តាមការកត់សម្គាល់ ៥អាណត្តិ កន្លងមកនេះ ឱ្យតែគណៈរដ្ឋមន្ត្រីថ្មី ចាប់ផ្តើមធ្វើការ តែងតែប្រកាសពីការកែទម្រង់ មិនដែលខានឡើយ ខណៈដែលសមាសភាពមន្ត្រីរាជរដ្ឋាភិបាល ក៏ដូចរដ្ឋបាលថ្នាក់ក្រោម ជាមនុស្សដដែល។ ធម្មតាមនុស្សដដែល គឺរបៀបធ្វើការនៅដដែល ចរិតដដែល បើ “ចង់កែទម្រង់ ទាល់តែកែចរិត” ទើបបាន។ ចង់កែចរិតបុគ្គល មិនមែនជាការងាយស្រួលនោះទេ ប៉ុន្តែបើប្រមុខរដ្ឋាភិបាល អាចកែបានជាជ័យជម្នះធំធេងណាស់ ដែល “នគរធំ” សូមលើកពីរឿង “ចរិតមនុស្ស” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
គួរបញ្ជាក់ថា “ចរិតមនុស្ស មាន៦យ៉ាង” គឺ១.រាគចរិត (ចូលចិត្តរបស់ស្អាតៗតាមរាគៈ) ២.ទោសចរិត (ឆាប់ខឹង ឆេវឆាវ) ៣.មោហចរិត (វង្វេងល្ងិតល្ងង់) ៤.វិតក្កចរិត (ចូលចិត្តត្រិះរិះច្រើន) ៥.សទ្ធាចរិត (ចូលចិត្តធ្វើបុណ្យកុសល) ៦.ពុទ្ធិចរិត (ចូលចិត្តស្រាវជ្រាវរៀនសូត្រ)។ ចរិតទាំង៦យ៉ាងនេះ មានលាក់ទុកនៅក្នុងខ្លួនមនុស្សគ្រប់រូប បើកើតពោះម៉ែ មកមានចរិតបែបណា គឺធំឡើងទៅនោះហើយ ពិបាកកែណាស់ ដូច្នេះបើសិនជាមនុស្សនោះក្លាយជារដ្ឋមន្ត្រី អភិបាលខេត្ត ប្រធានស្ថាប័នផ្សេងៗ បើចរិតគាត់យ៉ាងណា ច្បាស់ជាដឹកនាំក្រសួង ស្ថាប័ន អង្គភាព ទៅតាមចរិតរបស់គាត់មិនខានឡើយ។
ឧទាហរណ៍ លោកចៅហ្វាយខេត្តម្នាក់នោះ មាន “រាគចរិត” ឬចូលចិត្តរបស់ស្អាតៗ ដូចជាភូមិគ្រឹះទំនើប រថយន្តទំនើប ស្រីស្អាតកំដរអារម្មណ៍ម្តងម្កាល បើថ្នាក់លើឱ្យគាត់កែទម្រង់ទៅជា “ដេកខ្ទម ជិះរទេះគោ គ្មានស្រីកំដរនោះ គាត់ធ្វើតាមការណែនាំពីថ្នាក់លើ តែមួយខ្យល់” ប៉ុណ្ណោះ លុះស្ងប់ខ្យល់ ក៏វិលទៅតាមចរិតគាត់ដដែលវិញ ចៀសមិនរួច។ បើមេបញ្ជាការអង្គភាពយោធាណា មាន “ទោសចរិត“ ច្បាស់ជាខឹងកូនទាហានដែលខុសវិន័យបន្តិចបន្តួច ដោយកោះហៅមកដាក់ទណ្ឌកម្ម គ្មានយោគយល់ ដូចជាវាយវាត់ ទាក់ធាក់ ដាក់ទ្រុងលួសបន្លា ហាលថ្ងៃក្តៅ ឬឱ្យលូនកាត់ខ្សាច់ក្តៅ នៅពេលថ្ងៃត្រង់ ជាដើម លុះត្រាតែគាត់ស្ងប់កំហឹង ទើបពលទាហានខុសវិន័យនោះរួចខ្លួន។ ទណ្ឌកម្មនេះជួនកាលជ្រុលហួស បណ្តាលឱ្យកូនចៅក្រោមឱវាទ មួម៉ៅក្តៅក្រហាយ លាឈប់ពីអង្គភាពក៏សឹងមាន លុះកូនចៅរត់ចោលជួរ លោកមេទាហាននោះ “មិនខ្វល់” ដោយឆ្លៀតឱកាស “ស៊ីប្រាក់ខែទាហានខ្មោច” យ៉ាងសប្បាយដៃ។
