សាស្ត្រា “ច្បាប់ត្រីនេតិ” ២ល្បះ ជាបទកាកគតិ បានសរសេរថា “រាស្ត្រដូចមច្ឆា មន្ត្រីសេនា ដូចគង្គានៃ បើប្រែជាក្តៅ ក្រៃក្រៅវិស័យ រាស្ត្ររឹងភិតភ័យ អង្គឥតពំនាក់។ មន្ត្រីយោធា បីដូចព្យគ្ឃា និងពស់ពព្លាក់ រីអស់រាស្ត្រផង ចរចូលពឹងពាក់ ក្សិណប្រែជាយក្ស យង់ឥតករុណា” គឺជាកញ្ចក់ឆ្លុះបង្ហាញឱ្យឃើញពីការជិះជាន់របស់មន្ត្រី ទៅលើប្រជារាស្ត្រ កាលពីបុរាណ។ ឃ្លោងឃ្លានេះបញ្ជាក់ពីអយុត្តិធម៌សង្គម បណ្តាលឱ្យប្រជារាស្ត្រស្រក់ទឹកភ្នែក ដែល“នគរធំ” សូមលើកករណី “ទឹកភ្នែករាស្ត្រ” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
កាលពីសប្តាហ៍មុន នៅក្នុងសម័យប្រជុំលើកដំបូងរបស់គណៈរដ្ឋមន្ត្រី អាណត្តិទី៦ នាវិមានសន្តិភាព សម្តេចនាយរដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានក្រើនរំឭករដ្ឋមន្ត្រីគ្រប់ក្រសួងជាអាទិ៍ថា “ខណៈដែលប្រជាពលរដ្ឋកំពុងរង់ចា់កាំរតបស្នងរបស់រាជរដ្ឋាភិបាល ទៅនឹងការបោះឆ្នោតគាំទ្ររបស់ពួកគាត់ មន្ត្រីទាំងអស់គ្នា មិនត្រូវធ្វើឱ្យប្រជាជនខកចិត្ត ដោយសារទង្វើអសកម្ម ដោយសារទង្វើខុសឆ្គងរបស់ខ្លួននោះទេ បើមិនបានជួយអ្វី សូមកុំធ្វើឱ្យប្រជាជនឈឺចាប់ ស្រក់ទឹកភ្នែក ដោយសារទង្វើខុសឆ្គងរបស់ខ្លួន”។
ការលើកឡើងនោះ មកពីប្រមុខរាជរដ្ឋាភិបាល ដឹងយ៉ាងច្បាស់ថា មាន “អយុត្តិធម៌សង្គម” ជាហេតុនាំឱ្យប្រជាពលរដ្ឋខ្លះស្រក់ទឹកភ្នែក រហូតដល់បក្សកាន់អំណាច ធ្លាក់ការគាំទ្រកាលពីអាណត្តិទី៥ លុះចូលអាណត្តិទី៦នេះ បើអយុត្តិធម៌សង្គម នៅតែមានទៀតនោះ នាំឱ្យខូចមុខមាត់រដ្ឋាភិបាល ស្របតាមច្បាប់បុរាណត្រង់ “រីអស់រាស្ត្រផង ចរចូលពឹងពាក់ ក្សិណប្រែជាយក្ស យង់ឥតករុណា…”។
ចំពោះករណី “រាស្ត្រស្រក់ទឹកភ្នែក” មាន២យ៉ាង គឺ “១.វិបត្តិគ្រួសារ” ដែលរួមមានប្តីប្រីពន្ធឈ្លោះគ្នាមិនស្វាង បណ្តាលឱ្យគ្រួសារមួយសម្បុកស្រក់ទឹកភ្នែកគ្រប់គ្នា ជួនកាលគូសង្សារក្បត់ចិត្តគ្នា ក៏ជាហេតុនាំឱ្យស្រក់ទឹកភ្នែកដែរ។ “២.អយុត្តិធម៌ សង្គម” ចំណុចនេះសំខាន់ណាស់ ដែលយើងត្រូវយកមកបរិយាយលម្អិត ដោយមិនវែកញែកពីវិបត្តិគ្រួសារ ឬឯកជននោះទេ ព្រោះអយុត្តិធម៌សង្គម ពាក់ព័ន្ធដល់ “មន្ត្រី និងរាស្ត្រ” បើគ្មានការកែលម្អ បណ្តាលឱ្យសង្គមមានវិបត្តិ។ អយុត្តិធម៌សង្គម ជាដើមចមនាំឱ្យ “រាស្ត្រស្រក់ទឹកភ្នែក” មានដូចជា ៖
