ក្រុមហ៊ុន OnePlus ទើបបង្ហោះវីដេអូ ធ្វើតេស្តធ្លាក់ទូរស័ព្ទ OnePlus 3 ពីយន្តហោះនៅកម្ពស់ ៧៥០ហ្វីត (ជាង២២៨ម៉ែត្រ) ។
នេះគឺជាទូរស័ព្ទក្បាលតារាងថ្មីបំផុតក្នុងឆ្នាំនេះរបស់ OnePlus ជាមួយឈីប Qualcomm Snapdragon 820, RAM 6GB, អេក្រង់ទំហំ ៥,៥អ៊ីញ ជាមួយបច្ចេកវិទ្យាកញ្ចក់ Gorilla Glass 4 ។ ទូរស័ព្ទស្មាតហ្វូនបង្កឲ្យមានការចាប់អារម្មណ៍ពេលវាបង្ហាញមុខជាមួយការរចនាពីលោហធាតុដ៏រឹងស្វិត កាមេរ៉ា 16MP និងអមដោយ sensor ស្កេនក្រយ៉ៅដៃនៅផ្ទៃខាងមុខ ។ ទូរស័ព្ទ OnePlus 3 ទាំងមូលមិនមានបច្ចេកវិទ្យាប្រឆាំងការប៉ះទង្គិច ឬធ្លាក់ណាមួយដូច S6 Active ក៏មិនមានបច្ចេកវិទ្យាបង្កើនថាមពលទ្រាំទ្រសម្ពាធអេក្រង់ដូច Droid Turbo 2 ដែរ ប៉ុន្តែមានតែផ្ទាំងកញ្ចក់ Gorilla Glass 4 តែមួយគត់ ដើម្បីការពារផ្នែកអេក្រង់ ។
បុរសម្នាក់នៅក្នុងឃ្លីប គឺជាបុគ្គលិករបស់ OnePlus សាខានៅប្រទេសឥណ្ឌា បានអនុវត្តការធ្វើដំណើរតាមផ្លូវអាកាសមួយនៅ Mimizan (បារាំង) ។ ភ្លាមៗពេលយន្តហោះហោះឡើង និងសម្រេចកម្រិតកម្ពស់ ៧៥០ហ្វីត ពោលគឺប្រមាណ ២២៨ម៉ែត្រ បើប្រៀបជាមួយផ្ទៃដី បុរសនេះបានឲ្យទូរស័ព្ទរបស់ខ្លួនធ្លាក់មកដី ។ គួរឲ្យភ្ញាក់ផ្អើល គឺទូរស័ព្ទនៅរស់រានមានជីវិត ទាំងមូលមិនរងការខូចខាតទេ ទោះបីមានស្នាមឆ្កួតនៅលើគែមរបស់ទូរស័ព្ទ ប៉ុន្តែអេក្រង់របស់ទូរស័ព្ទមិនមានរងរបួសណាមួយឡើយ ។
ទោះយ៉ាងណាក៏ដោយ នេះគ្រាន់តែជាឃ្លីបផ្សព្វផ្សាយពាណិជ្ជកម្មរបស់ OnePlus ប៉ុណ្ណោះ ។ អ្នកប្រើប្រាស់គួរតែមានការប្រុងប្រយ័ត្នពេលប្រើប្រាស់ស្មាតហ្វូន ព្រោះទោះបីមានសមត្ថភាពប្រឆាំងទឹក ប្រឆាំងការប៉ះទង្គិច ឬ រស់រានមានជីវិតតាមរយ:ការធ្វើតេស្តដូច្នេះក៏ដោយ ក៏មិនមានន័យថា វាស៊ាំជាមួយគ្រោះថ្នាក់ក្នុងភាពជាក់ស្តែងនោះឡើយ ៕
ដោយ: តូច រំលឹក