អ្នកនិពន្ធបារាំងម្នាក់ ឈ្មោះលោករីវ៉ារ៉ុល (Rivarol) បានសរសេរថា “គេត្រូវតែប្រើវិចារណញ្ញាណ ប្រយុទ្ធទប់ទល់ នឹងមតិ” (On ne doit combattre l’opinion que par le raisonnement) មានន័យអប់រំមនុស្សឱ្យចេះពិចារណារក ខុសត្រូវនៅពេលមានមតិអ្វីមួយប៉ះពាល់ដល់ខ្លួន។ អ្នកនយោបាយខ្មែរភាគច្រើន ចូលចិត្តតែមតិណាដែលលើកសរសើរខ្លួន ដោយមិនចូលចិត្តមតិរិះគន់នោះទេ ដែល “នគរធំ” សូមលើកសំណេរខាងលើ មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
ទោះបីបារាំង ធ្លាប់ជិះជាន់ខ្មែរ ជិត១សតវត្ស ក៏ជនជាតិបារាំង មិនសុទ្ធតែអាក្រក់ទាំងអស់នោះទេ ព្រោះមានអ្នកប្រាជ្ញ អ្នកស្រាវជ្រាវ កវីនិពន្ធ មិនតិចទេ ដែលបានជួយស្រាវជ្រាវវប្បធម៌ខ្មែរ បកប្រែសិលាចារឹកខ្មែរ ជាពិសេស ធ្វើឱ្យខ្មែរបាន ដឹងពីអរិយធម៌អង្គរ ដ៏រុងរឿង។ ដូច្នេះបើយើងបានឃើញសំណេរ មរតកសាសន៍ ឬសុភាសិតបារាំង ល្អៗ គួរយកជាគតិបាន ត្រូវតែគាស់កកាយវែកញែកទុកជាមេរៀនជីវិត។ ចំពោះសំណេរអ្នកនិពន្ធបារាំង ថា “គេត្រូវប្រើវិចារណញ្ញាណ ប្រយុទ្ធតទល់ នឹងមតិ” ពិតជាមានខ្លឹមសារអប់រំល្អណាស់ សម្រាប់មនុស្សគ្រប់ជាតិសាសន៍ ជាពិសេស អ្នកនយោបាយយកទៅអនុវត្ត មិន ចេះខុសកាលៈទេសៈនោះទេ។
“វិចារណញ្ញាណ” មានន័យថា ប្រាជ្ញាជាគ្រឿងត្រិះរិះរកហេតុផលឱ្យឃើញច្បាស់ ឱ្យស្គាល់ខុសត្រូវ បុណ្យ បាប គុណទោស កុសល អកុសល។ មនុស្សដែលមានវិចារណញ្ញាណ មុននឹងនិយាយស្តីអ្វីក្នុងចំណោមមហាជន សុទ្ធតែបានត្រៀមពាក្យពេចន៍ រួចទៅហើយ មិនមែនចេះតែថាព្រតៗតាមតែអណ្តាតនោះទេ។ ដោយឡែក “មតិ” មានន័យថា ប្រាជ្ញា ការឈ្វេងយល់ គំនិត យោបល់។ មតិ មានច្រើនយ៉ាង ដូចជា “មតិស្រប មតិផ្ទុយ, មតិសរសើរ, មតិរិះគន់, មតិប្រឆាំង, មតិលើកជើង” ជាដើម។ ចំណែកចរិតមនុស្សក៏ខុសគ្នាដែរ ខ្លះចូលចិត្តមតិសរសើរ មតិស្រប តែស្អប់មតិប្រឆាំង មតិរិះគន់ ឯខ្លះទៀតចូលចិត្តមតិកែលម្អ ជួយតម្រង់ផ្លូវ ព្រោះតែមនុស្សមាន “ចរិត៦ យ៉ាង” គឺ “រាគចរិត” (ចូលចិត្តរបស់ស្អាតៗ បែបរាគតណ្ហា), “ទោសចរិត” (ឆាប់ ខឹងឆេវឆាវ), “មោហចរិត”, (វង្វេងល្ងិតល្ងង់) “វិតក្កចរិត” (ចូលចិត្តត្រិះរិះច្រើន), “សទ្ធាចរិត” (ចូលចិត្តធ្វើបុណ្យកុសល) និង “ពុទ្ធិចរិត” (ចូលចិត្តអួតអាងចំណេះដឹង)។