ឥឡូវការប្រកាសកែទម្រង់ចាប់ផ្តើមទៀតហើយ ដោយព្រមាន “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាលវះកាត់” ខណៈដែលមន្ត្រីដែលត្រូវកែនោះ ជាមនុស្សដដែល ជារឿងពិបាកបំផុត លុះត្រាតែ “កែចរិត ទើបីកែទម្រង់ មានប្រសិទ្ធភាព”។ នៅក្នុងគ្រួសារមួយ មានកូន៦នាក់ មានចរិតខុសគ្នា ដូចលើកឡើងខាងលើ បើឪពុកចង់កែចរិតកូនឱ្យក្លាយជាមនុស្សល្អក្នុងសង្គម ចាំបាច់ត្រូវតែយក “មាគ៌ាពុទ្ធនិយម” មកអនុវត្ត។
ឧទាហរណ៍ កូនប្រុសម្នាក់មានដៃមានជើង ម៉ែទុកលុយមិនគង់ ចេះតែលួចយកទៅស៊ីចាយអស់ ដែលមុនដំបូង កាលនៅកុមារ លួចល្មមទេ លុះពេញកំលោះ ក៏លួចធ្ងន់ទៅៗ។ ចង់កែកូន “ចរិតចោរ ឬមោហចរិត“ បែបនេះ ឪពុកត្រូវប្រគល់កូនសោទូដាក់ប្រាក់ឱ្យកូននោះកាន់ ដោយរាប់ត្រឹមត្រូវនៅនឹងមុខកូនឯទៀត។ កាលបើឪពុកឱ្យកាន់កូនសោ ដឹងចំនួនលុយក្នុងទូច្បាស់បែបនេះ “កូនចោរនោះ លួចលែងកើត” បានត្រឹមតែចាយលុយដែលឪពុកម្តាយឱ្យបន្តិចៗប្រចាំថ្ងៃ។ លុះធ្វើរបៀបនេះយូរៗទៅ កូនប្រុសមានដៃមានជើងនោះ ក៏បាត់បង់ចរិតលួច ក្លាយទៅជាពលរដ្ឋល្អទៅអនាគត។ ម៉្យាងទៀត បើកូនប្រុសណាមាន “រាគចរិត” ឬខិលខូច មានស្រីញីអូនបង ដើរមិនចូលផ្ទះ ឪពុកអាច “ដើរតួខិលខូចដែរ” ដោយឧស្សាហ៍ចូលក្លឹបរាត្រី ឱ្យកូនប្រុសកំហូចនោះឃើញ។ កាលបើកូននោះឃើញ ពេលទៅដល់ផ្ទះ ក៏ស្តីបន្ទោសឪពុកថា “ចាស់ហើយ ព្រើលដូចក្មេង” ដល់ពេលនោះ ឪពុកត្រូវស៊កគន្លឹះថា បើ “កូនឯងឈប់ភ្លីភ្លើ ឪក៏ឈប់ដែរ” ទីបំផុត កូនប្រុសនោះ ខ្មាសមិត្តភក្តិដែលខិលខូចដូចគ្នា ក៏លះបង់កំហូចបន្តិចម្តងៗ ដើម្បីយកឈ្នះឪពុក។ មួយវិញទៀត បើកូនក្រមុំមានចរិតឡូយឆាយ ចូលចិត្តតែងខ្លួនដើរ ផ្សារបង្ហិនលុយ មិនសូវគិតគូររៀនសូត្រ ត្រូវម្តាយធ្វើគំរូ ដើម្បីកាច់កូនស្រីនោះ ដោយ “ធ្វើខ្លួនឱ្យស្រស់ប្រិមប្រិយ ដើរមិនសូវចូលផ្ទះ” លុះយូរៗទៅ កូនស្រីនោះនឹងស្តីបន្ទោសម្តាយមិនខានថា “ចាស់ហើយចង់ធ្វើដូចក្រមុំ“ ពេលនោះម្តាយអាចស៊កគន្លឹះកាច់កូនស្រីថា “បើកូនឯងអាចឈប់បាន ម៉ែក៏ឈប់ដែរ ដើម្បីកុំឱ្យប៉ាពិបាកចិត្ត” ដូច្នេះចង់មិនចង់ ក៏កូនស្រីនោះភ្ញាក់ខ្លួន វិលមកខំរៀនសូត្រវិញមិនខានឡើយ។
