សម័យនេះ គ្មានច្បាប់ឯណាបើកឱ្យធ្វើទារុណកម្មអ្នកទោសនោះទេ ប៉ុន្តែ លោកគឹម សុខ ដែលកំពុងជាប់ពន្ធនាគារព្រៃស បានប្រាប់ចៅក្រមជំនុំជម្រះនៅក្នុងបន្ទប់សវនាការតុលាការកំពូល ថា “លោកចង់អានកាសែត ក៏ត្រូវឆ្មាំគុកវាយដំ”។ ករណី នេះ ពុំដឹងជាពិត ឬពុំពិតទេ ខណៈដែលអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បញ្ជាក់ថា មិនអនុញ្ញាត ឱ្យប្រើហិង្សាទៅលើអ្នកទោសនោះទេ ហើយនឹងមានការស៊ើបអង្កេតពីករណីនេះ។
ទោះយ៉ាងណា កាលពីបុរាណ អ្នកទោសដែលជាប់ពន្ធនាគារ ចៀសមិនផុតពីទារុណកម្មរហូតដល់ស្លាប់ក្នុងគុកក៏មាន ដែល “នគរធំ” សូមគាស់កកាយពី “របៀបធ្វើទារុណកម្មអ្នកទោស” មកបរិយាយថ្ងៃនេះ…។
“អ្នកទោស” ឬ “ទណ្ឌិត” (ខ្លះថាទណ្ឌិកៈ) គឺជាមនុស្សបានប្រព្រឹត្តកំហុសផ្ទុយនឹងច្បាប់ ត្រូវសមត្ថកិច្ចចាប់យកទៅ ឃុំឃាំង និងបញ្ជូនទៅតុលាការជំនុំជម្រះ។ នៅពេលចូលទៅដល់គុកភ្លម្លា បើមានទោសធ្ងន់ ឬថ្នាក់ឧក្រិដ្ឋ មានប្រព្រឹត្ត ចោរកម្ម កាប់សម្លាប់ជនស្លូតត្រង់ជាដើម នឹងត្រូវឆ្មាំពន្ធនាគារធ្វើទារុណកម្មសួរចម្លើយ ដោយគ្មានមេត្តាករុណា។ តាមសម័យ កាលនីមួយៗ តែងមាន “របៀបធ្វើទារុណកម្ម” ខុសគ្នា ដូចខាងក្រោម ៖
-សម័យអង្គរ ៖ យោងតាមឯកសារជីវ តាក្វាន់ អ្នកការទូតចិន ដែលបានមកដល់រាជធានីអង្គរ នៅចុងសតវត្សទី១៣ បានសរសេរថា “ជនណាដែលធ្លាប់មានទោស ត្រូវគេកាត់ម្រាមជើង មិនឱ្យចូលក្រុង” សំណេរយ៉ាងខ្លីនេះ អាចយកជាកញ្ចក់ ឆ្លុះឱ្យឃើញថា អ្នកទោសនៅសម័យអង្គរ ត្រូវរងទារុណកម្មធ្ងន់ណាស់ ក្រៅពីវាយដំ ដាក់ខ្នោះឃ្នាង ក៏ត្រូវឆ្មាំគុកកាត់ម្រាម ជើងឱ្យកំបុតថ្ងុយ សល់តែបាតជើង និងមេជើងប៉ុណ្ណោះ ហើយបើអ្នកទោសឧក្រិដ្ឋ ត្រូវកាត់ម្រាមជើងទាំងសងខាង បើអ្នក ទោសស្រាល កាត់តែម្ខាងទេ។ ឯកសារចិន បញ្ជាក់ទៀតថា “សត្វឆ្កែ និងមនុស្សកំបុតម្រាមជើង (អតីតអ្នកទោស) មាន ច្បាប់តឹងរ៉ឹងមិនឱ្យចូលក្នុងបរិវេណ “រាជធានីអង្គរ” ជាដាច់ខាត។
