Sunday, January 26, 2025
Homeបរិយាយបរិយាយថ្ងៃនេះ ៖ សច្ចាកាត់ដៃ ថ្វាយអាយុ

បរិយាយថ្ងៃនេះ ៖ សច្ចាកាត់ដៃ ថ្វាយអាយុ

មន្ត្រីរាជការ រដ្ឋការ ប្រទេសណាក៏ដូចប្រទេសណាដែរ មុននឹងចូលកាន់តំណែង ត្រូវតែធ្វើព្វិធី “សច្ចាប្រណិធាន” ទៅតាមជំនឿសាសនា ទំនៀមទម្លាប់ប្រទេសខ្លួន មិនអាចរំលងបានឡើយ។ ព្រះមហាក្សត្រ ប្រធានាធិបតី នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋសភា ព្រឹទ្ធសភា គ្រប់ប្រទេស សុទ្ធតែបានឆ្លងកាត់សម្បថ ដូចជាប្រធានាធិបតីអាមេរិកបារាំង ស្បថតាមបែបសាសនាកាតូលិក មន្ត្រីជាន់ខ្ពស់ឥណ្ឌា ស្បថតាមសាសនាហិណ្ឌូ ចំណែកកម្ពុជា ស្បថតាមព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា។ កាលពីសម័យអង្គរ មន្ត្រីកម្ពុជា ស្បថធ្ងន់ៗណាស់ ដូចឃ្លាសម្បថចារទុកក្នុងសិលាចារឹកឹថា “សច្ចាកាត់ដៃ ថ្វាយអាយុ” ឃើញថា ធ្ងន់ជាងពាក្យសម្បថបច្ចុប្បន្ន ដែល “នគរធំ” សូមលើករឿង “សម្បថ” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

បន្ទាប់ពីតំណាងរាស្ត្រជាប់ឆ្នោត ១២៥រូប ចូលព្រះបរមរាជវាំង ធ្វើពិធី “ផឹកទឹកពិភទ្ចសច្ចា” តាមទំនៀមទម្លាប់ខ្មែរ មកដល់វេនរាជរដ្ឋាភិបាលថ្មី ចូលស្បថម្តង។ ពាក្យសម្បថដែលចារទុកក្នុងរដ្ឋធម្មនុញ្ញ សម្រាប់តំណាងរាស្ត្រសូត្រតាម មិនធ្ងន់ប៉ុន្មានទេ ដូចឃ្លាជាអាទិ៍ នៅចំណុចក្រោមបង្អស់ថា “ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញាប្រឆាំងអំពើពុករលួយគ្រប់បែបយ៉ាង ប្រឆាំងអយុត្តិធម៌សង្គម” ពាក្យសម្បថនេះមានន័យថា “ត្រៀមខ្លួនប្រឆាំងអំពើពុករលួយ” ប៉ុន្តែបើតំណាងរាស្ត្រ មិនប្រឆាំងអំពើពុករលួយ ក៏មិនអន្តរាយដល់ខ្លួនដែរ។ ដោយឡែក ពាក្យសម្បថសម្រាប់នាយករដ្ឋមន្ត្រី និងសមាជិករាជរដ្ឋាភិបាល ក៏ប្រហាក់ប្រហែលនឹងសម្បថទាំងនេះ ត្រង់ប្រឆាំងអំពើពុករលួយដូចគ្នា ឃើញថា ស្រាលណាស់ ឬថាមិនធ្ងន់ដូចសម្បថរាស្ត្រសាមញ្ញ ដែល “ស្បថមុខុអ្នកតា ឬស្បថមុខព្រះ” នោះទេ។ សម្បថរាស្ត្រសាមញ្ញ ធ្ងន់ៗណាស់ ដូចពាក្យថា “បើខ្ញុំបានប្រព្រឹត្តល្មើសមែន សូមឱ្យអ្នកតាកាច់ ឱ្យព្រាយបល្ល័ង្កវាយបំបាក់ក“ ជាដើម។

