Tuesday, November 26, 2024
Homeបរិយាយប្រវត្តិភ្នំបូកគោ

ប្រវត្តិភ្នំបូកគោ

បន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យអភិបាលខេត្តកំពត ទម្លាក់ស្លាករមណីយដ្ឋានសុខាឋានសួគ៌ (ភ្នំ បូកគោ) ដែលក្រុមហ៊ុនបានផ្លាស់ប្តូរស្រេចតែចិត្តនោះ ធ្វើឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានអបអរសាទរ ប៉ុន្តែ ក៏មានមួយចំនួន បានបន្ទោសអាជ្ញាធរមូលដ្ឋានថា ជា “អាជ័យចាំចម្ការ”។ ទោះយ៉ាងណា យើងសុំមិននិយាយពីរឿងសរសើរ និងបន្ទោសនោះ ទេ តែចង់លើកពី “ប្រវត្តិភ្នំបូកគោ” ដែលកកើតឡើងជិត១សតវត្សរ៍ទៅហើយ មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

ភ្នំបូកគោ កាលពីបុរាណ គឺជាព្រៃហ័តព្រៃហោង លំនៅខ្លាដំរី

កម្រមានមនុស្សឡើងទៅដល់កំពូលភ្នំ ដែលមានកម្ពស់ ១០៧៥ម៉ែត្រ។ ពីមុន ទីតាំងនេះ ឋិតនៅក្នុងឃុំកោះតូច ស្រុកកំពត ខេត្តកំពត ប៉ុន្តែ ក្រោយពេលមានការអភិវឌ្ឍមក បានកាត់ផ្តាច់ទៅជា “បុរីបូកគោ” ដែលកាលពីសម័យសង្គមរាស្ត្រនិយម រាជការបានចាត់ឱ្យមានរដ្ឋបាលគ្រប់គ្រងពិសេស ផ្តាច់ចេញពីខេត្តកំពត។ កំពូលភ្នំបូកគោ មានចម្ងាយ៤២គីឡូម៉ែត្រ ពីទីរួម ខេត្តកំពត ប៉ុន្តែ បើគិតត្រឹមផ្លូវបំបែកក្បែរមាត់សមុទ្រ ចេញពីផ្លូវជាតិ មានចម្ងាយ៣៣គីឡូម៉ែត្រ។ រមណីយដ្ឋាននេះ រកឃើញមុនគេដោយជនជាតិបារាំងម្នាក់ ឈ្មោះរូលួស ទំនងគាត់ជាអ្នកស្រាវជ្រាវ ឬអ្នកឡើងភ្នំដ៏ចំណាននាសម័យនោះ និងបានរកឃើញ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩២២ ស្របនឹងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ (ព្រះបរមរាជានុកោដ្ឋ) និងជាឆ្នាំប្រសូតនៃសម្តេចឪ ព្រះនរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ)។

បន្ទាប់ពីការរកឃើញមក ជនជាតិបារាំងម្នាក់នោះ បានរាយការណ៍ជូនលោកទេសាភិបាលបារាំង (Résident  Supérieur) ដោយអួតសរសើរពីខ្នងភ្នំបូកគោ មានផ្ទៃដីរាប អាចសង់លំនៅឋានស្នាក់នៅបាន និងមានធាតុអាកាសត្រជាក់ស្រួលគ្រប់រដូវ ប្រហាក់ប្រហែលសីតុណ្ហភាពនៅប្រទេសបារាំង។ ដោយមានចំណូលចិត្តក្នុងការលម្ហែកម្សាន្តយកខ្យល់អាកាស ផងនោះ ទើបលោកហ្វ្រង់ស្វ័រ បូដ្វាំង (François Bodoin) ជារ៉េស៊ីដង់ ស៊ុបពែរីយើរ ប្រចាំកម្ពុជា បានចាត់កែនកម្លាំង មនុស្សជ្រើសយកប្រជារាស្ត្រខ្មែរ ចាប់ពីអាយុ១៨ឆ្នាំ ដល់៤៥ឆ្នាំ រាប់ពាន់នាក់ ទៅកាប់ឆ្ការធ្វើផ្លូវចាប់ពីជើងភ្នំ រហូតដល់កំពូលភ្នំ តាំងពីឆ្នាំ១៩២៥។

