Wednesday, November 27, 2024
Homeបរិយាយរវល់តែវីវរ ឆ្កែទរប្រហុកអស់

រវល់តែវីវរ ឆ្កែទរប្រហុកអស់

សុភាសិតខ្មែរ ១ឃ្លាថា “រវល់តែវីវរ ឆ្កែទរប្រហុកអស់” មានខ្លឹមសារផ្តោតជាសំខាន់ទៅលើមនុស្សឱកាសនិយម ឆ្លៀត ពេលក្រុមគ្រួសារ ឬសង្គមមានរវល់ពីបញ្ហាអ្វីមួយ ក៏នាំគ្នាប្រព្រឹត្តអំពើពុករលួយ ដូចឆ្កែដែលម្ចាស់ផ្ទះកំពុងរវល់ ឬមានធុរៈ អ្វីមួយ ក៏លួចស៊ីប្រហុកអស់។ យ៉ាងណាមិញ ឆ្លៀតពេលរាជរដ្ឋាភិបាលរវល់រឿងការពារបូរណភាពទឹកដីនៅឯសមរភូមិមុខ មិនសូវប្រយ័ត្នសមរភូមិក្រោយ ជាឱកាសឱ្យឈ្មួញគ្រាក់ៗអាងខ្នងអាងខ្នាយ ជួញឈើប្រណីត បង្កភាពអនាធិបតេយ្យ តាមទំនើងចិត្ត ដែល “នគរធំ” សូមលើកសុភាសិតខាងលើមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

“ប្រហុក”“ព្រហក់” ហៅតាមការនិយមក្នុងតំបន់នីមួយៗ គឺជាម្ហូបពិសេសរបស់ខ្មែរ ផលិតពីត្រីល្អិតៗ ច្រកក្រឡ ទុកហូបបានយូរ មិនចេះខូច។ ការផលិតប្រហុក ស្ត្រីខ្មែរ ជាពិសេស កសិករចេះធ្វើគ្រប់គ្នា ដោយចាប់ផ្តើមពីការយកត្រីទៅវះពោះធ្វើឱ្យស្អាត រួចត្រាំទឹក១យប់ ទុកឱ្យហើមសាច់ធុំក្លិនស្អុយ ទើបគេស្រង់ទៅសំដិលហាលថ្ងៃមួយស្របក់ ក៏យកមកប្រឡាក់អំបិល ច្រកពាង ក្រឡផ្អឹបទុក ដោយចងភ្ជិតមាត់ក្រឡឱ្យជិត ក្រែងរុយរោមនាំឱ្យកើតដង្កូវ។ អ្នកស្រុកទន្លេ ឱ្យតែដល់រដូវត្រីត្រូវម្តងៗ ក៏នាំគ្នាទៅបោះតង់ បោះដំបូល ដេកជាច្រើនថ្ងៃ នៅកំពង់នេសាទ ដើម្បីទទួលទិញត្រីមកធ្វើប្រហុក បណ្តាលឱ្យមាត់ទន្លេធុំក្លិនឆ្អាបវឹក។ ចំពោះកសិករនៅឆ្ងាយពីទន្លេ ក៏អាចដាក់ទ្រូ ឬលប បានត្រីសម្រាប់ធ្វើប្រហុកដែរ ដោយច្រកទុកជាច្រើនក្រឡ បង្ការទុកថ្ងៃមុខអាចលូកយកវាមកច្នៃបរិភោគ។

