សម្តេចព្រះសង្ឃរាជ ជួន ណាត បានទុកព្រះបណ្តាំជាឃ្លាឃ្លោងកំណាព្យថា “នំបង្អែម ជាសត្រូវអ្នកប្រមឹក ការវរវឹក ជា សត្រូវអ្នកស្ងប់ស្ងាត់ ព្រានប្រមាញ់ ជាសត្រូវដល់ពួកសត្វ មិនប្រតិបត្តិ ជាសត្រូវដល់ក្បួនច្បាប់” មានខ្លឹមសារអប់រំល្អណាស់ សម្រាប់ ប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នកនយោបាយ យកទៅអនុវត្ត។ សព្វថ្ងៃ ទោះបីជាអតីតគណបក្សសង្គ្រោះជាតិ ត្រូវរំលាយចោល និងដាក់អតីតមន្ត្រីបក្សប្រឆាំង ១១៨នាក់ មិនឱ្យធ្វើនយោបាយ ៥ឆ្នាំនោះ ក៏មជ្ឈដ្ឋានមហាជនមើលឃើញថា រវាងមន្ត្រីរាជរដ្ឋាភិបាល ជាពិសេសអ្នកនាំពាក្យ និងពួកប្រឆាំង “បានក្លាយជាសត្រូវ” ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
ជាបឋម យើងសូមលើកឃ្លោងឃ្លាព្រះបណ្តាំ មកបកស្រាយម្តង១ឃ្លា តាមលក្ខណៈអត្ថានុរូប ឬន័យស្រប ៖
-នំបង្អែម ជាសត្រូវអ្នកប្រមឹក ៖ ឈ្មោះថា “អ្នកប្រមឹក” សំដៅដល់បុរស ឬស្ត្រី យកសុរាមេរ័យ ជាគ្រឿងកំដរជីវិត មិន អាចអត់បាន។ មនុស្សប្រមឹកជោក ថ្ងៃណាក៏ស្រវឹងដែរ ជួនកាលដើរវាស់ផ្លូវ ឆ្ការដៃឆ្ការជើង រហូតដួលដេកឱ្យឆ្កែលិទ្ធមាត់ក៏ មាន។ ធម្មតាអ្នកប្រមឹកដុះមេស្រាបែបនេះ ចូលចិត្តតែគ្រឿងចម្អាបសម្រាប់ក្លែម ប៉ុន្តែបើមានគេយកនំបង្អែមទៅហុចឱ្យ ច្បាស់ជាគាត់មិនត្រេតអរឡើយ។ បើចំពោះភ្ញៀវមង្គលការ ដែលគេអញ្ជើញទៅជប់លៀងពិសាភោជនាហារតាមរោង ឬ តាមហាងនានានោះ ក៏ផឹកដែរ ប៉ុន្តែមិនមានឈ្មោះជាអ្នកប្រមឹកនោះទេ ព្រោះយូរៗ គាត់ផឹកម្តងជាកិត្តិយស ហើយពេល ចុងភៅលើកបង្អែមមកជូន ក៏នាំគ្នាហូបកាត់ជាតិស្រវឹង ដែលផ្ទុយពីអ្នកប្រមឹកមិនលូកបង្អែមជាដាច់ខាត ព្រោះជាសត្រូវ របស់គាត់។
