ភាសិតសម្តេចព្រះសង្ឃរាជ ជួន ណាត ជាឃ្លាឃ្លោង១ល្បះថា “ឈ្នះអ្នកខ្ពស់ដោយបន្ទន់ប្រាណ ឈ្នះអ្នកក្លាហានដោយ ទម្លាយ ឈ្នះអ្នកខ្សោយដោយឱ្យសម្លបាយ ឈ្នះអ្នកស្មើកាយដោយព្យាយាម” មានខ្លឹមសារអប់រំល្អណាស់ សម្រាប់អ្នកនយោបាយយកទៅអនុវត្តឱ្យទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។ ត្រង់ឃ្លាទី៣ថា “ឈ្នះអ្នកខ្សោយដោយឱ្យសម្លបាយ” សំខាន់ជាងគេបំផុត ព្រោះអ្នកខ្សោយមានចំនួនច្រើនជាងអ្នកខ្លាំង បើអូសទាញអ្នកខ្សោយបាន ក៏ដូចជាបានសំឡេងឆ្នោតគាំទ្រខ្ពស់ដែរ ដែល “នគរធំ” សូមលើកភាសិតខាងលើមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
ខណៈដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ឆ្នាំ២០១៨ ជិតចូលមកដល់ បើគណបក្សនយោបាយណាស្ពឹកស្រពន់មិនសូវធ្វើសកម្មភាពពីឥឡូវ ឬថា លុះពេលឃោសនាបោះឆ្នោត ទើបស្ទុះស្ទានោះ ច្បាស់ជាចាញ់ប្រៀបគេមិនខាន។ អ្នកនយោបាយដែលឆ្លាត គឺ “ស្គាល់ចិត្តសាស្ត្រប្រជារាស្ត្រក្រីក្រ តើគាត់ត្រូវការអ្វី?” ពោលគឺកសិករ កម្មករ មិនទាន់ត្រូវការវីឡាធំ ស្កឹមស្កៃ រថយន្តទំនើបត្រជាក់ល្ហឹមនោះទេ ប៉ុន្តែពួកគាត់ត្រូវការត្រឹមតែ “បាយឆ្អែត” ដើម្បីកំដរឆាកជីវិតនៅនាលោកិយនេះ។
ដើម្បីបាន “បាយឆ្អែត” អ្នកក្រត្រូវដើរស៊ីឈ្នួលជួលព័ទ្ធគេ ឬធ្វើចំណាកស្រុកក្លាយទៅជាគូលី កម្មករ បម្រើការងារតាម ការដ្ឋានកសិដ្ឋាន រោងចក្រ សហគ្រាស ក្រុមហ៊ុននានា លៃយ៉ាងណាឱ្យតែបានបាយឆ្អែត។ បាយសម័យនេះ មិនសំដៅត្រឹមតែ “បាវអង្ករ” នោះទេ ប៉ុន្តែ “ប្រាក់ខែ ប្រាក់ឈ្នួល ប្រាក់កម្រៃ ប្រាក់រំព្ញក ប្រាក់លើកទឹកចិត្ត ប្រាក់រង្វាន់” ឯណោះទេ ដែលជាប្រភព “នាំឱ្យកើតបាយ”។ បើសិនជាប្រាក់ឈ្នួលរបស់កម្មករ-កម្មការិនី តិចតួចស្តួចស្តើងពេក ឬចំណូលតិចជាងចំណាយ ឈ្មោះថា “បាយមិនឆ្អែត” ឬ “បានត្រឹមកន្លះពោះ” ប៉ុណ្ណោះ។