-អ្នកមានអំណាច រឹបអូសដីធ្លីកសិករ ៖ ចំណុចនេះ គួរយល់ថា ដីធ្លីនៅតំបន់ភ្នំជាកម្មសិទ្ធិរបស់រដ្ឋ លុះប្រជាពលរដ្ឋក្រីក្រ អត់ដីបង្កបង្កើតផល ក៏ទៅចាប់ដីព្រៃធ្វើចម្ការ សង់លំនៅដោយគ្មានប្លង់។ លុះផលដំណាំគាត់លូតលាស់បានផ្លែផ្កា ស្រាប់តែអ្នកមានអំណាចទៅដេញ និងថាដីនោះជាកម្មសិទ្ធិរបស់ខ្លួន ដោយមានប្លង់ត្រឹមត្រូវ ក៏កើតជាការតវ៉ា យំស្រែក ចាប់ដាក់គុក ដោយសារកសិករទៅនៅមុន ត្រូវអ្នកក្រោយរំលោភយកដី ព្រោះមានប្លង់ចេញពីថ្នាក់លើ។
-អ្នកក្រ ចូលមន្ទីរពេទ្យ មានការរើសអើង ៖ កត្តានេះ ទោះមិនបាច់រំឭក ក៏គ្រប់គ្នាបានដឹងជាទូទៅ បើសិនជាមានជនក្រីក្រជួបគ្រោះថ្នាក់ចរាចរណ៍ ពេលមានអ្នកជួយសង្ក្រោះដឹកទៅដល់មន្ទីរពេទ្យ ច្បាស់ជាគ្រូពេទ្យរុញដាក់គ្នា មិនយកចិត្តទុកដាក់ក្នុងការព្យាបាល។
-ថៅកែរោងចក្រ មើលងាយកម្មករ ៖ មូលហេតុបាតុកម្ម កូដកម្ម វាចាប់ប្រភពពីថៅកែរោងចក្រកេងប្រវ័ញ្ចពលកម្ម ដោយមានការស៊ុមគ្រលុំជាមួយអាជ្ញាធរមូលដ្ឋាន។ ពេលកម្មករ-កម្មការិនី តវ៉ារឿងប្រាក់ឈ្នួល ក៏មានការបង្ក្រាបពីសមត្ថកិច្ច បណ្តាលឱ្យមានទឹកភ្នែកហូរ។
-អ្នកក្រ ប្តឹងផ្តល់មិនឈ្នះអ្នកមាន ៖ មានរឿងក្តីក្តាំច្រើនណាស់ ខណៈដែលប្រជាពលរដ្ឋ្ឋក្រីក្រ ប្តឹងអ្នកមានទ្រព្យសម្បត្តិ ប៉ុន្តែតុលាការកាត់ឱ្យគាត់ចាញ់ ក៏កើតទុក្ខមិនសុខចិត្ត ស្រក់ទឹកភ្នែក រត់មករកអ្នកកាសែតឱ្យជួយ។
-បើមានបញ្ហាតែងមានការលាបពណ៌ថា ប្រឆាំងរដ្ឋាភិបាល ៖ កត្តានេះ ភាគច្រើនចេញពីមេភូមិ មេឃុំ ចៅហ្វាយស្រុក បើមានពលរដ្ឋចោទប្រកាន់ពីរឿងគាត់ចាក់ដីលុបប្រឡាយ កាយទំនប់យកដីធ្វើកម្មសិទ្ធិ ក៏ចោទប្រកាន់លាបពណ៌តបវិញថា ជាពួកប្រឆាំងនឹងការអភិវឌ្ឍ។
-កូនអ្នកក្រ រៀនពូកែ ប្រលងចូលក្របខ័ណ្ឌមិនជាប់ ៖ កត្តានេះយើងឃើញមានយុវជន យុវតីខ្លះ រៀនពូកែណាស់ លុះប្រលងចូលគ្រូបង្រៀន ធ្លាក់ខ្ពោក ឯអ្នករៀនខ្សោយ បែរជាប្រលងជាប់ និងលេចឮថា អស់២-៣ពាន់ដុល្លារ ជាហេតុនាំឱ្យអ្នកប្រលងធ្លាក់ ស្រក់ទឹកភ្នែក ជួនកាលឈឺចិត្ត រហូតចងកស្លាប់ក៏មាន។