-ការវរវឹក ជាសត្រូវអ្នកស្ងប់ស្ងាត់ ៖ ឈ្មោះថា “អ្នកស្ងប់ស្ងាត់” សំដៅដល់ចាស់ទុំ កាន់សីល៥ ចាំសីល៨ មានជីដូនជីតា ជាដើម បើមានកូនចៅណាអញ្ជើញគាត់ទៅរស់នៅទីក្រុង គាត់ទ្រាំមិនបានយូរទេ ក៏ប្រាប់កូនចៅឱ្យជូនគាត់ទៅស្រែវិញ ដោយសារ ទីក្រុងលាន់សន្ធឹកចរាចរណ៍ទ្រហឹងអឺងអាប់គ្មានលស់ថ្ងៃ។ រីឯព្រះសង្ឃដែលមានសីលាទិគុណដ៏បរិសុទ្ធ ចង់តែចេញទៅគង់ ធ្វើ “ធុតង្គរុក្ខមូល” ក្នុងព្រៃស្ងាត់ ដោយហេតុវត្តអារាមនៅតាមទីប្រជុំជនអ៊ូអរពេក ជួនកាលក៏មានចាក់មីក្រូ ធុងបាស់ លាន់កក្រើកវត្ត ធ្វើឱ្យព្រះអង្គទ្រាំមិនបាន ព្រោះស្រលាញ់តែភាពស្ងប់ស្ងាត់ ឬថា ភាពវរវឹក ជាសត្រូវរបស់ព្រះអង្គ។
-ព្រានប្រមាញ់ ជាសត្រូវដល់ពួកសត្វ ៖ ឈ្មោះថា “ពួកសត្វ” គឺសំដៅដល់ម្រឹគីម្រឹគា បក្សាបក្សីគ្រប់ប្រភេទ ដែលរស់ យ៉ាងសុខសាន្តក្នុងព្រៃជ្រៅ ស្អប់ព្រានព្រៃខ្លាំងណាស់ ដោយសារពពួកព្រានទាំងនោះ តែងបរបាញ់ ដាក់អន្ទាក់ អង្គប់ ឬ បំពុលសត្វ យកសាច់ធ្វើអាជីវកម្ម។ ជួនកាលជ្រូកព្រៃ ឬខ្លាឃ្មុំ វាគុំស្អប់ព្រានព្រៃ ក៏ខឹងដល់មនុស្សទូទៅមិនរើសមុខ រហូត ដល់លោតទៅខាំខ្វាច ឬបុះនឹងខ្នាយ បណ្តាលឱ្យអ្នកច្រូតស្បូវ ឬកាប់ឈើ រងគ្រោះដល់ស្លាប់ក៏សឹងមាន។ តាមពិត សត្វវា ស្អប់ព្រានព្រៃ ហើយព្រានព្រៃជាមនុស្ស ក៏ចងពៀរនឹងមនុស្សមិនរើសមុខ ចាត់ទុកមនុស្សជាសត្រូវរបស់វា។
-មិនប្រតិបត្តិ ជាសត្រូវដល់ក្បួនច្បាប់ ៖ ឈ្មោះថា “ក្បួនច្បាប់” សំដៅដល់ប្រពៃណី ទំនៀមទម្លាប់ខ្មែរ ច្បាប់ក្រម ច្បាប់ ព្រហ្មទណ្ឌ ច្បាប់រដ្ឋប្បវេណី ឬច្បាប់រដ្ឋធម្មនុញ្ញ។ មន្ត្រីពុករលួយលួចជាតិ ឈ្មោះថា ជាសត្រូវនឹងច្បាប់ប្រឆាំងអំពើពុករលួយ។ គូស្នេហ៍ទុំមុនស្រគាល ឈ្មោះថា សត្រូវនឹងប្រពៃណីខ្មែរ។ អ្នកមិនគោរពសាលក្រមតុលាការ ឈ្មោះថា សត្រូវនឹងច្បាប់តុលាការ។
បើយកឃ្លោងឃ្លាខាងលើ មកបរិយាយតាមលក្ខណៈអត្ថប្បដិរូប ឬន័យធៀប យើងឃើញថា ៖
