ម៉ៅ សេទុង មេបដិវត្តន៍អធន និងជាអគ្គមគ្គុទ្ទេសក៍ចិន ដ៏ល្បីល្បាញលើពិភពលោក បានទុកមរតកសាសន៍ ១ឃ្លាថា “បដិវត្តន៍ មិនមែនស្រួលដូចការជួបជុំគ្នាផឹកទឹកតែនោះទេ”។ បណ្តាំនេះផ្តល់ការអប់រំល្អណាស់ សម្រាប់អ្នកនយោបាយ គ្រប់ ជាតិសាសន៍ ទោះជាមិនមែនកុម្មុយនីស្ត ក៏អាចយកទៅអនុវត្តបានដែរ ដែល “នគរធំ” សូមលើកពីរបៀបធ្វើបដិវត្តន៍គ្រប់ ប្រភេទ មកបរិយាយថ្ងៃនេះ…។
លោកម៉ៅ សេទុង (Mao Tsetung) កើតនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៨៩៣ ក្នុងគ្រួសារកសិករមួយនៅស្រុកឆាវសាន ខេត្តហ៊ូណាន (Hunan) ភូមិភាគកណ្តាលនៃប្រទេសចិន។ បន្ទាប់ពីឆ្លងកាត់ការសិក្សាលទ្ធិម៉ាក់ស៊ីស ឆ្អែតឆ្អន់ គាត់បានប្រមូល គ្នីគ្នាបង្កើត “បក្សកុម្មុយនីស្តចិន” (Chinese Communist Party) ជាដំបូង ដែលមានគ្នាតែ១២នាក់ប៉ុណ្ណោះ ដោយមានការបង្ក្រាបពីរដ្ឋាភិបាល ដឹកនាំដោយវេជ្ជបណ្ឌិតស៊ុន យ៉ាតសេន។ ក្រោយមកស៊ុន យ៉ាតសេន បានអំពាវនាវឱ្យម៉ៅ សេទុង ចូលរួបរួមជាមួយរដ្ឋាភិបាល ដើម្បីប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន ហើយបន្ទាប់ពីមរណភាពរបស់ស៊ុន យ៉ាតសេន នៅ ឆ្នាំ១៩២៧ ជាង កាយចៀក បានដឹកនាំរដ្ឋាភិបាល និងចាប់ផ្តើមបោសសម្អាតពួកកុម្មុយនីស្ត ធ្វើឱ្យម៉ៅ សេទុង បង្ខំចិត្តនាំ បក្ខពួកទៅបង្កើតមូលដ្ឋានថ្មីនៅភាគពាយ័ព្យប្រទេស។ បន្ទាប់ពីជប៉ុន ចុះចាញ់សង្គ្រាមលោកលើកទី២មក ម៉ៅ សេទុង ដណ្តើមអំណាចបាន ដោយរុញច្រានជាង កាយចៀក ឱ្យរត់ភៀសខ្លួនទៅនៅកោះតៃវ៉ាន់ បង្កើតជារដ្ឋមួយផ្តាច់ខ្លួនពីចិនដី- គោក ខណៈដែលម៉ៅ សេទុង បង្កើត “សាធារណរដ្ឋប្រជាមានិតចិន”។ ដើម្បីពង្រឹងអំណាចរបស់ខ្លួន ប្រធានម៉ៅ បានធ្វើ “បដិវត្តន៍វប្បធម៌” និង “ធ្វើវិស្សុទ្ធកម្ម” បណ្តាលឱ្យមនុស្សជាង១លានកន្លះ ត្រូវស្លាប់ ហើយសម្បត្តិវប្បធម៌ អរិយធម៌ជាច្រើន ត្រូវបំបាត់ចោល។ ម៉ៅ សេទុង កាន់តំណែងជាអគ្គមគ្គុទ្ទេសក៍ចិន ល្បីល្បាញខ្លាំងណាស់ រហូតដល់ទទួលមរណភាព នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ១៩៧៦ ក្នុងជន្មាយុ៨២ឆ្នាំ ដោយជរាពាធ ប៉ុន្តែ មុនស្លាប់ គាត់បានសាងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក កាលពីឆ្នាំ១៩៧២ ដោយបានអញ្ជើញប្រធានាធិបតីនិកសុន (Nixon) ទៅបំពេញទស្សនកិច្ចមិត្តភាព នៅរដ្ឋធានីប៉េកាំង។
សាវ័កម៉ៅ សេទុង ជាច្រើន បានឱ្យដឹងថា ប្រធានម៉ៅ ចូលចិត្តពិសាទឹកតែក្តៅហុយៗ និងជួបជុំសហការីជំនិត ពិភាក្សា កិច្ចការប្រទេសជាតិ រហូតបន្សល់ទុកបណ្តាំថា “បដិវត្តន៍ មិនមែនស្រួលដូចការជួបជុំគ្នាផឹកទឹកតែនោះទេ” ដែលបណ្តាំនេះ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយជាសាធារណៈ ពាសពេញពិភពលោក។
“បដិវត្ត” ជាកិរិយាសព្ទ មានន័យថា ប្រព្រឹត្តប្រឆាំង បង្វិលត្រឡប់ ប្រែប្រួល, កែប្រែផ្លាស់ប្តូររបបគ្រប់គ្រង។ រីឯ “បដិវត្តន៍” ជា នាមសព្ទ មានន័យថា ការវិលត្រឡប់ ការប្រែប្រួល ការកែប្រែ ការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនូវរបបគ្រប់គ្រងរដ្ឋ។ បដិវត្តន៍ ដែលប្រធានម៉ៅ ធ្លាប់ប្រើ គឺ “បដិវត្តន៍វប្បធម៌” (Cutural Revolution) តាមរយៈការធ្វើកំណែទម្រង់រដ្ឋបាល និងរបៀបរបបចាស់ ដូចជាមនុស្សជាប់កម្អែលរាជានិយម ជាដើម តម្រូវឱ្យកែខ្លួនជាជនកុម្មុយនីស្ត (រួម សម្បាច់) បើមានការរឹងទទឹង ច្បាស់ជាមានការបង្ក្រាបមិនខាន។ ភរិយារបស់ម៉ៅ សេទុង ឈ្មោះចាង ឈីញ ជាអ្នកដឹកនាំ បដិវត្តន៍វប្បធម៌ បណ្តាលឱ្យរងគ្រោះដល់អាយុជីវិតប្រជាជនចិន អស់មិនតិចទេ លុះប្រធានម៉ៅ ស្លាប់ទៅ ប្រពន្ធគាត់ត្រូវ បានតុលាការប្រជាជន នាំទៅកាត់ទោស។ នៅកម្ពុជា ក៏មានការធ្វើបដិវត្តន៍ ដែរ ជាក់ស្តែងមេដឹកនាំខ្មែរក្រហម ប៉ុល ពត អៀង សារី ខៀវ សំផន នួន ជា បានធ្វើបដិវត្តន៍តាំងពីនៅជានិស្សិតរៀននៅប្រទេសបារាំង លុះប្លន់អំណាចបាន នៅឆ្នាំ១៩៧៥ ពួកនេះបានដឹកនាំបដិវត្តន៍ ផ្តួលរំលំរបៀបរបបចាស់គ្មានសល់ បណ្តាលឱ្យមានគ្រោះប្រល័យពូជសាសន៍ កើតឡើង ព្រោះ “បដិវត្តន៍ជ្រុលនិយម” ដែលយើងមិនបាច់រំព្ញកវែងឆ្ងាយ។
