Sunday, January 26, 2025
Homeបរិយាយបរិយាយថ្ងៃនេះ ៖ អាប៉ោងចេញឈរ

បរិយាយថ្ងៃនេះ ៖ អាប៉ោងចេញឈរ

អ្នកនាំពាក្យ អ្នកវិភាគ អ្នកកាសែត អ្នកលេងហ្វេសប៊ុក នៅពេលនេះ មិនខុសពី “អ្នកចាក់អាប៉ោង” ត្រូវមេស៊ីបោសគូទ ព្រោះតែពួកគាត់គ្រាន់តែស្តាប់អាប៉ោងដួលក្នុងគម្រប ឮសូរត្រុលៗ ក៏នាំគ្នាចាក់ “៤អ៊ុត ២ទទឹង” ឬ៦ លុះអាប៉ោងបើកគ្រប ស្រាប់តែចេញ “៣អ៊ុត ៥ទទឹង” ឬ១ឆ្កុយ។ បានន័យថា “អាប៉ោង១ចាននេះ ចេញឈរ” ដែលអ្នកលេងចាក់ខុសគ្រប់គ្នា។ យ៉ាងណាមិញ អ្នកនាំពាក្យ អ្នកវិភាគ អ្នកកាសែត អ្នកលេងហ្វេសប៊ុក ដែលអះអាងថា រដ្ឋាភិបាលថ្មី ច្បាស់ជាមាន “ឈាមថ្មី” ចូលច្រើននោះ បែរជារក្សាទុក “ឈាមចាស់” ដដែល មានតែថែមឈាមចាស់កាន់តែសម្បូរ ដែល “នគរធំ” សូមលើកពីរឿង “អាប៉ោងចេញឈរ” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

ទោះបីជា “អាប៉ោង” ជាល្បែងស៊ីសងដែលច្បាប់ហាមឃាត់ប្រជាពលរដ្ឋមិនឱ្យលេង ក៏នៅតែមានអ្នកលួចលេងតាមក្រោមដើមឈើ តាមគុម្ពោតព្រៃ ឬបើកលេងលាក់លៀមក្នុងផ្ទះអ្នកមានខ្នងបង្អែក មិនដាច់ពូជនោះឡើយ។ អ្នកញៀន អាប៉ោង សុទ្ធតែចេះអួតអាងថា “គាត់ចេះស្តប្កា់សូរអាប៉ោង” ចាក់មិនសូវខុសទេ ប៉ុន្តែភ្លេចគិតដល់បណ្តាំចាស់ថា “ធម្មតាប៉ោ និងបៀ មិនដែលខ្មែរណានឹងកើត មិនឮមានកំណើត មានតែលិចលង់ខ្លួនទេ។ ជួនកាលគេចាញ់ឯង រៀងរាល់ល្បែងតែងនឹងរេ ជួនកាលឯងចាញ់គេ កុំទុកចិត្តថាខ្លួនប៉ិន…”។

នៅក្នុងវង់អាប៉ោង លេងក្រោមដើមស្វាយក្នុងភូមិមួយនោះ មានអ្នកញៀន៥នាក់ អង្គុយព័ទ្ធវង់ត្រៀមត្រចៀកចាំស្តាប់ ស្នូរអាប៉ោងដួលក្នុងចាន។ គ្រាន់តែឮត្រុលៗ ក៏នាំគ្នាស្រែកថា “៤អ៊ុត ២ទទឹង” រួចម្នាក់ៗ ព្រួតគ្នាចាក់ “កៅឪ” ត្រង់រន្ធទី៦ ហើយមានម្នាក់ចំតិតគូទអ៊ុត ធ្វើភ្នែកស្រឡេវកេវ ធ្វើឱ្យមេអាប៉ោងបុកពោះ ព្រោះគាត់ក៏មិនដឹងថា អាប៉ោងចេញអីដែរ។ ភ្លាមនោះ ស្រាប់តែអ្នកអ៊ុតទះគូទឮសូរផ្លាប់ គ្រវីក្បាលត្អូញត្អែរថា “៣អ៊ុត ៥ទទឹង” ឬ១សោះ ធ្វើឱ្យអ្នកចាក់ទាំងអស់ ស្ងួតជើងធ្មេញ ត្រូវមេបោសខ្ទេច យកលុយទៅច្រកស្បោង។