-នំបង្អែម ជាសត្រូវអ្នកប្រមឹក ៖ ធម្មតាមនុស្សកាចឃោរឃៅ គ្មានមេត្តាករុណា បាតដៃប្រឡាក់ឈាម ចូលចិត្តប្រើ អំពើហិង្សា ទោះបីជាជនស្លូតត្រង់ពោលពាក្យពីរោះផ្អែមល្ហែមអង្វរករយ៉ាងណា ក៏មនុស្សកំណាចនោះ ស្តាប់មិនចូលត្រចៀក ឡើយ។ មនុស្សប្រភេទនេះ ប្រៀបបាននឹងជនឃោរឃៅម្នាក់ឈ្មោះ “ចណ្ឌគីរិកៈ” ដែលជាមេគុករបស់ “ព្រះបាទអសោក មហារាជ”។ ប្រធានពន្ធនាគារនោះ ឱ្យតែគេបញ្ជូនអ្នកទោសទៅដល់ ក៏ធ្វើទារុណកម្ម រហូតចាប់អ្នកទោសបោះទៅក្នុងខ្ទះ ទឹកកំពុងពុះ។ ទោះជាមានព្រះថេរៈមួយអង្គ ទេសនាប្រោសឱ្យមេគុកនោះលាតំណែង ឈប់ប្រព្រឹត្តអំពើឃោរឃៅ ក៏ ចណ្ឌគីរិកៈ ស្តាប់មិនចូលត្រចៀក រហូតដល់ចាប់ព្រះថេរៈនោះបោះទៅក្នុងខ្ទះទៀត ប៉ុន្តែ ព្រះអង្គជាព្រះអរហន្ត បានហោះ រួចទៅ។ ក្រោយមក ចណ្ឌគីរិកៈ ចង់ធ្វើគុតព្រះបាទអសោកមហារាជ ជាម្ចាស់សិរសារបស់ខ្លួនទៀត តែស្តេចដឹងមុន ក៏ ត្រាស់បង្គាប់រាជអង្គរក្ស ព្រួតគ្នាចាប់មេគុកដ៏កំណាចនោះសម្លាប់ចោលទៅ។ ឧទាហរណ៍នេះ ចង់បង្ហាញថា “មនុស្សកាច ឃោរឃៅ កុំយកពាក្យផ្អែមល្ហែមទៅផ្លុំត្រចៀក អត់ផ្លូវទេ មិនខុសពី “នំបង្អែម ជាសត្រូវអ្នកប្រមឹក”។
-ការវរវឹក ជាសត្រូវអ្នកស្ងប់ស្ងាត់ ៖ របត់នយោបាយនៅកម្ពុជា អ្នកតាមដានមើលឃើញថា បក្សកាន់អំណាច បាន ចោទប្រកាន់អតីតបក្សប្រឆាំងថា “បង្កើតបដិវត្តន៍ពណ៌ ចង់នាំសង្គ្រាមមកបំផ្លាញសន្តិភាព” រីឯពួកប្រឆាំង ក៏បានចោទ ប្រកាន់រដ្ឋាភិបាលថា “ខ្លាចចាញ់ឆ្នោត បាត់បង់អំណាច មិនអាចសំងំប្រព្រឹត្តអំពើពុករលួយបាន ក៏យករឿង បដិវត្តន៍ពណ៌ មកចោទគេ”។ ដូច្នេះ ការចោទប្រកាន់គ្នាទៅវិញទៅមកនេះ ចង់បង្ហាញថា ភាគីណាក៏ស្រលាញ់ភាពស្ងប់ស្ងាត់ ឬសុខសន្តិភាព ដូចគ្នា ប៉ុន្តែ បើមានការប្រឆាំងមិនឈប់ឈរ គឺជាសត្រូវរបស់អ្នកសំងំសុខ។
-ព្រានប្រមាញ់ ជាសត្រូវដល់ពួកសត្វ ៖ ធម្មតាជនអន្ធពាល ដូចជាក្រុមចោរ ឈ្មួញគ្រឿងញៀន អ្នកបំផ្លាញព្រៃឈើ ជាដើម ស្អប់ប៉ូលិស ប៉េអឹមខ្លាំងណាស់ ព្រោះកម្លាំងសមត្ថកិច្ចទាំងនោះមានអាវុធក្នុងដៃ ចាំតែបង្ក្រាបបទល្មើស។ គ្រាន់តែ តួលេខបង្ក្រាបគ្រឿងញៀន ក្នុងឆ្នាំ២០១៧ មានរហូតដល់ខ្ទង់ម៉ឺននាក់ឯណោះ ឯក្រុមចោរ ក៏មិនតិចដែរ ដែលត្រូវជាប់ ពន្ធនាគារ ប៉ុន្តែ ជនអន្ធពាលដែលមិនទាន់ចាប់ខ្លួនបានៗ ទុកប៉ូលិស ប៉េអឹមជាសត្រូវពួកគេ។