គួរបញ្ជាក់ថា រដ្ឋការអាណាព្យាបាលបារាំង បានធ្វើកំណែនមនុស្សនៅឥណ្ឌូចិន គឺកម្ពុជា វៀតណាម លាវ ដែលនៅ ក្រោមអាណានិគមរបស់ខ្លួន បានចំនួនជិត១០ម៉ឺននាក់ យកទៅជួយវាយអាល្លឺម៉ង់ អំឡុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤- ១៩១៨។ ក្រោយមកក៏មានការរឹតត្បិតទារពន្ធដារយ៉ាងធ្ងន់ ដើម្បីគាបសង្កត់ប្រជារាស្ត្រខ្មែរ ឱ្យចូលកំណែន ពោលគឺបើចង់ រួចពន្ធ ត្រូវទៅកសាងផ្លូវឡើងភ្នំបូកគោ។ ក្នុងករណីខ្លះ ប្រជាពលរដ្ឋក្តៅក្រហាយ មិនព្រមចូលកំណែន និងគ្មានប្រាក់បង់ពន្ធផងនោះ ក៏នាំគ្នាបះបោរ រហូតមានការកាប់សម្លាប់មន្ត្រីបារាំង ដូចរឿង “ភូមិតិរច្ឆាន” ដែលលាតត្រដាងពីសកម្មភាព ខ្មែរបះបោរ នៅភូមិក្រាំងលាវ ខេត្តកំពង់ឆ្នាំង ធ្វើឃាតលោកបារដែស Bardez ជារ៉េស៊ីដង់បារាំង ប្រចាំខេត្តកំពង់ឆ្នាំង។

ទោះជាមានការប្រឆាំងជំទាស់យ៉ាងណា ក៏អំណាចចុងអាវុធរបស់បារាំង បានសម្រេចផែនការជាស្ថាពរក្នុងការកសាងផ្លូវ ឡើងទៅកំពូលភ្នំបូកគោ ដែលមានស្ថានភាពបត់បែន ក្រវិកក្រវៀន ចំណាយជីវិតមនុស្សអស់រាប់រយនាក់ ដោយសារជំងឺ គ្រុនចាញ់ ពស់ចឹក ឬខ្លាទះជាដើម។ ចូលមកដល់សម័យសង្គមរាស្ត្រនិយម ផ្លូវឡើងភ្នំ ត្រូវបានកែលម្អ ក្រាលជ័រកៅស៊ូយ៉ាង ស្អាត ដោយរៀបចំកន្លែងសម្រាប់កម្សាន្តដាច់ៗពីគ្នា ដូចជាទឹកជ្រោះពពកវិល, ថ្មមុខយក្ស ឬអ្នកថែរក្សាព្រៃ, បឹងលើភ្នំ, វត្តសំពៅ៥, ព្រះវិហារកាតូលិកចាស់, ឡឺបូកគោ ផាលេស (សណ្ឋាគារចាស់), ព្រះដំណាក់ស្លាខ្មៅ, ព្រះរាជដំណាក់ព្រះបាទមុនីវង្ស, វាលស្រែ៥០០ និងកន្លែងធ្វើសមាធិ។

