សុភាសិតសាកល ១ឃ្លាថា “កុំបង្រៀនក្រពើឱ្យចេះហែលទឹក” (Do not teach a crocodile how to swim) មានខ្លឹមសារផ្តោតជាសំខាន់ទៅលើការជំរុញមនុស្សដែលចេះជំនាញអ្វីស្រាប់ ឱ្យធ្វើជំនាញនោះ។ ករណីលោកអភិបាលខេត្តបាត់ដំបង ព្រមានចៅសង្កាត់ក្រមុំម្នាក់របស់បក្សប្រឆាំង ឱ្យប្រមូលប្រាក់ចំណូលពីផ្នែករដ្ឋបាលរបស់ខ្លួន នៅពេលដែលអាជ្ញាធរមូលដ្ឋាននោះយក “សូន្យរៀល” ធ្វើឱ្យមានការចាប់អារម្មណ៍ក្នុងមជ្ឈដ្ឋានមហាជន ដែល “នគរធំ” សូមលើកសុភាសិតខាងលើ មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
បន្ទាប់ពីឡើងកាន់តំណែងមេឃុំ-ចៅសង្កាត់ ជាផ្លូវការមក យើងឃ្លាំមើលឃើញថា របៀបរបបធ្វើការរបស់មេឃុំ-ចៅសង្កាត់ មកពីបក្សប្រឆាំង ភាគច្រើនប្រឹងធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមើលឃើញថា ខ្លួនស្អាតស្អំណាស់។ ជាក់ស្តែងកញ្ញា ស៊ិន ពៅចាន់រ៉ូហ្សេត ចៅសង្កាត់អូរចារ ក្រុងបាត់ដំបង គ្រាន់តែចាប់ផ្តើមការងារ១ខែ កន្លងមកនេះ បើពលរដ្ឋមកធ្វើសំបុត្រស្នាមអី នាងមិនយកលុយទេ ដោយសុខចិត្តនឿយខ្លួនឱ្យរាស្ត្រផ្តល់តម្លៃថា នាងស្អាតស្អំណាស់។ នៅតាមជញ្ជាំងសាលាឃុំ-សង្កាត់នីមួយៗ សុទ្ធតែមានបិទប្រកាសបង្ហាញពីតម្លៃសេវាផ្សេងៗផ្នែករដ្ឋបាល ដូចជាថ្លៃធ្វើសំបុត្រអាពាហ៍ពិពាហ៍ កំណត់យក១៥០០០រៀល សុំច្បាប់ធ្វើបុណ្យទាន ឬមង្គលការ២០០០០រៀល ជាដើម។ ក្រសួងមហាផ្ទៃ បានសម្រេចកំណត់តម្លៃ សេវានេះជាផ្លូវការ ដោយមិនឱ្យយកលើស ឬមិនយកនោះទេ ដោយមានចេញបង្កាន់ដៃត្រឹមត្រូវ ព្រោះតម្លៃនេះជាថវិកាជាតិ សម្រាប់ប្រើប្រាស់ក្នុងមូលដ្ឋាន។
ដោយហេតុថា មុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ មានការចោទប្រកាន់ពីបក្សប្រឆាំង ពីករណីមេឃុំ-ចៅសង្កាត់ចាស់របស់បក្សកាន់អំណាច យកលុយក្រោមតុលើសពីតម្លៃសេវាបិទនៅជញ្ជាំងនោះ ជាហេតុនាំឱ្យបក្សកាន់អំណាច របូតកៅអីមេឃុំជិត៥០០ ធ្លាក់ទៅបក្សប្រឆាំង។ ឥឡូវអ្នកថ្មីបានចូលអង្គុយកៅអីជំនួសអ្នកចាស់ ស្រាប់តែចៅសង្កាត់ក្រមុំនោះប្តូររបៀបរបបយកតម្លៃសេវា ០ (សូន្យ) រៀល ដែលធ្វើឱ្យអ្នកតាមដានយល់យ៉ាងច្បាស់ថា “បក្សប្រឆាំង ព្យាយាមចាក់គ្រឹះដោយបង្ហាញភាពស្អាតស្អំរបស់អាជ្ញាធរមូលដ្ឋាន ឈានទៅដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨ ខាងមុខ”។
