បន្ទាប់ពីបានដឹងពីគម្រោងរបស់រាជរដ្ឋាភិបាល រៀបចំបង្កើតខេត្តថ្មី២ បំបែកចេញពីខេត្ត៣ ក៏មានពលរដ្ឋមួយចំនួនអបអរសាទរ ឯមួយចំនួនទៀតរិះគន់។ ធម្មតា ការងារអ្វីតែងតែមានការរិះគន់ខ្លះ ចៀសមិនរួចទេ ប៉ុន្តែគម្រោង “បង្កើតខេត្តថ្មី មិនខុសរដ្ឋបាលចាស់” នោះទេ ព្រោះកាលពីសម័យអង្គរ សម័យលង្វែក មានខេត្តច្រើនណាស់ ដែល “នគរធំ” សូមគាស់កកាយពី “បែបផែនរដ្ឋបាលចាស់” ឬ “ការបង្កើតខេត្តថ្មី” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
សូមរំព្ញកថា កាលពីសម័យអង្គរ ក្នុងរជ្ជកាល “ព្រះបាទជយវរ្ម័នទី៧” ទឹកដីខ្មែរ លាតសន្ធឹងធំធេងណាស់ ដោយមាន “ខេត្តចំនួន៥៤”។ លុះព្រះមហាក្សត្រចាត់ចែងកសាង “ប្រាសាទបាយ័ន” តម្រូវឱ្យមានកំពូលប្រាង្គព្រះលោកេស្វរៈ (មុខ៤) ចំនួន៥៤ តាមចំនួនខេត្ត សូម្បីតែរូបអសុរៈទាញនាគ នៅមុខខ្លោងទ្វារទាំង៥ នៃក្រុង “នគរធំ” ក៏មានចំនួន៥៤ដែរ។ ចូលមកដល់សម័យលង្វែក ជាពិសេសក្នុងរជ្ជកាល “ព្រះបាទអង្គចន្ទទី១ ឬព្រះចន្ទរាជា” ទឹកដីខ្មែរ រួញបន្តិច តែក៏នៅសល់ខេត្តជាច្រើននៅប៉ែកខាងជើង ដូចជា ខេត្តជលបុរី, ស្ទឹងជ្រៅ, ចន្ទបុរី, បស្ចិមបុរី, នាងរង, គោកខណ្ឌ, នគររាជសីមា, សុរិន្ទ, សិរីសាកេត, សិង្គារ ជាដើម ដែលសព្វថ្ងៃបានក្លាយជាខេត្តរបស់ថៃ។ ចំណែកប៉ែកខាងកើត និងខាងត្បូង មានខេត្ត ក្រមួនស, ទឹកខ្មៅ, ឃ្លាំង, ព្រះត្រពាំង, បាសាក់, ផ្សារដែក, រោងដំរី ជាដើម សរុបជាង២០ខេត្ត ក្លាយទៅជាខេត្តរបស់វៀតណាម។
ទឹកដីជាង៧០ខេត្ត កាលពីសម័យលង្វែក ឧដុង្គ ត្រូវបែងចែកជា៥ភូមិភាគ ដែលបុរាណហៅថា “ដី” គ្រប់គ្រងដោយស្តេចត្រាញ់ ពាក់ស័ក្តិ១០ហ៊ូពាន់ ក្នុងនោះមាន “ពញាតេជោបុរារាជ” ឈរខេត្តកំពង់ស្វាយ, “ពញាសួគ៌ាលោក” ឈរខេត្តពោធិ៍សាត់, “ពញាធម្មតេជោ” ឈរខេត្តបាភ្នំ, “ពញាពិស្ណុលោក” ឈរខេត្តទ្រាំង, “ពញាអរជូន” ឈរខេត្តត្បូងឃ្មុំ។ ចំណុចនេះ គួរយល់ថា រដ្ឋបាលភូមិភាគនីមួយៗ មានខេត្តចំណុះច្រើនទៀត និងត្រួតត្រារហូតដល់ខេត្តឆ្ងាយៗ ដែលយើងសូមបង្ហាញត្រឹម៧ខេត្ត ដូចជា “ពញាអរជូន ឬព្រះរាមត្បូងឃ្មុំ” មានខេត្តត្បូងឃ្មុំ ខេត្តបាសាន