ទោះយ៉ាងណា ពិធី “សច្ចាប្រណិធាន” របស់នាហ្មឺនធំៗ កាលពីសម័យអង្គរ ធ្ងន់ៗណាស់ គឺហ៊ានដាក់ជីវិតចំពោះអង្គព្រះមហាក្សត្រ តែម្តង ដែលយើងសូមគាស់កកាយប្រវត្តិសាស្ត្រពាក់ព័ន្ធនឹងការស្បថ មកបង្ហាញជូននៅពេលនេះ ៖

នៅក្នុងរជ្ជកាល “ព្រះបាទសូរ្យវរ្ម័នទី១” (១០១៣-១០៥០) បានបញ្ជាក់ពីការដណ្តើមរាជ្យគ្នារវាងស្តេច ២អង្គ គឺមួយអង្គព្រះនាម “ជយវីរវរ្ម័ន” ដែលគេមិនស្គាល់ប្រវត្តិច្បាស់ និងមួយអង្គទៀតព្រះនាម “សូរ្យវរ្ម័ន” ដែលភៀសព្រះកាយទៅគង់នៅ “នគរស្រីធម្មរាជ” (ម៉ាឡេស៊ី) តាំងពីកុមារ លុះចម្រើនព្រះជន្ម ក្លាយជាអ្នកនយោបាយ ក៏វិលចូលមាតុភូមិវិញ ធ្វើសង្គ្រាមដណ្តើមអំណាច។ ជាចុងក្រោយ ស្តេចជយវីរវរ្ម័ន ទទួលបរាជ័យ ទើបរាជសម្បត្តិត្រូវធ្លាក់ទៅលើព្រះបាទសូរ្យវរ្ម័នទី១ ដែលមានរាជធានីនៅក្រុងអង្គរ។ មុននឹងឡើងសោយរាជ្យនៅក្នុងឆ្នាំ១០១៣ នៃគ្រិស្តសករាជ ព្រះមហាក្សត្រខ្លាំងខាងសឹកសង្គ្រាមនេះ បានតម្រូវឱ្យនាហ្មឺនធំៗធ្វើសច្ចាប្រណិធាន ដោយមានព្រាហ្មណ៍បុរោហិត យកចុងព្រះខាន់ កូរទឹកសម្បថឱ្យផឹកគ្រប់គ្នា។ រីឯពាក្យសម្បថនោះធ្ងន់ៗណាស់ ដូចឃ្លាមួយថា “ទូលព្រះបង្គំយើងខ្ញុំសន្យាកាត់ដៃ ថ្វាយអាយុ” ដែលមានន័យថា បើសិនជាហ៊ានក្បត់ជាតិ សាសនា ព្រះមហាក្សត្រ ត្រូវកាត់ដៃចោល និងប្រគល់ជីវិតថ្វាយព្រះមហាក្សត្រ ផ្តន្ទាទោសតាមកំហុស ព្រោះសម័យនោះ “អំណាចតុលាការ” នៅលើព្រះមហាក្សត្រ។ ពាក្យសម្បថនោះវែងណាស់ សឹងមានចារទុកនៅលើសិលាចារឹកខ្លោងទ្វារចូលព្រះបរមរាជវាំងក្រុងនគរធំ គង់វង្សមកដល់សព្វថ្ងៃ។ ដោយហេតុថា នាហ្មឺនធំៗ តាំងពី “វ្រះកម្រតេងអញ” (នាយករដ្ឋមន្ត្រី) រហូតដល់ “ម្រតេងគុរុង” (ចៅហ្វាយខេត្ត-ក្រុង) “ខ្លោញពល” (មេទ័ព) ហ៊ានស្បថធ្ងន់ៗបែបនេះ ទើបព្រះបាទសូរ្យវរ្ម័នទី១ សោយរាជ្យបានរហូត៣៧ឆ្នាំ ព្រោះតែគ្មានអំពើក្បត់កើតឡើង ដោយសារមនុស្សជំនាន់នោះខ្លាចពាក្យសម្បថណាស់។ ព្រះមហាក្សត្រអង្គនេះ ដឹកនាំ “ចក្រភពកម្ពុជទេស” ឱ្យមានសុខសន្តិភាពគ្រប់តំបន់ និងមានលទ្ធភាពកសាងប្រាសាទធំៗ ដូចជា កសាងផ្នែកខ្លះនៃប្រាសាទព្រះវិហារ ប្រាសាទភ្នំជីសូរ (ខេត្តតាកែវ) ប្រាសាទព្រះខាន់ កំពង់ស្វាយ ប្រាសាទភិមានអាកាស ជាដើម។