ធម្មតាលុយ មនុស្សណាក៏ត្រូវការដែរ ដូចពាក្យស្លោកថា “មនុស្សនិងប្រាក់ យក្សនិងសាច់” ចុះហេតុអ្វីចៅសង្កាត់ក្រមុំ នោះ មិនទទួលលុយ? បើត្រឹមមិនទទួលប្រាក់ទឹកតែនោះ មិនអីទេ តែមិនទទួលតម្លៃសេវាកំណត់ដោយក្រសួងមហាផ្ទៃថែមទៀត ជាហេតុនាំឱ្យលោកអភិបាលខេត្ត ចាត់សហការីចុះទៅពិនិត្យ និងបញ្ជូនលិខិតព្រមាន២ច្បាប់ ជាពិសេស បានព្រមានធ្ងន់ៗថា “ករណីចៅសង្កាត់អូរចារ នៅតែរឹងទទឹង មិនព្រមអនុវត្តតាមការណែនាំនេះ រដ្ឋបាលខេត្ត នឹងមានវិធានការជាបន្ទាន់ និងម៉ឺងម៉ាត់បំផុតចំពោះលោកស្រីចៅសង្កាត់ ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់”។
ការលើកឡើងដោយត្រួសៗនេះ បង្ហាញថា “ចៅសង្កាត់អូរចារ មិនព្រមយកថ្លៃសេវា លោកអភិបាលខេត្តបាត់ដំបង បង្ខំឱ្យយក ឬបើមិនព្រមយក ត្រូវប្រឈមនឹងច្បាប់”។ ភាពប្រទាញប្រទង់គ្នានោះ មកពីថ្នាក់ក្រោមចង់បង្ហាញភាពស្អាតស្អំ ឯថ្នាក់លើតម្រូវឱ្យគោរពច្បាប់ ដែលមានន័យស្របនឹងសុភាសិត “កុំបង្រៀនក្រពើឱ្យចេះហែលទឹក” នេះឯង។ ធម្មតាក្រពើ គ្រាន់តែញាស់ចេញពីពង ក៏ចេះហែលទឹកភ្លាម មិនចាំបាច់ម្ចាស់បង្ហាត់បង្រៀនវាទេ។ ការដែលក្រពើចិញ្ចឹមក្នុងអាងកសិដ្ឋាន មិនព្រមចុះហែលទឹក អាចថា មកពីទឹកនោះក្តៅពេក បើម្ចាស់កសិដ្ឋានទៅចាប់កូនក្រពើនោះបង្រៀនឱ្យចេះហែលទឹក ជួនកាលភ្លាត់ស្នៀតត្រូវកូនក្រពើខាំដៃមិនខាន។
យ៉ាងណាមិញ “មនុស្សនិងប្រាក់” គ្មានអ្វីសង្ស័យនោះទេ អ្នកណាក៏ត្រូវការលុយដែរ ជាពិសេស នាងកញ្ញាចៅសង្កាត់នោះ ត្រូវការលុយដូចតែគេឯងអ៊ីចឹង។ បើខ្លួននាងនៅក្រមុំបែបនេះ តម្រូវការលុយកាន់តែចាំបាច់ ដូចជាទិញសម្លៀកបំពាក់ថ្មីឱ្យចូលចំណោមគេបានតម្រូវការទឹកអប់ ប្រេងម្សៅ តាមធម្មជាតិជាយុវវ័យ តម្រូវការម្ហូបអាហារ ថ្នាំសង្កូវ និងចំណាយផ្សេងៗទៀត បើរកលុយមិនបាន ក៏ធ្វើការងារមិនកើតដែរ។ ករណីនាងមិនយកលុយថ្លៃធ្វើសំបុត្រស្នាមជូនពលរដ្ឋនោះ ដូចយើងលើកឡើងខាងលើហើយថា ដើម្បីបង្ហាញភាពស្អាតស្អំឈានទៅឈ្នះឆ្នោតឆ្នាំ២០១៨ ព្រោះក្រៅពីចៅសង្កាត់អូរចារ ក៏មានមេឃុំចៅសង្កាត់ជាង ៤០០ទៀត សុទ្ធតែបង្ហាញភាពស្អាតស្អំ មិនយកលុយក្រោមតុដូចគ្នា។ លុះថ្នាក់ខេត្តបញ្ជាឱ្យយកលុយដូច “បង្រៀនក្រពើឱ្យចេះហែលទឹក” មានន័យថា “ក្រពើកៀចមិនចង់ចុះទឹក បើបង្ខំវាពេក វាខាំដៃ”។ ជួនកាល អ្នកអនុវត្តតាមបញ្ជា ធ្វើឱ្យជ្រុលជ្រួស ហួសបទបញ្ជា បំបាក់កិត្តិយសថ្នាក់លើក៏មានដែរ ដូចករណីរឿង “ធនញ្ជ័យ” ដែលយើងសូមលើកមកធ្វើទឡ្ហីករណ៍…។