នៅក្នុងសៀវភៅស្តីពី “អនុស្សាវរីយ៍ផ្អែមល្ហែម និងជូរចត់” ព្រះរាជនិពន្ធដោយសម្តេចឪ ព្រះនរោត្តម សីហនុ បានលាតត្រដាងពីភាពក្តុកក្តួលរំជួលព្រះរាជហប្ញទ័យ ខណៈដែលព្រះអយ្យកោ (ជីតា) គឺព្រះបាទមុនីវង្ស ទ្រង់សោយព្រះទិវង្គត ក្នុងព្រះដំណាក់លើកំពូលភ្នំបូកគោ។ អត្ថបទពិតនោះ សម្តេចឪព្រះបរមរតនកោដ្ឋ ទ្រង់ព្រះលិខិតជាអាទិ៍ថា “ដោយសារតូចព្រះទ័យចំពោះសន្ធិសញ្ញាបារាំង-ថៃ បណ្តាលឱ្យបាត់បង់ខេត្តបាត់ដំបង ត្រឹមស្ទឹងស្វាយដូនកែវ បណ្តាលឱ្យព្រះមហាក្សត្រខ្មែរ ព្រះបាទមុនីវង្ស គង់ក្នុងព្រះបរមរាជវាំងលែងបាន ក៏យាងទៅបង្ខាំងព្រះកាយក្នុងព្រះដំណាក់ភ្នំបូកគោ។ ព្រះអង្គលែងចង់ឃើញអ្នកណាទាំងអស់…ទ្វារព្រះដំណាក់ត្រូវបិទជិត…មិនយូរប៉ុន្មាន ព្រះអង្គទ្រង់ប្រឈួនយ៉ាងខ្លាំង ហើយប៉ុន្មានម៉ោង ក្រោយមក ព្រះមហាក្សត្រ ក៏ទ្រង់សោយព្រះទិវង្គត។ គេបានគ្រងព្រះពស្ត្រថ្វាយព្រះអង្គ ហើយលើកព្រះសពឱ្យគង់យ៉ាង ស្រួល នៅបាំងខាងក្រោយនៃព្រះរាជទីនាំងស៊ីត្រូអែន (Citroèn) ពណ៌ខ្មៅរបស់ព្រះអង្គ។ នៅវេលាម៉ោង១រំលងអធ្រាត្រ កូនក្បួនដង្ហែព្រះបរមសព ចេញពីភ្នំបូកគោ មកដល់ព្រះបរមរាជវាំង ដោយឆ្លងកាត់រាជធានីដ៏ស្ងាត់សូន្យ…”។

ក្រៅពីអត្ថបទជាព្រះរាជនិពន្ធនេះ សម្តេចព្រះនរោត្តម សីហនុ ក៏ធ្លាប់ដឹកនាំរឿង និងសម្តែងជាតួឯកឧត្តមសេនីយ៍ ជប៉ុន បានទៅជួប “កុលាបបូកគោ” ដែលសម្តែងដោយសម្តេចម៉ែ នរោត្តម មុនិនាថ សីហនុ ក្នុងរឿង “កុលាបបូកគោ” ទទួលបានការគាំទ្រពីទស្សនិកជនភ្លូកទឹកភ្លូកដី កោតសរសើរពីព្រះរាជទេពកោសល្យរបស់ព្រះអង្គ ដែលជាអ្នកនយោបាយដ៏ឆ្នើមផង ជាតារាភាពយន្តដ៏លេចធ្លោផង។

