Sunday, January 26, 2025
Homeបរិយាយបរិយាយថ្ងៃនេះ ៖ ឯកភាពជាតិ

បរិយាយថ្ងៃនេះ ៖ ឯកភាពជាតិ

ដូចអ្វីដែលយើងធ្លាប់លើកយកកថាខណ្ឌក្នុងគម្ពីរ “ស្រីហិតោបទេស” មកបកស្រាយជារឿយៗ ស្តីពី “យុទ្ធសាស្ត្រឈ្នះ ឈ្នះ៤យ៉ាង” នាំទៅរកឯកភាពជាតិ។ យុទ្ធសាស្ត្រទាំងនេះ មានការផ្សះផ្សា, ការចែករំលែកអំណាច, ការញុះញង់បំបែក និងការផ្តន្ទាទោស ដែលកន្លងមកឃើញថា បក្សកាន់អំណាច (CPP) អនុវត្តបានប្រកបដោយជោគជ័យ រហូតបានកាន់ចង្កូតប្រទេសគ្រប់អាណត្តិ។ ឥឡូវចូលដល់អាណត្តិទី៦ CPP ដែលកំពុងដើរលើផ្លូវឈ្នះនោះ បើភ្លាត់ស្នៀត អាចនឹងរអិលដួលចាញ់គេវិញ ជាពិសេស គឺធ្វើយ៉ាងណាឱ្យមានពេញលេញនូវ “ឯកភាពជាតិ” ហើយបើចង់ឱ្យមាន “ឯកភាពជាតិដល់កម្រិត” លុះត្រាតែប្រើយុទ្ធសាស្ត្រ ស្របតាមកាលៈទេសៈ ដែល “នគរធំ” សូមលើកយក “ឯកភាពជាតិ” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

នៅក្នុងរឿង “នគរកាយ” និពន្ធដោយ “ឧត្តមប្រីជា ចាប ពិន” បានតំណាលពី “ព្រះបាទមច្ចុរាជ” បានបញ្ជូនមេទ័ព៤នាក់ ឈ្មោះ “នាយជាតិ នាយជរា នាយព្យាធិ និងនាយមរណៈ” ចូលទៅញុះញង់បំបែក “នគរកាយ” របស់ “ព្រះបាទចិត្តរាជ” ឱ្យគ្រាំគ្រាបន្តិចម្តងៗ រហូតដល់ឡោមព័ទ្ធចាប់ស្តេចនគរកាយ និងនាហ្មឺនសព្វមុខមន្ត្រី ទៅផ្តន្ទាទោស។ បន្ទាប់មកទៀត ព្រះបាទមច្ចុរាជ ក៏ដោះលែងព្រះបាទចិត្តរាជ ឱ្យទៅកសាងនគរសាជាថ្មី ដែលរឿងបែបប្រៀបធៀបបង្ហាញពីលក្ខណៈមិនទៀងរបស់សង្ខារនេះ ព្រះសង្ឃធម្មកថិក តែងយកទៅសម្តែងធម៌ទេសនា ជាហូរហែ។

រឿងបែបពុទ្ធនិយមនេះ ក៏មិនខុសពីគម្ពីរ “ស្រីហិតោបទេស” របស់អ្នកនិពន្ធឥណ្ឌា បកប្រែកពីភាសាសំស្ក្រឹត ដោយព្រះភិក្ខុប៉ាង ខាត់ ដែលនិយាយពី “យុទ្ធុសាស្ត្រឈ្នះ ៤យ៉ាង” ដូចលើកឡើងខាងលើ។ នៅពេលយកឈ្នះលើគូប្រជែងរួចហើយ អ្នកឈ្នះ មិនអាចប្រើយុទ្ធសាស្ត្រដដែលៗបានឡើយ ពោលគឺ ត្រូវជម្រុះ២ចេញ ទុកតែ២ ដើម្បីឱ្យមានឯកភាពជាតិ។ បើគ្មានឯកភាពជាតិ ទោះជាសន្តិភាពក៏មិនបានពេញលេញដែរ ព្រោះកត្តាឯកភាពជាតិ សំខាន់ណាស់ ក្នុងការលុបបំបាត់ចោរកម្ម និងអយុត្តិធម៌សង្គម។