ដូច្នេះ “គេត្រូវប្រើវិចារណញ្ញាណ ប្រយុទ្ធទប់ទល់នឹងមតិ” គឺសំដៅដល់មតិរិះគន់ និងមតិសរសើរឯណោះទេ។ បើមនុស្ស មានរាគចរិត ឬមោហចរិត ចូលចិត្តមតិសរសើរ ប៉ុន្តែ បើមនុស្សមានទោសចរិត ឆាប់ខឹងក្រេវក្រោធ រមែងស្អប់មតិរិះគន់។ ទោះយ៉ាងណា សម្រាប់អ្នកនយោបាយល្បីល្បាញតែងមានចរិតទាំង ៦យ៉ាងនេះ ជាប់ខ្លួនទាំងអស់ ព្រោះជួនកាល គាត់ស្លូតបូតសុភាពរាបសា មានសទ្ធាជ្រះថ្លា ធ្វើបុណ្យទានសាងកុសល ជួនកាលគាត់ខឹងច្រឡោតមួយរំពេច ប៉ុន្តែ “ឆាប់ ក្តៅ ឆាប់ត្រជាក់”។ ព្រះមហាក្សត្រខ្មែរ ពីបុរាណ ដែលកាន់អំណាចទាំង៣ក្នុងព្រះហស្ត តែងមានព្រះចរិត ៦យ៉ាង នេះក្នុង ព្រះកាយដូចគ្នា ឧទាហរណ៍ “ព្រះចន្ទរាជា” ស្ថាបនិកបន្ទាយលង្វែក បានកសាងរាជធានី និងវត្តអារាម រាប់មិនអស់ ប៉ុន្តែ បើ មាននាហ្មឺនណាធ្វើខុសច្បាប់ ព្រះអង្គឱ្យពេជ្ឈឃាតយកទៅប្រហារជីវិត មិនទុកទេ ដូចករណី “យមរាជសួស” ដែលធ្វើខុស កតិកាសញ្ញា តម្រូវឱ្យផ្អាកសង្គ្រាម៣ខែ ទុកពេលឱ្យរាស្ត្រធ្វើស្រែ តែយមរាជសួស មិនគោរពកតិកាសញ្ញា ក៏លើកគ្នាទៅ លបបាញ់ស្តេចកន តែបាញ់មិនត្រូវ និងត្រូវព្រះចន្ទរាជា កាត់ទោសប្រហារជីវិត ដោយមិនយោគយល់រាជសហការី។
ក្រឡេកមើលបច្ចុប្បន្ន ខណៈដែលបក្សកាន់អំណាច កំពុងរៀបជើងព្រួលទប់ទល់នឹងសម្ពាធអាមេរិក សហភាពអឺរ៉ុប និងបណ្តាប្រទេសមួយចំនួននោះ អ្វីដែលអ្នកនាំពាក្យ ត្រូវប្រុងប្រយ័ត្នគឺ “ត្រូវប្រើវិចារណញ្ញាណ ប្រយុទ្ធទប់ទល់នឹងមតិ” នេះ ឯង។ សព្វថ្ងៃ ដោយមានអតីតមន្ត្រីបក្សប្រឆាំង ទៅផ្លុំត្រចៀក ធ្វើឱ្យសមាជិកសភាអាមេរិក មួយចំនួន ក៏ដូចជាសហភាព អឺរ៉ុប នាំគ្នារិះគន់រាជរដ្ឋាភិបាលកម្ពុជា ដោយព្រមានធ្ងន់ៗថា នឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ច។ ចំណែកពួកប្រឆាំងទាំងក្នុង និង ក្រៅប្រទេស ទោះជារំលាយគណបក្សទៅហើយក្តី ក៏នៅតែបន្តការរិះគន់រដ្ឋាភិបាលយ៉ាងជូរចត់ រួចក៏មានការ “ប្រយុទ្ធត ទល់វិញ” ដែលថ្ងៃណាក៏ឃើញសំណេរក្នុងហ្វេសប៊ុក យូធូប ពន្លះគ្នាទៅវិញទៅមក។
អ៊ីចឹងអ្នកនាំពាក្យ មានតួនាទីសំខាន់ជាងគេ ក្នុងការប្រយុទ្ធតបត ចាំបាច់ត្រូវតែ “ប្រើវិចារណញ្ញាណឱ្យជ្រៅ” ទើប ទប់ទល់នឹង “មតិរិះគន់” ទាំងនោះបាន។ មតិខ្លះល្អ ឬមានខ្លឹមសារកែលម្អ គួរឆ្លើយទៅវិញឱ្យល្អដែរ បើមតិលើកជើងសរសើរ គួរ “នៅស្ងៀម កុំឆ្លើយ” ព្រោះការលើកជើងហួសហេតុ នាំមកនូវការខាតបង់។ មតិដែលល្អ សូម្បីមតិក្មេង ក៏អាចយកមកអនុវត្ត បានដែរ ដូចឧទាហរណ៍ក្នុងរឿង “ក្មេងកំព្រា និងព្រះចៅផែនដី” ដកស្រង់ចេញពីវណ្ណកម្ម “គតិលោក” របស់អ្នកឧកញ៉ា សុត្តន្តប្រីជា ឥន្ទ តំណាលថា កាលនោះមានក្មេងប្រុសម្នាក់ អាយុ១៥ឆ្នាំ ម៉ែឪស្លាប់ចោលអស់ ក៏រត់ទៅជ្រកកោននៅរោង ចុងភៅស្តេច ឯនាយពិសេស (ចុងភៅ) អាណិតក្មេងកំព្រា ក៏ទទួលឱ្យនៅ ដោយប្រើឱ្យលាងចាន ស្លាបព្រា ឱ្យប្រាក់ខែ ៥-៦កាក់ តែរៀងរាល់ខែ។ ថ្ងៃមួយ ព្រះមហាក្សត្រក្លែងព្រះកាយទៅទតរោងចុងភៅ បានឃើញក្មេងកំពុងលាងចាន ក៏ត្រាស់ សួរថា “ចៅឯងស៊ីឈ្នួលលាងចាន សព្វថ្ងៃនេះ សល់ប្រាក់ប៉ុន្មានហើយ?” ក្មេងនោះមិនស្គាល់ស្តេច ក៏ឆ្លើយថា “សព្វថ្ងៃខ្ញុំមាន ស្មើនឹងស្តេចផែនដី”។ ស្តេចក៏សួរទៀតថា “ឯងស៊ីឈ្នួលលាងចាន ១ខែ បាន៥-៦កាក់សោះ ហេតុអ្វីអាចសល់ប្រាក់ស្មើនឹង ស្តេចផែនដី?” ក្មេងក៏ឆ្លើយថា “ក្នុង១ថ្ងៃ ខ្ញុំហូបបាយត្រឹមតែ១ចម្អែត ចំណែកស្តេចផែនដី ក៏គង់សោយព្រះក្រយាស្ងោយ ត្រឹមតែ១ឆ្អែតដូចគ្នា ហេតុនេះទើបខ្ញុំថា ខ្លួនខ្ញុំមានសម្បត្តិស្មើនឹងស្តេចផែនដី”។ ព្រះមហាក្សត្រទ្រង់ព្រះសណ្តាប់ពាក្យក្មេង ក៏យល់ថា ជា “មតិល្អណាស់” សម្រាប់យកជាគ្រឿងពិចារណាពីអាយុសង្ខារមនុស្សដែលរស់ត្រឹមមួយឆ្អែតដូចគ្នា លុះ ស្លាប់ទៅ គ្មានបានយកអ្វីទៅតាមទេ ស្តេចរំភើបព្រះទ័យណាស់ ក៏ព្រះរាជទានរង្វាន់ដល់កុមារកំព្រា ជាទីគាប់ចិត្ត…។