ចូលមកដល់បច្ចុប្បន្នកាលនេះ បុរីបូកគោ ដែលធ្លាប់ខ្ទេចខ្ទាំដោយសារសង្គ្រាមជិត៣ទសវត្ស ត្រូវបានដាក់ឱ្យក្រុមហ៊ុន សុខា អូតែល របស់ឧកញ៉ាសុខ គង់ វិនិយោគរយៈពេល៩៩ឆ្នាំ ដោយក្រុមហ៊ុនបានជួសជុលផ្លូវឡើងឱ្យបានស្អាតជាងមុន និងបង្កើតរមណីយដ្ឋានបន្ថែមប្លែកៗ គួរឱ្យចាប់អារម្មណ៍ ដោយប្តូរឈ្មោះពី “បុរីបូកគោ” ទៅជា “រមណីយដ្ឋានឋានសួគ៌បូកគោ”។ ទំនងជាតំបន់ទេសចរណ៍នេះល្បីខ្លាំង មានប្រភពចំណូលមិនចេះរីងស្ងួត ទើបក្រុមហ៊ុនសម្រេចដូរឈ្មោះជាថ្មីទៀត ទៅជា “រមណីយដ្ឋាន សុខាឋានសួគ៌” បណ្តាលឱ្យមហាជនមានប្រតិកម្មជុំទិស ជ្រាបទៅដល់ប្រមុខរាជរដ្ឋាភិបាល បញ្ជាទៅអាជ្ញាធរខេត្ត ឱ្យទម្លាក់ស្លាកថ្មីនៅខ្លោងទ្វារនាជើងភ្នំបូកគោនោះវិញ។ រឿងសរសើរនិងបន្ទោសនោះ “នគរធំ” សុំមិនបរិយាយទេ ព្រោះថា ក្រុមហ៊ុនឯកជន បើធ្វើសកម្មភាពអ្វីមិនស្របចិត្តប្រជាពលរដ្ឋខ្មែរ តែងតែផ្ទុះប្រតិកម្មយ៉ាងនេះឯង សូម្បីតែក្រុមហ៊ុនមួយនេះធ្លាប់គ្រប់គ្រងការលក់សំបុត្រចូលទស្សនាប្រាសាទនៅតំបន់អង្គរ ក៏ត្រូវរាជរដ្ឋាភិបាលដកអាជ្ញាប័ណ្ណ មកគ្រប់គ្រងខ្លួនឯងវិញដែរ ក្រោយពីផ្ទុះប្រតិកម្មពីមហាជន។

អ្វីដែល “នគរធំ” ចង់លើកឡើង គឺភ្នំបូកគោ មានឈ្មោះបែបនេះ តាំងពីបុរាណព្រេងនាយមកម៉្លេះ ព្រោះភ្នំនេះ បើក្រឡេកមើលពីក្រុងកំពត ឃើញមានទិដ្ឋភាពដូច “បូកសត្វគោឡើងក” ទើបចាស់ៗជំនាន់ដើម ដាក់ឈ្មោះថា “ភ្នំបូកគោ” យ៉ាងនេះទៅ។ ភ្នំនេះជាសាខា ឬជាចំណុះ “ភ្នំកំចាយ” ដែលមានវិសាលភាពរាប់រយគីឡូម៉ែត្រក្រឡា។ ចំណុចកំពូលភ្នំបូកគោ សម្រាប់រដូវវស្សា ចុះអ័ព្ទស្ទើរគ្រប់ម៉ោង មើលគ្នាពីចម្ងាយមិនឃើញទេ ជួនកាលអ្នកទេសចរអាចដេញចាប់ពពក លេងកម្សាន្ត តាមចំណង់ចំណូលចិត្ត។

សរុបទៅ “ប្រវត្តិភ្នំបូកគោ” ទម្រាំតែជឿនលឿនដូចសព្វថ្ងៃនេះ គឺបានចំណាយជីវិត “គូលីកំណែន” អស់រាប់រយនាក់ ខណៈដែលបារាំង បានកេណ្ឌរាស្ត្រខ្មែរ ទៅកសាងផ្លូវឡើងភ្នំ ប្រឈមនឹងជំងឺគ្រុនចាញ់ ពស់ចឹក ខ្លាទះ ឬដើមឈើរលំសង្កត់។ ហេតុនេះ គួរតែខ្មែរស្រករក្រោយ ដែលគ្រាន់តែជួសជុលរបស់ចាស់ ឬកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីលើដីចាស់នោះ មិនត្រូវ ដូរឈ្មោះស្រេចតែចិត្តនោះទេ សូម្បីតែព្រះរាជដំណាក់ ឬទីតាំងដែលអតីតព្រះមហាក្សត្រខ្មែរ សោយព្រះទិវង្គតនោះ គួរ តែប្រគល់មកឱ្យក្រសួងព្រះបរមរាជវាំង គ្រប់គ្រងវិញ ទើបសមជាខ្មែរ ស្គាល់តម្លៃប្រវត្តិសាស្ត្រ៕

ដោយ អាចារ្យថាំ

RELATED ARTICLES