-សម័យលង្វែក-ឧដុង្គ ៖ ជាសម័យកាលវែង មានបង្កើត “ច្បាប់ព្រហ្មទណ្ឌ”, “ច្បាប់រដ្ឋប្បវេណី” សម្រាប់ផ្តន្ទាទោស មនុស្សធ្វើខុសច្បាប់។ អ្នកទោសធ្ងន់បំផុត ក្រោយពីធ្វើទារុណកម្មក្នុងគុក ដល់កំណត់ពេលហើយ ក៏ត្រូវពេជ្ឈឃាតដាក់ឃ្នាង បណ្តើរអាក្រោសតាមផ្សារ ដើម្បីបំភ័យមនុស្សគ្មានទោស ឱ្យចេះគោរពច្បាប់។ “ឃ្នាង” ជាឧបករណ៍ធ្វើពីប្ញស្សីពីងពង់ ២ កំណាត់ ក្នុង១កំណាត់ ប្រវែងជាង១ព្យា មានកាំដូចជណ្តើរ ប៉ុន្តែ ធ្វើកាំតែ៤ទេ។ កាំ២នៅកណ្តាល បានទុកប្រឡោះ សម្រាប់ ស៊កក្បាលអ្នកទោស ហើយវាយស្នៀតយ៉ាងតឹង មិនអាចដោះរួចឡើយ (ឃ្នាងនៅក្នុងខ្សែភាពយន្តសម័យនេះ មិនមែន ជាឃ្នាងបែបខ្មែរទេ តែបែបបារាំង) អ្នកទោសដែលគេដាក់ឃ្នាងវាយបណ្តើរអាក្រោសនោះ មើលពីចម្ងាយដូចលីជណ្តើរ ជួនកាលពេជ្ឈឃាត យកទៅកាត់ក្បាល ដោតនៅផ្លូវត្រឡែងកែង ឬកប់នៅគល់ស្ពាន ជើងទំនប់ ដោយឧបកិច្ចព្រលឹងអ្នក ទោសនោះ ឱ្យក្លាយជាខ្មោចព្រៃ នៅថែរក្សាស្ពាន និងទំនប់។ ជួនកាល គេដុតយកឆ្អឹងអ្នកទោសនោះទៅទ្រាប់ បាតព្រះវិហារ ឧបកិច្ចឱ្យក្លាយ ទៅជា “ព្រាយបល្ល័ង្ក” នៅថែរក្សាព្រះវិហារ។ អ្នកទោសជាប់សែរាជវង្ស បើពេជ្ឈឃាតយកទៅធ្វើ គុត តាមការត្រាស់ បង្គាប់របស់ព្រះមហាក្សត្រ ត្រូវ “វាយនឹងដំបងខ្លឹមចន្ទន៍” ទម្លាក់ទៅក្នុងទឹកបឹង ទន្លេ មិនឱ្យប្រើដាវ លំពែងធម្មតាធ្វើគុត នោះទេ ព្រោះជាពូជស្តេច។ ឧទាហរណ៍ “ព្រះបាទស្រីសុរិយោពណ៌” បានត្រាស់បង្គាប់ឱ្យចាប់ “ចៅ ពញាញោម” ដែលមាន ទោស “ក្បត់ផែនដី” ទៅវាយនឹងដំបងខ្លឹមចន្ទន៍ ទម្លាក់ទឹកបឹង។
-សម័យអាណាព្យាបាលបារាំង ៖ សម័យនេះ ទារុណកម្មអ្នកទោសកាន់តែសាហាវជាងមុន ដោយបង្កើតឧបករណ៍ផ្សេងៗ ដូចជាត្ងោក (ឈើរាងដូចចម្ពាម សម្រាប់ស៊កកអ្នកទោស វាយស្នៀតឱ្យតឹង) ដាក់ជង្គង់ត្រដក់ គាបស្លាស្លឹង ឬគ្រាប់សោម វាយបកក្រមរ ដោយប្រើរំពាត់ខ្សែតី ក្តគោ (ពន្លះយកលិង្គគោ ទៅហាលឱ្យស្ងួតដូចព្រត្រ័ បើវាយតែ១ខ្វាប់ បែកឈាម រ៉ាវ)។ ចំពោះរបៀប “គាបស្លាស្លឹង ឬគ្រាប់សោម” គេប្រើឃ្នាបម៉្យាងដូចឃ្នាបផ្កាត្នោតឈ្មោល មកប្រើ ដោយយកគ្រាប់ ស្លាទុំ ឬគ្រាប់សោម (ក្នុងពួកផ្តៅ) ទំហំប៉ុនមេជើង រឹងដូចថ្ម ទៅដាក់ផ្ទាប់សៀតផ្កាអ្នកទោស រួចគាបពីលើ ក្នុងពេលសួរចម្លើយ។ របៀបគាប គេធ្វើពីស្រាលទៅធ្ងន់ បើអ្នកទោសរឹងទទឹងមិនសារភាព គេគាបទាល់តែលៀនគ្រាប់ភ្នែកស្លាប់។
-សម័យឥស្សរៈ ៖ សម័យនេះក៏នៅក្នុងអាណាព្យាបាលបារាំងដែរ នៅពេលដែលអ្នកតស៊ូខ្មែរ ក្រោកឡើងបះបោរប្រឆាំង បារាំង។ បើពួកឥស្សរៈចាប់បាន “គិញបារាំង” ក៏យកទៅដាក់គុក ធ្វើទារុណកម្មជាច្រើនថ្ងៃ ទើបយកទៅសម្លាប់ ដោយប្រើ “ក្បាច់ស្រងែពេន”។ ក្បាច់ពិឃាតនេះ គេចងស្លាបសេកអ្នកទោសឱ្យលុតជង្គង់ក្បែរមាត់រណ្តៅ យកក្រណាត់ខ្មៅរុំមុខ រួចពេជ្ឈឃាតកាន់ដាវមុតដូចទឹក ផ្តើមរាំរែកព័ទ្ធជុំវិញរណ្តៅ រួចអារកអ្នកទោសបន្តិចសិន ឱ្យចេញឈាមរឹមៗ ទើបពេជ្ឈឃាតឱន ទៅបឺតឈាមអ្នកទោសនោះ ព្រួសមុខដាវឮផែតៗ។ គេធ្វើរបៀបនេះ ៣ដង ទុកឱ្យអ្នកទោសវេទនាប៉ផ្តឺតប៉ផ្តក់ ទើបកាប់ ផ្តាច់ក្បាល និងធាក់ទម្លាក់រណ្តៅ កប់ចោលទៅ។
-សម័យសង្គមរាស្ត្រនិយម ៖ មិនប្រើក្បាច់ស្រងែពេន ទៀតទេ ប៉ុន្តែ អ្នកទោសធ្ងន់ ក្រោយពីធ្វើទារុណកម្មអស់ចិត្ត ហើយត្រូវតុលាការសឹកកាត់ទោសប្រហារជីវិតនោះ ត្រូវដឹកទៅភ្នំត្រពាំងក្រឡឹង បាញ់សម្លាប់នឹងកាំភ្លើង ដូចករណីអ្នកទោស ព្រាប អ៊ិន-ចៅ បូរី-មធុរ៉ា។
-សម័យលន់ នល់ ៖ ទារុណកម្មអ្នកទោសធូរស្រាលបន្តិច មិនសូវឃើញប្រហារជីវិតអ្នកទោសទេ ប៉ុន្តែ បើមានការ ប្រហារជីវិត លុះត្រាតែជាប់ចោទ “ចូលដៃជាមួយវៀតកុង-វៀតណាមខាងជើង” ក៏ត្រូវតុលាការសឹក កាត់ទោសប្រហារជីវិត ដូចករណីវរសេនីយ៍ទោតុម សារ៉ាវ៉ាន់ មេបញ្ជាការតំបន់សឹករងខេត្តកំពត ត្រូវប្រហារជីវិត ក្រោម “ច្បាប់អាជ្ញាសឹក”។
