Sunday, January 26, 2025
Homeបរិយាយមុខរបរធ្វើនយោបាយ

មុខរបរធ្វើនយោបាយ

មនុស្សម្នាក់ៗមានជំនាញខុសគ្នា ក៏ប្រកបមុខរបរទៅតាមជំនាញនោះ ជួនកាលការបោះបង់អាជីពជំនាញ លោតទៅធ្វើនយោបាយក៏មាន ដូចជាអ្នកខ្លះជាវេជ្ជបណ្ឌិត ជាវិស្វករ ជាមេធាវី បានបោះបង់ជំនាញដែលរៀនចេះពីសាលា ហក់ទៅប្រឡូកក្នុងឆាកនយោបាយ ព្រោះនយោបាយ បើរាសីខ្ពស់ នឹងធ្វើឱ្យប្រធានគណបក្ស ឡើងឋានៈពីរាស្ត្រសាមញ្ញ ដល់ថ្នាក់ឯកឧត្តម មួយរំពេច។ នៅកម្ពុជា សព្វថ្ងៃ “មុខរបរធ្វើនយោបាយ” កំពុងប្រជែងគ្នាខ្លាំងណាស់ បើបុគ្គលណាយីអ៊ុនដាក់អារក្សធ្វើ ក៏ជាប់គុកច្រវាក់ ហើយបើរាសីខ្ពស់ត្រដែត ក៏បានឡើងបុណ្យស័ក្តិយ៉ាងលឿនដូចទឹកជំនន់ ដែល “នគរធំ” សូមលើករឿង “នយោបាយ” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

“នយោបាយ” ក្លាយមកពីភាសាបាលី “នយ+ឧបាយ” ដែលមានន័យថា ឧបាយក្នុងការណែនាំកលល្បិច ឬមេគំនិតដែលគេបង្កើតឡើង ដើម្បីដឹកនាំជនដទៃឱ្យប្រព្រឹត្តទៅរកទីដៅយ៉ាងនេះឬយ៉ាងនោះ ទាក់ទងនឹងការគ្រប់គ្រងរដ្ឋ។ កាលពីបុរាណ នយោបាយនៅលើព្រះមហាក្សត្រ ដែលកាន់អំណាចទាំង៣ក្នុងព្រះហស្ត គឺអំណាចនីតិប្បញ្ញតិ នីតិប្រតិបត្តិ និងតុលាការ។ ព្រះមហាក្សត្រ ជាអ្នកបង្កើតច្បាប់ អនុវត្តច្បាប់ ដោយត្រាស់បង្គាប់នៅនាហ្មឺនចតុស្តម្ភ ឱ្យធ្វើតាមអ្វីដែលព្រះអង្គចង់បាន និងជាចៅក្រមកំពូល ក្នុងការជំនុំជម្រះក្តី។ ព្រះមហាក្សត្រអង្គណាដែលមាន “នយោបាយខ្លាំង” មកពីមាន “ព្រះរាជគ្រូ” និង “ព្រះអគ្គមហេសី” ខ្លាំងបំផុត ចាំផ្តល់យោបល់ ដូចព្រះបាទជយវរ្ម័នទី៧ ដែលក្លាយជា “ព្រះចៅអធិរាជនៃចក្រភពកម្ពុជទេស” ព្រោះព្រះអង្គមាន “ព្រះរាជគ្រូជយមន្តលាថ៍” និងព្រះអគ្គហេសី “ឥន្ទ្រទេវី” ជាទីប្រឹក្សាដ៏ខ្លាំងបំផុត។ ព្រះមហាក្សត្រក្រោយៗមកទៀត ក៏មាននយោបាយខ្លាំងដែរ ដោយមានឧបនិស្ស័យពីកំណើត ដូចជា “ព្រះបាទអង្គច័ន្ទទី១ ឬព្រះចន្ទរាជា” ស្ថាបនិកបន្ទាយលង្វែក “ព្រះបាទអង្គឌួង” ដែលឈោងចាប់ដៃបារាំង ដើម្បីទប់សៀម និងយួន កុំឱ្យពុះទឹកដីខ្មែរ ចែកគ្នា ជាដើម។

