សុភាសិតបារាំង ១ឃ្លាថា “អ្នកណាស្តាប់ជួងតែមួយ គឺស្តាប់សំឡេងតែមួយ” (Qui n’entend qu’une cloche n’entend qu’un son) មានខ្លឹមសារណែនាំតម្រង់ផ្លូវអ្នកដោះស្រាយបញ្ហាវិវាទអ្វីមួយ “ត្រូវតាំងចិត្តជាកណ្តាល” ពោលគឺ ខាងណាក៏ស្តាប់ ដើម្បីថ្លឹងថ្លែងរកនូវអ្វីដែលពិត។ ខណៈដែលរាជរដ្ឋាភិបាលបានរុញលោកជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំ ដែនដី នគរូបនីយកម្មនិងសំណង់ ឱ្យចុះដោះស្រាយវិវាទដីធ្លីដ៏រ៉ាំរ៉ៃដូចជំងឺរបេងនោះ លុះត្រាតែដើរស្របនឹងសុភាសិតខាងលើ ទើបមានសង្ឃឹមដោះស្រាយចេញ ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
“អ្នកណាស្តាប់ជួងតែមួយ គឺស្តាប់សំឡេងតែមួយ” បើពោលតាមអត្ថានុរូប ឬន័យត្រង់ សំដៅដល់អគារសិក្សា២កន្លែង ជាប់របងគ្នា ឬប៉ែកខាងលិចជាវិទ្យាល័យ រីឯប៉ែកខាងកើត ជាសាលាបឋមសិក្សា។ អគារសិក្សាទាំងពីរនេះ សុទ្ធតែមាន “ជួង” ម្នាក់មួយ សម្រាប់វាយឱ្យសញ្ញាចូលរៀន ចេញលេង និងដល់ពេលចេញទៅផ្ទះ។ ជួងវិទ្យាល័យ ធ្វើពីយ៉ាន់កង់រថយន្ត វាយឮសូរម៉ឺង!ៗ ចំណែកជួងសាលាបឋមសិក្សា ធ្វើពីបំណែកគ្រាប់បែកសល់ពីសម័យសង្គ្រាម វាយឮសូរម៉ាង!ៗ។ ជួងទាំងពីរ នេះ វាយមិនដែលដំណាលគ្នាទេ ព្រោះជួនកាលជួងវិទ្យាល័យ ឮមុន ជួនកាលជួងសាលាបឋមសិក្សាឮមុន។ ដូច្នេះសម្រាប់ មាតាបិតាដែលយកម៉ូតូទៅចាំទទួលកូន និងចតយានជំនិះត្រង់ចំណុចកណ្តាល ឬចំរបងខណ្ឌចែកអគារសិក្សា លុះត្រាតែ ស្តាប់ជួងទាំងពីរ ឬចេះចំណាំស្នូរជួង ទើបមិនច្រឡំ និងដឹងថា សិស្សខាងណាចេញមុន ខាងណាចេញក្រោយ។ បើគាត់មិន ចេះចំណាំ ឬរំពៃចាំស្តាប់តែជួងម្ខាងនោះ នឹងច្រឡំពេលវេលាមិនខាន ព្រោះជួនកាល ដោយសារកូនសិស្សធំៗ ឈ្លោះវាយតប់គ្នាក្នុងថ្នាក់ តម្រូវឱ្យនាយកសាលាដោះស្រាយ អាចនឹងពន្យារពេលវាយជួងចេញទៅផ្ទះ…។
យ៉ាងណាមិញ ទំនាស់ដីធ្លីរ៉ាំរ៉ៃរាប់ឆ្នាំ រវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនដីសម្បទាន នៅខេត្តកោះកុង ព្រះវិហារ កំពង់ស្ពឺ ធ្លាក់បន្ទុកទៅលើលោកជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ដែលកំណត់រយៈពេល៣០ថ្ងៃ ដោះស្រាយឱ្យរួចរាល់នោះ លុះត្រាតែ “ស្តាប់ជួងទាំងសងខាង ទើបមានប្រសិទ្ធភាព” ប៉ុន្តែ បើ “ស្តាប់ជួងតែមួយ គឺស្តាប់សំឡេងតែមួយ”។ ជាកិច្ចចាប់ផ្តើម លោករដ្ឋមន្ត្រី បានបើកការប្រជុំអន្តរក្រសួង ពាក់ព័ន្ធនឹងការវិវាទដីធ្លី ដូចជាក្រសួង កសិកម្ម ក្រសួងបរិស្ថាន និងក្រសួងពាណិជ្ជកម្ម រួចបានប្រគល់ភារកិច្ចជូនប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តទាំង៣ ដើម្បីបំពេញបែបបទជូនប្រជាពលរដ្ឋ។ លោករដ្ឋមន្ត្រីក៏បានព្រមានពលរដ្ឋផងដែរថា “បុគ្គលទាំងឡាយណាដែលក្លែងបន្លំឯកសារ ញុះញង់បង្កបញ្ហា ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន”។ ដោយឡែកភាគី ប្រជាពលរដ្ឋដែលឡើងមកតវ៉ារឿងដីធ្លីនោះ មានបងប្អូនមួយចំនួននិយាយស្របគ្នាថា ពួកគាត់ “អស់ជំនឿលើអាជ្ញាធរ ខេត្ត-ស្រុក ដោយសង្ឃឹមលោករដ្ឋមន្ត្រីជា សុផារ៉ា អាចដោះស្រាយបានដូចលោកធ្វើនៅអគារប៊ូឌិញ ប្រកបដោយជោគជ័យ ឥឡូវស្រាប់តែរុញរឿងដដែលហ្នឹងទៅអាជ្ញាធរខេត្ត-ស្រុក ធ្វើដូចមុន ដូចជាសង្ឃឹមតិចណាស់”។
ក្តាប់បាននូវសកម្មភាពប្រទង់ប្រទាញគ្នានេះ “នគរធំ” អាចសន្និដ្ឋានបានថា “ប្រហែលជាលោកជា សុផារ៉ា ប្រើយុទ្ធសាស្ត្រឈ្នះ-ឈ្នះ” ឬ “រុញបញ្ហានេះទៅឱ្យអាជ្ញាធរថ្នាក់ក្រោមធ្វើឡើងវិញ រួចលោកតាមដានពីក្រោយ តាមស្នៀត “ស្តាប់ស្នូរជួងទាំងសងខាង” ឬបញ្ចៀសបញ្ហា “អ្នកណាស្តាប់ជួងតែមួយ គឺស្តាប់សំឡេងតែមួយ” នោះហើយ។ កន្លងមក ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ធ្លាប់ដឹងថា កាលលោកជា សុផារ៉ា នៅធ្វើអភិបាលរាជធានី លោកមានស្នាដៃខ្ពស់ណាស់ ក្នុងការដោះស្រាយទំនាស់វិវាទផ្សេងៗ ប្រកបដោយតម្លាភាព ទើបបានជារាជរដ្ឋាភិបាលទុកចិត្ត ក៏ប្រគល់តួនាទីឱ្យដោះស្រាយ វិវាទដីធ្លីចំនួន៣ខេត្ត ដែលរ៉ាំរ៉ៃជាង១០ឆ្នាំមកហើយ។ លោកពិតជាដឹងថា អាជ្ញាធរថ្នាក់ក្រោមមានភាពលម្អៀងទៅតាមលាភសក្ការៈ មើលមិនសូវឃើញទឹកភ្នែកអ្នកក្រដែលបាត់បង់ដីធ្លី ត្រូវក្រុមហ៊ុនឈូសឆាយរំលោភយកហួសពីព្រំដែនមានក្នុងអាជ្ញាប័ណ្ណ ជាហេតុនាំឱ្យប្រជាពលរដ្ឋរងគ្រោះលើកគ្នាតវ៉ាមិនចេះចប់។ ប្រឈមនឹងបញ្ហានេះ លោករដ្ឋមន្ត្រី ត្រូវប្រើយុទ្ធសាស្ត្រ រុញរឿងវិវាទទៅឱ្យអាជ្ញាធរមូលដ្ឋានដោះស្រាយឡើងវិញ រួចលោកតាមឃ្លាំមើលពីក្រោយ “ចាំស្តាប់ស្នូរជួងទាំង សងខាង” ដោយកំណត់ពេល៣០ថ្ងៃ មិនខុសពីរឿង “បងខ្លាចោទតាឥសី” ដែលប្រស់វាឱ្យរស់ជីវិតដោយសារពស់ចឹក រួចប្តឹងចៅក្រមគោ ចៅក្រមត្មាត ចៅក្រមស្វា កាត់ឱ្យខ្លាស៊ីតាឥសី។ លុះបាន “បងសុភាទន្សាយ” កាត់ក្តី ក៏ប្រាប់ខ្លា ឱ្យទៅដេកលើរូងពស់ “ដើម្បីពិនិត្យសាឡើងវិញ” ទីបំផុត ពស់ក៏ចេញពីរូង ចឹកខ្លាអកតញ្ញូនោះងាប់ទៅ…។
យុទ្ធសាស្ត្រដោះស្រាយទំនាស់ ចាំបាច់ត្រូវតែ “ធ្វើសាឡើងវិញ” យ៉ាងនេះឯង ដែលស្របនឹងទ្រឹស្តីពុទ្ធនិយមថា “គេមិន គ្រាន់តែស្រាវជ្រាវរកការពិតប៉ុណ្ណោះទេ គឺត្រូវរស់នៅជាមួយការពិតនោះទាំងស្រុងទៀត” បានសេចក្តីថា បើចង់រកការ ពិតឱ្យឃើញ លុះត្រាតែអ្នកស្រាវជ្រាវបន្លំខ្លួនទៅរស់នៅជាមួយមនុស្សពាក់ព័ន្ធទើបបាន។ យ៉ាងណាមិញ ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ នោះ លុះត្រាតែអ្នកស្រាវជ្រាវចុះទៅប្លមខ្លួនរស់នៅជាមួយភាគីទំនាស់ “ស្តាប់ស្នូរជួងទាំងសងខាង” ទើបមានប្រសិទ្ធភាព។
គួរយល់ថា មនុស្សលោភលន់ ទោះជាបានទទួលដីសម្បទានរាប់ម៉ឺនហិកតារ ក៏មិនស្កប់ស្កល់ដែរ ដូចរឿងនិទានបារាំង មួយ តំណាលថា ៖ កាលនោះមានគហបតីម្នាក់ រំលោភយកដីកសិករ បណ្តាលឱ្យកសិករកើតទុក្ខមិនសុខចិត្ត ឡើងទៅប្តឹង ចៅហ្វាយស្រុក។ ដើម្បីរកឱ្យឃើញការពិត លោកចៅហ្វាយស្រុកក៏ចុះដល់ទីតាំងកើតហេតុ និងពិចារណាដឹងថា គហបតី ពិតជារំលោភយកដីអ្នកក្រមែន ប៉ុន្តែ ដើម្បីឱ្យគហបតីអស់ចិត្ត លោកចៅហ្វាយស្រុកក៏កាត់ថា ដីតំបន់ជើងភ្នំនេះ ជាដីរដ្ឋទាំងអស់ បើគហបតីចង់បានដីប៉ុន្មាន ត្រូវរត់វាតទីយកប៉ុណ្ណឹងចុះ។ លោកចៅហ្វាយស្រុកក៏ដាក់កំណត់ឱ្យគហបតីរត់វាតយកដី រយៈពេលកន្លះម៉ោង ត្រូវវិលមកដល់ដើមទីវិញ តែបើមកមិនទាន់ មិនបានដីទាំងនោះទេ។ ហេតុតែសេចក្តីលោភ គហបតី ក៏ប្រឹងរត់យកដីជើងភ្នំ សសៀរយកដងអូរ វាតយកដីទំនាបរាប់ពាន់ហិកតារ លុះដឹងថា ជិតដល់កំណត់ម៉ោង ក៏រត់ទៅ ដើមទីវិញ ហត់ពេក ក៏ដួលស្លាប់ក្បែរជើងចៅហ្វាយស្រុក ទីបំផុត គហបតីនោះបានតែ “ដី៥ហត្ថ” សម្រាប់កប់សពប៉ុណ្ណោះ ដែលជាលទ្ធផលនៃមហិច្ឆិតារបស់ខ្លួន…។