បន្ទាប់ពីបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ឈ្នះឆ្នោត បង្កើតរដ្ឋសភា និងរាជរដ្ឋាភិបាលឯកបក្សអាណត្តិទី៦ រួចមក អ្នកតាមដាននយោបាយ ឃ្លាំមើលឃើញថា CPP កំពុងអនុវត្តមាគ៌ាឈានទៅរក “ឯកភាពជាតិ” តាមរយៈដោះលែងអ្នកទោសពាក់ព័ន្ធនយោបាយ ជាបន្តបន្ទាប់។ ជាចុងក្រោយ លោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ដែលជាប់ចោទពីបទ “ក្បត់ជាតិ” តែមិនបានកាត់ទោសនោះ ក៏ត្រូវដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នដែរ ដើម្បីឱ្យស្ថានការណ៍ធូរស្រាលជាលំដាប់។ ការដោះលែងអ្នកប្រឆាំង ជាបន្តបន្ទាប់នេះ គឺចូលទៅក្នុងយុទ្ធសាស្ត្រ “ផ្សះផ្សាជាតិ” នោះហើយ ប៉ុន្តែនៅខ្វះ “ការចែករំលែកអំណាច” មួយទៀត ដែល CPP ធ្វើមិនទាន់ដល់កម្រិត។

ករណីនេះយើងឃើញថា ទោះបីជា CPP ព្យាយាមចែករំលែកដោយអញ្ចើញប្រធាន-អនុប្រធាន គណបក្សចាញ់ឆ្នោត មកអង្គុយកៅអី “ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់” ផ្តល់ឋានៈស្មើរដ្ឋមន្ត្រី និងទេសរដ្ឋមន្ត្រី ក៏ការចែករំលែកនេះ មិនទាន់ដល់កម្រិត ដោយសារតែអតីតក្រុមប្រឆាំង នៅតែមិនសុខចិត្ត ត្បិតមិនទទួលបានការចែករំលែក។

រឿងចែកកៅអីពួកប្រឆាំង មិនចាំបាច់មានសំឡេងឆ្នោតនោះទេ ឧទាហរណ៍កាលពីឆ្នាំ១៩៦៣ រដ្ឋាភិបាល បានចោទប្រកាន់ពួកឆ្វេងនិយមថា នាំបំបះបំបោរសិស្ស-និស្សិត ឱ្យធ្វើបាតុកម្មប្រឆាំង ដោយតម្រូវឱ្យចូលរួមបង្កើតរដ្ឋាភិបាលថ្មី ដែលក្នុងនោះ មានលោកគាត ឈន់, កេង វ៉ាន់សាក់, ខៀវ សំផន, ទេព ឈីវខេង, ហ៊ូ នឹម, ហ៊ូ យន់, ចៅ សេង, សាឡុត ស (ប៉ុល ពត) អៀង សារី, សុន សេន, ជួន ប្រសិទ្ធ, ឱក សាគុណ៘ ដែលបញ្ញវន្តទាំងអស់នេះ ខ្លះក្រហម ខ្លះខៀវ ប៉ុន្តែអស់លោកមិនហ៊ានទទួលរ៉ាប់រងបង្កើតគណៈរដ្ឋមន្ត្រីនោះទេ។ បានន័យថា រដ្ឋាភិបាលសម័យនោះ “ហៅអ្នកពូកែថា ពូកែរិះគន់ មកដឹកនាំប្រទេស” តាមយុទ្ធសាស្ត្រ “ចែករំលែក” បន្ទាប់ពីប្រើយុទ្ធសាស្ត្រ “ផ្តន្ទាទោស” មានការចាប់ខ្លួនលោកកេង វ៉ាន់សាក់ លោកខៀវ សំផន ជាដើម ដាក់គុក មិនបានលទ្ធផលល្អ ក៏ងាកមកចែករំលែកអំណាចឱ្យពួកប្រឆាំងវិញ ទោះមិនជាប់ឆ្នោត ក៏ដោយចុះ។

