ពុទ្ធភាសិត១ឃ្លា ជាមគធភាសា ត្រូវបានលោកអគ្គបណ្ឌិតប៊ុត សាវង្ស ធម្មាចារ្យដ៏ល្បីល្បាញ រៀបរៀងប្រែសម្រួលថា “ស្រវឹងនឹងជីវិតភ្លេចងាប់ ស្រវឹងនឹងទ្រព្យភ្លេចខ្លួន” មានខ្លឹមសារអប់រំជ្រាលជ្រៅណាស់សម្រាប់មនុស្សគ្រប់រូបយកទៅអនុវត្ត។ ខណៈដែលមេឃុំ-ចៅសង្កាត់បក្សប្រឆាំងទើបជាប់ឆ្នោតថ្មីៗបានឡើងកាន់តំណែងនោះ ធ្វើឱ្យគូប្រជែងមិនសប្បាយចិត្តទេ ដូច្នេះបើមេឃុំ-ចៅសង្កាត់ ទាំង៤៨៩ រូបនោះ ធ្វេសស្មារតី នឹងចៀសមិនផុតពី “ស្រវឹងជីវិតនិងស្រវឹងទ្រព្យ” មិនខានឡើយ ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
“ស្រវឹងជីវិតភ្លេចងាប់” ជាព្រះពុទ្ធដីកា មានន័យត្រង់ភ្លឹង មិនបញ្ឆិតបញ្ឆៀងពិបាកយល់នោះទេ។ ពាក្យថា “ស្រវឹង” មានន័យថា វង្វេងស្មារតីខុសពីប្រក្រតី ដូចជាស្រវឹងស្រា ស្រវឹងថ្នាំញៀន ស្រវឹងកាមគុណជាដើម។ ដោយឡែក “ស្រវឹងជីវិត” សំដៅដល់មនុស្សគ្រប់រូបដែលកើតលើផែនដីនេះ ចាប់ផ្តើមកំណើតពីធាតុទាំង៤ គឺទឹក ដី ភ្លើង ខ្យល់ ក្លាយជារូបរាងធំធាត់ ឆ្លងកាត់បឋមវ័យ មជ្ឈិមវ័យ និងបច្ឆិមវ័យ។ ជីវិតនេះតម្រូវឱ្យមនុស្សគ្រប់រូប “ចង់មាននិងចង់ល្អ” គ្មានអ្នកណាចង់ក្រ ឬចង់អាក្រក់នោះទេ លុះមាននិងល្អដូចបំណងក៏ស្រវឹងវង្វេងស្មារតី ឬភ្លេចគិតពី “កើតចាស់ ឈឺស្លាប់” ដែលជាចុងក្រោយក៏បានកណ្តាប់ដៃមច្ចុរាជ។ មនុស្សស្រវឹងជីវិតខ្លាំងពេក ភ្លេចសាងកុសលផលបុណ្យ ជួនកាលក៏ត្រូវមច្ចុរាជតាមផ្តាច់ផ្តិលអាយុសង្ខារដោយទាន់ហន់ក៏មាន ដូចជាត្រូវគេសម្លាប់ គ្រោះថ្នាក់ចរាចរណ៍ កើតរោគសង្គមជាដើម។
“ស្រវឹងទ្រព្យភ្លេចខ្លួន” ក៏ជាព្រះពុទ្ធដីកា មានន័យត្រង់ដូចគ្នា សំដៅដល់មនុស្សធ្លាប់ក្រីក្រ លុះមានទ្រព្យក៏ភ្លេចស្មារតី។ ទ្រព្យ ឬសម្បត្តិ រាប់ចូលច្រើនយ៉ាងដូចជា មានអំណាច បុណ្យស័ក្តិ មាសពេជ្រ កែវកងពិទូរ្យសូរ្យកាន្ត ផ្ទះធំទ្រនំខ្ពស់ជាដើម ឬថា មានអំណាច មានបុណ្យស័ក្តិ គឺមានអ្វីៗទាំងអស់។ កាលបើមានអ្វីៗទាំងអស់ ក៏ភ្លេចខ្លួនទៅតាមអារម្មណ៍ អត់ដឹងថា មច្ចុរាជកំពុងឃ្លាំមើលរាល់ពេលរាល់វេលា។ បើភ្លេចខ្លួនខ្លាំង មច្ចុរាជក៏តាមដានខ្លាំងដែរ តែបើមានការប្រុងប្រយ័ត្ន មច្ចុរាជមិនសូវតាមដានពេកទេ។ យ៉ាងណាមិញ មេឃុំ-ចៅសង្កាត់របស់បក្សប្រឆាំង ដែលទើបជាប់ឆ្នោត បានឡើងកាន់តំណែងថ្មីៗនោះ បើសិនជា “ស្រវឹងជីវិត និងស្រវឹងទ្រព្យ” គឺចៀសមិនផុតពីសេចក្តីអន្តរាយមិនខានឡើយ។ ទោះបីបក្សកាន់អំណាច នៅតែឈ្នះបានកៅអីមេឃុំ-ចៅសង្កាត់ ដល់ទៅជាង១០០០កៅអី ក៏ការរបូតកៅអីទៅបក្សប្រឆាំងអស់៤៨៩នោះ ធ្វើឱ្យមានការឈឺចាប់ តូចចិត្តតូចថ្លើមមិនតិចទេ។ ដូច្នេះបើមេឃុំ-ចៅសង្កាត់ថ្មីនោះភ្លាត់ស្នៀត ឬ “ស្រវឹងជីវិត និងស្រវឹងទ្រព្យ” ច្បាស់ ជារងគ្រោះធ្លាក់ពីកៅអីមិនខានឡើយ។
ដូចអ្វីដែល “នគរធំ” បានបរិយាយពី “ដាក់បញ្ចូលត្រង់ ដល់តម្រង់វៀច” កាលពីលេខមុនរួចមកហើយ ដោយលើកឡើងពីរូបភាពរបស់កណ្តៀវច្រូតស្រូវ ដែលវៀចកែងនៅពេលផ្គុំបញ្ចូលគ្នា រវាងដងកណ្តៀវ ស្លាបកណ្តៀវ និងផ្លែកណ្តៀវ។ មិនទាន់អីផង ឃើញមានទំនាស់រឿងដណ្តើមបន្ទប់ ដណ្តើមកៅអីគ្នាទៅហើយ ចុះទម្រាំបន្តិចទៀត តើទំនាស់រវាងអ្នកថ្មី និងអ្នកចាស់ ឈានដល់កម្រិតណា?
ឥឡូវក៏មានទំព័រហ្វេសប៊ុកខ្លះចាប់ផ្តើមរុកកួនជីវិតឯកជនរបស់កញ្ញាស៊ិន រ៉ូហ្ស៊េត ចៅសង្កាត់ក្រមុំ នៅសង្កាត់អូរចារ ក្រុងបាត់ដំបង ដោយចោទប្រកាន់ថា “នាងភ្ជាប់ពាក្យជាមួយប្តីគេ”។ កាលពីប៉ុន្មានថ្ងៃមុននេះ ចៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក៏មានការចោទប្រកាន់ពីអាជ្ញាធរខណ្ឌ និងអតីតចៅសង្កាត់បក្សកាន់អំណាច ដែលធ្លាក់មកត្រឹមជំទប់ទី២ ថា “បោកប្រាស់ប្រជាពលរដ្ឋ ស៊ីឡាកពីរឿងប័ណ្ណកម្មសិទ្ធិ”។ នៅមានករណីទាស់ទែងគ្នារវាងអ្នកថ្មី ដែលឡើងជាមេឃុំ-ចៅសង្កាត់ និងអ្នកចាស់ដែលធ្លាក់មកឋានៈជំទប់ ពាក់ព័ន្ធរឿងកៅអី រឿងបន្ទប់ រឿងដាក់ហិបរៃអង្គាស រឿងចៅសង្កាត់កាន់ត្រាខ្លួនឯងជាដើម ដែលសរុបបានថា បើអ្នកថ្មីភ្លាត់ស្នៀត ច្បាស់ជា “ស្រវឹងជីវិតភ្លេចងាប់ ស្រវឹងទ្រព្យភ្លេចខ្លួន” មិនខាន។
