រីចូលនិវត្តន៍។

នៅក្នុងតៀមកាហ្វេមួយកន្លែង ក្បែរវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ មានតាៗបួនប្រាំនាក់ ជជែកគ្នាអែ ជុំវិញប៉ាន់តែក្តៅហុយ ដែលពេលនោះ តាម្នាក់គាំទ្របក្សកាន់អំណាច និយាយថា “ការចាប់ខ្លួនញឹក ប៊ុនឆៃ មិនមែនជារឿងនយោបាយនោះទេ តែគាត់ជាមេខ្លោងគ្រឿងញៀន ត្រូវប្រឈមនឹងគុក”។ តាម្នាក់ទៀត គាំទ្របក្សកាន់អំណាចដូចគ្នា ពោលបន្តថា “លោកញឹក ប៊ុនឆៃ សមគំនិតផលិតគ្រឿងញៀន ទោះជាគាត់ព្យាយាមលាក់ខ្លួនក្នុងតំណែងឧបនាយករដ្ឋមន្ត្រី ឬទីប្រឹក្សារាជរដ្ឋាភិបាល ក៏មិនរួចខ្លួនដែរ”។ តាម្នាក់ទៀត គាំទ្របក្សប្រឆាំង និយាយថា “អ្វីៗវាពាក់ព័ន្ធនយោបាយ ទើបគេចាប់ ព្រោះសព្វថ្ងៃ បទល្មើសគ្រឿងញៀន បង្ក្រាបមិនឈ្នះទេ មកពីមានមន្ត្រីធំៗសមគំនិត ចុះហេតុអ្វីគេចាប់តែលោកញឹក ប៊ុនឆៃ?”។ តាម្នាក់ទៀត គាំទ្របក្សប្រឆាំងដូចគ្នា ពោលបន្តថា “ខ្ញុំមិនដឹងថា ជារឿងនយោបាយ ឬមិននយោបាយស្អីទេ តែរឿងផ្អឹបសំណុំរឿងគ្រឿងញៀនទុករហូត១០ឆ្នាំ ទើបចាត់ការនោះអត់ល្អទេ គឺអ្នកអនុវត្តច្បាប់ក៏ខុស ជនល្មើសក៏ខុស”

ការជជែកគ្នានេះបង្ហាញថា តាៗគាំទ្ររដ្ឋាភិបាល និយាយស្តីអ្វីតាមតែថ្នាក់លើ ដែលផ្តោតជាសំខាន់ “មិនពាក់ព័ន្ធនយោបាយ” ប៉ុន្តែ តាៗគាំទ្របក្សប្រឆាំងថា “ជារឿងនយោបាយ” ហើយថា ការផ្អឹបសំណុំរឿងយូរឆ្នាំបែបនេះ ខុសទាំងអស់គ្នា។ ការលើកឡើងរបស់តាៗបក្សប្រឆាំង ស្រដៀងនឹងសំណេរក្នុងទំព័រហ្វេសប៊ុករបស់លោកសួន សេរីរដ្ឋា មេបក្សអំណាចខ្មែរ ដែលបានសរសេរថា “គណបក្សកាន់អំណាច គឺបានលាក់ទុកឧក្រិដ្ឋជនគ្រឿងញៀនឱ្យបង្កើតគណបក្សនយោបាយ មកបម្រើនយោបាយនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សក្លែងក្លាយ”។ លោកសួន សេរីរដ្ឋា សរសេរផ្តោតជាសំខាន់ថា “ទោសជួយលាក់បាំង ផ្តល់តួនាទីនិងចងសម្ព័ន្ធមិត្តជាមួយអ្នកទោស…”

ដូច្នេះយើងអាចក្តាប់បានថា ការចាប់ខ្លួនលោកញឹក ប៊ុនឆៃ មានការរិះគន់ច្រើនជាងសរសើរ ខណៈដែលតុលាការ បានចេញ “ដីកាបញ្ជាឱ្យចូលខ្លួន” ដោយបង្គាប់ឱ្យកម្លាំងមានសមត្ថកិច្ចនាំខ្លួនលោកញឹក ប៊ុនឆៃ “មកបង្ហាញខ្លួននៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រហូតដល់មានសេចក្តីសម្រេចថ្មី ដើម្បីសាកសួរពីដំណើររឿង សមគំនិតពីបទផលិតគ្រឿងញៀនខុសច្បាប់ និងនាំចូលសារធាតុសម្រាប់ផ្សំគ្រឿងញៀន ប្រព្រឹត្តនៅចំណុចភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០០៧”។ យោងតាមដីកាបញ្ជាឱ្យចូលខ្លួននេះ បង្ហាញថា សំណុំរឿងជាង១០ឆ្នាំទៅហើយ ទើបនឹងចាត់ការ ជាហេតុនាំឱ្យមានការរិះគន់ជុំទិស ពីប្រព័ន្ធយុត្តិធម៌នៅកម្ពុជា អាចស្របនឹងសុភាសិត “លិចទាំងជង់ លង់ទាំងកុក” នេះឯង។