រឿង “ធនញ្ជ័យ” ត្រង់វគ្គកណ្តាល បានតំណាលពីព្រះមហាក្សត្រត្រាស់បង្គាប់ធនញ្ជ័យ ឱ្យចុះទៅធ្វើស្រែ និងមើលការខុសត្រូវនៅតំបន់ទន្លេសាប។ ពេលទៅដល់ធនញ្ជ័យ បានបង្កើតច្បាប់ហូតពន្ធដាក់ឃ្លាំង និងពិន័យពលរដ្ឋណាដែលមិនបង់ពន្ធ។ ការយកពន្ធនោះតិចតួចទេ ប៉ុន្តែ រាស្ត្រមិនធ្លាប់បង់ពន្ធ ក៏នាំគ្នាឡើងទៅតវ៉ាដល់ស្តេច ទើបស្តេចបានកោះហៅធនញ្ជ័យទៅសាកសួរ។ បន្ទាប់ពីដឹងថា ធនញ្ជ័យ ចេះបង្កើតច្បាប់យកពន្ធដាក់ឃ្លាំង ស្តេចក៏ត្រាស់បង្គាប់ថា “អាឯងធ្វើដូច្នេះត្រូវហើយ តែដែលឯងយកពីមុននោះធ្ងន់ណាស់ ត្រូវអាយកតែ១បាតវិញ”។ ព្រះរាជបញ្ជានេះ ធនញ្ជ័យក៏យកទៅអនុវត្ត ដោយរកបាត្រព្រះសង្ឃ១ ទៅវាល់ប្រាក់ពន្ធ បណ្តាលឱ្យរាស្ត្រក្តៅក្រហាយ ខឹងទាំងធនញ្ជ័យ ឬថា ខឹងរាលដាលដល់ស្តេចថែមទៀត ព្រោះព្រះអង្គត្រាស់បង្គាប់ឱ្យយកប្រាក់១បាត ហើយត្រូវធនញ្ជ័យ កាឡៃទៅជា “១បាត្រ”។
យ៉ាងណាមិញ ករណីថ្នាក់ខេត្តបញ្ជាឱ្យយកប្រាក់ថ្លៃសេវាធ្វើសំបុត្រស្នាមផ្សេងៗនោះ បើចៅសង្កាត់ធ្វើតាមបញ្ជាយូរៗទៅ ឱ្យជ្រុលជ្រួសយកហួសពីតម្លៃក្នុងតារាង លុះមានបញ្ហាក៏ឆ្លើយដាក់អាជ្ញាធរខេត្តថា ជាអ្នកឱ្យយក។ ទោះយ៉ាងណា សម័យនេះ មិនដូចសម័យធនញ្ជ័យនោះទេ បើលោកខេត្តឱ្យយកថ្លៃធ្វើសំបុត្រកំណើត ១៥០០០រៀល បែរជាយក១០ដុល្លារនោះ អាចនឹងវ័ណ្ឌកដល់រឿង “ពុករលួយ” មិនខានឡើយ។ ចំណុចនេះ មេឃុំ-ចៅសង្កាត់ បក្សប្រឆាំង ពិតជាមិនហ៊ានធ្វើទេ ព្រោះជិតដល់ពេលបោះឆ្នោតទៀតហើយ ចាំបាច់ត្រូវតែ “ទុកក្រពះឱ្យស្វិតសិនចុះ”។
ដូច្នេះយើងឃើញថា “ក្រពើមិនចង់ហែលទឹក” ព្រោះទឹកអាងវាក្តៅ ឬស្អុយពេក បើចាប់បង្ខំ ឬបង្រៀនវាឱ្យហែលនោះ មិនបានលទ្ធផលអ្វីទេ។ ជួនកាលគេអាចរកលុយពីណាមកទុកផាត់សងតម្លៃសេវារដ្ឋបាល ឬថា ចៅសង្កាត់ចេញលិខិតជូនពលរដ្ឋ ក្នុង១ថ្ងៃ បានចំណូល២០ម៉ឺនរៀល បានទាំងចេញបង្កាន់ដៃទៀតផង។ លុយនោះ គេមិនយកពីពលរដ្ឋទេ តែចៅសង្កាត់ ត្រូវចេញលុយខ្លួនឯងសងរដ្ឋ ហើយតើចៅសង្កាត់ដ៏ក្រីក្រ បានលុយពីណាមក សង? លុះត្រាតែមានមូលនិធិពីក្រៅប្រទេស ជួយដើម្បីរក្សាភាពស្អាតស្អំ។ ទោះយ៉ាងណា បើបង្ខំខ្លាំង ចៅសង្កាត់បានត្រឹមយកកម្រៃតាមកំណត់រដ្ឋបាលប៉ុណ្ណោះ មិនហ៊ានយកលើសទេ ព្រោះបើហ៊ានយកលើសកំណត់ នឹងភ្លាត់ស្នៀត ជាប់អន្ទាក់អង្គភាពប្រឆាំងអំពើពុករលួយ មិនខានឡើយ។ មេឃុំ-ចៅសង្កាត់បក្សប្រឆាំង ច្បាស់ជាដឹងខ្លួនពីបញ្ហានេះ ព្រោះអ្នកថ្មី គេកំពុងតាមដាន។
សរុបទៅ “កុំបង្រៀនក្រពើឱ្យចេះហែលទឹក” មានន័យយ៉ាងនេះឯង ពោលគឺក្រពើវាចេះហែលទឹកស្រាប់ទៅហើយ ទោះមិនបង្រៀនក៏វាចេះដែរ។ លុយកាក់ អ្នកណាក៏ចេះចាយ ចេះរកដូចគ្នា ទោះមិនបាច់ប្រាប់ក៏មនុស្សត្រូវការលុយជាចាំបាច់ ឯរឿងមនុស្សមិនយកលុយ មកពីមានមូលហេតុពាក់ព័ន្ធដល់ការទាក់ទាញសន្លឹកឆ្នោតនេះឯង៕
ដោយ អាចារ្យថាំ