រឿងចាក់អាប៉ោង ក្រោមដើមស្វាយ ក៏មិនខុសពីអ្នកនាំពាក្យ អ្នកវិភាគ អ្នកកាសែត អ្នកលេងហ្វេសប៊ុក នាំគ្នាសន្និដ្ឋាន ស្របផ្លូវតែមួយថា សមាជិករាជរដ្ឋាភិបាលថ្មី ដែលចេញពីគណបក្សប្រជាជនកម្ពុជា (CPP) តែមួយនេះ ត្រូវ “បញ្ចូលឈាមថ្មី” ជំនួស “ឈាមចាស់ដែលអសមត្ថភាព”។ កាសែតក្នុងស្រុកខ្លះ ក៏បានចុះផ្សាយពីបទសម្ភាសន៍របស់លោកសុខ ឥសាន អ្នកនាំពាក្យបក្សកាន់អំណាច ដែលគាត់បានលើកឡើងជាអាទិ៍ថា “ការដាក់បញ្ចូលយុវជនច្រើន អាហ្នឹងវាច្បាស់ហើយ”។ ចំណែកលោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានប្រាប់អ្នកកាសែតថា “ទំនោររបស់រាជរដ្ឋាភិបាលថ្មី ជាទំនោរបង្កើតនូវការបន្តវេន ច្បាស់ជាមានឈាមថ្មីចូលច្រើន”។ ដោយឡែក លោករស់ សារ៉ុម ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា ក៏បានលើកឡើងដែរថា “ឈាមថ្មីដែលខ្ញុំមើលឃើញហ្នឹង វាអត់មានឈាមថ្មីណា ដែលក្រៅតែពីកូនរបស់ឥស្សរជនជាន់ខ្ពស់នៅក្នុងគណបក្សប្រជាជនកម្ពុជា”។ រីឯអ្នកកាសែត អ្នកលេងហ្វេសប៊ុកខ្លះ ក៏បានសរសេរស្របគ្នាថា “រដ្ឋាភិបាលថ្មី នឹងមានយុវជនចូលធ្វើទំពាំងស្នងប្ញស្សី”…។

មានឯណា ! អ្នកចាក់ចេះតែចាក់ តែ១រន្ធហ្នឹង ខណៈដែលអាប៉ោងមិនទាន់បើកគ្រប ឬថា បញ្ជីនៅក្នុងដៃនាយករដ្ឋមន្ត្រី សូម្បីមន្ត្រីជំនិត ឬកូនរបស់សម្តេច ក៏មិនដឹងដែរ លុះអាប៉ោងបើកគ្រប ធ្វើឱ្យអ្នកចាក់គ្រវីក្បាលចង់ដាច់ពីស្មា មិនគួរណា ម្នាក់ៗសុទ្ធតែបណ្ឌិតបញ្ញវន្ត បែរជា “ចាក់អាប៉ោងនយោបាយ ខុយ១ចាន ចាញ់បោសគូទ”។

ទោះយ៉ាងណា រឿង “អាប៉ោងចេញឈរ” ដោយយកតែមន្ត្រីចាស់ៗដដែលៗ និងបន្ថែមចាស់កាន់តែច្រើននោះ ក្មេងៗក៏មិនអាក់អន់ចិត្តអ្វីដែរ ព្រោះថា ទោះជាក្មេងមានសញ្ញាបត្របណ្ឌិត រៀនពីសាលា ក៏មិនអាចយកប្រៀបលើចាស់ៗដែល ជាបណ្ឌិតក្រៅសាលានោះដែរ ស្របតាមសុភាសិតថា “ចេះដប់មិនស្មើប្រសប់មួយ” បានន័យថា អស់លោកឥស្សរជនក្នុងជួររាជរដ្ឋាភិបាល ដែលធ្វើការតាំងពីឆ្នាំ១៩៩៧ មកនោះ មានបទពិសោធន៍គ្រប់គ្រាន់ ដែលបណ្ឌិតបញ្ញវន្តស្រករក្រោយ មិនអាចយកស្មើបាន។ ឥឡូវសមាសភាពរាជរដ្ឋាភិបាលថ្មីចេញហើយ ដោយមានរដ្ឋមន្ត្រី២៩ក្រសួង ត្រូវចូលប្រជុំលើកទី១ ដើម្បីដំណើរការលើមាគ៌ានីតិប្រតិបត្តិ។