“ជង់” ប្រៀបបាននឹងតុលាការ រីឯ “កុក” ប្រៀបបាននឹងលោកញឹក ប៊ុនឆៃ។ ជង់នោះ ដាក់នឹងមាត់បឹងរាប់ឆ្នាំ  លុះជាប់ជើងកុក ស្រាប់តែទឹកឡើងលិចទាំងជង់ លិចទាំងកុក ដែលទឹកបឹងឡើងលិចនោះ ប្រៀបបាននឹង “ការរិះគន់ពីមហាជន” នេះឯង។ ករណីតាញៀនកាហ្វេគាំទ្របក្សប្រឆាំង ក៏ដូចជាលោកសួន សេរីរដ្ឋា រិះគន់ថា “សមគំនិតលាក់ទុកឧក្រិដ្ឋជនគ្រឿងញៀន” នោះ ធ្ងន់ជាងការចោទប្រកាន់ពីរឿង “ក្បត់សម្ព័ន្ធភាព” ទៅទៀត ព្រោះករណីគ្រឿងញៀនធំជាង។

សូមបញ្ជាក់ថា សព្វថ្ងៃ ករណីក្មេងពាលសេពគ្រឿងញៀន ត្រូវបានសមត្ថកិច្ចបោសសម្អាតដូចចាប់ចៃ នៅតែញាស់ខាំក្បាល មិនចេះអស់មិនចេះហើយ បើរកដើមចមឱ្យច្បាស់ លុះត្រាតែមានឈ្មួញគ្រាក់ៗមានអំណាច មានលុយ បើកទីតាំងផលិត ឬនាំចូលពីប្រទេសជិតខាង ទើបយុវវ័យទាំងនោះ អាចទិញទៅប្រើប្រាស់បាន តែកន្លងមក សមត្ថកិច្ចចាប់បានតែក្មេងពាល និងអ្នកជួញដូរល្អិតល្អោច ឯឈ្មួញធំៗនោះចាប់មិនដែលបានទេ។ លុះតុលាការចេញដីកាចាប់ខ្លួនលោកញឹក ប៊ុនឆៃ ស្របពេលដែលមានការរិះគន់ថា សមគំនិតលាក់ទុកឧក្រិដ្ឋជនគ្រឿងញៀន អាចធ្វើឱ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាល។

ធម្មតា “សម្លឆ្ងាញ់ ហូបស្រួលខ្លួនពេលវានៅក្តៅ តែបើទុកឱ្យផ្អូម ហូបចុកពោះរាករូស”។ យ៉ាងណាមិញ សំណុំរឿង គ្រឿងញៀន ពន្យារពេល១០ឆ្នាំ មិនព្រមចាត់ការទាន់នៅក្តៅៗ លុះទុកឱ្យត្រជាក់ក៏ផ្អូមជូរ រងការរិះគន់យ៉ាងនេះទៅ។ ទោះយ៉ាងណាក៏ “នគរធំ” គ្រាន់តែលើកសុភាសិត “លិចទាំងជង់ លង់ទាំងកុក” មកបកស្រាយតែប៉ុណ្ណោះ ពុំមែនជាការរិះគន់នោះទេ មានតែសរសើរតុលាការដែលធ្វើការបានល្អ ហ៊ានចាប់អ្នកធំមកចាត់ការតាមច្បាប់។ អ្នកណាក៏ដឹងដែរថា លោកញឹក ប៊ុនឆៃ ជាអតីតមេទ័ពហ៊្វុនស៊ិនប៉ិច ខ្លាំងពូកែណាស់ គាត់មានវត្ថុស័ក្តិសិទ្ធិការពារខ្លួន ដូចជាកន្សែងតេជះ កូនក្រក ខ្នាយតាន់ សក់ដាញ់ ចែកាច់ ជាដើម ហើយល្បីបាញ់មិនត្រូវទេ។ គាត់ធ្លាប់កាន់តំណែងជាប្រមុខរដ្ឋស្តីទី បានចុះហត្ថលេខាក្នុងព្រះបរមនាមព្រះមហាក្សត្រ ត្រាស់បង្គាប់ឱ្យប្រើវិសោធកម្មច្បាប់ស្តីពី “ការបោះឆ្នោតជាកញ្ចប់ ត្រូវធ្វើឡើងដោយវិធីលើកដៃ” ដែលចេញជាធរមាន កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៤។ ឥឡូវអតីតប្រមុខរដ្ឋស្តីទីនេះ “ជាប់ជង់ដែក” ប៉ុន្តែ ជាលក្ខណៈ “ជាប់ទាំងជង់ លង់ទាំងកុក” ពោលគឺទាំងលោកញឹក ប៊ុនឆៃ ទាំងតុលាការ “លិចទឹកបឹង” ដូចគ្នា ដោយសារការរិះគន់។

សរុបទៅ “លិចទាំងជង់ លង់ទាំងកុក” គ្រាន៉តែជាការបកស្រាយសុភាសិតខ្មែរប៉ុណ្ណោះ ខណៈដែលសំណុំរឿងជាង១០ឆ្នាំ ទើបនឹងចាត់ការ បើអ៊ីចឹងសំណុំរឿងលោកកឹម សុខា និងមន្ត្រីបក្សប្រឆាំងមួយចំនួនទៀត ដែលផ្អឹបទុករាប់ឆ្នាំមកហើយនោះ បើសិនជាតុលាការសើរើយកមកចាត់ការ អាចជាន់សុភាសិត “លិចទាំងជង់ លង់ទាំងកុក” នេះទៀតហើយ ព្រោះពេលនៅ ក្តៅៗមិនចាត់ការ លុះទឹកឡើង ស្រាប់តែចាត់ការ ឬថា ពេលស្រុះស្រួលគ្នាមិនធ្វើអីទេ តែពេលពាក់មុខយក្សដាក់គ្នា ស្រាប់តែសើរើសំណុំរឿងចាស់នោះ បានត្រឹមលិចលង់ទាំងជង់និងកុកហ្នឹងឯង៕

ដោយ អាចារ្យថាំ

RELATED ARTICLES