ក្រុមហ៊ុន បាយអូអ៊ែកធីវ ថេណូឡូជី ឯ.ក ដែលជាក្រុមហ៊ុននាំចូលផលិតផលជី និងថ្នាំកសិកម្មសរីរាង្គ បានបើកសម្ពោធជាផ្លូវការ កាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ដោយបានធ្វើការណែនាំជុំវិញគំនិតជីវសាស្ត្រថ្មីៗ ដែលស្របទៅនឹងបរិស្ថានបៃតងទៀតផង។
ថ្លែងនៅក្នុងឱកាសនោះ លោកស្រី Lakshmi Narayanan នាយិកាក្រុមហ៊ុន T.STANES & Co Ltd, Indian ផលិតជី និងថ្នាំកសិកម្មសរីរាង្គ បានថ្លែងបញ្ជាក់ថា “ពួកយើងតំណាងឱ្យស្តេនជាអង្គការផ្អែកលើបច្ចេកវិទ្យា ដែលមានទំនួលខុសត្រូវសង្គមខ្ពស់ ក្នុងការថែរក្សាភពផែនដីរបស់យើងអស់រយៈពេល៣ទសវត្សកន្លងមកនេះ ដោយបានចូលរួមអភិវឌ្ឍន៍ផលិតផលកសិកម្ម មិនប៉ះពាល់ដល់បរិស្ថានមានប្រសិទ្ធភាពខ្ពស់ ដែលសមស្របសម្រាប់កសិកម្មបៃតង មានសុវត្ថិភាព និងនិរន្តរភាព។ ពួកយើងបានចែកចាយផលិតផលមិនប៉ះពាល់ដល់បរិស្ថានទាំងនេះពាសពេញពិភពលោក ដើម្បីជួយការពារបរិស្ថាន ព្រមទាំងចូលរួមបង្កើនទិន្នផលដំណាំផងដែរ។ ស្តេនត្រូវបានទទួលស្គាល់ជាសកលលើវិស័យថ្នាំសម្លាប់សត្វល្អិត ជីវសាស្ត្រ និងផលិតផលធម្មជាតិ”។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ក្រុមហ៊ុន បាយអូអ៊ែកធីវ ថេណូឡូជី បានខិតខំរៀបចំឱ្យមានការជួបជុំរវាងក្រុមហ៊ុន អង្គភាពជំនាញផ្នែកកសិកម្ម តំណាងសហគមន៍កសិកម្ម មកពីបណ្តាខេត្ត-រាជធានី ដើម្បីទទួលបាននូវធានចូលថ្មីៗបន្ថែមទៀត ពាក់ព័ន្ធទៅនឹងការប្រើប្រាស់ជីកសិកម្ម និងថ្នាំកសិកម្មសរីរាង្គប្រកបដោយភាតរបរិស្ថាននៅកម្ពុជា។
លោករដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីរីករាយដែលបានស្តាប់ឮផ្ទាល់ការសន្យារបស់ថ្នាក់ដឹកនាំក្រុមហ៊ុន ដែលថាក្រុមហ៊ុន មិនមែនត្រឹមតែលក់ផលិតផលជីកសិកម្ម និងថ្នាំសរីរាង្គប៉ុណ្ណោះទេ តែក្រុមហ៊ុនថែមទាំងបានត្រៀមរួចជាស្រេចនូវកម្មវិធីសម្រាប់អប់រំ ណែនាំ និងបណ្តុះបណ្តាលនូវនីតិវិធីនៃការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពរបស់ផលិតផល ដោយមានការតាមដាននូវលទ្ធផលនៃការប្រើប្រាស់ជាប្រចាំ។ ជាមួយនេះ ក្រុមហ៊ុនក៏ត្រៀមរៀបចំកសិដ្ឋានគំរូ សម្រាប់ការពិសោធ និងត្រួតពិនិត្យជាក់ស្តែងពីសំណាក់ប្រជាកសិករទូទាំងប្រទេសផងដែរ។
ជាមួយនេះ លោក កេត កែវអមតៈ នាយកក្រុមហ៊ុន បាយអូអ៊ែកធីវ ថេណូឡូជី ប្រចាំកម្ពុជា បានអំពាវដល់ប្រជាកសិករខ្មែរ ទាំងអស់ សូមងាកមកប្រើផលិតផលជី និងថ្នាំកសិកម្មសរីរាង្គ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងជួយពង្រឹងចំណូលសេដ្ឋកិច្ចគ្រួសារ មិនប៉ះពាល់ដល់បរិស្ថាន និងជាពិសេសបានជួយចូលរួមលើកកម្ពស់សុវត្ថិភាពចំណីអាហារទៀតផង។ លោក កេត កែវអមតៈ បានសង្កត់ធ្ងន់ថា កសិកម្មសរីរាង្គ គឺជាមាគ៌ាដាំដុះមួយ ដែលជៀសវាងការប្រើប្រាស់សារធាតុគីមីសំយោគ និងសរីរាង្គកែច្នៃសេនេទិក (GMO) ពោលគឺជាការអនុវត្តតាមគោលការណ៍កសិកម្មនិរន្តរភាព និងផ្តោតទៅលើការយកចិត្តទុកដាក់ទៅលើការរក្សាគុណភាពដី៕