ពាក្យ “ហូបមិនឆ្អែត” សម័យស្រុកទេសកំពុងអភិវឌ្ឍន៍នេះ ពុំមែនដូចសម័យប៉ុល ពត ចែកបបរព្រលិតគ្នាម្នាក់១វែកនោះទេ ព្រោះអ្នកក្រសម័យនេះ មិនដែលអត់ឃ្លានរហូតដល់ “ដេញដណ្តើមបាយ១គ្រាប់ជាប់កន្ទុយឆ្កែ” ដូចសម័យមហាអស្ចារ្យ មហាលោត ផ្លោះ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ នោះទេ ប៉ុន្តែ ករណីរោងចក្រសហគ្រាស ឱ្យប្រាក់ឈ្នួលទាបពេក ដែលគ្រាន់តែបង់ថ្លៃបន្ទប់ជួល ថ្លៃទឹកភ្លើង សាំងម៉ូតូ ស្ទើរអស់រលីងពីខ្លួន លុះកម្មករ-កម្មការិនី ចង់ហូបអ្វីក៏មិនបានដូចចិត្ត ចង់ឆ្ងាញ់មិនបានឆ្ងាញ់ ក៏បានត្រឹម សម្លម្ជូរត្រកួនបង់ប្រហុក ដាក់ត្រីទន្លេតូចៗសុទ្ធតែឆ្អឹងអ៊ីចឹងទៅ កម្របានស្គាល់ហេនណេសស៊ី ប៊ិស្ពឹក ដូច “អ្នកឆ្អែត” នោះឡើយ។
ហេតុនេះហើយ ទើបសម្តេចព្រះសង្ឃរាជ ជួន ណាត បានទុកព្រះមរតកសាសន៍ថា “ឈ្នះអ្នកខ្សោយដោយឱ្យសម្លបាយ” នេះឯង ព្រោះ “បាយអាចអូសទាញទឹកចិត្តអ្នកក្រឱ្យជំពាក់គុណម្ចាស់អំណោយ”។ ជាទូទៅ ជនជាតិខ្មែរ ជាអ្នកកាន់ព្រះពុទ្ធសាសនា ស្ទើរតែ១០០% ម៉្លោះហើយបើ “ហូបបាយគេមួយស្លាបព្រា ត្រូវជំពាក់គុណគេ” ស្របនឹងសុភាសិតមួយទៀតថា “យើងធ្វើគុណលើគេកុំសម្តែង គេធ្វើគុណលើឯងកុំបំភ្លេច”។
យ៉ាងណាមិញ ករណីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចុះជួបកម្មករ កម្មការិនីចំនួន៤២៧០នាក់ ដែលមកពីរោងចក្រនានា នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីពេលថ្មីៗនេះ ត្រូវបានមើលឃើញ ថា “សម្តេចកំពុងអនុវត្តតាមព្រះបណ្តាំសម្តេចព្រះសង្ឃរាជ ជួន ណាត តែម្តង”។ ក្នុងឱកាសជួបសំណេះសំណាលយ៉ាងរាក់ទាក់ មានទាំងថតសែលហ៊្វីជាមួយកម្មករ-កម្មការិនីផងនោះ សម្តេចបានប្រកាសថា ប្រាក់ឈ្នួលកម្មករនឹងឡើងដល់ ១៦៨ ដុល្លារ ក្នុង១ខែ នៅឆ្នាំ២០១៨ ដោយបូកផ្សំជាមួយប្រាក់ម៉ោង ប្រាក់រំព្ញក ប្រាក់កម្រៃ ប្រាក់លើកទឹកចិត្តផ្សេងទៀតនោះ អាចម្នាក់ៗទទួលបានពី២០០ទៅ៣០០ដុល្លារឯណោះ។ ជាងនេះទៀត សម្តេច បានប្រកាសថា ចាប់ពីឆ្នាំ២០១៩ តទៅ កម្មករ-កម្មការិនី នឹងបានទទួលប្រាក់ចូលនិវត្តន៍ដូចមន្ត្រីរាជការដែរ ជាពិសេស សម្តេចនាយករដ្ឋមន្ត្រីបានចាត់ឱ្យមានរថយន្តសម្រាប់ដឹកជញ្ជូន កម្មករ ដោយមិនយកកម្រៃ ដើម្បីសម្រួលជីវភាពក្មួយៗឱ្យមានលក្ខណៈប្រសើរជាងមុន។