-សម័យប៉ុល ពត ៖ របៀបធ្វើទារុណកម្មអ្នកទោស ធ្ងន់ជាងសម័យកាលណាទាំងអស់ ជាក់ស្តែង “គុកទួលស្លែង” គ្រប់គ្រងដោយសមមិត្តឌុច បែកប្រាជ្ញាចាប់អ្នកទោសដកក្រចកដៃ បន្តក់អាល់កុល យកដង្កាប់កៀបចុងដោះអ្នកទោសស្រី ជ្រមុជ ក្នុងពាងទឹកកំបោរ វាយនឹងខ្សែភ្លើង ជាដើម ដែលប្រជាពលរដ្ឋខ្មែរជ្រួតជ្រាបជាទូទៅ។
ករណី “ការធ្វើទារុណកម្មអ្នកទោស” ដែលយើងលើកឡើងដោយត្រួសៗតាមសម័យកាលនីមួយៗខាងលើនេះ សុទ្ធតែ ខុសនឹង “ច្បាប់សិទ្ធិមនុស្ស” ទាំងអស់ ប៉ុន្តែ ធម្មតានៅពេលស្រុកទេសកើតសង្គ្រាម គូភាគីច្បាំងគ្នានោះ ចងគំនុំគុំកួនចាត់ ទុកខ្មែរដូចគ្នាជាសត្រូវ បើភ្លាត់ស្នៀតឱ្យគេចាប់បាន ច្បាស់ជារងទារុណកម្មរហូតដល់ស្លាប់។
ក្រឡេកមើលបច្ចុប្បន្នវិញ បន្ទាប់ពីធ្លាយព័ត៌មានថា លោកគឹម សុខ អ្នកវិភាគសង្គមនិងនយោបាយ ដែលត្រូវតុលាការ កាត់ទោសដាក់ពន្ធនាគារពីបទ “បរិហារកេរ្តិ៍បក្សកាន់អំណាច ដោយចោទថា នៅពីក្រោយឃាតកម្មលោកបណ្ឌិតកែម ឡី” ហើយគាត់ប្រាប់ចៅក្រមតុលាការកំពូល ថា “ចង់អានកាសែត ត្រូវឆ្មាំគុកវាយដំ” នោះ មិនដឹងជាពិត ឬមិនពិតទេ។ ទោះ យ៉ាងណា ក៏មានអ្នកឃ្លាំមើលស្ថានការណ៍ជឿថា បើអ្នកទោសហ៊ានឈ្លោះជាមួយឆ្មាំគុក ច្បាស់ជាគេដាក់ខ្លះហើយ មិនអត់ ទេ។ ប៉ុន្តែទោះជាដាក់ខ្លះ ក៏មិនសាហាវដូចជំនាន់បុរាណនោះដែរ ដោយសារសម័យនេះ ច្បាប់អន្តរជាតិចែងពី “សិទ្ធិមនុស្ស” ហាមឃាត់ការធ្វើទារុណកម្មអ្នកទោស។
សរុបទៅ “របៀបធ្វើទារុណកម្មអ្នកទោស” ពុំមែនជាការបំផ្លើសនោះទេ គ្រាន់តែមានរបៀបធ្វើខុសៗគ្នាតាមជំនាន់ ជាពិសេស បើព្រះមហាក្សត្រ ប្រកបដោយ “ទសពិធរាជធម៌” ក៏ត្រាស់បង្គាប់ឱ្យបន្ធូរបន្ថយទោស ឬដោះលែងអ្នកទោស មិនឱ្យវាយធ្វើបាបជាដើម ប៉ុន្តែ បើព្រះមហាក្សត្រ “ជ្រែករាជ្យ” មិនប្រកបដោយធម៌ អ្នកទោសក្នុងរជ្ជកាលនោះ នឹងវេទនា ដោយការធ្វើទារុណកម្ម។ ឥឡូវកម្ពុជា គ្មានច្បាប់ឱ្យធ្វើទារុណកម្មអ្នកទោសទៀតទេ ប៉ុន្តែ បើមានឆ្មាំគុកមិនគោរពវិន័យ បទបញ្ជាផ្ទៃក្នុង ច្បាស់ជា “ពន្លះខ្លះហើយ” បើសិនជាអ្នកទោសណារឹងទទឹង…៕
ដោយ អាចារ្យថាំ