ខេត្តទទឹងថ្ងៃ ខេត្តរោងដំរី ខេត្តព្រៃនគរ ខេត្តលង់ហោរ ខេត្តផ្សារដែក៘ ជាចំណុះ។ ចំណែក “ពញាតេជោបុរារាជ ឬព្រះរាមកំពង់ស្វាយ” មានខេត្តជើងព្រៃ ខេត្តអាសន្ទុក ខេត្តជាំក្សាន្ត ខេត្តសុរិន្ទ ខេត្តសិរីសាកេត (សៀម ហៅស៊ីសាកេត) ខេត្តរយ៉ង ខេត្តគោកខណ្ឌ ជាចំណុះ។ រីឯ “ពញាពិស្ណុលោក ឬព្រះរាមទ្រាំង” មានខេត្តបន្ទាយមាស ខេត្តបាទី ខេត្តកំពង់សោម ខេត្តក្រមួនស ខេត្តទឹកខ្មៅ ខេត្តឃ្លាំង ខេត្តព្រះត្រពាំង៘ ជាចំណុះ។ រាល់ស្តេចត្រាញ់ ជួនកាលជាប់សែព្រះរាជវង្សានុវង្ស ខ្លះជារាស្ត្រសាមញ្ញ តែខ្លាំងក្នុងការតស៊ូ ក៏ត្រូវទទួលការតែងតាំងឱ្យមើលការខុសត្រូវខេត្តចំណុះ បើលោកចេញត្រួតពិនិត្យកិច្ចការរដ្ឋបាលម្តងៗ ត្រូវជិះទូក សំពៅ ឬជិះដំរី សេះ ដោយមានក្បូនប្ញស្សីធំៗ សម្រាប់ចម្លងក្បូនដង្ហែឆ្លងកាត់ស្ទឹងទន្លេ ព្រោះមិនទាន់មានស្ពានដូចសម័យនេះទេ។
ដោយឡែក ចៅហ្វាយខេត្ត-ក្រុង កាលពីសម័យអង្គរ មានងារជា “ម្រតេងគុរុង” លុះចូលមកដល់សម័យលង្វែក-ឧដុង្គ ចៅហ្វាយខេត្ត មានងារជា “ឧកញ៉ា សិក្ត័៨ហ៊ូពាន់” ដូចជា “ឧកញ៉ាសុរិន្ទាធិរាជ” ត្រួតខេត្តសុរិន្ទ, “ឧកញ៉ាសែន្យខាំងហ្វា” ត្រួតខេត្តបារាយណ៍, “ឧកញ៉ាមនោមេត្រី” ត្រួតខេត្តបាត់ដំបង (ក្រោយមក ប្តូរជាឧកញ៉ាគទាធរ ដែលសៀម ហៅកថាថន), “ឧកញ៉ានរាធិបតី” ត្រួតខេត្តព្រៃវែង, “ឧកញ៉ាឧទ័យធិរាជ” ត្រួតខេត្តអាសន្ទុក ជាដើម។ ពីបុរាណ អភិបាលខេត្ត មានឈ្មោះថា “ចៅហ្វាយស្រុក” ដូចឃ្លាថា “កាលនោះឧកញ៉ាឧទ័យធិរាជ ចៅហ្វាយស្រុក-ខេត្តអាសន្ទុក បានរៀបចំពិធីបុណ្យ…”។
នៅក្នុងរជ្ជកាល “ព្រះបាទអង្គឌួង” មានការបំបែកខេត្តណាធំៗ ទៅជាខេត្តតូចៗ ព្រោះសម័យនោះ មិនទាន់មាន “រដ្ឋបាលស្រុក” នៅឡើយ ដូចឯកសារប្រវត្តិសាស្ត្រ បានចារទុកថា “ទ្រង់បំបែកខេត្តណាធំៗ ជា២-៣ខេត្ត ឬ ៤-៥ខេត្ត។ ខេត្តបាទី ស្តេចចែកជា៤ខេត្ត គឺខេត្តបាទី, ខេត្តភ្នំស្រួច, ខេត្តគងពិសី និងខេត្តកណ្តាលស្ទឹង។ ខេត្តស្រីសឈរ ចែកជា៣ខេត្ត គឺខេត្តស្រីសឈរ, ខេត្តពារាំង”។ ចំពោះកិច្ចការរដ្ឋបាល គឺចៅហ្វាយស្រុក ខេត្ត… ឡើងស្តេចត្រាញ់ ចំណែកស្តេចត្រាញ់ ឡើង “សម្តេចចៅហ៊្វាទឡ្ហៈ” (នាយករដ្ឋមន្ត្រី) ជាចុងក្រោយ សម្តេចចៅហ៊្វាទឡ្ហៈ ឡើងដល់ព្រះមហាក្សត្រ។
ងាកមកបច្ចុប្បន្នកាលវិញ យើងឃើញរាជរដ្ឋាភិបាល បានបំបែកខេត្តរួចមកហើយ ក្នុងនោះមានខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន ខេត្តព្រះសីហនុ និងខេត្តកែប។ ឥឡូវថា នឹងបំបែកខេត្ត២ ចេញពីខេត្តកណ្តាល មណ្ឌលគិរី និងរតនគិរី ហើយខេត្តថ្មីនោះ មិនទាន់ស្គាល់ឈ្មោះ។ កាលពីសម័យសង្គមរាស្ត្រនិយម ខេត្តរតនគិរី ត្រូវបានបង្កើតនៅឆ្នាំ១៩៦២ និងខេត្តមណ្ឌលគិរី បង្កើតនៅឆ្នាំ១៩៦៥ តាមរយៈព្រះរាជក្រឹត្យ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងបងប្អូនជនជាតិភាគតិច ដែលមានអរិយធម៌ទាប ក្នុងនោះ មានជនជាតិព្នង, ទំពួន, គ្រឹង, កួយ, ចារ៉ាយ ជាដើម ដែលខ្លះមិនទាន់ចេះស្លៀកពាក់ផង។
បច្ចុប្បន្ន ទឹកដីកម្ពុជា ដែលមាន២៥ខេត្ត-រាជធានី បើត្រូវបំបែកទៀតនោះ ក៏មិនខុសពី “រដ្ឋបាលពីបុរាណ” នោះឡើយ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងថែរក្សាសណ្តាប់ធ្នាប់ និងស្ថិរភាពសង្គម។ ទោះយ៉ាងណា គួរជ្រើសយកតែមន្ត្រីរាជការដែលមានស្រាប់ ទៅឈរខេត្តថ្មីនោះជាការស្រេច ដូចករណីជ្រើសមន្ត្រីរាជការពីខេត្តកំពត ឱ្យទៅធ្វើការនៅខេត្តកែប។ ផ្ទុយទៅវិញ បើរដ្ឋាភិបាល ជ្រើសយកក្របខ័ណ្ឌថ្មី រាប់រយនាក់បន្ថែមឱ្យទៅឈរជើងនៅខេត្តថ្មីនោះ ធ្វើឱ្យខាតបង់ថវិកាជាតិ ជួនកាលរងការរិះគន់ពីមហាជនថា “គ្នាច្រើនអន្សមខ្លោច គ្នាដូចស្រមោច អន្សមឆៅ” មិនខានឡើយ។
គួរបញ្ជាក់ថា កម្ពុជា មានផ្ទៃដីទំហំ ១៨១ ០៣៥ គម២ បែកជា២៥ខេត្ត-រាជធានី បើបន្ថែមខេត្ត២ទៀត វាឡើងដល់២៧។ រឿងនេះ បើគិតឱ្យសព្វៗទៅ គួរឱ្យខ្មាស “មហាមិត្តចិន” ដែរ ព្រោះស្រុកចិន “ធំប៉ុនមេឃ” មានតែជាង៣០ខេត្តប៉ុណ្ណោះ ដែលខេត្តខ្លះធំជាងស្រុកខ្មែរទៅទៀត។ ក្នុងនោះ ដូចជា “ខេត្តសាអានស៊ី” (Shaanxi) ឋិតនៅភាគកណ្តាលប្រទេសចិន មានផ្ទៃដី ២០៥ ៨០០ គម២ (ធំជាងស្រុកខ្មែរ), “ខេត្តស៊ីឈួន” (Sichuan) មានផ្ទៃដី៤៨៥ ០០០ គម២ (ធំជាងកម្ពុជា ៣ដង)។ “ខេត្តហឺប៉ី” (Hebei) មានផ្ទៃដី ១៨៧ ៧០០ គម២ (សុទ្ធតែធំជាងប្រទេសយើង)។