ព្រះសម្មាសម្ពុទ្ធបរមគ្រូ មុននឹងទេសនាប្រោសសាវ័កណាឱ្យបានសម្រេចព្រះអរហត្តផល ព្រះអង្គរំពឹងមើលពី “អត្តចរិត”សាវ័កនោះជាមុនសិន។ ឧទាហរណ៍ បន្ទាប់ពីចូលសាងផ្នួសរួចមក “ព្រះនន្ទត្ថេរ” ជាព្រះអនុជរួមបិតា នៅមិនសុខ ចេះតែនឹករលឹកដល់ “ព្រះនាងជនបទកល្យាណី” ដែលរៀបអភិសេករួច មិនទាន់បានផ្សំដំណេកផង ព្រះរៀម (ព្រះពុទ្ធ) បានហៅមកបួស។ ដោយស្គាល់ពី “រាគចរិត” របស់ប្អូន ទើបព្រះពុទ្ធលួងលោមថា “ប្អូនឯងខំធ្វើសមាធិទៅ ចាំបងរកស្រីទេពអប្សរ ដែលស្អាតជាងនាងជនបទកល្យាណី មកថ្វាយ” ហេតុតែចង់បានស្រីទេពអប្សរមករួមស្នេហ៍ តាមចរិតកំណើត ដែលចូលចិត្តអ្វីដែលស្អាត ព្រះនន្ទត្ថេរ ប្រឹងធ្វើសមាធិ រហូតបានសម្រេចធម៌ជាន់ខ្ពស់ ក្លាយជាព្រះអរហន្ត លែងចង់បានប្រពន្ធទៅ។ ចំណែកព្រះពុទ្ធ ដែល “កុហកប្អូន” គ្មានកំហុសពាក់ព័ន្ធនឹង “មុសាវាទ” នោះទេ ព្រោះតាមគម្ពីរចែងថា “ព្រះពុទ្ធ និងព្រះបច្ចេកពុទ្ធ ជាអច្ឆរិយបុគ្គល ដែលមិនត្រូវអាបត្តិ”។
ដូច្នេះយើងឃើញថា “បើចង់កែទម្រង់ ទាល់តែកែចរិត” ព្រោះមនុស្សម្នាក់ៗមានចរិតខុសគ្នា បើចង់កែឱ្យដើរស្របគ្នា ត្រូវសិក្សាពីចរិតឱ្យច្បាស់សិន។ ប៉ុន្មានថ្ងៃខាងមុខនេះ រដ្ឋសភាអាណត្តិទី៦ នឹងចូលប្រជុំក្រោមព្រះរាជាធិបតីភាពរបស់មហាក្សត្រ។ បន្ទាប់មក រដ្ឋសភា នឹងអនុម័តតែងតាំងរាជរដ្ឋាភិបាលថ្មី ដែលសមាសភាពគណៈរដ្ឋមន្ត្រីថ្មីនោះ ពុំទាន់ដឹងច្បាស់ ព្រោះបញ្ជីនៅក្នុងដៃនាយករដ្ឋមន្ត្រី។ ទោះយ៉ាងណា ចៀសមិនផុតពី “មនុស្សដដែល” ដោយគ្រាន់តែផ្លាស់ប្តូរក្រសួងគ្នាគ្រប់គ្រង ឬថា មន្ត្រីណាចាស់ពេក ដេកចេញឱ្យក្មេងៗអង្គុយម្តង។ បន្ទាប់ពីរដ្ឋសភាថ្មី រាជរដ្ឋាភិបាលថ្មី កើតឡើង “កំណែទម្រង់ក៏ចាប់ផ្តើម” ប៉ុន្តែអ្វីដែលប្រជាពលរដ្ឋចង់បាន គឺ “សន្តិសុខ សុវត្ថិភាព” ពុំមែន “សន្តិភាពស្ងប់ស្នូរកាំភ្លើង តែកើតចោរព្រោងព្រាតនោះទេ”។