ចូលមកដល់រជ្ជកាលក្រោយៗមកទៀត ព្រះមហាក្សត្រខ្មែរគ្រប់អង្គ សុទ្ធតែពឹងផ្អែកលើពិធី “ផឹកទឹកពិភទ្ទសច្ចា” ដើម្បីចងចិត្តនាហ្មឺនសព្វមុខមន្ត្រី ឱ្យស្មោះត្រង់នឹងព្រះអង្គ ហើយបើមន្ត្រីណាបំពានពាក្យសម្បថ ក៏រងគ្រោះដលជីវិតក៏សឹងមាន។ ឧទាហរណ៍ នៅពេល “ឃុនហ្លូងព្រះស្តេចកន” ក្បត់ “ព្រះបាទស្រីសុគន្ធបទ” ជាបងថ្លៃ ដោយរត់ទៅកទ័ពច្បាំងដណ្តើមអំណាចនោះ ព្រះបាទស្រីសុគន្ធបទ បានហៅមន្ត្រីជាបិតាក្មេករបស់ព្រះអង្គ ឈ្មោះ“ពិជ័យនាគ” ឱ្យទៅតាមអន្ទងស្តេចកន មកវិញ។ ពិជ័យនាគ ដែលជាឪពុកបង្កើតរបស់ “អ្នកម្នាងកេសរបុប្ជា” និងជាឪពុកស្តេចកន ផងនោះ មុននឹងចេញបំពេញបេសកកម្ម ស្តេចបានឱ្យគាត់ “ផឹកទឹកសម្បថ” ដោយយកចុងព្រះខាន់ កូរទឹកមន្ត សច្ចាថា បើគាត់ក្បត់ទៅចុះចូលស្តេចកន សូមឱ្យមុតនឹងដាវលំពែង។ ទីបំផុត ពិជ័យនាគ ពេលទៅជួបស្តេចកន ជាកូន ក៏ត្រូវកូនអូសទាញឱ្យប្រឆាំងស្តេចដែនដីវិញ លុះគាត់ធ្វើតាមមិនបានប៉ុន្មានថ្ងៃ ក៏ដើរធ្លាក់ពីកាំជណ្តើរ ទៅជង់នឹងផ្លែដាវ ធ្លាយពោះស្លាប់ទៅ ដែលកាលនោះ គេថាគាត់ “ចាញ់សម្បថ”។

ចូលមកដល់សម័យសង្គមរាស្ត្រនិយម ពិធីសច្ចាប្រណិធាន តែងរៀបចំធ្វើនៅក្នុង “ព្រះវិហារព្រះកែវមរកត” ក្រោមព្រះរាជាធិបតីភាពរបស់ព្រះមហាក្សត្រ និងសម្តេចព្រះសង្ឃរាជទាំងពីរគណៈ។ បន្ទាប់ពីសូត្រពាក្យសម្បថ និងទទួលទានទឹកសម្បថក្នុងព្រះវិហាររួចមក ត្រូវចេញទៅឈរស្បថ បន្តនៅពីមុខព្រះបដិមា “ហ្លួងសុវណ្ណកោដ្ឋ គង់លើខ្នងសេះស” ដែលតម្កល់ខាងមុខព្រះវិហារ។ បើសមាជិករដ្ឋសភា សមាជិករាជរដ្ឋាភិបាល មិនបានធ្វើពិធីនេះទេ នឹងមិនពេញសិទ្ធិជាតំណាងរាស្ត្រ ឬរដ្ឋមន្ត្រី។