-មិនប្រតិបត្តិ ជាសត្រូវដល់ក្បួនច្បាប់ ៖ ឃ្លានេះ បានបរិយាយក្នុងអត្ថានុរូបរួចហើយ គ្មានលក្ខណៈប្រៀបធៀបអ្វីទេ គ្រាន់តែបញ្ជាក់ថា “បើច្បាប់តឹងពេកក៏មិនស្រួល ធូរពេកក៏មិនល្អ” ជាក់ស្តែង ពួកប្រឆាំងបានចោទប្រកាន់តុលាការគ្រប់ ជាន់ថ្នាក់ថា ជា “ឧបករណ៍របស់បក្សកាន់អំណាច” កាលបើគេចោទយ៉ាងនេះ ក៏ចាត់ទុកច្បាប់ ជាសត្រូវរបស់គេ សូម្បី តុលាការចេញសាលក្រម សាលដីកា ក៏ពួកប្រឆាំងមិនគោរព។
បើបង្រួមឃ្លោងឃ្លាទាំងអស់ថា “នំបង្អែម ជាសត្រូវអ្នកប្រមឹក ការវរវឹក ជាសត្រូវអ្នកស្ងប់ស្ងាត់ ព្រានប្រមាញ់ ជា សត្រូវដល់ពួកសត្វ មិនប្រតិបត្តិ ជាសត្រូវដល់ក្បួនច្បាប់” មានខ្លឹមសារតែមួយ សំដៅដល់របត់នយោបាយបច្ចុប្បន្នដែល “រដ្ឋាភិបាល និងបក្សកាន់អំណាច កំពុងក្លាយជាសត្រូវរបស់ពួកប្រឆាំង”។ ភាពជាសត្រូវនេះ ស្តែងចេញតាមរយៈសកម្មភាព អតីតតំណាងរាស្ត្របក្សប្រឆាំងនៅក្រៅប្រទេស ព្យាយាមសុំអន្តរាគមន៍ពីអាមេរិក សហភាពអឺរ៉ុប អ.ស.ប ឱ្យដាក់ទណ្ឌកម្ម សេដ្ឋកិច្ចមកលើកម្ពុជា ឱ្យបិទទិដ្ឋាការមន្ត្រីរដ្ឋាភិបាល ផ្តាច់ជំនួយដល់ គ.ជ.ប ជាពិសេស សុំឱ្យព្យួរអាសនៈកម្ពុជា នៅ អង្គការសហប្រជាជាតិ។ ចំណែកអ្នកនាំពាក្យបក្សកាន់អំណាច និងរដ្ឋាភិបាល ក៏ព្រមានធ្ងន់ៗថា នឹងត្រៀមចាប់ខ្លួនពួក ប្រឆាំង ដែលប្រព្រឹត្តខុសច្បាប់ដាក់គុក ដែលការព្រមាននោះ បង្កប់ភ្លើងកំហឹង ឯពួកប្រឆាំង ក៏សុទ្ធតែមួម៉ៅក្តៅក្រហាយដូចគ្នា ព្រោះតែ “ភាពជាសត្រូវ” នេះឯង។
សរុបទៅ “បង្អែមជាសត្រូវអ្នកប្រមឹក” មានន័យយ៉ាងនេះឯង ដែលសម្តេចព្រះសង្ឃរាជ ជួន ណាត ទ្រង់បានបន្សល់ ទុក។ មនុស្សដែលក្លាយជាគូសត្រូវនឹងគ្នាបែបនេះ មិនអាចយក “វប្បធម៌សន្ទនា” មកប្រើបានឡើយ លុះត្រាតែ “ឈ្លោះ អស់ចិត្តអស់ចង់” ឬ “មានស្លាប់ម្ខាងៗទើបចប់”៕
ដោយ អាចារ្យថាំ