ប្រហុកដ៏ប្រៃនិងស្អុយនោះ សម្រាប់បង់សម្លកកូរ សម្លប្រហើរ ឬចំហុយផ្ទាប់អន្លក់ មានឱជារសឈ្ងុយឆ្ងាញ់ណាស់ មិនថាតែប្រជារាស្ត្រសាមញ្ញ ឬនាហ្មឺនធំៗនោះទេ សូម្បីព្រះរាជវង្សានុវង្ស ក៏សោយប្រហុកដែរ។ ម្ហូបពិសេសនេះ ឆ្កែមិនចូលចិត្តប៉ុន្មានទេ ប៉ុន្តែ បើរកអ្វីស៊ីមិនបាន ពេលម្ចាស់មានរវល់ មិនបានផ្តល់ចំណីឱ្យវា ច្បាស់ជាឆ្កែលួចស៊ីប្រហុកក្នុងក្រឡអស់។ សូម្បីតែ “ដំរីក៏ស៊ីប្រហុក” ដែរ ដូចក្នុងឯកសារ “បាត់ដំបង សម័យលោកម្ចាស់” រៀបរៀងដោយលោកតូច ឈួង បានសរសេរពីដំរីញី១ក្បាលរបស់លោកម្ចាស់កថាថនឈុំ ចៅហ្វាយខេត្តបាត់ដំបង ក្រោមអំណាចសៀម ឈ្មោះ “មីប្រហុក” គេតែងតែ លែងវាឱ្យដើររកស៊ីពាសវាលពាសកាល គ្មានអ្នកស្រុកណាហ៊ានប៉ះពាល់មេដំរីនោះទេ ព្រោះខ្លាចអំណាចលោកម្ចាស់។ មីប្រហុក មិនចូលចិត្តស៊ីអំពៅ ឬដើមចេក ដូចដំរីឯទៀតទេ វាតែងដើរចូលភូមិលូកប្រមោយតាមជញ្ជាំង ចូលរោងបាយ កកូរកកាយរកប្រហុកក្នុងពាង ក្រឡ ឱ្យតែវារកឃើញ ក៏ស៊ីខ្ទេច។

បើយកសុភាសិត “រវល់តែវីវរ ឆ្កែទរប្រហុកអស់” មកឆ្លុះមើលបញ្ហាសង្គមយើងឃើញថា ខណៈដែលរាជរដ្ឋាភិបាល កំពុងមានធុរៈក្នុងការបញ្ជូនទ័ពទៅបណ្តេញកងទ័ពឡាវឈ្លានពានទឹកដី និងចាត់វិធានការយោធាការពារបូរណភាពដែនដី ក៏ស្រាប់តែ “ឈ្មួញទុច្ចរិតអាងខ្នងអាងខ្នាយ” លួចដឹកជញ្ជូនឈើប្រណីត និងមិនប្រណីត ទៅលក់នៅប្រទេសជិតខាង ដោយមិនញញើតច្បាប់។ ឈ្មួញទាំងនោះត្រូវបានដឹងថា សុទ្ធតែជាប់សែស្រឡាយអ្នកធំ អ្នកអន្ទ្រើស ធ្វើឱ្យទាហាន ប៉ូលិស ប៉េអឹម និងមន្ត្រីជំនាញល្អិតល្អោចដែលយាមល្បាតតាមដងផ្លូវមិនសូវហ៊ានក្អក។ ជួនកាលក៏មានការសមគំនិតគ្នាជាប្រព័ន្ធ ប្រើលុយជាធ្នាក់ទាក់ចិត្តសមត្ថកិច្ចពុករលួយ ឱ្យធ្មេចភ្នែកធ្វើមិនដឹងមិនឮ ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ។ រាជរដ្ឋាភិបាល ក៏បានបង្កើត “គណៈកម្មការ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ” រួចហើយដែរ ជាពិសេស សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទាំងចេញបញ្ជាឱ្យបាញ់ពីលើឧទ្ធម្ភាគចក្រទៅលើជនល្មើសបំផ្លាញព្រៃឈើទាំងឡាយណាដែលរឹងទទឹង ប៉ុន្តែ វិធានការក្តៅនេះមិនទាន់ឃើញធ្វើទេ គ្រាន់តែយូរៗ សមត្ថកិច្ចស្ទាក់ចាប់បានរថយន្តដឹកឈើខ្លះយកស្នាដៃ ខណៈដែលម្ចាស់ ឈើរត់រួច ទៅជាប់គុកឯអ្នកស៊ីឈ្នួលបើកបររថយន្តដឹកឈើឯណោះ។