ងាកមកកម្ពុជា បច្ចុប្បន្នវិញ អ្នកនយោបាយមានច្រើនណាស់ដែលសុទ្ធតែមានសញ្ញាបត្រ “បណ្ឌិតវិទ្យាសាស្ត្រនយោបាយ”។ លុះរៀនចប់ ក៏យកចំណោះនេះ មករកស៊ីបង្កើត “មុខរបរធ្វើនយោបាយ” បើសំណាងធំ ក៏បានឡើង “ឋានៈឯកឧត្តម” មួយរំពេច ប៉ុន្តែបើសំណាងអាក្រក់ ក៏ជាប់គុកច្រវាក់អ៊ីចឹងទៅ។ ធម្មតាអ្នកនយោបាយខ្លាំង បើមិនធ្លាប់ជាប់គុក មិនសូវល្បីទេ ឬបើមិនបានជាប់គុក ក៏ត្រូវរត់ចោលស្រុក ជាប់ទោសទណ្ឌដែរ ដូចករណីលោកកឹម សុខា ជាប់គុកត្រពាំងផ្លុង ឯលោកសម រង្ស៊ី ក្លាយជាទណ្ឌិត គេចខ្លួនទៅក្រៅប្រទេស សុទ្ធតែល្បីល្បាញដូចគ្នា។ ដោយឡែក មេខ្មែរក្រហម ខៀវ សំផន ក៏ធ្លាប់ជាប់គុក មេខ្មែរសេរី សឺង ង៉ុកថាញ់ ក៏ធ្លាប់ជាប់ពន្ធនាគារ សូម្បីតែសម្តេចឪ ព្រះបរមរតនកោដ្ឋ ក៏ធ្លាប់ត្រូវពួកខ្មែរក្រហម បង្ខាំងនៅក្នុងព្រះបរមរាជវាំង ជាង៣ឆ្នាំ ខណៈដែលសម្តេចហ៊ុន សែន ពេលរត់គេចចេញពីប្រទេស ទៅបង្កចលនាតស៊ូនៅវៀតណាម ក៏ត្រូវវៀតណាម ចាប់ឃុំខ្លួនមួយរយៈដែរ។

“មុខរបរធ្វើនយោបាយ” ជាមុខរបរធំជាងគេ បានផលចំណេញច្រើន តែខាតក៏ច្រើនដែរ ជួនកាលត្រូវគេបាញ់សម្លាប់ ចាប់ដាក់ពន្ធនាគារ ឬដាក់ឱ្យនៅក្រៅច្បាប់ ក៏សឹងមាន។ នៅក្នុងរបបប៉ុល ពត បានប្រមូលអ្នកប្រកបមុខរបរទាំងអស់ ទៅរែកដី លើកទំនប់ ជីកប្រឡាយ លុះរបបនេះដួលរលំ អ្នកមានជំនាញខាងនយោបាយ ក៏ក្លាយជាអ្នកដឹកនាំប្រទេស ដូចឃើញស្រាប់។ នយោបាយ ធ្វើឱ្យមនុស្សញៀនញ៉ាម ទោះជាជាប់គុកក៏មិនរាងចាលដែរ ដូច្នេះការដោះលែងអ្នកទោសពាក់ព័ន្ធនឹងរឿងនយោបាយ មិនអាចធ្វើឱ្យពួកគេបោះបង់នយោបាយបានឡើយ។

ករណីដោះលែងលោកហុង សុខហួរ លោកអ៊ុំ សំអាន លោកមាជ សុវណ្ណរ្ណា៉ា ក៏ដូចជាសកម្មជនបក្សប្រឆាំង ជាង១០នាក់ទៀត ក៏មានសំណួរលេចឡើងក្នុងមជ្ឈដ្ឋានមហាជនថា “តើពួកគាត់ចេញពីគុក រកស៊ីអី?” ក៏មានអ្នកឆ្លើយថា រកស៊ីលក់ដូរ រត់តាក់ស៊ី បើកហាងគុយទាវ ក៏រស់ដែរ ប៉ុន្តែ “នគរធំ” មានទស្សនៈថា “អ្នកនយោបាយ មិនអាចបោះបង់មុខរបរធ្វើនយោបាយបានឡើយ” គឺមានន័យថា ពួកគាត់សំងំតែមួយរយៈខ្លី ក៏ងើបច្រូងឡើងវិញមិនខាន។ ករណីតុលាការកំពូល ដកសិទ្ធិអតីតមន្ត្រីបក្សសង្គ្រោះជាតិ (CNRP) ១១៨រូប មិនឱ្យធ្វើនយោបាយ ៥ឆ្នាំនោះ យើងឃ្លាំមើលឃើញថា ពួកគាត់មានទៅសំងំស្ងៀមស្ងាត់ឯណា យូរៗក៏ស៊កគន្លឹះនយោបាយដៀមដាមបក្សកាន់អំណាច (CPP) ជាហូរហែ ដូចករណីលោកជាម ច័ន្ទនី លោកអ៊ូ ច័ន្ទរត្ន័ ជាដើម គឺពួកគាត់នៅក្នុងស្រុក ហ៊ានរិះគន់ CPP ដោយមិននិយាយពីពួកប្រឆាំងនៅក្រៅស្រុកនោះទេ។