តាំងពីឆ្នាំ១៩៧៩ មក ប្រជាពលរដ្ឋកត់សម្គាល់បានថា គ្រាន់តែផ្លាស់ប្តូរអភិបាលរាជធានីភ្នំពេញ ជិត១០នាក់ទៅហើយ ចំណែកស្នងការនគរបាលរាជធានី ក៏ផ្លាស់ញឹកដែរ។ រាជធានី ជាបេះដូងប្រទេស បើ “បេះដូងខ្សោយ” ធ្វើឱ្យសរីរាង្គឯទៀត ទុរន់ទុរា ចុកស្រពន់ ចាំបាច់ត្រូវតែព្យាបាលជំងឺខ្សោយបេះដូងនោះ ឱ្យជាសះស្បើយ។ ករណីគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ វាជាប្រភពនាំឱ្យកើតចោរកម្ម កើតខ្លាំងជាងគេនៅរាជធានី ដែលប្រជាពលរដ្ឋចង់ឱ្យរដ្ឋាភិបាលថ្មី “កែទម្រង់បញ្ហានេះ ឱ្យជាសះស្បើយ” ដែលជាភារកិច្ចធ្ងន់ណាស់ សម្រាប់អាណត្តិថ្មីនេះ។ ដូច្នេះ “ចង់កែទម្រង់ ទាល់តែកែចរិត” ពោលគឺបើ មេប៉ូលិស “ស្គាល់ចរិតចោរ” ទើបអាចបង្ក្រាបក្រុមចោរបាន ហើយបើ “ស្គាល់មេខ្លោងគ្រឿងញៀន” ក៏អាចបោសសម្អាតករណីគ្រឿងញៀន បានយ៉ាងមានប្រសិទ្ធភាព។ ជាពិសេស ស្គាល់ “ល្បិចពុករលួយនាំឱ្យជនអន្តោប្រវេសន៍ខុសច្បាប់ចូលកម្ពុជា” ទើបអាចទប់ស្កាត់ជនអន្តោប្រវេសន៍ខុសច្បាប់បាន។ កន្លងមក ប៉ូលិសយើងល្បីណាស់ខាងបង្ក្រាបក្មេងញៀនថ្នាំ ឆែកឃើញ១ថង់តូច ដាក់ក្នុងហោប៉ៅ ប៉ុន្តែ “ឈ្មួញគ្រឿងញៀនរាប់តោន មិនដឹងនៅឯណា?”។ អ៊ីចឹងបើចង់កែទម្រង់ លុះត្រាតែថ្នាក់លើ ជ្រើសមនុស្សដោយស្គាល់ចរិតមនុស្ស តែបើ “មួយដំប និងបួន” នោះ កំណែទម្រង់មិនទទួលជោគជ័យទេ។
សរុបទៅ “ចង់កែទម្រង់ ទាល់តែកែចរិត” ឯរឿងកែចរិត ពិបាកធ្វើបំផុត។ ដូចអ្វីដែលយើងផ្តល់ទឡ្ហីករណ៍ខាងលើរួច ហើយថា “កូនចរិតចោរ” ត្រូវរាប់លុយដាក់ក្នុងទូ ឱ្យកូននោះកាន់កូនសោ ឯកូនស្រីពូកែតែងខ្លួន ដើរផ្សារ ភ្លេចរៀនសូត្រ ទាល់តែម្តាយពត់ ដោយតែងខ្លួនឱ្យហ៊ឺហាជាងកូនទើបបាន លៃយ៉ាងណាឱ្យកូននោះ ស្តីបន្ទោសម្តាយថា ព្រើលមិនដឹងខ្លួនចាស់ ដែលជាឱកាសឱ្យម្តាយស៊កគន្លឹះអប់រំកូនស្រី។ យ៉ាងណាមិញ “គំរូល្អ ជាការទូន្មានប្រសើរបំផុត” ព្រោះការពត់ចរិតមនុស្ស គេត្រូវធ្វើគំរូបែប “រូបារម្មណ៍” ប៉ុន្តែបើអប់រំត្រង់ៗ ដូចព្រះសង្ឃទេសនានោះ មនុស្សខិលខូច ស្តាប់មិនចូលត្រចៀកទេ ដែលជាបរិបទសម្រាប់អ្នកដឹកនាំនយោបាយ ពិចារណា ដើម្បីកែទម្រង់ឱ្យមានប្រសិទ្ធភាព៕