ប្រទេសកម្ពុជា ពីដើម ភូមិ-ឃុំណាក៏មានព្រៃឈើដែរ ហើយបើចូលទៅដល់តំបន់ភ្នំ ឬព្រៃជ្រៅ សម្បូរដើមឈើគ្រប់ ប្រភេទ រាប់ពាន់ពូជ ដែលចាស់ៗ ឬកវីនិពន្ធបុរាណាចារ្យស្គាល់ឈើគ្មានសល់ ខណៈដែលមនុស្សសម័យនេះ ស្គាល់តិចតួចណាស់។ ភ្ញៀវទេសចរ ជាពិសេស យុវវ័យខ្មែរ ដែលធ្វើដំណើរទៅកម្សាន្តនៅខេត្តរតនគិរី មណ្ឌលគិរី កោះកុង ឬឡើងភ្នំ បូកគោ ព្រោះតែគេចង់ឃើញទិដ្ឋភាពព្រៃព្រឹក្សានេះឯង រួចក៏សួរចាស់ៗថា “អ៊ំ! ដើមអីហ្នឹង?” អ៊ំខ្លះក៏ស្គាល់ឆ្លើយប្រាប់ ក្មេងៗទៅថា “នេះជាដើមសុក្រំ ដើមទ្រយឹង ដើមផ្ចឹក” ឯអ៊ំខ្លះទៀតគ្រវីក្បាលដូចគោស្រាំងទិច ឆ្លើយថា “អ៊ំក៏មិនស្គាល់ដែរ ក្មួយ!”។ នៅក្នុងរឿង “មហាវេស្សន្តរជាតក” ត្រង់ “កណ្ឌមហាពន” ស្នាព្រះហស្តព្រះបាទអង្គឌួង បានរៀបរាប់ទិដ្ឋភាព ព្រៃព្រឹក្សាជា “ពាក្យកម្រងកែវ” គួរឱ្យចង់អានថា “ព្រាហ្មណ៍អើយ នៅជិតស្រះនោះមានទាំងស្ពៃ ជីរលីងលាក់ ខ្ជាយ ខ្ញីទឹក ខ្ញីភ្លើង ខ្ទឹមស ខ្ទឹមក្រហម មើមប្លុងផងច្រើន មានទាំងដើមត្រៀក ចង្រៀក ត្រសេក ផ្ចឹក ទ្រយឹង តាត្រៅ មានទាំង ឈើអែម ឪឡោក ទៀនព្រៃ ស្រឡី ស្រឡៅ ផ្តៅឆ្វាំង ទាំងចង្កូមស្កា ខ្នាផង មានទាំងផ្កាទេស ឈើកែស ប្រមោយដំរី ស្បែង ទ្រមែង ស្មែ ស្មាច់ ជម្ពូព្រឹក្ស អធិកនូវជ្រៃ រៃ រោក កន្ទ្រោក កកោះ រលួស រលាយ ពោធិ៍បាយ ត្រសាយសាខា មានទាំងត្រុំព្រៃ ចិត្តបុស្ស ប្រោះស្វា ប្រោះជា ឈូកត្រាញ់ ភង្គី អាគ្នេយ៍ឃ្វាល សហស្សគុណទន់ដី ច្រនៀង រវៀង ដកព ពពូលថ្ម រំដេញ ប្រផេញ ត្រៀល សឹងមានគ្រប់ពណ៌…”

ចំណែកនៅក្នុងរឿង “សព្វសិទ្ធិ” ស្នាដៃ “ម៉ឺនភក្តីអក្សរតន់” បានសរសេរជាបទពាក្យ៧ ប្រៀបធៀបព្រៃព្រឹក្សា ទៅនឹងសេចក្តីស្នេហាគួរឱ្យចង់អានថា “ព្រៃព្រឹក្សបងប្រៀបដូចបងព្រាត់ រង្គាត់រង្កៀសចិត្តរង្គាល មេឃមីរដូចមិត្តនឹកមមាល បងប្រៀបរោលរាលដាលឱវា។ ទតហើយទើបត្រាស់ប្រាប់ភីលៀង បងអើយចូរឆ្មៀងមើលរុក្ខា ដើមដុះខ្ពស់ស្រាងខាងបព្វតា ផ្លែផ្កាស្គាយស្គុសរុះរោយរាយ។ អង្កាញ់អង្កោលអង្គាដី ស្តៅស្តីស្តុកស្តុរក្តុលក្តាំងបាយ សង្ឃួចសង្ឃ័រគក្រូចក្រាយ ឃ្លៃឃ្លាយ ខ្លូតខ្លុងខ្លែងគង់កោត។ កាកោកាកីស្តីស្មាច់ស្មែ ច្រេសជ្រែត្រាងទ្រាំងលាំងជៃជោត វល្លិវើកវារវ័ណ្ឌព័ន្ធនិគ្រោធ លៀបលោត លាយលេចប៉ិចបុប្ផា។ លំពាន់លំពស់លាស់លំពង់ គ្រើលគ្រង់រង់រាក់រោគរកា សុក្រំសក្រាចត្រាចត្រៀលស្វា ក្រស្នាខ្នាខ្នុរសម្បុរ ល្វែង។ ដកព ដកពាយរាយពោនពួច ទ្រមូងទ្រមួចមៀនទ្រមែង ត្រឡកត្រឡាត់ស័ត្បាត្បែង ចេកចែងអំបែងថ្ងែថ្ងៃថ្ងាន់។ មាក់ប្រេងមាក់ប្រាងមាក់សាងសោក មាក់ដោកប្រដាក់មាក់បាតចន្ទន៍ អម្ពិលអំពៅស្បូវស្បាតស្បាន់ ក្រវាន់វារវ័ណ្ឌព័ន្ធព័ទ្ធពឹង។ ស្រឡៅស្រឡីស្រឡិតលាស់ ត្រៀបត្រាស់តាត្រៅត្រាចទ្រយឹង អង្ក្រមអង្គ្រងភ្លងកំភ្លឹង រាំងភ្នំក្ទម្ពខ្ទឹងឪជ្រឹងជ្រៃ…”