បើយើងចាំមិនភ្លេចទេនោះ កាលរាជរដ្ឋាភិបាលអាណត្តិទី៥ ចាប់ផ្តើមបើកសម័យប្រជុំនៅវិមានសន្តិភាព ខណៈដែលបក្ស CNRP កំពុងធ្វើពហិការនោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានពន្លះធ្ងន់ៗទៅលើរដ្ឋមន្ត្រីមួយចំនួន ដែលបណ្តោយឱ្យប្រពន្ធទៅត្រួតត្រាក្នុងក្រសួង។ កាលនោះ សម្តេច កិនប៉ោចៗថា “អារឿងប្តីស័ក្តិ៣ ប្រពន្ធស័ក្តិ៤ កូនស័ក្តិ៥ ត្រូវលុបបំបាត់ពីថ្នាក់ជាតិទៅមុន ត្រូវធ្វើឱ្យបាន បើធ្វើមិនបាន ខ្ញុំមិនអាចរង់ចាំស្លាប់ជាមួយអស់លោកឯកឧត្តមទេ”។ ធ្ងន់បំផុត សម្តេច ពន្លះខ្លាំងៗថា “ប្តីមិនសូវអីទេ ណាស់មីប្រពន្ធហ្នឹងតែម្តង មីប្រពន្ធហ្នឹង គឺយ៉ាប់មែនទែន”។ “អន្លូងសម្តេច” នៅពេលនោះ ធ្វើឱ្យរដ្ឋមន្ត្រីគ្រប់ក្រសួង ស្រៀវស្រាញទាំងព្រឹក ហើយតាំងពីពេលនោះមក ក៏លែងឃើញលោកជំទាវ ទៅវ៉ាងទីក្នុងក្រសួងដូចមុន ប៉ុន្តែ “ជំងឺបក្ខពួក គ្រួសារនិយម” នៅតែព្យាបាលមិនទាន់ជា។

ឥឡូវរាជរដ្ឋាភិបាលអាណត្តិទី៦ ជ្រើសយកតែឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីដដែលៗ និងបន្ថែមអតីតនាយទាហានជាន់ខ្ពស់ខ្លះទៀត ច្បាស់ជាប្រមុខរាជរដ្ឋាភិបាល “ប្រុងប្រយ័ត្នជាងមុន” ព្រោះរឿង “ឯកបក្ស” មិនមែនស្រួលទេ។ បន្ទាប់ពីអាប៉ោងបើកគ្របចេញ “៣អ៊ុត ៥ទទឹង=១” នេះ ក៏មានអ្នកវិភាគខ្លះថា មូលហេតុដែលសម្តេចយកតែមន្ត្រីចាស់ដដែលបែបនេះ ដើម្បីចៀសវាងការអាក់អន់ចិត្ត ស្របតាមឃ្លោងឃ្លាបុរាណថា “ចូលព្រៃសត្វសាហាវ រកអំពាវគ្នាមកជុំ ដល់បានស្ករទឹកឃ្មុំ ពួនសំងំស៊ីម្នាក់ឯង” ពោលគឺ អស់លោកឥស្សរជនចាស់ៗទាំងនោះ ក្នុងពេលឃោសនារកសំឡេងឆ្នោត គាត់ប្រឹងខ្លាំងណាស់ ជួនកាលក៏ដើរលុយភក់ លុយទឹក ចុះជួបប្រជាពលរដ្ឋ បើដកតំណែងរដ្ឋមន្ត្រីពីគាត់ ទៅឱ្យក្មេងស្រករក្រោយនោះ បានត្រឹមអាក់អន់ចិត្ត។ អ៊ីចឹងមានតែទុកគាត់ឱ្យនៅធ្វើរដ្ឋមន្ត្រី រហូតដល់ទុរន់ទុរា ដើរលែងរួចដូចមន្ត្រីពីបុរាណតែម្តងទៅ ឬថា ចាំគាត់លាឈប់ពីមុខតំណែង សឹមយកក្មេងមកជំនួស។