សូមរំព្ញកថា មេឃុំ-ចៅសង្កាត់របស់បក្សកាន់អំណាច ជាពិសេស នៅរាជធានីភ្នំពេញ ធ្វើការតាំងពីសក់ខ្មៅដល់សក់ស តាំងពីជិះកង់ទៅធ្វើការ រហូតមានឡានទំនើបស្ទើរគ្រប់គ្នា។ លុះបក្សប្រឆាំងដណ្តើមបានកៅអីរបស់គាត់ ដោយធ្លាក់មកឋានៈជំទប់នោះ គាត់អត់សប្បាយចិត្តទេ នៅតែឃ្លាំមើលសកម្មភាពអ្នកថ្មីនោះជានិច្ច។ ជួនកាលអ្នកថ្មីនោះ កាលអាណត្តិមុនជាជំទប់ក្រោមឱវាទគាត់ ស្រាប់តែអាណត្តិថ្មីឈ្នះឆ្នោតឡើងជាធំម្តងវិញ បណ្តាលឱ្យអ្នកទាំងពីរមើលមុខគ្នាមិនត្រង់ ដោយសារអ្នកចាស់មិនញញើតអ្នកថ្មី ឯអ្នកថ្មីមិនគោរពអ្នកចាស់ដែលធ្លាក់បុណ្យស័ក្តិ។ ករណីបក្សប្រឆាំង ដាក់វិន័យហាមប្រាមមេឃុំ-ចៅសង្កាត់របស់ខ្លួនមិនឱ្យយកលុយពីការធ្វើសំបុត្រស្នាមផ្សេងៗនោះ គេចាំតែឃ្លាំមើលទេ បើ “វង្វេងស្មារតី លើកដៃទទួលលុយឱ្យគេលួចថតបាន” ចៀសមិនផុតពីរឿងឡើងតុលាការ ពីបទ “ប្រព្រឹត្តអំពើពុករលួយ”។ ចំពោះមេឃុំ-ចៅសង្កាត់របស់បក្សកាន់អំណាច គេមិនសូវឃ្លាំមើលទេ ព្រោះជា “គ្នាឯង” ផ្ទុយទៅវិញ “គ្នាគេ” ភ្លាត់បន្តិចមិនបានផង។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺបក្សប្រឆាំង ដណ្តើមបានកៅអីចៅសង្កាត់ទាំងអស់ នៅខណ្ឌខ្លះ ដូចជាខណ្ឌមានជ័យ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាដើម។ អភិបាលខណ្ឌជាមន្ត្រី CPP នៅពេលកោះប្រជុំចៅសង្កាត់ទាំងអស់ ដែលជាមនុស្សរបស់ CNRP មកប្រជុំដាក់ផែនការអ្វីមួយ អាចមានអ្នកយកទៅអនុវត្ត ឬមិនអនុវត្ត។ ឧទាហរណ៍ រាប់សិបឆ្នាំទៅហើយ ចៅសង្កាត់ CPP មិនអាចឬមិនដោះស្រាយភាពរញ៉េរញ៉ៃតាមដងផ្លូវសាធារណៈបានឡើយ រហូតមានការចោទប្រកាន់ថា អាជ្ញាធរពុករលួយ យកលុយពីអាជីវករដាក់លក់តាមចិញ្ចើមដងវិថីនានា។ លុះខ្លួនឯងធ្វើមិនកើត ស្រាប់តែចេញបញ្ជាឱ្យចៅសង្កាត់ថ្មី យកទៅអនុវត្តឱ្យមានប្រសិទ្ធភាព