ដូច្នេះយើងឃើញថា ពិធីសច្ចាប្រណិធាន ធ្លាប់ធ្វើតៗមកពីបុរាណកាល វៀរលែងតែរបបប៉ុល ពត ទមិឡអត់សាសនា គ្មានការស្បថស្បែអ្វីទេ តែរបបនេះចេះរបៀបតាមដានគ្នាតាំងពីលើដល់ក្រោម បើរកឃើញថា មានកម្មាភិបាលជាន់ខ្ពស់ណា “ក្បត់បក្ស” ក៏បោសសម្អាតទាំងខ្សែៗតែម្តង។ ដូចរៀបរាប់ខាងលើរួចហើយថា សិលាចារឹក នៅខ្លោងទ្វារព្រះបរមរាជវាំង ក្រុងនគរធំ បានចារទុកពីពាក្យសម្បថរបស់នាហ្មឺនសព្វមុខមន្ត្រីក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ ដែលអ្នកស្រាវជ្រាវជាតិបារាំង លោកហ្ស៊ក សឺដែស បានបកប្រែមុនគេ ដែលចំណុចសំខាន់នៅត្រង់ “សច្ចាកាត់ដៃ ថ្វាយអាយុ“ ឃើញថា សម្បថនេះធ្ងន់មែនទែន។ ព្រោះតែសម្បថធ្ងន់យ៉ាងនេះហើយ ទើបរជ្ជកាលនោះ គ្មាននាហ្មឺនណាហ៊ានក្បត់រាជបល្ល័ង្ក ធ្វើឱ្យអង្គព្រះមហាក្សត្រសោយរាជ្យយូរអង្វែង រហូតជិត៤០ឆ្នាំ មានឱកាសកសាងប្រទេស ឱ្យក្លាយជា “ចក្រភព” និងកសាងប្រាសាទសិលាជាច្រើន ទុកជាកេរមរតកមនុស្សជាតិ។

ផ្ទុយទៅវិញ នាហ្មឺនសព្វមុខមន្ត្រីសម័យនេះ “ស្បថស្រាលៗ” ដូច “ប្តេជ្ញាប្រឆាំងអំពើពុករលួយ អយុត្តិធម៌សង្គម” ជាពាក្យ “អនុវត្តទៅលើសង្គម” ពុំមែន “ស្បថដាក់ទណ្ឌកម្មខ្លួនឯង” នោះទេ។ បើស្បថធ្ងន់ៗដូច “ពិជ័យនាគ” ក៏មិនស្រួលដែរ ក្រែងគ្រោះថ្នាក់ធ្លាក់ដល់ខ្លួន ព្រោះសម័យនេះ ត្រូវស្បថពីមុខ “ទេវតារក្សាព្រះមហាស្វេតច្ឆត្រ” បើហ៊ានប្រព្រឹត្តកន្លង ខ្លាចត្រូវបណ្តាសាទេវតា។ គួរយើងចាំតាមដានដែរ នៅពេលឮអស់លោកតំណាងរាស្ត្រស្បថថា “ប្រឆាំងអំពើពុករលួយ អយុត្តិធម៌សង្គម” លុះបានអង្គុយកៅអីពូកក្នុងរដ្ឋសភា ស្រាប់តែគាត់សំងំឈឹង មិនឮមាត់ករឿងពុកលួយនោះ តើជាកំហុសអ្នកណា?

សរុបទៅ “សច្ចាកាត់ដៃ ថ្វាយអាយុ” គ្រាន់តែចង់លើកពីពាក្យសម្បថក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ មកប្រៀបធៀបនឹងពាក្យស្បថសម័យនេះ ឃើញថា ខុសគ្នាឆ្ងាយណាស់។ ចង់ឱ្យពាក្យសម្បថមានប្រសិទ្ធភាព ឬធ្វើឱ្យអ្នកស្បថខ្លាច លុះត្រាតែស្បថធ្ងន់ៗ ឱ្យទណ្ឌកម្មព្រះអាទិទេព ធ្លាក់មកលើខ្លួន ទើបល្អ ប៉ុន្តែបើស្បថត្រឹម “ប្តេជ្ញាប្រឆាំងអំពើពុកលួយ” បែបនេះ បើគាត់មិនប្រឆាំង ក៏មិនរងគ្រោះដល់ជីវិតដែរ ដែលជាបរិបទសម្រាប់អ្នកនយោបាយពិចារណា…៕

RELATED ARTICLES