អ្នកនយោបាយ មិនពូកែធ្វើជំនួញទេ ប៉ុន្តែគាត់អាចប្រើប្រពន្ធកូនឱ្យប្រកបរបរជួញដូរ ឯរូបគាត់ចូលប្រឡូកក្នុងឆាកនយោបាយ។ ផ្ទុយទៅវិញ អ្នកជំនួញខ្លាំងរហូតក្លាយជាសេដ្ឋី បើគាត់លោតទៅធ្វើនយោបាយ មិនងាយអ្នកណាអាចទប់ល្បិចគាត់បានទេ ដូចករណីមហាសេដ្ឋី ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក មាននយោបាយខុសពីប្រធានាធិបតីមុនៗ ដោយគាត់ចេះល្បិចយកពន្ធទំនិញចូលខ្ពស់ ធ្វើឱ្យទំនិញនាំចូលនោះឡើងថ្លៃ បណ្តាលឱ្យពលរដ្ឋអាមេរិក មិនហ៊ានទិញ ក៏ងាកមកប្រើប្រាស់ទំនិញក្នុងស្រុក ដែលមានតម្លៃថោកវិញ និងធ្វើឱ្យផលិតផលអាមេរិក មានតម្លៃ។

ជួនកាលអ្នកនយោបាយខ្លះឆ្លាតណាស់ បើមានសម្ពាធកើតឡើង គាត់លាតំណែងមួយរយៈសិន លុះស្ងប់សម្ពាធ ក៏យកតំណែងនោះមកវិញ។ ឧទាហរណ៍ “ព្រះបាទជ័យជេដ្ឋាទី៣ ឬព្រះជ័យចេស្តា” ឡើងសោយរាជ្យឆ្នាំ១៦៧៥ ប៉ុន្តែពេលសោយរាជ្យបាន៦ឆ្នាំ មានរាជវង្សទាស់ទែងគ្នា ព្រះអង្គក៏ដាក់រាជ្យថ្វាយទៅក្មួយ ព្រះនាម “ព្រះអង្គយ៉ង” ដើម្បីទប់សម្ពាធរាជវង្ស។ ចំណែកព្រះអង្គយ៉ង ធ្វើការមិនកើត សោយរាជ្យបានតែ១ឆ្នាំ នាហ្មឺនសព្វមុខមន្ត្រី មិនពេញចិត្ត ក៏សុំយាងព្រះជ័យចេស្តា មកសោយរាជ្យជាលើកទី២។ មិនយូរប៉ុន្មាន ក៏មានទំនាស់កើតឡើងទៀត ព្រះបាទជ័យចេស្តា ក៏ដាក់រាជ្យថ្វាយទៅ “ព្រះកែវហ៊្វា អង្គអឹម” ជាបុត្រប្រសា បន្ទាប់មក ព្រះជ័យចេស្តា បានយាងទៅបួស ប៉ុន្តែព្រះអង្គអឹម ក្មេងពេក មិនចេះធ្វើនយោបាយ ទើបនាហ្មឺនសព្វមុខមន្ត្រី ថ្វាយរាជ្យ ទៅព្រះជ័យចេស្តា វិញ។ ក្រោយមកទៀត ព្រះបាទជ័យចេស្តា បានដាក់រាជ្យថ្វាយទៅ “ព្រះស្រីធម្មរាជា” ដែលជាបុត្របង្កើត ប៉ុន្តែជាចុងក្រោយ ដោយព្រះមហាក្សត្រក្មេងនេះ ខ្សោយនយោបាយ ទើបព្រះបាទជ័យចេស្តា បានមកសោយរាជ្យ ជាលើកទី៤ រហូតដល់សោយព្រះទិវង្គត នាឆ្នាំ១៧០២….។