បច្ចុប្បន្ន មានបដិវត្តន៍បែបថ្មីកើតឡើង ឈ្មោះ “បដិវត្តន៍ពណ៌” (Color Revolution) ដោយចាប់ប្រភពនៅតំបន់បាល់- កង់ អតីតសហភាពសូវៀត នៅដើមទសវត្សរ៍ឆ្នាំ២០០០។ បដិវត្តន៍ពណ៌ បានរាលដាលទៅដល់មជ្ឈិមបូព៌ា មានប្រទេសស៊ីរី ជាដើម បណ្តាលឱ្យកើតសង្គ្រាមឈាមដាបធរណី មិនទាន់រលត់ផង។ បដិវត្តន៍ពណ៌ ផ្តើមចេញពីការស្លៀកពាក់ពណ៌ដូចគ្នា និងលើកគ្នាដង្ហែតាមដងផ្លូវ ទាមទារឱ្យរដ្ឋាភិបាលកែទម្រង់ ឬចុះចេញពីតំណែង ដូចបដិវត្តន៍ពណ៌លឿង នៅហ៊្វីលីពីន នា ឆ្នាំ១៩៨៦ ប្រឆាំងប្រធានាធិបតីផ្តាច់ការ លោកហ្វែរឌីណង់ដ៍ ម៉ារកូស (Ferdinand Marcos) ដែលដឹកនាំប្រទេសបែប បក្ខពួក គ្រួសារនិយម ពុករលួយ។ បដិវត្តន៍ផ្កាឈូក នៅហ្ស៊កហ្ស៊ី ឆ្នាំ២០០៣ បដិវត្តន៍ទឹកក្រូច នៅអ៊ុយក្រែន ឆ្នាំ២០០៤ បដិវត្តន៍ខៀវ នៅគុយវែត ឆ្នាំ២០០៥ ជាដើម សុទ្ធតែមានគោលដៅទម្លាក់មេដឹកនាំ ដោយការធ្វើបាតុកម្មពាក់អាវពណ៌ ដូចគ្នា ដើរតាមដងផ្លូវ។ បដិវត្តន៍ពណ៌ទាំងនោះ ជួនកាលក៏បានសម្រេច ដោយសារមានមនុស្សសំខាន់ៗគាំទ្រ ដូចបដិវត្តន៍ នៅហ៊្វីលីពីន បានសម្តេចសង្ឃកាតូលិក ជួយគាំទ្រ ធ្វើឱ្យលោកម៉ារកូស ទ្រាំមិនបានក៏រត់ចោលស្រុក ជាមួយនឹងទ្រព្យសម្បត្តិ ផ្ញើទុកនៅបរទេសរាប់ពាន់លានដុល្លារ។
ទោះយ៉ាងណា ប្រធានម៉ៅ បានរំព្ញកថា “បដិវត្តន៍ មិនមែនស្រួលដូចជុំគ្នាផឹកតែ” មានន័យថា បើចេះតែធ្វើមិនមើលមុខ ក្រោយ ខ្វះខ្សែរយៈដឹកនាំច្បាស់លាស់ ពិតជារងការបង្ក្រាបឱ្យរាបដូចកន្ទេលមិនខាន។ ម៉្យាងទៀត បដិវត្តន៍ពណ៌ អាចធ្វើ បាន លុះត្រាតែប្រជាពលរដ្ឋភាគច្រើនចូលរួមដោយមិនខ្លាចស្លាប់ ប៉ុន្តែបើត្រឹមមនុស្សពីរបីរយនាក់លើកបដាតវ៉ាតាមដងផ្លូវ នោះ គ្មានប្រសិទ្ធភាពទេ។
បច្ចុប្បន្ន នៅកម្ពុជាយើងឃើញ “ចលនាថ្ងៃចន្ទពណ៌ខ្មៅ” ដែលក្រុមសកម្មជនដីធ្លីបឹងកក់ បុរីកីឡា ស្លៀកពាក់ខ្មៅត្រឹម បួនដប់នាក់ ហើយត្រូវបានសមត្ថកិច្ចចាប់ដាក់ឡាន យកទៅអប់រំនោះ ធ្លាប់រងការចោទប្រកាន់ថា ជាប្រភពនៃ “បដិវត្តន៍ពណ៌”។ ឥឡូវមានពលរដ្ឋខ្មែរដែលគាំទ្របក្សប្រឆាំងមួយចំនួន នាំគ្នាស្លៀកពាក់ស ទាមទារដោះលែងលោកកឹម សុខា ខណៈមន្ត្រីបក្សប្រឆាំងនៅក្នុងប្រទេស បានប្រកូកប្រកាសឱ្យលើកបដាទៅតាមទីស្នាក់ការគណបក្សគ្រប់ខេត្ត ស្រុក ទាមទារឱ្យ ដោះលែងលោកកឹម សុខា ហើយត្រូវបានអ្នកនាំពាក្យក្រសួងមហាផ្ទៃ ចោទប្រកាន់ថា ជាប្រភពនៃ “បដិវត្តន៍ពណ៌”។ បើ យកសកម្មភាពកំប៉ិកកំប៉ុក គ្នាបួនដប់នាក់ពាក់អាវខ្មៅ ឬសមាជិកបក្ស លើកបដាម្ភៃសាមសិបកន្លែងតវ៉ាឱ្យដោះលែងមេបក្សរបស់ខ្លួននោះ ឃើញថា មិនស្របនឹងសម្តីលោកប្រធានម៉ៅ ដែលថា “បដិវត្តន៍មិនមែនស្រួលដូចជុំគ្នាផឹកតែនោះទេ” ពោលគឺ បដិវត្តន៍គ្រប់ប្រភេទ ទាំងបដិវត្តន៍វប្បធម៌ ឬបដិវត្តន៍ពណ៌ ត្រូវរៀបចំធ្វើគគ្រឹកគគ្រេង មានខ្សែបណ្តាញរឹងមាំ ណាស់ មិនមែនបួនដប់នាក់ហ្នឹងធ្វើបដិវត្តន៍ពណ៌កើតទេ។
គួរបញ្ជាក់ថា ប៉ុល ពត ក៏បានដឹកនាំបដិវត្តន៍ពណ៌នេះដែរ ដោយតម្រូវឱ្យសហការីពាក់អាវខ្មៅដូចគ្នា តាំងពីតស៊ូក្នុង ព្រៃ លុះដណ្តើមអំណាចបាន ក៏បង្ខំប្រជាទាសករមួយប្រទេសឱ្យស្លៀកពាក់ខ្មៅដូចក្អែក។ ដូច្នេះបើបក្សប្រឆាំង ចង់ធ្វើ បដិវត្តន៍ពណ៌ លុះត្រាតែរកមនុស្សឱ្យបានរាប់លាននាក់ ឬហោចណាស់ក៏រាប់ពាន់នាក់ស្លៀកពាក់ឯកសណ្ឋាន ចុះតាមផ្លូវ ស្រែកទាមទារទៅ តែបើរកមនុស្សមិនបាន ឬថាលើកគ្នាបួនដប់នាក់ពាក់អាវខ្មៅ ឬលើកបដាតាមទីស្នាក់ការបក្ស ថាជា បដិវត្តន៍ពណ៌នោះ ទៅមិនរួចទេ។ ចំណែកអាជ្ញាធរមានសមត្ថកិច្ច ដែលត្រៀមទម្លាក់ស្លាកនោះ ក៏បានត្រឹមនឿយខ្លួនប៉ុណ្ណោះ ព្រោះទង្វើរបស់បក្សប្រឆាំង មិនចំតួបដិវត្តន៍ពណ៌។ ការជួបជុំគ្នាផឹកទឹកតែក្តៅៗ ក្លែមនំតែលាវ ឬស្ករស្រាក់ ដូចតាៗនៅស្រុក ស្រែនោះ ស្រួលណាស់ ធ្វើឱ្យពួកគាត់បែកប្រាជ្ញាថ្លាគំនិត ព្រោកប្រាជ្ញរឿងធម៌អាថ៌បាន ប៉ុន្តែ ការធ្វើ “បដិវត្តន៍ពណ៌” មិនមែនស្រួលដូចជុំគ្នាផឹកតែនោះទេ។
សរុបទៅ បណ្តាំប្រធានម៉ៅ ថា “បដិវត្តន៍ មិនមែនស្រួលដូចការជួបជុំគ្នាផឹកទឹកតែនោះទេ” មានន័យយ៉ាងនេះឯង។ បច្ចុប្បន្ននៅកម្ពុជា មិនអាចមាន “បដិវត្តន៍ពណ៌” កើតឡើងបានទេ ព្រោះបដិវត្តន៍ពណ៌ ជាឆ្នួននាំឱ្យផ្ទុះសង្គ្រាម ដូចនៅ ប្រទេសស៊ីរី ម៉្យាងទៀត ប្រជារាស្ត្រខ្មែរស្អប់ខ្ពើមសង្គ្រាមខ្លាំងណាស់ មិនល្ងង់អីទៅនាំគ្នាធ្វើបដិវត្តន៍ពណ៌នោះទេ។ បើឃើញ ស្ថានភាពនយោបាយឡើងកម្តៅ គួរជួបជុំគ្នាផឹកទឹកតែល្អជាង តែបើជួបជុំគ្នាតវ៉ាតាមដងផ្លូវនោះ អត់ស្រួលទេ៕
ដោយ អាចារ្យថាំ