អ្វីដែលសំខាន់នៅត្រង់ “អាប៉ោងចេញឈរ” អ្នកណាក៏ចាក់ខុសដែរ បានត្រឹមមេស៊ីបោសគូទ ប៉ុន្តែ “ល្បែងតែងនឹងរេ” បើមេអាប៉ោងបណ្តែតបណ្តោយឱ្យគេចាក់ទៀត ជួនកាលត្រូវសងកូនៗវិញ។ កាលពីអាណត្តិទី៥ CPP រវល់តែទប់ទល់ជាមួយ “សំឡេងប្រឆាំងក្នុងរដ្ឋសភា” និងមានលេសថា “ពួកប្រឆាំងបានតែថា មិនធ្វើ” ឥឡូវសំឡេងប្រឆាំងក្នុងរដ្ឋសភា គ្មានទេ បើសិនជាមានខ្លះ ក៏ប្រឆាំងស្រាលៗមិនដូចមុន ដូច្នេះការងាររបស់ក្រសួងនីមួយៗ គ្មានលេសអ្វីដោះសាទៀតទេ បើដោះស្រាយបញ្ហាព្រៃឈើ ជម្លោះដីធ្លី គ្រឿងញៀន ល្បែងស៊ីសង ចោរកម្ម អំពើពុករលួយ៘ មិនបាននោះ តើជាកំហុសអ្នកណា? បើដោះស្រាយភាពអសកម្មមិនបាន ក៏មិនខុសពី “អាប៉ោងចេញ៦” ត្រូវមេសងគេស្ងួតស្បោងមិនខាន មិនមែនចេះតែស៊ីបោសរាល់ក្តារនោះទេ។

ករណី CPP ទប់ទល់ជាមួយបក្សប្រឆាំងក្នុងប្រទេស ឃើញយ៉ាប់ទៅហើយ កាលពីអាណត្តិទី៥ លុះ CNRP រលាយបាត់រូប នៅសល់តែព្រលឹងនោះ មិនបារម្ភក្នុងការទប់ទល់នោះទេ។ ប៉ុន្តែអ្វីដែលបារម្ភ គឺត្រូវទប់ទល់ជាមួយសម្ពាធអន្តរជាតិ ឯណោះទេ ព្រោះប្រទេស៩ ដែលមិនបានបញ្ជូនអគ្គទូតឱ្យចូលរួមក្នុងសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៦ ជាឧបសគ្គរាំងមុខសម្រាប់រដ្ឋាភិបាលថ្មី ត្រូវដោះស្រាយ។ យ៉ាងណាក៏ដោយចុះ រឿងលេងអាប៉ោង មេហ៊ានស៊ី គឺហ៊ានសង គួរតែអ្នកវិភាគ ដែលចាក់ខុស១ចាននោះ ត្រៀមចាក់ទៀតទៅ ដើម្បីស្រង់ដើមមកវិញ ដោយនាំគ្នាចាក់ថា “តើរដ្ឋាភិបាលថ្មី អាចបោសសម្អាតអំពើពុករលួយ” ដូចការតាំងសច្ចាប្រណិធាន បានដែរឬទេ? បើអ្នកវិភាគចាក់ត្រូវចំណេញធំណាស់ ព្រោះធម្មតា អាប៉ោង មិនចេះតែចេញឈររាល់ក្តារនោះទេ។

សរុបទៅ “អាប៉ោងចេញឈរ“ សូម្បីតែអ្នកនាំពាក្យ អ្នកវិភាគ អ្នកកាសែត អ្នកលេងហ្វេសប៊ុក សុទ្ធតែចាក់ខុសគ្រប់គ្នា។ លោករស់ សារ៉ុម ធ្លាប់វិភាគត្រូវដែលថា “CPP នឹងយកបាន១២៥អាសនៈ” ឃើញថា ត្រូវម៉ាច់តែម្តង ប៉ុន្តែពេលេនេះ បែរជាចាក់អាប៉ោងខុស សូម្បីតែអ្នកនាំពាក្យ CPP ក៏ចាក់ខុសដែរ គួរតែត្រៀមចាក់១ក្តារទៀត រឿងថា តើរដ្ឋាភិបាលថ្មី ដែលចូលស្បថនោះ ធ្វើតាមការប្តេជ្ញារបស់ខ្លួនបានឬមិនបាន?…៕

RELATED ARTICLES