ការដកស្រង់ឯកសារប្រវត្តិសាស្ត្រនេះ ចង់បង្ហាញថា អ្នកនយោបាយដែលប៉ិនប្រសប់ ត្រូវតែចេះ “ងរង៉ក់” ពោលគឺបើមាននាហ្មឺន ឬព្រះញាតិវង្ស មិនពេញចិត្ត ក៏ដាក់រាជ្យភ្លាម លុះអ្នកទទួលរាជ្យនោះ គ្មានសមត្ថភាព ធ្វើឱ្យនាហ្មឺនពូកែទាស់នោះ គ្មានជម្រើស ក៏សុំយាងអតីតព្រះមហាក្សត្រដែលឆ្នើមនយោបាយមកសោយរាជ្យវិញ។ សម្តេចឪ ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក៏មិនខុសពីព្រះជ័យចេស្តា ដែរ ដែលរាស្ត្រធ្លាប់ឃើញព្រះអង្គ លាតំណែងជារឿយៗ ហើយជាចុងក្រោយ បានដាក់រាជ្យថ្វាយទៅព្រះរាជបុត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី រហូតដល់ព្រះអង្គសោយព្រះទិវង្គត។ លោកមហាធៀរ មហាម៉េដ អ្នកនយោបាយម៉ាឡេស៊ី បានដើរចេញពីឆាកនយោបាយ ជាង១០ឆ្នាំ ដើម្បីគេចពីសម្ពាធផ្សេងៗ លុះពលរដ្ឋម៉ាឡេស៊ី មិនពេញចិត្តលោកនាយករដ្ឋមន្ត្រីណាជីប រ៉ាហ្សាក់ ក៏គ្មានជម្រើសអ្វីក្រៅពីបោះឆ្នោតជូនលោកមហាធៀរ បានមកធ្វើនាយករដ្ឋមន្ត្រីវិញ។

ដូច្នេះយើងឃើញថា អ្នកនយោបាយខ្លាំង ទាល់តែចេះង៉ក់ ចេះបញ្ជោរ ចេះអែបអប ចេះបត់បែនទៅតាមកាលៈទេសៈ ជួនកាលក៏លាតំណែងមិនស្តាយស្រណោះ។ “មុខរបរធ្វើនយោបាយ” ចំណេញក៏ធំ ខាតក៏ធំ ជាក់ស្តែងអស់លោកខ្លះ រាស្ត្រមិនដែលស្គាល់ផង ស្រាប់តែគាត់ចេញមុខបង្កើតគណបក្សនយោបាយ ទោះជាចាញ់ឆ្នោត ក៏មានតម្រុយបានអង្គុយកៅអី “ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់“ ឋានៈស្មើទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី។ បើគាត់ចំណេញធូរៗបែបនេះ ច្បាស់ជាមានអ្នកនយោបាយកើតឡើងដូចផ្សិត ព្រោះដឹងថា មុខរបរនោះ ឆាប់ឡើងបុណ្យស័ក្តិ គេត្រូវតែហ៊ានធ្វើ។

សរុបទៅ “មុខរបរធ្វើនយោបាយ” គឺជាមុខរបរធំជាងគេ ឬថាជាមុខរបរឆាប់ឡើង “ខ្ពស់កប់ពពក” ប៉ុន្តែជួនកាលក៏ធ្លាក់ “ជ្រកអាចម៍ជន្លេន”។ បើគាត់មិនហ៊ានលះបង់ រួញរាក្នុងការជាប់គុក មិនហ៊ានប្រឈមនឹងប្រជារាស្ត្រ មិនចេះទប់សម្ពាធអន្តរជាតិ… គួរកុំរកស៊ីធ្វើនយោបាយអី ព្រោះមុខរបរនេះ សម្រាប់តែអ្នកហ៊ានលះបង់ ហ៊ានជាប់គុក ហ៊ានរត់ចោលស្រុក… ដែលជាបរិបទសម្រាប់អ្នករកស៊ីធ្វើនយោបាយពិចារណា…៕

RELATED ARTICLES