ឧទាហរណ៍រឿងខាងលើនេះ ចង់បង្ហាញថា “មតិណាដែលល្អ ទោះជាប៉ះពាល់ដល់កិត្តិយសអ្នកនយោបាយ ក៏គួរពិចារណា យកមកអនុវត្ត”។ ជាក់ស្តែង ព្រះមហាក្សត្រ ក្នុងរឿងខាងលើនេះ បើសិនជាព្រះអង្គប្រើច្បាប់ “ប៉ះពាល់ដល់ព្រះចេស្តា” ច្បាស់ជាក្មេងនោះ ត្រូវស្លាប់មិនខាន ព្រោះហ៊ាននិយាយប៉ះពាល់ដល់ព្រះមហាក្សត្រ ប៉ុន្តែ ព្រះអង្គមាន “ព្រះវិចារណញ្ញាណ ជ្រៅ” បែរជាប្រទានរង្វាន់ដល់ក្មេងទៅវិញ។ គួរយល់ថា មតិរិះគន់កែលម្អនាំមកនូវភាពចម្រុងចម្រើនដល់អ្នកដែលត្រូវគេ រិះគន់ ផ្ទុយទៅវិញ មតិស្របខ្លះ មិនខុសពី “ទេវទត្តនាំផ្លូវព្រះបាទអជាតសត្រូវ ឱ្យធ្លាក់លោហកុម្ភីរនរក ព្រោះទោសកំហុស ធ្វើគុតព្រះបិតា”។ ទេវទត្ត ប៉ិនខាងបញ្ចើចបញ្ចើរបញ្ជោរ រីឯព្រះរាជកុមារអជាតសត្រូវ ដែលមាន “មោហចរិត” ល្ងិតល្ងង់ ឆាប់ជឿ ដោយខ្វះការពិចារណាធ្វើគុតព្រះបិតា ប្លន់រាជសម្បត្តិ ទោះជាព្រះពុទ្ធខំប្រោសយ៉ាងណាក៏មិនរួចពីអបាយភូមិ។ ហេតុនេះ អ្នកនយោបាយគ្រប់និន្នាការ មិនត្រូវខឹងភ្លាមៗទេ នៅពេលមានមតិរិះគន់ ចំណែកអ្នករិះគន់នោះ គួរបែងចែកឱ្យ ច្បាស់ពីករណី “បរិហារកេរ្តិ៍” និង “បញ្ចោញមតិ”។ បើយើងបរិហារកេរ្តិ៍អ្នកដទៃ នឹងត្រូវគេប្តឹង ប៉ុន្តែ បើ “បញ្ចោញមតិ” គួរ យកមតិនោះ ទៅពិចារណាឱ្យល្អិតល្អន់ជាមុនសិន ទើបមិនចេះចាញ់ប្រៀបគេ។
សរុបទៅ “គេត្រូវប្រើវិចារណញ្ញាណ ប្រយុទ្ធតទល់នឹងមតិ” មានន័យយ៉ាងនេះឯង។ វិចារណញ្ញាណដែលខ្លាំង អាចយក ឈ្នះគូប្រជែងគ្រប់កាលៈទេសៈ ប៉ុន្តែ បើខ្វះវិចារណញ្ញាណ ខ្សោយ “អាងកំហឹងទល់កំហល់” អាចនឹងចាញ់ប្រៀបគូប្រជែង។ ដូច្នេះមាគ៌ាដែលល្អសម្រាប់អ្នកនយោបាយ គួរយកគំរូតាមព្រះមហាក្សត្រ ក្នុងរឿង “គតិលោក” ដែលព្រះអង្គយកពាក្យ ក្មេងលាងចាន ទៅពិចារណា ក៏យល់ច្បាស់ថា “មនុស្សម្នាក់ៗកើតមកត្រឹមតែឆ្អែតដូចគ្នា គ្មានអ្វីខុសគ្នាទេ”៕
ដោយ អាចារ្យថាំ