-អ្នកក្រ ជំពាក់បំណុលធនាគារ អត់អីសង គេដកហូតផ្ទះអស់ដំបូលជ្រក ៖ កត្តានេះ ទឹកភ្នែកអ្នកក្រស្រក់ស្ទើរក្លាយជាឈាម ព្រោះមកពីគាត់ទ័លពេក ក៏ទៅខ្ចីលុយធនាគារទិញម៉ូតូឱ្យប្តីរត់ឌុប គ្រាន់បានកម្រៃចិញ្ចឹមឆ្នាំង។ ជាអកុសល ប្តីអភ័ព្វត្រូវរថយន្តបុកបាក់ជើង រកលុយបង់រំលល់មិនបាន ត្រូវធនាគារដកហូតផ្ទះ បណ្តាលឱ្យទឹកភ្នែកស្រក់តក់ៗដល់ដី។
-រាស្ត្រដឹកឈើបន្តិចបន្តួចទៅសង់ខ្ទមនៅ ត្រូវមេព្រៃចាប់យករទេះ យកគោ ឯឈ្មួញឈើគ្រាក់ៗ ដឹកឈើខូងផ្លូវ អត់អី ៖ ចំណុចនេះយើងឃើញជារឿយៗ បានត្រឹមរាស្ត្រក្រីក្រដែលមេព្រៃចាប់នោះ ហូរទឹកភ្នែកសស្រាក់។
នៅមានកត្តាច្រើនទៀត ដែលយើងរៀបរាប់មិនអស់កំពុងកើតឡើងក្នុងសង្គម បណ្តាលឱ្យ “រាស្ត្រស្រក់ទឹកភ្នែក”។ បញ្ហាសង្គមមិនពាក់ព័ន្ធនយោបាយនោះទេ ព្រោះថាអ្នកនយោបាយ ជាប់គុកច្រវាក់ រត់ចោលស្រុក ជារឿងធម្មតា ប្រទេសណាក៏មានដែរ ប៉ុន្តែ “អយុត្តិធម៌សង្គម” បើព្យាបាលមិនជា នាំឱ្យប្រទេសជាតិអាប់ឱន ថយសិរីសួស្តី។ កាលពីសម័យអាណាព្យាបាលបារាំង ក៏មានអយុត្តិធម៌សង្គមកើតឡើងដែរ ដូចបណ្តាំក្រមង៉ុយ ចារទុកយ៉ាងច្បាស់ថា “នគរថ្កើងប្លែក សប្បាយតែភ្នែក ក្នុងចិត្តរងកម្ម កូនប្រុសបណ្តាច់ កុំភ្លេចបណ្តាំ កប្បាសសូត្រថ្នាំ ផ្អកម៉ាំលែងថោក”។ ឃ្លោងឃ្លានេះ បង្ហាញពីទំនិញឡើងថ្លៃ លៀនអណ្តាតអ្នកក្រ ប៉ុន្តែអ្នកមានទ្រព្យរស់ក្នុងសម្បុកទ្រយុក វិមានស្កឹមស្កៃ មើលឃើញសប្បាយតែភ្នែក។ ជំនាន់ប៉ុល ពត ពីឆ្នាំ១៩៧៥ ដល់១៩៧៩ គ្មានសង្គ្រាមក្នុងស្រុកទេ ប៉ុន្តែរាស្ត្រស្រក់ទឹកភ្នែកគ្រប់ជនបទ វេទនាឈឺចាប់ ព្រោះតែសង្គមអយុត្តិធម៌…។
ដូច្នេះយើងឃើញថា បើមន្ត្រី និងរាស្ត្រ រស់នៅដាច់ឆ្ងាយពីគ្នាពេក ឬរើសអើងជាន់ថ្នាក់ ជាហេតុនាំឱ្យមានអំពើអយុត្តិធម៌កើតឡើង។ ការគ្រប់គ្រងសង្គម លុះត្រាតែ “រាស្ត្រដូចមច្ឆា មន្ត្រីយោធា ដូចគង្គានៃ” ទើបត្រជាក់ត្រជំ សុខដុមរមនា ប៉ុន្តែបើ “ទឹកក្តៅ ត្រីនៅមិនបានទេ”។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា “ការកែទម្រង់សំខាន់លើប្រសិទ្ធភាពការងារ មិនសំខាន់លើការដោះដូរមនុស្សនោះទេ” ប៉ុន្តែចំណុចនេះ បើមនុស្សដដែលៗ ចរិតដដែលៗ ការងារស្ពឹកស្រពន់ កែទម្រង់ពិបាកណាស់។ តាមការឃ្លាំមើលកន្លងមក ការងារអ្វីក៏ដោយ “បើនាយករដ្ឋមន្ត្រី មិនស្រែក” គ្មានអាជ្ញាធរណា ឈឺក្បាលទេ ដូចករណីចាប់រថយន្តធំផ្ទុកលើសចំណុះ ថ្នាក់ក្រោមមិនរវល់ ទាល់តែនាយករដ្ឋមន្ត្រីស្រែក។ ពេលស្រែកនោះ ឃើញថ្នាក់ក្រោម រត់ជើង៣ជើង៤ ធ្វើស្រុះគ្នាល្អណាស់ លុះមិនបានប៉ុន្មានក៏ធូរស្ប៉េត ដូចឡានបែកកង់ បើកទៅមុខលែងរួច។
ឥឡូវសម្តេចនាយករដ្ឋមន្ត្រី បានណែនាំមន្ត្រីគ្រប់ជាន់ថ្នាក់ “កុំធ្វើឱ្យរាស្ត្រស្រក់ទឹកភ្នែក” គួរតែសិក្សាពីមូលហេតុអ្វីខ្លះ ដែលនាំឱ្យស្រក់ទឹកភ្នែក? ព្រោះបើសិក្សាមិនច្បាស់ ទឹកភ្នែករាស្ត្រនៅតែស្រក់ដដែល។ បើអាចធ្វើបានតែ១ ក៏ប្រសើរណាស់ទៅហើយ ឧទាហរណ៍ បើមានអ្នកក្រប្តឹងឧកញ៉ារំលោភយកដីគាត់ ហើយតុលាការកាត់ឱ្យអ្នកក្រឈ្នះ ចាត់ទុកថា កំណែទម្រង់មានប្រសិទ្ធភាព។ ផ្ទុយទៅវិញ បើតុលាការ គាត់ឱ្យអ្នកមានឈ្នះដដែលៗនោះ ធ្វើយ៉ាងណាក៏នៅតែមានទឹកភ្នែកអ្នកក្រ ស្រក់ដល់ដីរហូត។ នៅសល់ករណីរាប់សិបទៀត ដែលកើតចេញពីអយុត្តិធម៌សង្គម ដូចជា ប៉ូលិសចាស់ម្នាក់ ធ្វើការជាង៣០ឆ្នាំ បានពាក់ត្រឹមស័ក្តិ១ ស្រាប់តែក្មេងឡើងក្រោយ ពាក់ស័ក្តិ៥ ផ្លាស់ទៅត្រួតគាត់នៅស្រុក បានត្រឹមធ្វើឱ្យតាប៉ូលិសនោះស្រក់ទឹកភ្នែក ព្រោះតែក្មេងស័ក្តិធំជាងគាត់នោះ ប្រើគាត់វិលក្បុង ឈប់អត់ច្បាប់១ថ្ងៃ គំរាមកាត់ប្រាក់ខែជាដើម។
សរុបទៅ “ទឹកភ្នែករាស្ត្រ” ជាករណីពាក់ព័ន្ធដល់ “អយុត្តិធម៌សង្គម” មិនទាក់ទិននឹងនយោបាយនោះទេ បើរាជរដ្ឋាភិបាល អាណត្តិទី៦នេះ ចង់ឱ្យទឹកភ្នែករាស្ត្រឈប់ស្រក់ លុះត្រាតែព្យាបាលជំងឺអយុត្តិធម៌សង្គមនេះ ឱ្យជាសះស្បើយទើបបាន។ ផ្ទុយទៅវិញ បើព្យាបាលមិនជា ឬថានៅតែមានការរើសអើងអ្នកមាន អ្នកក្រ ថៅកែស៊ីកម្លាំងកម្មករ កូនអ្នកក្ររៀនពូកែ ប្រឡងចូលក្របខ័ណ្ឌមិនជាប់នោះ ទឹកភ្នែករាស្ត្រនៅតែស្រក់គ្មានថ្ងៃអវសាន ហើយបើទឹកភ្នែកនៅតែស្រក់ សុភមង្គលក្នុងសង្គម ឬសណ្តាប់ធ្នាប់សង្គម ក៏មិនពេញលេញដែរ៕