ប៉ុន្តែចៅសង្កាត់បក្សប្រឆាំង មិនអនុវត្ត ព្រោះខ្លាចអាជីវករ ឬអ្នកចតយានជំនិះរញ៉េរញ៉ៃនោះខឹងសម្បា ប៉ះពាល់ដល់សន្លឹកឆ្នោត អាចធ្វើឱ្យអភិបាលខណ្ឌ CPP មានលេសចោទប្រកាន់ចៅសង្កាត់ CNRP ថា មិនគោរពបទបញ្ជាថ្នាក់លើ ឬប្រជាពលរដ្ឋខ្លះថា មេឃុំ-ចៅសង្កាត់ថ្មីរបស់បក្សប្រឆាំង គ្មានសមត្ថភាព។
ដូច្នេះយើងឃើញថា “អ្វីដែលពីមុន CPP មិនធ្វើ ឬធ្វើមិនមានប្រសិទ្ធភាព” បណ្តាលឱ្យបាត់បង់ការគាំទ្រ បើអ្នកថ្មី ហ៊ានធ្វើ កាន់តែបាត់បង់ការគាំទ្រធ្ងន់ជាងអ្នកមិនធ្វើទៅទៀត។ បញ្ហាសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈនេះ ពិបាកធ្វើណាស់ ជាក់ស្តែងនៅតាមដងវិថី ក៏ដូចជាជុំវិញផ្សារនានា មានយានជំនិះចតរញ៉េរញ៉ៃ និងការដាក់លក់ទំនិញគ្មានសណ្តាប់ធ្នាប់ តើមានអាជ្ញាធរណា អាចមករៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈនៅរាជធានីភ្នំពេញបាន? អ្នកចាស់ធ្វើមិនកើតទៅហើយ បើអ្នកថ្មីហ៊ានធ្វើ នឹងបាត់បង់ការគាំទ្រ តែបើមិនព្រមធ្វើ នឹងរងការចោទប្រកាន់មិនគោរពបទបញ្ជាថ្នាក់លើ។ ហេតុនេះការប្រុងប្រយ័ត្នមិនធ្វេសស្មារតីលង់ទៅក្នុងភាព “ស្រវឹងជីវិត និងស្រវឹងទ្រព្យ” មានខ្លឹមសារអប់រំជ្រាលជ្រៅណាស់ សម្រាប់មេឃុំ-ចៅសង្កាត់ថ្មីយកទៅអនុវត្ត។ សម្រាប់អ្នកចាស់ និងអ្នកថ្មី ឬ “គ្នាឯង គ្នាគេ” មានការតាមដានខ្លាំងតែអ្នកថ្មី ឬគ្នាគេនេះឯង ខណៈដែលភាគីប្រជែង កំពុងត្រៀមយកឈ្នះក្នុងការបោះឆ្នោតឆ្នាំ២០១៨។
សរុបទៅ “ស្រវឹងជីវិតភ្លេចងាប់ ស្រវឹងទ្រព្យភ្លេចខ្លួន” មានន័យយ៉ាងនេះឯង ដែលជាព្រះពុទ្ធដីកាបន្សល់ទុកមក។ ដូចយើងលើកឡើងរួចមកហើយថា មេឃុំ-ចៅសង្កាត់ចាស់របស់បក្សកាន់អំណាច ក៏មានការស្រវឹងជីវិត និងស្រវឹងទ្រព្យដែរ តែគេមិនសូវតាមដានចាប់កំហុសគាត់ទេ ប៉ុន្តែ មេឃុំ-ចៅសង្កាត់ថ្មី បើភ្លាត់ស្នៀតនឹងគ្រោះថ្នាក់មិនខានឡើយ ដែល “នគរធំ” ជួយប្រាប់យកតែបុណ្យទេ៕
ដោយ អាចារ្យថាំ