ការដកស្រង់អក្សរសិល្ប៍បុរាណ មកបង្ហាញនេះ គឺចង់ដាស់ស្មារតីមនុស្សស្រករក្រោយថា “បើមិនចេះថែទាំ ឬមិន ស្គាល់ព្រៃឈើ គួរកុំកាប់បំផ្លាញវា”។ មនុស្សសម័យនេះ ពេលដើរចូលព្រៃ អាចស្គាល់ឈើត្រឹមតែ ១០ដើម ចាត់ទុកថាខ្លាំង ហើយផ្ទុយពីកវីនិពន្ធបុរាណ ស្គាល់ឈ្មោះឈើគ្មានសល់ ដល់រាប់ពាន់ពូជឯណោះ។ អ្នកបំផ្លាញព្រៃ មិនខុសពី “ឆ្កែស៊ីប្រហុក” នោះទេ ព្រោះ “ប្រហុក ជាម្ហូបពិសេសរបស់ខ្មែរ” រីឯ “ព្រៃព្រឹក្សា ក៏ជាសម្បត្តិធម្មជាតិរបស់ខ្មែរ មិនអាចកាត់ថ្លៃបាន”។ ករណីឈ្មួញដឹកឈើប្រណីតទៅលក់នៅប្រទេសជិតខាង រហូតភ្លូករថយន្តក្អួតឈើពេញផ្លូវ ឬបើកបុកប្រជាពលរដ្ឋនោះ គឺមកពី “រវល់តែវីវរ ឆ្កែទរប្រហុកអស់” នេះឯង ពោលគឺរដ្ឋាភិបាលរវល់តែគិតរឿងជាតិ រឿងការពារបូរណភាពទឹកដីនៅសមរភូមិមុខ ទុកឱ្យពួកឱកាសនិយមបង្កបញ្ហានៅសមរភូមិក្រោយ… ឱ! ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី ខេត្តរតនគិរី នឹងវិនាសអស់ព្រៃឈើជាមិនខាន បើដឹកជញ្ជូនដូចស្រមោចបែបនេះ ហើយគ្មានការទប់ស្កាត់ !… វិនាសអស់ហើយ…ព្រៃឈើ…។

សរុបទៅ “រវល់តែវីវរ ឆ្កែទរប្រហុកអស់” ពុំមែនជាកំហុសរាជរដ្ឋាភិបាលនោះទេ តែជាកំហុសរបស់ឈ្មួញទុច្ចរិត អាង ខ្នងអាងខ្នាយ បំផ្លាញព្រៃឈើ និងធនធានធម្មជាតិ បង្ក្រាបយ៉ាងណាក៏មិនឈ្នះ។ លុះត្រាតែប្រើរំងកដែកទាក់ឆ្កែស៊ីប្រហុក ឱ្យអស់ ទើបម្ហូបពិសេសនេះ អាចទុកទទួលទានបានយូរ។ យ៉ាងណាមិញ បើនៅតែមានការកាប់បំផ្លាញ និងដឹកជញ្ជូនឈើ ទាំងយប់ទាំងថ្ងៃបែបនេះ ក្មេងស្រករក្រោយនឹងលែងស្គាល់ឈើសំខាន់ៗមិនខានឡើយ៕

ដោយ អាចារ្យថាំ

RELATED ARTICLES