ដូច្នេះយើងឃើញថា ត្រង់ហ្នឹងហើយជាយុទ្ធសាស្ត្រ “ឈ្នះអ្នកខ្សោយ ដោយឱ្យសម្លបាយ” ពោលគឺ បាយសម្ល សម័យ នេះ វានៅក្នុងប្រាក់ឈ្នួល ប្រាក់កម្រៃឯណោះ ពុំមែននៅក្នុងឆ្នាំង ដូចរបបប៉ុល ពត នោះទេ។ កន្លងមក ក៏មានការឃោសនាពីគណបក្សនយោបាយខ្លះថា អ្នកក្រភាគច្រើនគាំទ្របក្សប្រឆាំង ព្រោះគ្មានអ្នកណាជួយដោះស្រាយបញ្ហាក្រពះ។ លុះមានការបោះឆ្នោតជាបន្តបន្ទាប់ ឃើញថា គណបក្សសង្គ្រោះជាតិ ទទួលបានសំឡេងឆ្នោតឡើងប្រកៀកប្រកិតបក្សកាន់អំណាច ដូចជាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ ទទួលបាន៥៥អាសនៈ ទល់នឹង៦៨អាសនៈ នៃសភាជាតិ។ លុះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កៅអីមេឃុំ-ចៅសង្កាត់របស់បក្សប្រឆាំង កើនពី៤០កៅអី រហូតដល់៤៨៩កៅអី។ ការកើនសំឡេងនេះ បក្សប្រឆាំងបានព្រលយពាក្យថា មកពីកម្មករ កសិករក្រីក្របោះឆ្នោតគាំទ្រ ខណៈដែលមេដឹកនាំបក្សប្រឆាំង “មិនដែលចែកចាយឱ្យអ្នកក្រ” តែគេប្រើយុទ្ធសាស្ត្ររិះគន់បក្សកាន់អំណាច ដែលមិនជួយដោះស្រាយជីវភាពអ្នកក្រ។
ឥឡូវខ្យល់ប្តូរទិសហើយ បើសិនជាបក្សកាន់អំណាច យល់ច្បាស់ពី “ឈ្នះអ្នកខ្សោយដោយឱ្យសម្លបាយ” តាមរយៈការ ជួយអន្តរាគមន៍ដំឡើងប្រាក់ឈ្នួលជូនកម្មករ-កម្មការិនី ផ្តល់ប្រាក់រ៉ឺត្រែតដូចមន្ត្រីរាជការ មានសេវាដឹកជញ្ជូនមិនយកកម្រៃ ជាដើមនោះ ឈ្មោះថា បាន “ចែកបាយឱ្យអ្នកក្របានហូបឆ្អែត” កាលបើអ្នកក្របានហូបឆ្អែត ច្បាស់ជាមិនភ្លេចគុណ ម្ចាស់អំណោយនោះទេ។ ដូចលើកឡើងរួចមកហើយថា ការចែកបាយសម្លសម័យនេះ មិនមែនវាល់ចែកគ្នាដូចសម័យប៉ុល ពត នោះទេ ប៉ុន្តែ ជាការដំឡើងប្រាក់ឈ្នួល និងយកចិត្តទុកដាក់ដល់ជីវភាពអ្នកក្រ ក៏ដូចជាការចែកបាយបានហូបឆ្អែតស្កប់ស្កល់។
គួរកុំភ្លេចថា ក្រោយថ្ងៃ៧មករា ឆ្នាំ១៩៧៩ ប្រជាពលរដ្ឋខ្មែរគ្រប់រូប សល់តែបាតដៃទទេ ត្រូវបានរដ្ឋអំណាចនៃរបប សាធារណរដ្ឋប្រជាមានិតកម្ពុជា ចែកអង្ករ ម្សៅពោត ឱ្យរស់បណ្តើរៗ។ អាជ្ញាធរបានទាំងចែកដីធ្លីជូនប្រជាពលរដ្ឋ បង្កើត ជាក្រុមសាមគ្គី ធ្វើរួមចែកផល រហូតម្នាក់ៗបានឆ្អែតដោយមិនភ្លេចគុណអ្នកចែកបាយ ចែកអង្ករ ឱ្យរស់នោះទេ។ លុះយូរៗទៅក៏ មានមន្ត្រីមូលដ្ឋានស្ទើរតែទាំងអស់ ចេញក្បួន “ដណ្តើមគ្នារស់” គឺ “មិនចែកគ្នារស់” ដូចមុនទេ បណ្តាលឱ្យប្រជាពលរដ្ឋដកសេចក្តីទុកចិត្ត លុះដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី១ ក្រោមកិច្ចចាត់ចែងរបស់អាជ្ញាធរបណ្តោះអាសន្ន អង្គការសហប្រជាជាតិ (អ៊ុនតាក់) ស្រាប់តែជ័យជម្នះធ្លាក់ទៅលើគណបក្សហ៊្វុនស៊ិនប៉ិច ដែលមានតែបង្វេចម្នាក់មួយមកពីក្រៅប្រទេស ពោលគឺហ៊្វុនស៊ិនប៉ិច មិនបាច់ចែកបាយទេ តែគេប្រើយុទ្ធសាស្ត្រឃោសនារិះគន់អ្នកចែកបាយ ពាក់ព័ន្ធនឹងអំពើពុករលួយ។
ដូច្នេះករណីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាស់តឿនក្រើនរំព្ញកមន្ត្រីរាជរដ្ឋាភិបាល ឱ្យយកចិត្តទុកដាក់ពីជីវភាពកម្មករ-កម្មការិនី និងដាក់កាលវិភាគប្រចាំសប្តាហ៍ ចុះសំណេះសំណាលជាមួយកម្មករតាមរោងចក្រនានានោះ ច្បាស់ជាទទួលបាន ជោគជ័យក្នុងការទាក់ទាញប្រជាប្រិយភាពដូចកាលពីឆ្នាំ១៩៧៩ ក្រោយរំដោះស្រុកទេសថ្មីៗ។ សម្រាប់អ្នកក្រ មិនបាច់ជូនជា វីឡា ឡានទំនើប ឬចែកសំបុត្រយន្តហោះទៅលេងក្រៅប្រទេសនោះទេ តែបើបានត្រឹមប្រាក់ឈ្នួលកើន មានការផ្តល់សេវា ដឹកជញ្ជូនមិនយកថ្លៃ ធ្វើឱ្យពួកគាត់ត្រជាក់ចិត្តមិនខានឡើយ។ ចំណែកបក្សប្រឆាំង ក៏ពិបាកក្នុងការឃោសនាដែរ ឬថា ចោទប្រកាន់បក្សកាន់អំណាចថា មិនយកចិត្តទុកដាក់ពីជីវភាពកម្មករលែងកើត អាចនឹងចាញ់ប្រៀបអ្នកចែកបាយមិនខាន ខណៈដែលកន្លងមក បក្សកាន់អំណាចតែងរិះគន់បក្សប្រឆាំងថា “បានតែថា សន្យាខ្យល់ មិនបានធ្វើសាច់ការអីសោះ”។
សរុបទៅ “ឈ្នះអ្នកខ្សោយ ដោយឱ្យសម្លបាយ” គឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពសម្រាប់អ្នកនយោបាយ យកទៅ អនុវត្ត ទាក់ទាញប្រជាប្រិយភាព។ ការលើកឡើងខាងលើនេះ គ្រាន់តែជាការបកស្រាយពន្យល់ពីព្រះបណ្តាំសម្តេចព្រះសង្ឃរាជ ជួន ណាត ប៉ុណ្ណោះ ពុំមែនជាគំនិតផ្ទាល់របស់ “នគរធំ” នោះទេ។ ហេតុនេះបើគណបក្សណាអាចអូសទាញអ្នកក្រ ឱ្យ ជឿទុកចិត្តបាន សង្ឃឹមថា នឹងឈ្នះឆ្នោតមិនខានឡើយ ព្រោះចំនួនអ្នកក្រខ្សត់ ឬអ្នកខ្សោយ ច្រើនជាងអ្នកមាន ឬអ្នកខ្លាំង ដែលជាព្រះមរតកសាសន៍សម្រាប់អ្នកនយោបាយយកទៅអនុវត្តមិនចេះខុស៕
ដោយ អាចារ្យថាំ