ឥឡូវយើងឃើញពួកប្រឆាំង ១១៨នាក់ ត្រូវដកសិទ្ធិធ្វើនយោបាយ ៥ឆ្នាំ ខណៈដែលបក្សសង្គ្រោះជាតិ ត្រូវរំលាយ ប៉ុន្តែ អ្នករលាយនោះ មិនព្រមចុះចាញ់។ ពួកប្រឆាំងក្រៅប្រទេស នៅតែបន្តយុទ្ធនាការកៀងគរអាណិកជនខ្មែរ ឱ្យប្រឆាំងរាជរដ្ឋាភិបាល និងអូសទាញអាមេរិក អឺរ៉ុប ឱ្យតាមរុកកួនរដ្ឋាភិបាល មិនឱ្យបានសុខ។

រឿងនេះវែងឆ្ងាយណាស់ យើងសុំមិននិយាយទេ តែចង់លើកពីយុទ្ធសាស្ត្រ “ឯកភាពជាតិ” ដែលមានតែយុទ្ធសាស្ត្រ “ផ្សះផ្សា, ចែករំលែក” ទើបទទួលបានលទ្ធផលជាវិជ្ជមាន។

ការដោះលែងអ្នកទោសពាក់ព័ន្ធនយោបាយ មានលោកអ៊ុំ សំអាន លោកមាជ សុវណ្ណារ៉ា និងគ្នីគ្នាគាត់ជាង១០នាក់ទៀត ឱ្យបានជួបប្រពន្ធកូនវិញនោះ គឺស្របនឹងកាលៈទេសៈបច្ចុប្បន្ន។ ឥឡូវបានដោះលែងលោកកឹម សុខា ជាបងធំទី២ នៃអតីតបក្សប្រឆាំងបន្ទាប់ពីលោកសម រង្ស៊ី ជាកត្តាសំខាន់ណាស់ក្នុងការស្វែងរកឯកភាពជាតិ បន្ធូរបន្ថយភាពតានតឹងផ្នែកនយោបាយ។

គួរកុំភ្លេចថា អ្វីដែលប្រជាពលរដ្ឋចង់បាន គឺប្រទេសជាតិមានសុខសន្តិភាព ជីវភាពកើនឡើង បានរស់សមរម្យ។ ចង់បានសន្តិភាព លុះត្រាតែអស់ចោរកម្ម អយុត្តិធម៌សង្គម។ ចង់ឱ្យអស់ភាពអនាធិបតេយ្យទាំងនេះ លុះត្រាតែ “ផ្សះផ្សាទំនាស់ និងបែងចែកអំណាច” ឱ្យដល់កម្រិត ដោយអនុវត្តតាម “ព្រហ្មវិហារធម៌ ទាំង៤” ដូចព្រះរាជបន្ទូល ព្រះករុណា ព្រះមហាក្សត្រ នៅពេលបើកសម័យប្រជុំរដ្ឋសភា ទើបសុខស្ងប់។

សរុបទៅ “ឯកភាពជាតិ” មានន័យយ៉ាងនេះឯង ដែលរាជរដ្ឋាភិបាលអាណត្តិទី៦ ត្រូវស្វែងរកឱ្យបាន។ បើនៅតែមានចលនាប្រឆាំងក្រៅប្រទេសមិនឈប់ឈរ ឈ្មោះថា ឯកភាពជាតិមិនទាន់ពេញលេញ ហើយបើចង់ឱ្យអស់ ចលនាប្រឆាំង លុះត្រាតែស្រុះស្រួលគ្នាក្នុងការចែករំលែក ឬបន្ទន់ឥរិយាបថតាមមាគ៌ាពុទ្ធនិយម។ ករណី “កំហឹងទល់កំហល់” ក្នុងកាលៈទេសៈនេះ បើអ្នកនយោបាយយកមកប្រើ នឹងមិនបានទទួលជោគជ័យទេ ព្រោះកំហឹងកំហល់ គេប្រើក្នុងពេលមានសង្គ្រាម ដែលជាបរិបទសម្រាប់អ្នកនយោបាយគ្រប់និន្នាការពិចារណា…៕

RELATED ARTICLES