យ៉ាងណាក៏ដោយចុះ ប្រទេសយើងតូច ធ្វើតាមមហាយក្ស ក៏ទៅមិនរួចដែរ គួរតែ “បង្កើតខេត្តថ្មី តាមគំរូរដ្ឋបាលចាស់” មានន័យថា បើបានជាបង្កើតខេត្តជាបន្តបន្ទាប់បែបនេះ “គួររៀបចំគោរមងារអភិបាលខេត្ត” ទៅជា “ឧកញ៉ា” ដូចដើម ទើបមានតុល្យភាព។ ឧទាហរណ៍ សព្វថ្ងៃ អភិបាលខេត្ត ហៅថា “ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រៃវែង” គួរតែតាមរដ្ឋបាលបុរាណថា “ឧកញ៉ានរាធិបតី ចៅហ្វាយខេត្តព្រៃវែង” វិញ ឬ “ឧកញ៉ាសេនានុជិត ចៅហ្វាយខេត្តកំពត” វិញ។ ដោយឡែក ចំពោះអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ដែលសព្វថ្ងៃមានងារជា “ឧកញ៉ា” គួរយកងារនេះ ប្រគល់ទៅជូននាហ្មឺនជាន់ខ្ពស់ វិញ ដោយប្រើពាក្យ “សេដ្ឋី សេដ្ឋិនី គហបតី គហបតានី” មកជំនួសវិញ។
សព្វថ្ងៃ ឧកញ៉ាៗមានចំនួនជិត១០០០នាក់ឯណោះ សំដៅដល់អ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ដែលឧកញ៉ាខ្លះបានយកគោរមងារដែលព្រះមហាក្សត្រប្រោសព្រះរាជទាន ទៅកាងឈើប្រណីត ធ្វើនំអត់ម្សៅ ឬប្រព្រឹត្តបទល្មើសផ្សេងៗ នាំឱ្យខូចដល់ងារឧកញ៉ាដែលមានមកពីបុរាណ។ ហេតុនេះ បើបានជាបង្កើតខេត្តថ្មី គួរប្រគល់គោរមងារ “ឧកញ៉ា” ជូនដល់នាហ្មឺន ចាប់ពីថ្នាក់ចៅហ្វាយខេត្តឡើងទៅ ជាការប្រសើរណាស់។ គួរយល់ថា ថៅកែធំៗដែលមានងារឧកញ៉ា ត្រូវកាន់មួយជីវិត ប៉ុន្តែងារឧកញ៉ាសម្រាប់ចៅហ្វាយខេត្ត កាន់បានតែក្នុងអាណត្តិ ឬថាបើគាត់ជាឧកញ៉ានរាធិបតី ត្រួតខេត្តព្រៃវែង បើគាត់ផ្លាស់ចេញ ក៏អស់ងារនេះ ហើយមន្ត្រីតែងតាំងថ្មី ឱ្យទទួលងារជាឧកញ៉ានរាធិបតី ជំនួស។
សរុបទៅ “បង្កើតខេត្តថ្មី មិនខុសរដ្ឋបាលចាស់” សំដៅដល់គម្រោងបង្កើតខេត្តថ្មីរបស់រដ្ឋាភិបាល មិនខុសអ្វីទេ ដើម្បីងាយស្រួលក្នុងការថែរក្សាស្ថិរភាពសង្គម ប៉ុន្តែគួរកុំជ្រើសក្របខ័ណ្ឌបន្ថែមច្រើនពេក នាំឱ្យប៉ះពាល់ដល់ថវិកាជាតិ និងរងការរិះគន់ពីប្រជាពលរដ្ឋ។ ចំណុចសំខាន់ បើជ្រុលជាធ្វើតាមរដ្ឋបាលបុរាណ គួរតែប្រគល់គោរមងារ “ឧកញ៉ា” ដល់អស់លោកអភិបាលខេត្ត-រាជធានី ទាំងអស់ផង ដើម្បីឱ្យមានតុល្យភាព”