ដូច្នេះយើងឃើញថា សព្វថ្ងៃរឿងទំនាស់ដីធ្លីគ្រប់ទីកន្លែង នៅតែដោះស្រាយមិនចេះចប់ រហូតដល់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាទៅលោកឃួង ស្រេង អភិបាលរាជធានី ដោះស្រាយទំនាស់ដីតំបន់បឹងកក់ ឱ្យរួចរាល់ ដូចប្រសាសន៍ សម្តេចថា “ដីនៅសល់ប៉ុន្មាន ដោះស្រាយជូនពួកគាត់ទៅ”។ ឥឡូវលោកជា សុផារ៉ា ត្រូវទទួលបន្ទុកដោះស្រាយទំនាស់ដី ៣ខេត្តឯណោះ ពិតជាមិនធម្មតាទេ ដែលជាកិច្ចចាប់ផ្តើម លោកបានរុញបញ្ហានេះឱ្យអាជ្ញាធរខេត្ត-ស្រុក ដោះស្រាយឡើង វិញ។ ព្រោះតែអាជ្ញាធរខេត្ត-ស្រុកដោះស្រាយមិនចេញ បានជាមានការតវ៉ា ចុះ “ហេតុអ្វីបានជាលោករដ្ឋមន្ត្រី រុញបញ្ហាឱ្យ អាជ្ញាធរដោះស្រាយដដែលៗ?”។ សំណួរនេះអាចថា មកពីលោករដ្ឋមន្ត្រី “ប្រើស្នៀតសុភាទន្សាយ ប្រើខ្លាទៅដេកលើ រូងពស់” តែម្តង ដើម្បីផ្តល់យុត្តិធម៌ ប្រគេនតាបសឥសី។ ឧបមាថា អាជ្ញាធរខេត្ត-ស្រុក ឬប្រធានមន្ទីររៀបចំដែនដី និង ខាងសុរិយោដី លេងតែស្ទីលដដែលៗ ដូចជាគំរាមប្តឹងអ្នកតវ៉ាដាក់គុកច្រវាក់ដូចមុននោះ ច្បាស់ជាលោករដ្ឋមន្ត្រី ចាប់ចំណុច ខ្សោយបានមិនខានឡើយ។ សព្វថ្ងៃ ជួងខាងក្រុមហ៊ុនដីសម្បទាន ដែលមានអាជ្ញាធរនៅពីក្រោយ ឮសូរម៉ឺង ! ៗ ពីរោះ ណាស់ ចំណែកជួងខាងប្រជាពលរដ្ឋក្រីក្រ ទឹកភ្នែកទឹកសំបោរ នាំគ្នាមកតវ៉ានោះ ឮសូរម៉ាង!ៗ មិនសូវពីរោះទេ តែសង្កៀរ ត្រចៀកណាស់។ ដូច្នេះ លោករដ្ឋមន្ត្រីដ៏វាងវៃ ធ្លាប់មានស្នាដៃដោះស្រាយទំនាស់អគារបូឌិញសរួចរាល់ ប្រកបដោយសន្តិវិធី ពិតជា “ស្តាប់ជួងទាំងសងខាង” បញ្ចប់ទំនាស់រយៈពេល៣០ថ្ងៃ មិនខានឡើយ។
សរុបទៅ “ស្តាប់ជួងតែមួយ គឺស្តាប់សំឡេងតែមួយ” មានន័យយ៉ាងនេះឯង ដែលមានខ្លឹមសារណែនាំអ្នកដោះស្រាយ ទំនាស់ កុំឱ្យស្តាប់តែសំឡេងម្ខាង រួចទុកម្ខាងចោល នាំឱ្យមានបញ្ហា។ ចំណុចឈ្នះឆ្នោតឆ្នាំ២០១៨ របស់បក្សកាន់អំណាច អាចថា មួយផ្នែកនៅលើដំណោះស្រាយប្រកបដោយជោគជ័យរបស់លោករដ្ឋមន្ត្រី ជា សុផារ៉ា នេះហើយ ព្រោះបើទុកជម្លោះ ដីធ្លីឱ្យនៅរ៉ាំរ៉ៃតទៅទៀត “បក្សប្រឆាំងនឹងស៊ីឡាក” ឬបានផលចំណេញពីបញ្ហានេះដោយមិនចាំបាច់ប្រឹង៕
ដោយ អាចារ្យថាំ